បុព្វហេតុ៖ ការចាប់ឃុំខ្លួនលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ និងជាអ្នកគោរពរាប់អានលោក រ៉ុង ឈុន ផងនោះ បានកើតឡើងភ្លាមៗនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ក្រោយពេលលោករិះគន់ចំៗ ទៅលើភាពមិនប្រក្រតី ក្នុងការបោះបង្គោលព្រំដែន ជាមួយវៀតណាម {បោះចូលក្នុងដីខ្មែរ} ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាទីកន្លែងដែលោក បានចុះទៅពិនិត្យព្រំដែនដោយផ្ទាល់ និងបានជួបសំណេះសំណាល ជាមួយពលរដ្ឋរងគ្រោះដោយផ្ទាល់។
ការរិះគន់នោះ បានកើតឡើងរយៈពេល ២ថ្ងៃ មុនពេលការចាប់ខ្លួន ពោលគឺបន្ទាប់ពីលោក សួង សុភ័ណ្ឌ បានចូលរួមជាវាគ្មិនក្នុងកម្មវិធីពិភាក្សាគំនិត “Idea Talk” ជាមួយសារព័ត៌មាន The Cambodia Daily អំពីភាពចម្រូងចម្រាសលើបញ្ហាព្រំដែន រវាងកម្ពុជា និងវៀតណាម។ ក្នុងកម្មវិធីពិភាក្សានោះ មានការចូលរួមជាវាគ្មិនផងដែរ ពីលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (ប្រទេសន័រវេស៍ “Norway”) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមានលោក តាំង សារ៉ាដា ជាអ្នកសម្របសម្រួលកម្មវិធី។
នៅប៉ុន្មានម៉ោងមុនពេលចាប់ខ្លួនលោក សួង សុភ័ណ្ឌ ក្នុងថ្ងៃទី១៤ ខែសីហា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំដែងការក្រេវក្រោត ជាមួយការលើកឡើងអំពីឈ្មោះលោក សួង សុភ័ណ្ឌ ដែលនិយាយនៅសារព័ត៌មាន The Cambodia Daily នាព្រលប់ថ្ងៃទី ១២ សីហា។ ហើយលោក ហ៊ុន សែន ក៏បានរំលឹកឈ្មោះលោក រ៉ុង ឈុន តំណាងនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានអាជ្ញាធររដ្ឋាភិបាល ចាប់ខ្លួនកាលពី ២សប្តាហ៍ មុនពេលចាប់ខ្លួនលោក សួង សុភ័ណ្ឌ ក្នុងបទចោទប្រកាន់ដូចគ្នា ដែលជា «សំណុំរឿងដ៏អយុត្តិធម៌ សម្រាប់សកម្មជនព្រំដែនខ្មែរ និងពលរដ្ឋសកម្ម ក្នុងសង្គមប្រជាធិបតេយ្យ»។ – (អត្ថបទបន្ថែមដោយ នគរ)

អ្នកសិទ្ធិមនុស្ស ទទូចជាថ្មីទៀតឱ្យបញ្ឈប់ការផ្ដន្ទាទោសពលរដ្ឋ ដែលបញ្ចេញមតិ និងការឈឺឆ្អាលបញ្ហាព្រំដែន
RFA Khmer
ដោយអ្នកស្រី សុជីវី / 11th-2-2021
អ្នកការពារសិទ្ធិមនុស្ស សោកស្ដាយនៅពេលដែលតុលាការ បន្តដាក់ទោសពលរដ្ឋ ដោយសារតែការបញ្ចេញមតិ និងការឈឺឆ្អាលបញ្ហាព្រំដែន។ ការលើកឡើងនេះ ក្រោយពេលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ បានកាត់ទោសប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ៨ ខែ (២០ខែ) និងបង្គាប់ឱ្យសងជំងឺចិត្តដើមបណ្ដឹង ចំនួន ២ពាន់លានរៀល ឬស្មើ ៥០ ម៉ឺនដុល្លារ ក្រោមបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។
អ្នកការពារសិទ្ធិមនុស្សទទូចជាថ្មីទៀត ដល់ស្ថាប័នពាក់ព័ន្ធពិសេសតុលាការ ឱ្យបញ្ឈប់ការផ្តន្ទាទោសពលរដ្ឋ ដោយសារការបញ្ចេញមតិ និងការឈឺឆ្អាលបញ្ហាព្រំដែនតទៅទៀត ពីព្រោះសិទ្ធិសេរីភាពទាំងនេះ មានធានាដោយច្បាប់ ពុំមែនជាបទល្មើសឡើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ប្រាប់អាស៊ីសេរីថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ គួរតែស្រាវជ្រាវឱ្យបានហ្មត់ចត់ ចំពោះព័ត៌មានទាំងឡាយ ទាក់ទងបញ្ហាព្រំដែន និងបទចោទប្រកាន់លោក សួង សុភ័ណ្ឌ ចៀសវាងចោទប្រកាន់ និងដាក់ទោសលោក ឱ្យជាប់ពន្ធនាគារ ដោយស្ដាប់តែរបាយការណ៍ភាគីតែម្ខាង។ ម្យ៉ាងទៀត តុលាការគួរតែថ្លឹងថ្លែងពីសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលមានធានាក្នុងរដ្ឋធម្មនុញ្ញ និងកតិការសញ្ញាអន្តរជាតិ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន។ លោកយល់ថា ការបន្តកាត់ក្ដីបែបនេះ ពិបាកនឹងឱ្យតុលាការនេះ គេចផុតពីការរិះគន់ថា បំពេញការងារនៅក្រោមឥទ្ធិពលនយោបាយ៖ «សហគមន៍ជាតិ និងអន្តរជាតិ គេបានលើកឡើងរាល់សកម្មជន ដែលមានមតិមិនស្របនឹងរដ្ឋាភិបាល គឺតែងតែមានការចាត់វិធានការ ឬក៏ធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ អ៊ីចឹងហើយ បានយើងយល់ថា ក្នុងករណី ឬសំណុំរឿងនេះ វាមិនមែនជាសំណុំរឿង ដែលពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើខុសច្បាប់អ្វីនោះទេ គឺពាក់ព័ន្ធទៅនឹងបញ្ហានៃស្ថានភាពនយោបាយ ឬវិវាទនយោបាយហ្នឹងច្រើនជាង»។
ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភណ្ឌ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ត្រូវតុលាការក្រុងភ្នំពេញ កាត់ទោសដាក់ពន្ធនាគាររយៈពេល ១ ឆ្នាំ ៨ ខែ ពិន័យជាប្រាក់ ៤ លានរៀន ស្មើនឹង ១.០០០ ដុល្លារចូលរដ្ឋ និងសងជំងឺចិត្តចំនួន ២ រយលានរៀល ដែលស្មើនឹង ៥០ ម៉ឺនដុល្លារ ទៅឱ្យដើមបណ្ដឹង គឺគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។
អាជ្ញាធរបានចាប់ខ្លួនប្រធានគណបក្សខ្មែរឈ្នះរូបនេះ កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០ គឺមួយថ្ងៃក្រោយពេល ដែលលោកបានចូលរួមការតវ៉ាទាមទារឱ្យដោះលែងប្រធានសហជីព លោក រ៉ុង ឈុន នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ការចាប់ខ្លួននោះទៀតសោត គឺនៅ ៤ ថ្ងៃក្រោយលោក បានចុះទៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។ លោក បានចុះតាមទីតាំងព្រំដែន ដែលបានបោះបង្គោលរួចរាល់ ហើយក៏ជាទីតាំងដែលលោក រ៉ុង ឈុន បានលើកឡើងនៅក្នុងរបាយការណ៍ដែលថា ពលរដ្ឋបានអះអាងពីការបាត់បង់ដី ទៅឱ្យវៀតណាម ដោយសារតែការបោះបង្គោលទាំងនោះ។ លោក សួង សុភ័ណ្ឌ ត្រូវតុលាការ ចោទប្រកាន់ពីបទញុះញង់ ឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ចៅក្រម ឡេ សុខា ដែលបានជំនុំជម្រះរឿងក្ដីនេះ កាលពីថ្ងៃទី ១៨ ខែមករា បានលើកឡើងថា ក្នុងពេលចូលរួមតវ៉ាឱ្យដោះលែង លោក រ៉ុង ឈុន នោះ លោក សួង សុភ័ណ្ឌ បានថ្លែងសារប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល តុលាការ និងស្ថាប័នដែលពាក់ព័ន្ធការចាប់ខ្លួន លោក រ៉ុង ឈុន។ លើសពីនេះ ចៅក្រមលើកឡើងថា ការលើកឡើងអំពីការបោះបង្គោលព្រំដែន រវាងកម្ពុជា និងវៀតណាមរ បស់លោក សួង សុភ័ណ្ឌ គឺជាព័ត៌មានបំផ្លើសក្នុងបំណងញុះញង់ប្រជាជន ឱ្យប្រឆាំងមេដឹកនាំរដ្ឋាភិបាល ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា នៅពេលតុលាការ ប្រកាសសាលក្រមផ្ដន្ទាទោសរូបលោក លោក សួង សុភ័ណ្ឌ បានបដិសេធការសម្រេចនោះ និងថា លោកនឹងប្ដឹងទាស់ទៅសាលាឧទ្ធរណ៍។
ទាក់ទិននឹងការចាប់ខ្លួន និងដាក់ទោសអ្នកហ៊ានចេញមុខបញ្ចេញមតិពីបញ្ហាព្រំដែននេះ លោក ស៊ឹង សែនករុណា មានមតិថា អាជ្ញាធរពាក់ព័ន្ធ គួរតែផ្ដល់ព័ត៌មានពេញលេញ និងគួរឱ្យទុកចិត្តដល់ពលរដ្ឋ ពីការបោះបង្គោលព្រំដែន រវាងកម្ពុជា ជាមួយវៀតណាម ព្រមទាំងត្រូវសម្រួលឱ្យគ្រប់ភាគី អាចទៅដល់តំបន់ព្រំដែន ពិនិត្យស្ថានភាព នៅទីនោះ ជាជាងទុកឱ្យពលរដ្ឋតវ៉ាថា បាត់ដី និងធ្វើទុក្ខបុកម្នេញអ្នកដែលឈឺឆ្អាលរឿងនេះ៖ «ធម្មតារដ្ឋាភិបាលក្នុងការដឹកនាំគ្រប់គ្រងរបស់ខ្លួន មានសិទ្ធិក្នុងការចាត់ចែងអ៊ីចឹងមែន ប៉ុន្តែក្នុងចំណុចពីការតាមដានរបស់សាធារណជន មតិជាតិ និងអន្តរជាតិគេប្រាកដជាឆ្ងល់ហើយ គេច្បាស់ជាដាក់សំណួរហើយថា តើមានអ្វីដែលជាចំណុចមន្ទិលសង្ស័យទើបមានការរារាំង ចុះទៅព្រំដែន? បែបហ្នឹង? អ៊ីចឹង វាជាចម្ងល់ដែលនាំឱ្យមានការរិះគន់»។
សំណុំរឿងទាក់ទងនឹងបញ្ហាបោះបង្គោលព្រំដែន រវាងកម្ពុជា និងវៀតណាមនេះ អាជ្ញាធរបានចាប់ខ្លួន ប្រធានសហជីព និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់មកបានចាប់ខ្លួន ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ សកម្មជនសិទ្ធិការងារ កញ្ញា សរ កនិកា និងសកម្មជនគណបក្សសង្គ្រោះជាតិ លោក តុន និមល ដែលអ្នកទាំង ៤ ក៏ត្រូវចោទប្រកាន់ពីបទញុះញង់៕
.
.