អត្ថបទ ៖​ RFA
03rd-8-2022

ក្រុម​សកម្មជន និង​អ្នក​ឃ្លាំមើល​បរិស្ថាន រួម​គ្នា​ប្រកាស​ធ្វើ​ពហិការ ឈប់​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ព្រម​​ទាំង​​ក្រុមហ៊ុន​ពាក់ព័ន្ធ​ដទៃ​ទៀត បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង​នោះ​ បាន​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ។ ពួក​គេ​ថា ពហិការ​នេះ​ធ្វើ​ឡើង ដើម្បី​ឱ្យ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ និង ​ត្រូវ​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​ជា​បន្ទាន់ បើ​ពុំ​នោះ​ទេ វា​នឹង​បណ្ដាល​ ឱ្យ​បាត់បង់​ផល​ប្រយោជន៍​ធំធេង ​ទាំង​ក្រុមហ៊ុន និង​ប្រទេស​ជាតិ។ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​ បាន​បដិសេធ​ថា ខ្លួន​មិន​បាន​នៅ​ក្នុង​ចំណែក​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ​ នោះ​ឡើយ។

ក្រុម​យុវជន សកម្មជន អ្នក​ឃ្លាំមើល​បរិស្ថាន ព្រមទាំងអង្គការសង្គមស៊ីវិល នៅថ្ងៃទី ៣ សីហា បាន​ប្រកាស​គោល​ជំហរ​របស់​ខ្លួន ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ពី​ការធ្វើ​ពហិការ ដោយ​បញ្ឈប់​នូវ​រាល់​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា និង​ក្រុមហ៊ុន ធីភី ម៉ូរ៉ល ហ្រ្គុប (TP Moral Group) ដែល​បាន​ឈូស​ឆាយ​វាតទី​ លើ​ដី​ព្រៃ ​ភ្នំ​តាម៉ៅ កាល​ពី​ថ្ងៃ​ទី១ សីហា។ យុទ្ធនាការ​ពហិការ​ទាំង​នោះ រួម​មាន ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ដាក់​សញ្ញា​ទ្រុង​ជ្រូក និង​សរសេរ​អក្សរ​ថា «សង្គ្រោះ​ភ្នំ​តាម៉ៅ» និង «​ពហិការ​ណាវ៉ាត្រា»

យុវតី​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ កញ្ញា ធួន ស្រីពៅ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣ សីហា​ថា កញ្ញា​ចូលរួម​ក្នុង​ការ​ធ្វើ​ពហិការ​នេះ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ ស្មារតី​ស្រឡាញ់ និង ការពារ​ធនធាន​ធម្មជាតិ ដែល​កំពុង​រង​ការ​គំរាម​កំហែង​ពី​ឈ្មួញ​ទាំង​នោះ។ នៅ​លើ​បណ្ដាញ​សង្គម​របស់​កញ្ញា​បាន​សរសេរ​ថា «ចាប់​ពី​វិនាទី​នេះ​ត​ទៅ ខ្ញុំ​ធ្វើ​ពហិការ ឈប់​ស្ដាប់ ឈប់​គាំទ្រ​បទ​ចម្រៀង​នៃ​ក្រុមហ៊ុន Galaxy Navatra» ព្រម​ទាំង​គម្រោង​អចលនវត្ថុ​ទាំង​ឡាយ​របស់​ក្រុមហ៊ុន​នេះ រួម​ទាំង ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា ជា​ដើម។

កញ្ញា​បន្ត​ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​លែង​ទទួល​បាន​ការ​គាំទ្រ និង​បាត់បង់​ប្រាក់​ចំណូល ព្រមទាំង​បង្ហាញ​ថា ប្រជាជន​ខ្មែរ​មិន​ពេញ​ចិត្ត ចំពោះ​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​ពេល​នេះ​ទេ។ ទន្ទឹម​គ្នា​នេះ កញ្ញា​ជឿជាក់​ថា បើ​ប្រជាពលរដ្ឋ​ខ្មែរ ​ចូលរួម​ក្នុង​ការ​ធ្វើ​ពហិការ​នេះ ​កាន់​តែ​ច្រើន នោះ​វា​នឹង​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទាំង​នេះ បញ្ឈប់​ការ​ឈូស​ឆាយ​ព្រៃ​បាន​ជាក់​ជា​មិន​ខាន។ កញ្ញា​បន្ត​ថា សកម្មភាព​ឈូស​ឆាយ​ព្រៃ​ឈើ​នៅ​ភ្នំ​តាម៉ៅ កំពុង​បង្ក​ជា​វិនាសកម្ម​ថ្មី​មួយ​ទៀត​ ដល់​សត្វព្រៃ និង​ប្រជាពលរដ្ឋ ដែល​ទាញ​ប្រយោជន៍​ពី​ព្រៃ​នេះ តាម​រយៈ​អនុផល​ព្រៃ​ឈើ និង​ទេសចរណ៍។ យុវតី​រូប​នេះ​បន្ថែម​ថា បើ​ក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា នៅ​តែ​បន្ត​បំផ្លាញ​ធនធាន​ធម្មជាតិ នៅ​តំបន់​ភ្នំ​តាម៉ៅ​បន្ត​ទៀត​នោះ ក្រុមហ៊ុន​នឹង​រង​ការ​ស្អប់​ខ្ពើម​ពី​ប្រជាជន​ខ្មែរ​កាន់​តែ​ខ្លាំង ៖ «សម្រាប់​ខ្ញុំៗ ចាត់​ទុក​ការ​ឈូស​ឆាយ​វាតទី​ជម្រក​សត្វព្រៃ​ភ្នំ​តាម៉ៅ​នេះ ជា​រឿង​ដែល​អាក្រក់​បំផុត ដែល​រឿង​ដែល​មនុស្ស​ធម្មតា​ធ្វើ​មិន​បាន។ ដែល​ចូលរួម​ថែរក្សា ឬ​អត់? ដែល​ចូលរួម​ដាំ​ទុក​ពី​អង្កាល់​អត់? ដែល​មក​ឈូស​ឆាយ​ឆៅៗ នេះ។ គេ​ថែរក្សា​រាប់​ឆ្នាំ​ហើយ មក​ឈូស​ឆាយ​ប្រើ​រយៈ​ពេល​មួយ​ថ្ងៃ​ពីរ​ថ្ងៃ ហើយ​ដូច​ជា​អត់​ស្រឡាញ់​ធនធាន​ធម្មជាតិ​សូម្បី​តែ​បន្តិច។ […] បំផ្លាញ ដើម្បី​សូម្បី​តែ​ជម្រក​សត្វ ហើយ​ថ្លៃថ្នូរ​ប៉ុណ្ណា​ទៀត មាន​តម្លៃ​អី​ទៀត»។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) គាំទ្រ យុទ្ធនាការ​ពហិការ​របស់​ក្រុម​យុវជន និង​ចាត់​ទុក​ថា នេះ​ជា​ទង្វើ​មួយ​បង្ហាញ​ពី​ការ​ការពារ​ធនធាន​ធម្មជាតិ ​ដោយ​អហិង្សា។ លោក​បន្ត​ថា មាន​តែ​ការ​ធ្វើ​ពហិការ​នេះ ​តែ​មួយ​គត់ ដែល​ជា​ជម្រើស​ល្អ​ ក្នុង​ការ​តតាំង​នឹង​ការ​បំផ្លិចបំផ្លាញ​មួយ​នេះ នៅ​ក្នុង​ប្រទេស ដែល​មិន​គោរព​គោលការណ៍​សិទ្ធិមនុស្ស និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

ជា​មួយ​គ្នា​នេះ លោក​ចាត់​ទុក​ថា ការ​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ​នៅ​ពេល​នេះ ជា​កំហុស​ធ្ងន់ធ្ងរ និង​ជា​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​មួយ​ទៀត​ របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​គប់គិត​ជាមួយ​បុគ្គល ដែល​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​លោក។ លោក​ថា បណ្ដា​ឈ្មួញ​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ឈូស​ឆាយ​ ព្រៃ​ភ្នំ​តាម៉ៅ គឺ​សុទ្ធតែ​ជា​អ្នក​ធ្លាប់​បរិច្ចាគ​លុយ​វាល់​លាន​ដុល្លារ ​ទៅ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន កន្លង​មក។ លោក​បន្ត​ទៀត​ថា ទោះបីជា​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត​យ៉ាង​ណា​ក៏​ដោយ ក៏​រដ្ឋាភិបាល​នៅ​តែ​អនុម័ត​ឱ្យ​ក្រុមហ៊ុន​ទាំង​នោះ ​ធ្វើ​ការ​ឈូស​ឆាយ​ព្រៃ​ភ្នំ​តាម៉ៅ ដោយសារ​តែ​ផល​ប្រយោជន៍​បក្ស​ពួក​របស់​ លោក ហ៊ុន សែន ៖ «រឿង​អាទិភាព​ហ្នឹង គឺ​លុយ ហើយ​នៅ​ក្នុង​អា​លុយ​ហ្នឹង គឺ​មាន​ប្រយោជន៍​ហិរញ្ញវត្ថុ ប្រយោជន៍​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឯកជន ដូច​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជា​ដើម»។

ក្រុម​សកម្មជន​បរិស្ថាន អះអាង​ថា រដ្ឋាភិបាល​បាន​ធ្វើ​អនុបយោគ​ដី​ព្រៃ​តំបន់​ ភ្នំ​តាម៉ៅ ឱ្យ​ទៅ​ក្រុមហ៊ុន​អចលនទ្រព្យ ឡេង ណាវ៉ាត្រា របស់​លោក ឡេង ភត្រា ដែល​គេ​ស្គាល់​ថា ជា​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុមហ៊ុន​សំណង់ ធីភី ម៉ូរ៉ល ហ្រ្គុប (TP Moral Group) របស់​លោក ឃុន សៀ សម្រាប់​វិនិយោគ​ធ្វើ​ជា​ផ្ទះ​ល្វែង ខុនដូ​លក់។ វា​មិន​ខុស​ពី​រាល់​ដង​នោះ​ឡើយ ដែល​ពួក​គេ​ចាត់​ទុក​ការ​ឈូស​ឆាយ​ដី​ព្រៃ ឬ​លុប​បឹង​យក​សាង​សង់​លំនៅឋាន​ប្រណិតៗ លក់​ទៅ​ឱ្យ​អ្នក​មាន​ក្រោម​រូបភាព​អភិវឌ្ឍន៍​ប្រទេស​នោះ។

លោក ឡេង ណាវ៉ាត្រា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឧកញ៉ា​មួយ​រូប ដែល​បាន​បរិច្ចាគ​ថវិកា​រាប់​លាន​ដុល្លារ ​ទៅ​ឱ្យ​រដ្ឋាភិបាល ក្នុង​រយៈ​ពេល ៤ ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​លោក​ទទួល​បាន​ងារ​ជា​ឧកញ៉ា​ កាល​ពី​ខែកក្កដា ឆ្នាំ២០១៨។ ក្នុង​នោះ​លោក ​បាន​បរិច្ចាគ​ទៅ​កាន់​រដ្ឋាភិបាល​ទ្រង់ទ្រាយ​ធំៗ ចំនួន ៥ ដង ដោយ​សរុប​ជា​ទឹក​ប្រាក់​ចំនួន ៥លាន ៦២ម៉ឺន ដុល្លារ​អាមេរិក (៥.៦២០.០០០ ដុល្លារ​អាមេរិក)។

ក្រោយ​ពី​ការ​បរិច្ចាគ​រួច​មក គេ​សង្កេត​ឃើញ​លោក​ឧកញ៉ា​រូប​នេះ ​ទទួល​បាន​ការ​ផ្ដល់​ដី​សម្បទាន​ពី​រដ្ឋាភិបាល ​សម្រាប់​សាងសង់​លំនៅឋាន ផ្ទះល្វែង និង​លក់​ជា​ដី​ឡូត៍​យ៉ាង​គគ្រឹកគគ្រេង។

ទាក់ទិន​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សុខុន ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​បាន​នៅ​ឡើយ​នោះ​ទេ នៅ​ថ្ងៃ​ទី៣ សីហា។

ដោយ​ឡែក នាយក​ក្រុមហ៊ុន​សំណង់ ធីភី ម៉ូរ៉ល ហ្រ្គុប (TP Moral Group) លោក ឃុន សៀ បដិសេធ​ថា ក្រុមហ៊ុន​របស់​លោក​មិន​មែន​ជា​អ្នក​ឈូស​ឆាយ​ដី​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ​នោះ​ឡើយ ៖ «សួរ​ឱ្យ​ច្បាស់​ទៅ​ថា អ្នក​កាប់​ជា​អ្នក​ណា? សួរ​សិន​ថា អ្នក​ណា​ជា​អ្នក​កាប់ ហើយ​ឱ្យ​ច្បាស់​បន្តិច​ទៅ​ថា អ្នក​ណា​កំពុង​តែ​កាប់​ហ្នឹង សួរ​ឱ្យ​ច្បាស់​បន្តិច​សិន​ទៅ។ ចុះ​បើ​មិន​មែន​ខ្ញុំ​កាប់​អា​ហ្នឹង​ម៉េច​វិញ អា​ហ្នឹង​សួរ​ឱ្យ​បង​ឯង​សួរ​ឱ្យ​ច្បាស់»។

សារ​ព័ត៌មាន​ក្នុង​ស្រុក​ឱ្យ​ដឹង​ថា ផ្ទៃដី ៧០០ហិកតា ត្រូវ​បាន​ស្នើសុំ​ដោយ​ក្រុមហ៊ុន TP Moral Group របស់​ឧកញ៉ា ឃុន សៀ ខណៈ​ផ្ទៃដី​មួយ ​ដែល​មិន​ត្រូវ​បាន​ប្រាប់​ឱ្យ​ដឹង​ទំហំ និង​បញ្ជាក់​ថា ជា​ផ្ទៃដី​ដែល​មាន​ទំហំ​ធំ​ជាង​គេ ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ម្ចាស់​ផលិតកម្ម​ចម្រៀង​កាឡាក់ស៊ី របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា។ ជាមួយ​គ្នា​នេះ គេ​គ្រោង​ឈូស​ព្រៃ​ភ្នំ​តាម៉ៅ​ ក្នុង​ទំហំ​ប្រមាណ ១.៥០០ ហិកតា ដោយផ្ទៃដីទាំងមូលមានទំហំជាង ២.៥០០ ហិកតារ ​ប៉ុណ្ណោះ។

ក្រុម​យុវជន សកម្មជន អ្នក​ឃ្លាំមើល​បរិស្ថាន ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល ​ចាត់​ទុក​ថា ក្រុមហ៊ុន​ទាំង​នេះ ​កំពុង​ទទួល​សិទ្ធិ​ពេញ​ទំហឹង​ពី​រដ្ឋាភិបាល ក្នុង​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ដែល​នៅ​សេសសល់​តិចតួច​ក្រោម​ពាក្យ​ថា អភិវឌ្ឍ៕

………………

អ្នកការពារ​បរិស្ថាន​ ពន្យល់​ពី​សក្ដានុពល​នៃ​តំបន់​ភ្នំ​តាម៉ៅ

អត្ថបទ ៖​ RFA
04th-8-202

អ្នកជំនាញ​បរិស្ថាន និង​ក្រុម​យុវជន បង្ហាញ​ពី​សក្ដានុពល​ ភ្នំ​តាម៉ៅ ដោយមាន​រុក្ខជាតិ​កម្រ​ជាច្រើន​ប្រភេទ ​រួមមាន ព្រៃ​ព្រឹក្សា អូរ​ធម្មជាតិ ប្រជុំ​កូនភ្នំ ជម្រាលភ្នំ និង​រុក្ខជាតិ​កម្រ ផ្តល់​ទេសភាព​ខៀវស្រងាត់ អំណោយផល​គាប់ប្រសើរ​ ឱ្យ​សត្វព្រៃ​រស់នៅ និង​ចិញ្ចឹម​ជីវិត​រាប់​សិប​ប្រភេទ​។ ពួកគេ​បារម្ភ​ថា ការ​ឈូស​ឆាយ​កម្ទេច​ព្រៃ​អភិរក្ស​ដ៏​ធំ​សម្បើម​នេះ នឹង​ធ្វើ​ឱ្យ​បាត់បង់ ទីកន្លែង​សង្គ្រោះ​​សត្វព្រៃ​យ៉ាង​សំខាន់​នៅ​កម្ពុជា​ប៉ះពាល់​វិស័យ​ទេសចរ និង​ជីវភាព​ប្រជាជន​ក្នុង​តំបន់។

អ្នកជំនាញ​ផ្នែក​បរិស្ថាន និង​ក្រុម​យុវជន​ស្តាយស្រណោះ​ព្រៃឈើ​តំបន់​ភ្នំ​តា​ម៉ៅ ដែល​កំពុង​ត្រូវ​បាន​គេ​ឈូសឆាយ​ក្លាយជា​ទីវាល​រហោឋាន ហើយ​គ្រោង​ជំនួស​មកវិញ​នូវ​គម្រោង​នានា​របស់​សេដ្ឋី​អចលនទ្រព្យ​ឧកញ៉ា ឃុន សៀ និង ឧកញ៉ា ឡេង ណាវ៉ាត្រា ។ បច្ចុប្បន្ន​តំបន់​នោះ ​កំពុង​ទទួលរង​ការ​ឈូស​ឆាយ​បំផ្លិចបំផ្លាញ​ព្រៃឈើ អស់​ជាច្រើន​រយ​ហិកតារ ដោយមាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង អម​ដោយ សមត្ថកិច្ច​ចម្រុះ ប៉ូលិស និង​ប៉េអិម យាម​ការពារ​យ៉ាង​ប្រុងប្រយ័ត្ន​ មិន​ឱ្យ​ពលរដ្ឋ​ចេញចូល​តំបន់​នោះ​ឡើយ។

​យុវជន​រស់នៅ​រាជធានី​ភ្នំពេញ លោក លី ចាន់ដារ៉ាវុធ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តំបន់ភ្នំ​តាម៉ៅ ជា​កន្លែង​សង្គ្រោះ​សត្វព្រៃ​យ៉ាង​សំខាន់ ដែល​គេ​យក​សត្វព្រៃ​ជិត​ផុត​ពូជ​ពី​តំបន់​ផ្សេងៗ ទៅ​សង្គ្រោះ និង​អភិរក្ស​នៅ​តំបន់​នោះ​។ លោក​ថា សត្វ​ដែល​តាំង​បង្ហាញ​​​ក្នុង​ទ្រុង​ខ្លះ គេ​តែងតែ​លែង​វា ចូលក្នុង​ព្រៃ​តំបន់​នោះ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ មក​ទស្សនា​កម្សាន្ត។

លោក​បន្ថែម​ថា បើ​ព្រៃ​នៅ​តំបន់​នោះ​វិនាស​ហិនហោច​អស់ សត្វព្រៃ និង​ជម្រក​សត្វព្រៃ​គ្រប់​ប្រភេទ​នឹង​បាត់បង់ ហើយ​អាកាស​ធាតុ​​ នឹង​ឡើង​កម្តៅ​ខ្លាំង​។ លោក​ចាត់ទុក ការ​អភិវឌ្ឍ​បំផ្លាញ​ព្រៃឈើ និង​ជម្រក​សត្វព្រៃ ដ៏​ធំធេង​នេះ ធ្វើឡើង​ដោយ​មិន​គិត​ពី​អនាគត​កូនចៅ​ជាន់ក្រោយ​ ៖ «តាំងពី​ខ្ញុំ​កើតមក ខ្ញុំ​ឃើញ​ថា អ្វី​ដែល​យើង​មាន​កាន់តែ​បាត់បង់​ទៅ ៗ អត់​ដែល​ឃើញ​កកើត​។ ខ្ញុំ​ធ្លាប់​ឮ គេ​និយាយ តាំងពី​ឆ្នាំ ១៩៩៨ យើង​មាន​សត្វព្រៃ​ច្រើន ក្រោយមក​សត្វ​គេ​បរបាញ់ ព្រៃឈើ​គេ​កាប់​បន្តិច​ម្តងៗ កោះ​លក់​ឱ្យ​ឧកញ៉ា បឹង​លុប ។ ធម្មជាតិ​ទាំងអស់​ហ្នឹង តម្រង់​ជួរ​គ្នា​ដើរ​ឆ្ពោះ​រក​វិនាសកម្ម ក្រោម​លេស​អភិវឌ្ឍ អត់​មាន​គិតដល់​ក្មេង​ជំនាន់​ក្រោយ​។ ដូនតា​យើង គាត់​ខំ​រក្សា ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ»។

​រីឯ ​ប្រធាន​សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន និង​សង្គម លោក ជុំ ហួត ជំ​រុញ​ឱ្យ​រដ្ឋាភិបាល ​ផ្អាក​សកម្មភាព​ឈូស​ឆាយ​ព្រៃ​ទាំងនេះ និង​ផ្លាស់ប្ដូរ​គំនិត​អភិវឌ្ឍន៍​នៅ​ទីនោះ ដើម្បី​សុវត្ថិភាព​សត្វព្រៃ និង​ធនធានធម្មជាតិ​។ លោក​ថា ការ​ឈូសឆាយ​ព្រៃ​ទាំងនេះ នឹង​ធ្វើ​ឱ្យ​សត្វព្រៃ​បាត់បង់​ជម្រក និង​បាត់បង់​កន្លែង​សង្គ្រោះ​សត្វព្រៃ ហើយ​រមណីយដ្ឋាន​ជាច្រើន​កន្លែង ​នឹង​ប្រឈម​បិទទ្វារ ៖ «បានឮ​ហើយ​ថា តំបន់​នោះ​អស្ចារ្យ​បំផុត ក្នុងចំណោម​ប្រទេស​កម្ពុជា តែ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មួយចំនួន​កាន់តែ​បាត់បង់​ហិនហោច នូវ​អ្វី​ដែល​យើង​មាន​។ ធ្វើ​ឱ្យ​សោកស្តាយ​ខ្លាំង ​ដែល​យើង​មិនអាច​ទទួល​យក​បាន ការ​​​​​បំផ្លាញ​ទាំងអស់​ហ្នឹង ក្រោម​រូបភាព​អភិវឌ្ឍន៍»។

អ្នកជំនាញ​បរិស្ថាន​សង្កេត​ឃើញ​ថា មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ផ្តល់​ភាពងាយស្រួល​ដល់​និស្សិត​ចង់​សិក្សា​ស្វែងយល់​ពី ជីវសាស្ត្រ​របស់​សត្វព្រៃ​កម្រ ជិត​ផុត​ពូជ ព្រោះ​តំបន់​នោះ នៅ​ជិត​រាជធានី​ភ្នំពេញ​។ ម្យ៉ាងវិញទៀត បើទោះ​បី​ជា​ដើមឈើ​ធំៗ នៅ​តំបន់​នោះ ត្រូវ​គេ​កាប់​បំផ្លាញ​អស់​ទៅ​ហើយ​ក្តី ក្រោយ​ក្រសួងកសិកម្ម​បាន​កំណត់​ទីនោះ ជា​តំបន់​អភិរក្ស ព្រៃ​រេចរឹល​បាន​ដុះ​ឡើងវិញ នៅ​រយៈពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយនេះ ដែល​ផ្តល់​ម្លប់​ដល់​សត្វព្រៃ និង​ជម្រក​បក្សាបក្សី​។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាចទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​តំណាង​ក្រុមហ៊ុន ​ឡេង ណាវ៉ាត្រា និង​តំណាង ឧកញ៉ា ឃុន សៀ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី ៤ សីហា​។ ប៉ុន្តែ​លោក ឃុន សៀ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ​ដោយ​បដិសេធ​ថា ក្រុមហ៊ុន​របស់​លោក ​មិន​បាន​ឈូស​ឆាយ​ដីព្រៃ​តំ​បន់ភ្នំ​តា​ម៉ៅ​ នោះ​ឡើយ។

ជុំវិញ​សកម្មភាព​ឈូស​ឆាយ​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​នេះ ក្រសួង​កសិកម្ម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃទី ០៤ សីហា ដោយ​ច្រានចោល ​ចំពោះ​ការរិះគន់​របស់​ពលរ​ដ្ឋ។ ក្រសួង​លើក​ហេតុផល​ថា ការ​អភិវឌ្ឍ​នៅ​តំបន់ភ្នំ​តាម៉ៅ ពុំ​មាន​ផល​ប៉ះពាល់​ទាល់តែសោះ​។ ក្រសួង​ថា តំបន់​​​​​​​​​​​​​​​​​​ភ្នំ​តា​ម៉ៅ ជា​ស្ថានីយ​ស្តារ​ព្រៃឈើ ដែល​មាន​ឈើ​ប្រភេទ​ប្រេងខ្យល់ អាកាស្យា និង​ឈើ​ធម្មជាតិ អម​ដោយ​ដីខ្សាច់ ពុំ​មាន​ការ​ដុះ​លូតលាស់​ព្រៃឈើ​ល្អ​ទេ​។ លើស​ពី​នេះ តំបន់​នោះ​ពុំ​មាន​សត្វព្រៃ​សំខាន់ៗ ជិត​ផុត​ពូជ ដូច​ការ​លើកឡើង​ឡើយ គឺ​មានតែ​ជ្រូកព្រៃ ដែល​តែងតែ​មក​រំខាន​ដំណាំ​ពលរដ្ឋ​។ ក្រសួងកសិកម្ម​បញ្ជាក់​ថា ការ​អភិវឌ្ឍ​នេះ គឺជា​ការដោះដូរ​ដី​នៅ​តំបន់​ផ្សេង ជា​ថ្នូរ​នឹង​ការ​អភិវឌ្ឍ ដោយ​កែ​លម្អ​ឧទ្យាន​ជាតិ​ភ្នំ​តា​ម៉ៅ ឱ្យ​មាន​ភាព​ប្រសើរ​ឡើង នូវ​ប្រព័ន្ធ​ផ្លូវ អគារ សួនច្បារ និង​អាំង​ស្តុក​ទឹកជា​ដើម។

ការ​លើកឡើង​របស់​ក្រសួងកសិកម្ម​នេះ គឺ​ផ្ទុយ​ពី​ការស្រាវជ្រាវ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) ដែល​រកឃើញថា ភ្នំ​តា​ម៉ៅ គឺជា​សួនសត្វ​ល្អ​តែមួយគត់​ សម្រាប់​សង្គ្រោះ​សត្វ និង​បង្ក​កំណើត​សត្វព្រៃ​កម្រ ដោយ​ប្រមូល​ផ្តុំ​ខ្លាឃ្មុំ​ធំ​ជាងគេ នៅ​លើ​ពិភពលោក ព្រមទាំង​ជា​កន្លែង​ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ ​មក​មើល​សម្បត្តិ​ធម្មជាតិ​នៅ​កម្ពុជា។

លើស​ពី​នេះ មាន​អង្គការ​អភិរក្ស​សត្វព្រៃ​មួយចំនួន កំពុង​អភិរក្ស​ខ្លាឃ្មុំ និង​បង្កាត់កូន​ក្រពើ​ភ្នំ នៅ​តំបន់ភ្នំ​តា​ម៉ៅ ដែល​ជា​ប្រភេទ​សត្វ​កម្រ​បំផុត​។ រីឯ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ កំពុង​ចិញ្ចឹម​កូន​ស្វា​ក្រវាត់​ដែល ពិបាក​ចិញ្ចឹម ប៉ុន្តែ​អង្គការ​នេះ បាន​អនុវត្ត​គម្រោង​នេះ​ដោយ​ជោគជ័យ។

អ្នកជំនាញ​អភិរក្ស​សត្វព្រៃ​នៅ​អង្គការ​នេះ លោក នីច ម៉ាក (Nick Marx) មានប្រសាសន៍​នៅក្នុង​វីដេអូ​ឃ្លី​ប កាល​ពី​ពេល​កន្លង​ទៅ​​ថា មាន​សត្វ​ស្លាប​កម្រ កំពុង​ធ្វើ​សំបុក​លើ​ដើមឈើ នៅ​តំបន់​ភ្នំ​តាម៉ៅ ដូចជា​សត្វ​ត្រដក់​ជាដើម​។ លោក​បន្ថែម​ថា ឧទ្យាន​សត្វ​ភ្នំ​តា​ម៉ៅ មាន​ព្រៃ​ធម្មជាតិ​ទំហំ ២ ពាន់ ៣​រយ​ហិកតារ​ព័ទ្ធជុំវិញ បង្ក​លក្ខណៈ​ងាយស្រួល ដោះលែង​សត្វ​ឱ្យ​ដើរលេង​កម្សាន្ត​បែប​ធម្មជាតិ ៖ «​ព្រៃភ្នំ​តា​ម៉ៅ មាន​ព្រៃ​ធម្មជាតិ ២ ពាន់ ៣ រយ​ហិកតារ​ជុំវិញ ល្អ​សម្រាប់​សត្វ​ក្នុង​សួន និង​សត្វ​អាច​ដោះលែង​។ សួនសត្វ​នៅ​ក្រៅ​ប្រទេស អត់​មាន​ព្រៃ​ជុំវិញ​ដោះលែង​សត្វ​អត់​បាន​។ ឆ្នាំ ២០០៩ រដ្ឋបាល​ព្រៃឈើ សុំ​ខ្ញុំ​ឱ្យ​ជួយ​ល្បាត​ព្រៃភ្នំ​តា​ម៉ៅ ខ្ញុំ​សប្បាយ​ជួយ ឥលូវ​ខ្ញុំ​បានធ្វើ ១៣ ឆ្នាំ​ហើយ»។

អ្នកឃ្លាំមើល​បរិស្ថាន​ មើល​ឃើញ​ថា គម្រោង​ឈូស​ឆាយ​ព្រៃ​ជាង ១​ពាន់ ៥​រយ​ហិកតារ (១.៥០០) នេះ កំពុង​ធ្វើ​ឱ្យ​ពលរដ្ឋ​ មិន​សប្បាយចិត្ត និង​ជាការ​បំផ្លាញ​ធនធានធម្មជាតិ​កេរ្តិ៍​ដូនតា ដោយ​មិន​ខ្វល់​ពី ក្តីកង្វល់​ទាំងឡាយ​របស់​ពលរដ្ឋ​។ លើស​ពី​នេះ ក្រុមហ៊ុន និង​អាជ្ញាធរ នៅ​មិនទាន់​កំណត់​ព្រំប្រទល់​ដី​ព្រៃ​អភិរក្ស ដែល​ត្រូវ​ឈូស​ឆាយ ជាពិសេស​បង្ហាញ​ពី​ទំហំ​ថវិកា​វិនិយោគ និង​គម្រោង​កសាង​បញ្ចប់​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​បរិស្ថាន លោក ហែម ឧត្តម យល់​ថា ធនធានធម្មជាតិ​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​ កំពុង​ទ្រទ្រង់​ជីវិត​សត្វព្រៃ​ជាច្រើន​ប្រភេទ ជាពិសេស ផ្តល់​អនុផល​ព្រៃ​ឈើជូន​ពលរដ្ឋ​។ លោក​ថា ប្រសិនបើ​មានការ​ឈូស​ឆាយ​បំផ្លាញ​អស់ នោះ​នឹង​ធ្វើ​ឱ្យ​បាត់បង់​សោភ័ណ​បរិស្ថាន​។ លោក​ថា រដ្ឋាភិបាល គួរតែ​ផ្តល់​សិទ្ធិ​ឱ្យ​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ចូលរួម​សម្រេចចិត្ត​លើ​គម្រោង​អភិវឌ្ឍន៍​នេះ ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ៖ «ពិគ្រោះ​យោបល់​ឱ្យ​មាន​ការចូលរួម​ពី​ដើមទី​កាន់តែ​ឆាប់​កាន់តែ​ល្អ ត្រូវ​មាន​តម្លាភាព កុំ​ធ្វើ​បិទបាំង ប្រាប់​ពលរដ្ឋ​មូលដ្ឋាន ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ ឱ្យ​គាត់​មានឱកាស សួរ​សំណួរ»។

ឧទ្យាន​ជាតិ​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មាន​ផ្ទៃដី ២.៣០០ ហិកតារ ត្រូវ​បាន​ចុះបញ្ជី​ជា​តំបន់​អភិរក្ស​​ពី​ក្រសួងកសិកម្ម កាលពី​ឆ្នាំ ១៩៩៥​។ តំបន់​អភិរក្ស​នេះ ឋិត​ក្នុង ស្រុក​បាទី ខេត្តតាកែវ ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ៤០​ គ​.​ម​។ តំបន់​នោះ ​មាន​ប្រាង្គ​ប្រាសាទបុរាណ ព្រៃភ្នំ ធម្មជាតិ និង​ជា​សួនសត្វ​ដ៏​ធំ​ ក្នុង​ប្រទេស​កម្ពុជា ដោយមាន​ផ្ទៃដី អម​ដោយ​ព្រៃព្រឹក្សា បឹង និង​អូរ​ធម្មជាតិ ផ្តល់​អំណោយផល​គាប់ប្រសើរ​ ឱ្យ​សត្វព្រៃ​រស់នៅ និង​ចិញ្ចឹមជីវិត​។ សួនសត្វ​ទីនោះ បាន​តាំង​បង្ហាញ ប្រភេទ​សត្វ​កម្រ​ជាច្រើន​ប្រភេទ ឱ្យ​អ្នក​ទេសចរណ៍​ទស្សនា​រួមមាន ពស់ថ្លាន់ ក្រពើ ខ្លា តោ ដំរី ស្វា និង ខ្លាឃ្មុំ​ជាដើម៕

.