អត្ថបទ ៖ VOD Khmer ដោយ សូត សុខប្រាថ្នា
07th-8-2022

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ភ្លាមៗ ឱ្យ​លុប​ចោល​ទាំង​អស់​ ចំពោះ​ការ​អនុញ្ញាត​ឱ្យ​ដោះ​ដូរ និង​អភិវឌ្ឍន៍​តំបន់​ភ្នំតាម៉ៅ ក្រោយ​មាន​ប្រតិកម្ម​ពី​មហាជន​យ៉ាង​ច្រើន ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ ពិចារណា​ក្នុង​ការ​​ផ្តល់​ដី​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ ស្ទើរ​តែ​ទាំង​ស្រុង​ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ដោយ​ត្រូវ​រក្សា​ទុក​តំបន់​នេះ ​​ជា​តំបន់​អភិរក្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ឡើង​វិញ។

ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អាទិត្យ នេះ បាន​លើក​ឡើង​ថា ​នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​សំណូមពរ​ជា​ច្រើន​ មក​កាន់​រាជ​រដ្ឋាភិបាល​ ដើម្បី​រក្សា​ទុក​ព្រៃ​នៅ​ក្បែរ​សួន​សត្វ​ភ្នំ​តាម៉ៅ ទោះ​បី​ក្រសួង​កសិកម្ម បាន​ពន្យល់​ថា សួន​សត្វ​ភ្នំ​តាម៉ៅ មិន​មាន​ប៉ះ​ពាល់​ក៏ដោយ។

ដោយសារ​សំណូមពរ​ទាំង​នោះ លោក ហ៊ុន សែន អះ​អាង​ថា លោក​បាន​បញ្ជា​ឱ្យ​លុប​ចោល​ទាំង​អស់ ចំពោះ​គម្រោង​ដោះ​ដូរ​ដី និង​អភិវឌ្ឍន៍​​នៅ​តំបន់ ភ្នំតាម៉ៅ ហើយ​បញ្ជា​ក្រុមហ៊ុន​ដែល​ឈូស​ឆាយ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ និង​ត្រូវ​ដាំ​ដើម​ឈើ នៅ​តំបន់​ដែល​ខ្លួន​បាន​ឈូស​ឆាយ​ឡើង​វិញ។

ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា «ក្នុង​នាម​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត នៃ​រាជ​រដ្ឋាភិបាល​ ខ្ញុំ​សូម​ចេញ​បញ្ជា ១. លុប​ចោល​ទាំង​អស់​ នូវ​រាល់​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ដោះ​ដូរ និង​អភិវឌ្ឍន៍។ ២. រក្សា​ទុក​ដី​ និង​ព្រៃ​ នៅ​ជុំវិញ​សួន​សត្វ​ភ្នំ​តាម៉ៅ ជា​ដី​ដែល​ត្រូវ​ការពារ​ និង​អភិរក្ស​ដោយ​ក្រសួង​កសិកម្ម។ ៣. ក្រុមហ៊ុន​ដែល​បាន​ឈូសឆាយ ត្រូវ​បញ្ឈប់​សកម្មភាព និង​ត្រូវ​ដាំ​ដើម​ឈើ​ឡើង​វិញ លើ​ដី​ដែល​បាន​ឈូស​ឆាយ»។

ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​ពេល​នេះ កើត​ឡើង​ភ្លាមៗ ក្រោយ​ពេល​មហាជន​ ពិសេស​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​ច្រើន បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់ ឬ សម្តែង​ការ​មិន​ពេញ​ចិត្ត ទៅ​នឹង​រាជ​រដ្ឋាភិបាល ​ចំពោះ​​ការ​ផ្តល់​ដី​ព្រៃ​ធម្មជាតិ​ តំបន់​សួន​សត្វ​ភ្នំតាម៉ៅ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ក្រោម​ហេតុ​ផល​ដើម្បី​អភិវឌ្ឍន៍ ដោយ​ថា នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន និង​ជម្រក​សត្វ​ព្រៃ​ធ្ងន់​ធ្ងរ​ នៅ​តំបន់​នោះ។

តាមរូបភាព​ពី​ប្រព័ន្ធ​ផ្កាយ​រណប​ បង្ហាញ​ថា គ្រឿង​​ចក្រ​​​ជា​​ច្រើន​គ្រឿង ​របស់​ក្រុមហ៊ុន​ឯកជន ​បាន​​ឈូស​ឆាយ​ដី​ព្រៃ ជុំវិញ​សួនសត្វ​ភ្នំ​តាម៉ៅ អស់​ប្រមាណ ១៣០ ហិកតា ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ស្រប​ពេល​អ្នក​រាយ​ការណ៍​ព័ត៌មាន​ វីអូឌី កាល​ពី​ថ្ងៃ​សុក្រ​ ​បាន​បង្ហោះ​ដ្រូន ជា​ថ្មី​ម្ដង​ទៀត បង្ហាញ​ថា ​ការ​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំតាម៉ៅ មាន​សន្ទុះ​កាន់​តែ​លឿន និង​កាន់​​តែ​ជិត​ដល់​វត្ត​ថ្ម​អន្ទង ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​សួនសត្វ​ ភ្នំតាម៉ៅ​។

ភ្នំតាម៉ៅ ដែល​មាន​ចំងាយ​ប្រមាណ ៤០ គីឡូ​ម៉ែត្រ ពី​រាជ​ធានី​ភ្នំពេញ មាន​ផ្ទៃ​ដី​សួនសត្វ ៤០០ ហិកតា និង​​ផ្ទៃ​ដី​ទំហំ ២ ៣០០ ហិកតា ជា​ព្រៃ​ដែល​ព័ទ្ធ​ជុំវិញ​សួន​សត្វ​។ ប៉ុន្តែ​ក្នុង​ចំណោម​ផ្ទៃដី​ទំហំ ២ ៣០០ ហិកតា​នេះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេង សាខុន ធ្លាប់​ប្រាប់ វីអូឌី ថា ដី​ទំហំ​ប្រមាណ ១ ៥០០ ហិកតា ត្រូវ​បាន​រដ្ឋាភិបាល​ ប្រគល់​ឱ្យ​ក្រុមហ៊ុន​ឯកជន ក្រោម​ហេតុ​ផល ដើម្បី​អភិវឌ្ឍ​សាង​សង់​ជា​លំនៅ​ឋាន និង​សំណង់​អគារ ព្រម​ទាំង​ជា​កន្លែង​ចិញ្ចឹម​សត្វ ជាដើម។ ​

បើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Southeast Asia Globe កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ឯកជន​​ចំនួន ៣ ដែល​គេ​ដឹង​ថា ជាប់​ពាក់​ព័ន្ធ​ការ​ទទួល​បាន​ដី​ព្រៃប្រមាណ ១ ៥០០ នៅ​តំបន់​ភ្នំ​តាម៉ៅ ពី​រដ្ឋាភិបាល​នោះ ​ រួមមាន ក្រុមហ៊ុន «បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ (Bati Tourism & Development)»​ ​ក្រុមហ៊ុន «ធីភី ម៉ូរ៉ាល់ គ្រុប ​ (TP Moral Group)» និងក្រុមហ៊ុន «ឆាយណា ប៉ោយប៉ែត សែ៍ថឺឡាយន៏ ស៊ីធី ឯ.ក (China Poipet Satellite City)»។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា លោក ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា ជា​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ ឆាយ​ណា ប៉ោយ​ប៉ែត សែ៍​ថឺ​ឡាយន៍ ស៊ីធី ក៏​ដូចជា​ក្រុមហ៊ុន Galaxy Navatra Group និង Galaxy Navatra Investment។ ដោយ​ឡែក ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ត្រូវ​បាន​ដឹកនាំ​ដោយ​លោក ឃុន ទី លោក ឃុន សេងផេង និង​លោក ឃុន សៀ ហើយ​លោក​ ឃុន សៀ មាន​អចលនទ្រព្យ​ជា​ច្រើន នៅ​​កម្ពុជា។

នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ឡេង ណាវ៉ាត្រា បាន​សរសេរ​ថា លោក​គាំទ្រ​រាជ​រដ្ឋាភិបាល ក្នុង​ការ​លុប​សេចក្តី​ជូន​ដំណឹង ឬ ស.ជ.ណ តំបន់​ភ្នំតាម៉ៅ​ទាំង​អស់​ ហើយ​សុំ​ឱ្យ​ពលរដ្ឋ ដែល​ស្រលាញ់​កូន​ឈើ មក​ដាំ​កូន​ឈើ ជាមួយ​លោក៕

.