VOD (News) / ដោយ ខាន់ លក្ខិណា
18-01-2023

សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទា​ទោស​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ឱ្យ​ជាប់​ពន្ធនាគារ ១៨​ខែ ក្រោម​បទ​ចោទ​ប្រកាន់​«ញុះ​ញង់​ និង​បរិហារ​កេរ្តិ៍» និង​សង​សំណង​ជំងឺ​ចិត្ត​​ទៅ​​ដើម​បណ្ដឹង​ចំនួន ៥០​លាន​រៀល ខណៈ​សំណុំ​រឿង​លោក គឹម សុខ និង​មនុស្ស ២​នាក់​ទៀត ត្រូវ​បាន​ចៅក្រម​បង្វិល​ឱ្យ​ស៊ើប​អង្កេត​ឡើង​វិញ។

ការសម្រេច​នៅ​ថ្ងៃ​ពុធ ទី១៨ ខែ​មករា នេះ បន្ទាប់​ពី​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង សុជាតិ បាន​បើក​សវនាការ​លើ​សំណុំ​រឿង​នេះ កាល​ពី​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​មាន​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្តឹង​ទៅ​លោក គឹម សុខ។ ក្នុង​ពាក្យ​បណ្ដឹង​នោះ មេធាវី​ដើម​បណ្ដឹង​ ដោយ​ប្ដឹង​ទៅ​តុលាការ​ឱ្យ​ផ្ដន្ទា​ទោស លោក គឹម សុខ និង​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ១០០​លាន​រៀល ឬ​ស្មើ​ប្រមាណ ២៥ ០០០​ដុល្លារ

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង សុជាតិ នៅ​ថ្ងៃ​ពុធ ទី​១៨ ខែ​មករា បាន​ប្រកាស​សាលក្រម​កំបាំង​មុខ​ ដោយ​ផ្ដន្ទា​ទោស​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ដាក់​ពន្ធនាគារ ១៨​ខែ ឬ​មួយ​ឆ្នាំ​កន្លះ និង​ពិន័យ​ប្រាក់​ចំនួន ៨​លាន​រៀល​ចូល​ថវិកា​រដ្ឋ ពីបទ «ញុះ​ញង់​បង្​កឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​សន្តិសុខ​សង្គម និង​បរិហារ​កេរ្តិ៍»។

លោក សេង សុជាតិ ក៏​បាន​បង្គាប់​ឱ្យ​សង​ជំងឺចិ​ត្ត ​៥០​លាន​រៀល ឬ​ស្មើ​ប្រមាណ ១២ ៥០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក ទៅ​រដ្ឋាភិបាល​​ដែល​ដឹកនាំ​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​ ចាប់​និង​ឃុំ​ខ្លួន​លោក គឹម  សុខ ផង​ដែរ។

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ​២០២២ ក្រឡា​បញ្ជី​​បាន​អាន​ចម្លើយ​​របស់​​លោក គឹម សុខ ដែល​​បាន​​ផ្តល់​នៅ​ដំណាក់​កាល​អយ្យការ​​ នៅ​ថ្ងៃ​​ទី​​៧ ខែ​​មេសា ឆ្នាំ​​២០១៧ បន្ទាប់​​ពី​​ការ​ឃុំ​ខ្លួន​រូប​លោក។

នៅក្នុង​ចម្លើយ ឆ្នាំ​២០១៧ លោក គឹម សុខ បាន​និយាយ​ថា លោក​មិន​មាន​ចេតនា​ញុះ​ញង់​នរណា​ម្នាក់​ឡើយ ខណៈ​លោក​នៅ​តែ​បន្ត​ការ​ជជែក​វែក​ញែក​អំពី​ឃាតកម្ម​បង្កប់​ហេតុ​ផល​នយោបាយ។

លោក​បាន​រៀបរាប់​អំពី​ករណី​មួយ​ចំនួន ដូចជា លោក ធន់ ប៊ុនលី ចាងហ្វាង​កាសែត និង​ជា​អ្នក​រិះគន់​រដ្ឋាភិបាល ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​១៩៩៦, អ្នកស្រី ពិសិដ្ឋ ​ ពិល្លិកា ជា​តារា​សម្តែង​ដ៏​មាន​ប្រជា​ប្រិយភាព​មួយ​រូប​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៩ ចំ​ពេល​មាន​ការ​អះអាង​ពី​ទំនាក់​ទំនង​ជាមួយ​នឹង​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន

ចំណែក​តារា​​ចម្រៀង កញ្ញា ទូច ស៊ុននិច និង​​អ្នក​កាសែត​​​ប្រឆាំង លោក ជួ ជេដ្ឋារិទ្ធ ត្រូវ​​បាន​​បាញ់​សម្លាប់​​ក្នុង​សប្ដាហ៍​​តែ​​មួយ ​ក្នុង​​ខែ​​តុលា ឆ្នាំ​២០០៣, មេដឹកនាំ​​សហជីព​ លោក ជា វិជ្ជា ត្រូវ​​បាន​​​បាញ់​​សម្លាប់​​នៅ​​ខាង​​ក្រៅ​​វត្ត​លង្កា ក្នុង​​រាជធានី​​ភ្នំពេញ ​ឆ្នាំ​២០០៤, និង​​លោក ឈុត វុទ្ធី អ្នក​​ការពារ​បរិស្ថាន​ ត្រូវ​​បាន​​បាញ់​​សម្លាប់​​កាល​​ពី​​ឆ្នាំ​​២០១២។

លោក គឹម សុខ ធ្លាប់​​ជាប់​​ពន្ធនាគារ​​រយៈ​ពេល ១៨​ខែ​ ពាក់​ព័ន្ធ​នឹង​​បទ​​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​​ថ្ងៃ​ទី​១១ ខែ​​កុម្ភៈ ឆ្នាំ​២០១៧ ខណៈ​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៣​ តុលាការ​បាន​ផ្តន្ទាទោស​ឱ្យ​លោក ជាប់​ពន្ធនាគារ ១៨ ខែ​ទៀត និង​សង​ជំងឺ​ចិត្ត​ដើម​បណ្តឹង​ជាង ១​ម៉ឺន​ដុល្លារ ​ពាក់​ព័ន្ធ​នឹង​បទ​សម្ភាស កាល​ពី​ថ្ងៃ​​ទី​១៣ ខែ​​កុម្ភៈ ឆ្នាំ​២០១៧ ជាមួយ​វិទ្យុអាស៊ី​សេរី ដដែល​នេះ។

សំណុំរឿង​​ទាំង​ពីរ ​នោះ​ ដើម​បណ្តឹង​សំអាង​ថា លោក គឹម សុខ ដែល​បាន​ចោទ​ប្រកាន់​​គណ​បក្ស​​ប្រជាជន​​កម្ពុជា និង រដ្ឋាភិបាល ​ថា​​ជា​​អ្នក​​នៅ​​ពី​ក្រោយ​​ឃាតកម្ម​​លើ​​​លោក កែម ឡី ដែល​ជា​អ្នកវិភាគ​​នយោបាយ​។

អ្នកវិភាគនយោបាយ លោក គឹម សុខ ប្រាប់​វីអូឌី នៅ​ថ្ងៃ​ពុធ​ ​ថា រដ្ឋាភិបាល​កំពុង​​ប្រើ​ប្រាស់​​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​ក្នុង​ការ​ផ្ដន្ទា​ទោស និង​ទាមទារ​សំណង លើ​អ្នក​វិភាគ និង​អ្នក​ធ្វើ​ការងារ​សង្គម ព្រមទាំង​សកម្មជន រហូត​ដល់​ថ្នាក់​ដឹកនាំ​នយោបាយ ដែល​មាន​ស្មារតី​ទាមទារ​យុត្តិធម៌​សង្គម និង​រិះគន់​ ចំពោះ​ការ​ដឹកនាំ​មិន​ត្រឹម​ត្រូវ របស់​គណ​បក្ស​ប្រជាជន​កម្ពុជា។

លោកថា៖ «ការសម្រេច​ក្ដី​ឱ្យ​ខ្ញុំ​ចាញ់​ទាំង​អយុត្តិធម៌​នេះ គឺ​ជា​ឧទាហរណ៍​មួយ​នៃ​ការ​គំរាម​កំហែង ២​យ៉ាង មិន​មែន​ចំពោះ​តែ​រូប​ខ្ញុំ​ម្នាក់​ទេ ក៏​ប៉ុន្តែ​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ ដែល​ហ៊ាន​ធ្វើ​សកម្មភាព​ទាម​ទារ​យុត្តិធម៌​សង្គម។ ទី១ គំរាម​អសន្តិសុខ​ផ្ទាល់​​ខ្លួន ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ចាត់​ការ​ឱ្យ​ជាប់​គុក និងទី២ គំរាម​លើ​សេរីភាព ដោយ​ចាត់​ការ​ឱ្យ​បង់​ជំងឺ​ចិត្ត​ទៅ​ពួក​គាត់​អ្នក​កាន់​អំណាច ឬ​ក៏​គណ​បក្ស​ប្រជាជន​កម្ពុជា ច្រើន​ម៉ឺន​ដុល្លារ អ្នក​ខ្លះ​ដល់​លាន​ដុល្លារ ឱ្យ​ជាប់​ចំណង​ហិរញ្ញវត្ថុ និង​រើ​មិន​រួច​តែ​ម្ដង។ នេះ​គេ​ហៅ​ថា ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​នេះ ដើម្បី​សម្រេច​គោល​ដៅ​អំណាច​របស់​ពួក​អ្នក​កាន់​អំណាច»

អ្នកប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវ​ជ្រាវ លោក សេក សុជាតិ ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ ធ្វើ​ឡើង​ហាក់​បាន​ប្រាស​ចាក​ចំពោះ​ប្រទេស​ផ្សេងៗ​ទៀត ដែល​ប្រកាន់​នីតិរដ្ឋ តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ។

លោកបន្តថា អ្នកវិភាគ ជា​អ្នក​រិះគន់​នូវ​ចំណុច​អវិជ្ជមាន​ ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ហើយ​គោល​ដៅ​នៃ​ការ​រិះគន់​នេះ ក្នុង​ការ​ស្ថាបនា និង​កែ​លម្អ​ចំណុច​ខ្វះ​ខាត​ ដើម្បី​បំពេញ​ឱ្យ​បាន​ពេញ​លេញ​នូវ​ប្រទេស​មួយ​ ដែល​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ និង​នីតិរដ្ឋ ដែល​ត្រូវ​តែ​គោរព។

លោក សេក សុជាតិ បន្តថា នៅ​ពេល​ដែល​រដ្ឋាភិបាល និង​តុលាការ​ប្ដឹង​ផ្ដល់ ​និង​កាត់​ទោស​អ្នកវិភាគ ដែល​ជា​អ្នកទាមទារ​រឿង​អយុត្តិធម៌​សង្គម​នោះ លោក​ថា កម្ពុជា​កំពុង​ដើរ​ប្រាស​ចាក​ពី​នីតិរដ្ឋ ហើយ​ក៏​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា កម្ពុជា​មិន​ទាន់​មាន​ភាព​ចាស់​ទុំ ក្នុង​នាម​ជា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ។

លោកថា៖ «បរិបទ ​ឬ​ការ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា កំពុង​ដើរ​ប្រាស​ចាក​អំពី​រដ្ឋ​ធម្មនុញ្ញ ដែល​ដើរ​ចេញ​ពី​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ ងាយ​ទៅ​ប្រើ​ប្រាស់​ឥទ្ធិពល​អំណាច​ផ្ដាច់​មុខ ដើម្បី​គ្រប់​គ្រង​ និង​ធ្វើ​យ៉ាង​ណា​ ដើម្បី​រក្សា​ឱ្យ​បាន​នូវ​អំណាច​របស់​ខ្លួន ដោយ​មិន​ខ្វល់​អំពី​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស»

ចំណែកសំណុំរឿង «ញុះញង់​ឱ្យ​ប្រព្រឹត្ត​​អំពើ​បង្ក​ឱ្យ​មាន​​​ភាព​​​​វឹក​វរ​​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដែល​មាន​ជនជាប់​ចោទ ៣​នាក់​នោះ ហើយ​ត្រូវ​ប្រកាស​សាលក្រម​ នា​ថ្ងៃ​ពុធ នេះ​ដែរ លោក សេង សុជាតិ ចៅក្រម​ជំនុំ​ជម្រះ សម្រេច​បង្វិល​ឱ្យ​ស៊ើប​អង្កេត​ឡើង​វិញ។

សំណុំរឿងព្រហ្មទណ្ឌ​មួយ​ទៀត ដែល​មាន​ជន​ជាប់​ចោទ លោក គឹម សុខ អ្នក​វិភាគ​សង្គម និង​​​ន​​យោ​បាយ, កញ្ញា មាស លក្ខិណា អតីត​អ្នកគាំទ្រ​នយោបាយ​របស់​គណ​បក្ស​ប្រឆាំង និង​លោក ហ៊ុយ សុខ​​​គ្រៀល ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋ​​កម្ម​ឆ្លង​​ដែន នៃ​​​ក្រសួង​មហា​ផ្ទៃ ប្តឹង​​ដោយ​​ចោទ​ប្រកាន់​ពី​បទ «អំពើ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​​អំពើ​បង្ក​ឱ្យ​មាន​​​ភាព​​​​វឹក​វ​​រ​​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» កាល​ពី​ដើម​ខែ​​កញ្ញា ឆ្នាំ​២០២០៕

.