The Cambodia Daily
30-01-2023

អ្នក​ឃ្លាំមើល​និយាយ​ថា រដ្ឋាភិបាល​វៀតណាម​នៅតែ​ប្រកាន់​ជំហរ​រក្សា​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យ​គ្រប់គ្រង​ទឹកដី​ខ្មែរ​បន្ត​ទៀត មិនមែន​រក្សា​អំណាច​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» នោះ​ទេ។

លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មករា នេះ​ថា ដោយសារ​ការ​ប្រើ​អំណាច​គាប​សង្កត់​ឃោរឃៅ​របស់​លោក ហ៊ុន សែន នៅ​ផ្ទៃក្នុង​របស់​ខ្លួន ​ដើម្បី​បន្ត​អំណាច​ទៅ​ឱ្យ​កូនប្រុស​កាន់កាប់​ប្រទេស​កម្ពុជា​ផ្ដាច់មុខ​ ដូច​ខ្លួន​បន្ត​ទៀត បាន​ធ្វើ​ឱ្យ​ផ្ទៃក្នុង​បក្ស​នេះ ​កើត​ទុក្ខ​មិន​សុខចិត្ត ហើយ​ក៏​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ផ្តួល​អំណាច​ត្រកូល «ហ៊ុន» ដែរ នៅ​ពេល​​ដែល​លោក ហ៊ុន សែន អស់​អំណាច ឬ​អវត្តមាន​រូប​គាត់​នៅ​ថ្ងៃ​ក្រោយ។

លោក គឹម សុខ លើកឡើង​ថា នៅ​ពេល​ដែល​លោក ហ៊ុន សែន ចេះ​តែ​លើកឡើង​ពី​សោកនាដកម្ម​ពី​អតីតកាល​របស់​កម្ពុជា ជាពិសេស​ការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ទម្លាក់​សម្តេច​ព្រះ នរោត្តម សីហនុ ពី​ប្រមុខ​រដ្ឋ គឺជា​ចេតនា​មួយ ​ដែល​គាត់​លួង​ចិត្ត​ផ្ទៃក្នុង​បក្ស​កាន់​អំណាច ​ដែល​កំពុង​រង​នូវ​ភាព​អយុត្តិធម៌ ដើម្បី​កុំ​ឱ្យ​ពួកគេ​ហ៊ាន​ដណ្តើម​អំណាច​ពី​គ្រួសារ «ហ៊ុន» ផង និង​ជា​ចេតនា​បិទបាំង​នូវ​ទង្វើ​អាក្រក់​នានា​របស់​គាត់​ ដែល​បាន​ប្រព្រឹត្ត​ក្នុង​បក្ស​របស់​ខ្លួន​កន្លងមក ដើម្បី​ឱ្យ​គាត់​អាច​បន្ត​ក្តោប​ក្តាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី ​រហូត​ដល់​សព្វថ្ងៃ​នេះ​ផង។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ ​បញ្ជាក់​ថា ការ​ប្រឹងប្រែង​របស់​លោក ហ៊ុន សែន ដើម្បី​បន្ត​អំណាច​ឱ្យ​នៅតែ​ក្នុង​វង្ស​ត្រកូល​របស់​ខ្លួន​បែប​នេះ បាន​ធ្វើ​ឱ្យ​ថ្នាំងថ្នាក់​ដល់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​លោក ស ខេង ជាដើម ហើយ​ក៏​បង្ក​ការ​ថ្នាំងថ្នាក់​ដល់ ​រដ្ឋាភិបាល​វៀតណាម​ ផង​ដែរ នៅ​ពេល​ដែល​មេដឹកនាំ​ខ្មែរ​រូប​នេះ​ កាន់តែ​ចូល​កៀក​ទៅ​រក​ចិន ឱ្យ​ជួយ​រក្សា​ផែនការ​ផ្ទេរ​អំណាច​ បន្ត​ត្រកូល​របស់​គាត់។

កាលពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៣ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​​ជា​ប្រទេស​ក្រីក្រ​ដូច​សព្វថ្ងៃ​នេះ ដោយសារតែ​បង្ក​មកពី​កំហុស​នយោបាយ ​ដែល​បង្កើត​ឱ្យ​មាន​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ទម្លាក់​សម្តេច​ព្រះ នរោត្តម សីហនុ ចេញពី​ប្រមុខ​រដ្ឋ ដូច្នេះ​លោក​ប្ដេជ្ញា​ថា​នឹង​មិន​ឱ្យ​កំហុស​បែប​នេះ ​កើត​មាន​នៅ​កម្ពុជា​ម្តង​ទៀត​ជាដាច់ខាត។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​អះអាង​របស់​លោក ហ៊ុន សែន នេះ​គ្រាន់តែ​ជា​លេស​ដើម្បី​បង្ក្រាប​អ្នក​ប្រឆាំង​នឹង​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ ​នៃ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក​ប៉ុណ្ណោះ។

ជាង​នេះ​ទៀត ក៏​ដើម្បី​រាំង​ខ្ទប់​សំឡេង​ប្រឆាំង​ក្នុង ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​មិន​គាំទ្រ​លោក ហ៊ុន ម៉ាណែត ឱ្យ​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច​ដែរ ដូច្នេះ​ហើយ​បាន​ជា​គាត់​គំរាម​ផង ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ផង គឺ​ដើម្បី​តែ​គោលដៅ​រក្សា​អំណាច​ ឱ្យ​នៅតែ​ស្ថិត​ក្នុង​កណ្ដាប់ដៃ​គ្រួសារ «ហ៊ុន» នៅ​ថ្ងៃ​មុខ​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ លោក ហ៊ុន សែន បាន​លើក​សរសើរ​លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​គាត់​ទៅ​កាន់​មេដឹកនាំ​វៀតណាម លោក ង្វៀន ហ៊្វុជុង ថា​កូនប្រុស​របស់​លោក​មាន​សមត្ថភាព​ដឹកនាំ​កិច្ចការ​ជាតិ​ធំៗ ជាពិសេស​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ជាដើម។ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ រដ្ឋាភិបាល​វៀតណាម ​នៅ​មិនទាន់​បង្ហាញ​ជំហរ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើ​ជា​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេ គិត​ចាប់តាំងពី​លោក ហ៊ុន សែន គំរាម​ឱ្យ​បក្ស​កាន់​អំណាច​បើក​សន្និបាត​បោះឆ្នោត​គាំទ្រ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​បេក្ខជន​អនាគត​នាយក​រដ្ឋមន្ត្រី​បក្ស​នេះ​តាំងពី​ចុង​ឆ្នាំ​២០២១ មក។

កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន គំរាម​ថា អ្នក​ដែល​ចង់​ដណ្តើម​តំណែង​ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ពី​កូនប្រុស​របស់​លោក ត្រូវតែ​ធ្វើ​ឃាត​លោក​ជា​មុន​សិន ប៉ុន្តែ​បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​គំរាម​ថា អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​លោក ពួកគេ​ក៏​មិន​មាន​ជីវិត​រស់នៅ​ដែរ ហើយ​សង្គ្រាម​ច្បាស់​ជា​នឹង​ផ្ទុះ​ឡើង​ជា​មិនខាន៕

រូបថតលោក គឹម សុខ (Photo: Kim Sok)
រូបថតលោក គឹម សុខ (Photo: Kim Sok)

.