The Cambodia Daily
14-2-2023

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ការ​ព្រមព្រៀង​គ្នា​ឱ្យ​អ្នកជំនាញ​បារាំង ​មក​ជួយ​គូរ​ចម្លង​ផែនទី ​របស់​កម្ពុជា​ឡើងវិញ ដោយសារតែ​ផែនទី​បោន ខ្នាត ១​លើ ១០០​ពាន់ (១​/៥០.០០០) ​មាន​លក្ខណៈ​តូច ដូច្នេះ​កម្ពុជា​ពង្រីក​ផែនទី​នោះ​ឱ្យ​ទៅ​ជា​ផែនទី​បោន​ខ្នាត ១​លើ ៥០​ពាន់ ដើម្បី​ឱ្យ​មាន​លក្ខណៈ​កាន់តែ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់។

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន លើកឡើង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឡាវ នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា រដ្ឋាភិបាល​បាន​ខិតខំ​ខ្លាំង​ណាស់​ មិន​ឱ្យ​ទឹកដី​កម្ពុជា​បាត់បង់​សូម្បី​មួយ​មិល្លីម៉ែត្រ​ ទៅ​បរទេស ចាប់តាំងពី​កម្ពុជា​ត្រូវ​បាន​រំដោះ​ កាលពី​ឆ្នាំ​​១៩៧៩ មក ដែល​គិត​មក​ទល់​នឹង​ពេលនេះ​មាន​រយៈពេល​ជាង ៤០​​ឆ្នាំ​ហើយ។

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​រូប​នេះ ​លើកឡើង​ថា លោក​នឹង​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​ រវាង​កម្ពុជា​-​ឡាវ ក្រោយ​ឆ្លងកាត់​ការ​ពិភាក្សា​រាប់​រយ​ដង​របស់ ​គណៈកម្មាធិការ​ព្រំដែន ដោយ​យោង​ទៅ​តាម​ផែនទី​ ដែល​​កម្ពុជា-ឡាវ បាន​ឯកភាព​គ្នា។

លោក ហ៊ុន សែន បន្ថែម​ថា ផែនទី​ទាំងនេះ ​គឺជា​ឯកសារ​ដែល​ភាគី​ទាំង​សងខាង​ ទទួលស្គាល់​ទៅវិញ​ទៅមក និង​ជា​ផែនទី​ដែល​តម្កល់​ទុក​នៅ​ អង្គការ​សហប្រជាជាតិ ព្រោះ​វា​ជា​ភស្តុតាង ​ដែល​បាន​បន្សល់​ដោយ​អាណានិគម​បារាំង ដែល​ធ្លាប់​គ្រប់គ្រង​ប្រទេស​កម្ពុជា​ កាលពី​មុន ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​អន្តរជាតិ និង​ច្បាប់​ប្រទេស​នីមួយៗ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​បាន​សហការ​បោះ​បង្គោល​ព្រំដែន ​ជាមួយ​ប្រទេស​ឡាវ បាន​ចំនួន ៨៦% ក្នុង​នោះ​ភាគី​ទាំង​ពីរ ​ក៏​បាន​បោះ​បង្គោល​ព្រំដែន​ចំនួន ១២១ ​បង្គោល​ដែរ ហើយ​នៅ​ពេលនេះ​ ក៏​បាន​ឯកភាព​គ្នា​ ក្នុង​ការ​ពង្រីក​បង្គោល​ឱ្យ​កាន់តែ​ធំ​រឹងមាំ ដោយ​បោះ​បន្ថែម​ទៀត​នៅ​ក្នុង​ចន្លោះ​បង្គោល​ទាំង ១២១ នេះ ឱ្យ​បាន​កាន់តែ​ច្រើន ខណៈ​ចំណុច​ដែល​នៅ​សល់ ១៤% ទៀត ភាគី​ទាំង​ពីរ​ នឹង​ដោះស្រាយ​ឱ្យ​បាន​កាន់តែ​ឆាប់។

ការ​ចុះហត្ថលេខា​លើ​ សន្ធិសញ្ញា​កំណត់​ព្រំដែន​ ដោយ​ប្រើ​ផែនទី​បោន​ ខ្នាត ១​លើ ៥០​ពាន់​ (១​/៥០.០០០) ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ កំពុង​ប្រើប្រាស់​ផែនទី​ខុស​ពី​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ​ដែល​បាន​ចែង ដែល​នឹង​នាំ​ឱ្យ​បាត់បង់​ទឹកដី​ ទៅ​ប្រទេស​ជិតខាង។

នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ នេះ មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន កំពុង​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ឡាវ ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន​ពីរ​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ រួម​មាន៖

  • ការ​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព​ សម្រាប់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​ សម្រាប់​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៨
  • និង​ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន ​រវាង​កម្ពុជា-ឡាវ ផង​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ថា ផែនទី​យូធីអឹម (UTM) ខ្នាត ១​លើ ៥០​ពាន់ គឺជា​ផែនទី​ដែល​គូរ​ដោយ​យោធា​អាមេរិក​ សម្រាប់​ប្រើប្រាស់​តែ​ក្នុង​សម័យ​សង្គ្រាម​វៀតណាម​ប៉ុណ្ណោះ ហើយ​ក៏​ជា​ផែនទី​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ថែម​ទៀត។

លោក ម៉ែន ណាត ទាមទារ​ឱ្យ​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន អនុវត្ត​សន្ធិសញ្ញា​កំណត់​ព្រំដែន ​ជាមួយ​ប្រទេស​ជិតខាង​ដោយ​ប្រើ​ខ្នាត​ផែនទី​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ក្នុង​មាត្រា​២ ដែល​បាន​ចែង​ពី​ខ្នាត ១​លើ ១០០​ពាន់ ជា​ផែនទី​ស្រប​ច្បាប់ ដែល​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​កម្ពុជា ​ទៅ​ថ្ងៃ​ក្រោយ។

អនុប្រធាន​វេទិកា​ពលរដ្ឋ ​រូប​នេះ ​បញ្ជាក់​ថា ការ​ប្រើប្រាស់​ផែនទី​របស់​រដ្ឋាភិបាល​កម្ពុជា ​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មិន​ចំណេញ​សម្រាប់​កម្ពុជា​នោះ​ទេ គឺ​មាន​តែ​នាំ​ឱ្យ​កម្ពុជា​បាត់បង់​ដែន​អធិបតេយ្យ​​ជាតិ​ខ្លួន​ប៉ុណ្ណោះ ហើយ​បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​បន្ត​ប្រើប្រាស់​ផែនទី​ខុសពី​ការ​កំណត់​របស់​រដ្ឋធម្មនុញ្ញ​នេះ​ទៀត នោះ​គឺ​មាន​ន័យ​ថា រដ្ឋាភិបាល​ឯក​បក្ស​មួយ​នេះ ​កំពុង​ជួយ​រក​ច្រក​ក្នុង​ការ​សម្បទាន​ទឹកដី​របស់​ខ្លួន​ ឱ្យ​បរទេស​ជិតខាង​បន្ថែម​ទៀត​ហើយ។

មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា «បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ជា​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១​លើ ១០០​​ពាន់ ដែល​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣ និង​​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ ដល់​​ឆ្នាំ​​១៩៦៩»

ទាក់ទិន​នឹង​បញ្ហា​នេះ ក្នុង​សន្ធិសញ្ញា​បំពេញ​បន្ថែម​​ឆ្នាំ​​២០០៥ ដែល​រដ្ឋសភា​នៃ​ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ទទួល​ស្គាល់​កាលពី​ថ្ងៃទី​​២៩ ខែ​​វិច្ឆិកា ឆ្នាំ​២០០៥ មាន ៤​​ចំណុច ក្នុង​នោះ​ចំណុច​ទី​​៣ បាន​បញ្ជាក់​ថា “ភាគី​ប្រទេស​នីមួយៗ​ត្រូវ​ប្ដូរ​ព្រំដែន​លើ​ផែនទី​ខ្នាត ១/១០០.០០០ មក​ប្រើ​ផែនទី យូ.ធី.អឹម ខ្នាត ១/៥០.០០០ វិញ រួច​ផ្ទៀងផ្ទាត់​លទ្ធផល និង​ឯកភាព​ព្រំដែន​លើ​ផែនទី​នេះ“

.