The Cambodia Daily
16-2-22023
វេទិកាពលរដ្ឋ សម្ដែងការព្រួយបារម្ភថា កម្ចីនិងអំណោយនានាដែលលោក ហ៊ុន សែន ទទួលបានរាប់សែនលានដុល្លារ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗនេះ អាចជាថ្នូរនឹងការប្រគល់សម្បត្តិជាតិខ្មែរឲ្យភាគីចិន ដើម្បីទូទាត់បំណុល ក្នុងរូបភាពបន្លំជាវិនិយោគ។
សេចក្តីថ្លែងការណ៍របស់វេទិកាពលរដ្ឋ (ទាញយក ឬ Download) ដែលចេញផ្សាយកាលពីថ្ងៃទី១៤ កុម្ភៈ ឲ្យដឹងថា ផ្អែកលើស្ថានភាពដុនដាបនៃសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃនេះ ភាគីចិនមិនសង្ឃឹមថារដ្ឋាភិបាលលោក ហ៊ុន សែន មានលទ្ធភាពសងបំណុលឱ្យចិនវិញតាមការកំណត់នោះទេ គឺមានតែខ្ចីថែមទៀតប៉ុណ្ណោះ។
ប្រភពដដែលឲ្យដឹងថា ក្នុងសភាពការណ៍ប្រកួតប្រជែងដ៏តានតឹងរវាងចិន និងអាមេរិក បាននាំឲ្យចិនត្រូវការត្រៀមខ្លួនយ៉ាងហ្មត់ចត់ ជាពិសេសការត្បិតត្បៀតលើប្រព័ន្ធចំណាយហិរញ្ញវត្ថុ ទាំងការព្យាយាមកាត់បន្ថយជាអតិបរមានូវកញ្ចប់ជំនួយ និងកម្ចីរបស់ខ្លួនដល់បណ្ដាសម្ពន្ធមិត្តសព្វថ្ងៃនេះ។
ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ភាគីចិនផ្ដល់ជំនួយ និងកម្ចីតិចតួចបំផុតដល់រដ្ឋាភិបាលលោក ហ៊ុន សែន ទោះបីជាលោក ហ៊ុន សែន ខំប្រឹងយកចិត្តចិនយ៉ាងណាក៏ដោយ។
វេទិកាពលរដ្ឋបញ្ជាក់ថា គ្មានមូលហេតុសមទំនងទេដែលចិន ត្រូវផ្ដល់អំណោយ និងកម្ចីយ៉ាងច្រើនដល់រដ្ឋាភិបាលរបស់គាត់នៅពេលនេះ ហើយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន មានតែកាត់យកទ្រព្យរបស់កម្ពុជា ជាថ្នូរដើម្បីសងបំណុលក្នុងរូបភាពវិនិយោគ ដូចជាព្រលានយន្តហោះ កំពង់ផែ និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗនៅរាជធានីភ្នំពេញ ខេត្តកែប ព្រះសីហនុ ខេត្តកោះកុង ជាដើមតែប៉ុណ្ណោះ។
ក្រុមនេះអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា បើកវេទិកាសាធារណៈ ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភរបស់ពលរដ្ឋខ្មែរម្ចាស់ប្រទេស ឲ្យពលរដ្ឋបានសួរដេញដោលជម្រះកង្វល់របស់ពួកគាត់ ទាក់ទងនឹងជំនួយ និងកម្ចីនានា ដែលធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចទៅប្រទេសចិន នាពេលចុងក្រោយនេះ។
កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ុន សែន បានដឹកនាំមន្ត្រីជាន់ខ្ពស់របស់ខ្លួន និងកូនប្រុសបង្កើតទាំង ៣នាក់ទៅទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ។
ក្នុងដំណើរទស្សនកិច្ចនោះ ក៏មានការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីមួយចំនួនផងដែរ ជាពិសេសលើការផ្តល់ហិរញ្ញវត្ថុដែលជាកម្ចី និងជំនួយនានារបស់ចិន សម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានានៅកម្ពុជា។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៩ កុម្ភៈ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាងថា ក្រុមហ៊ុនធំៗប្រចាំប្រទេសចិន បានបង្ហាញពីការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគ លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍លើគម្រោងធំៗជាច្រើននៅកម្ពុជា។
លោក ហ៊ុន សែន បញ្ជាក់ថា ក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិន សន្យាថានឹងសិក្សាលើលទ្ធភាពវិនិយោគថ្មីៗបន្ថែមទៀត នៅពេលខាងមុខនេះ ជាពិសេសក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នាពេលចុងក្រោយនេះ។
កាលពីចុងឆ្នាំ២០២២ អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា នៅពេលនេះ កម្ពុជាបានជំពាក់បំណុលបរទេសជិត ១ម៉ឺនលានដុល្លារអាមេរិកហើយ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងបំណុលទាំងនេះយ៉ាងម៉ត់ចត់បំផុត ហើយការខ្ចីនេះក៏ធ្វើឡើងដោយមានគោលដៅច្បាស់លាស់ផងដែរ ដែលប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
ទាក់ទិននឹងបញ្ហានេះ អង្គការតម្លាភាពកម្ពុជា បានចេញសេចក្តីរាយការណ៍របស់ខ្លួន កាលពីចុងឆ្នាំ២០២២ ថា គិតត្រឹមដំណាច់ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានជំពាក់បំណុលបរទេសជាលក្ខណៈទ្វេភាគីជាង ៩ពាន់លានដុល្លារអាមេរិក ក្នុងនោះជំពាក់មហាអំណាចកុម្មុយនីស្តចិន ជាង ៤០ភាគរយផងដែរ៕
.