អត្ថបទ​៖ CWCI Cambodia
Updated: 24-12-20
24

លោក ម៉ែន ណាត ជាកូនកសិករ ក្នុងជីវភាព​គ្រួសារមធ្យម មានស្រុក​កំណើត​ នៅភូមិ​/​ឃុំដូងខ្ពស់ ស្រុក​​បុរីជលសារ ខេត្ត​តាកែវ។ លោក​កើត​នៅថ្ងៃទី​១៤ ខែមេសា ឆ្នាំ​១៩៧៥ (បញ្ជីជាតិ​៖ ០៥ មករា ១៩៧៦) និងធំដឹងក្តី​ក្នុង​សម័យ​សង្គ្រាម។ លោក​ជា​កូន​បន្ទាប់​ពៅ ​ក្នុង​ចំណោម​បងប្អូន ៧​​នាក់ (ស្រី ៤​នាក់ ប៉ុន្តែ​បង​ប្រុស​អង្អស់​បាត់​ខ្លួន​ នៅក្រោយ​ខែ​មេសា ​ឆ្នាំ​១៩៧៥ និង ប្អូនស្រីពៅ មរណភាពដោយជំងឺ នៅ​ឆ្នាំ​១៩៨៨)។

ឪពុករបស់លោកឈ្មោះ ម៉ែន មនិន្ទ (Mèn, Monint) ហៅតា និន កើត​នៅ​ឆ្នាំ​​១៩២៨ (ឆ្នាំ​រោង) បាន​​ទទួល​​មរណភាព​​​ដោយ​ជរាភាព ថ្ងៃទី​​២៤ ខែ​​ឧសភា ឆ្នាំ​​២០០៦ ក្នុង​ជន្មាយុ ៧៨ឆ្នាំ។ ម្តាយមានឈ្មោះ អ៊ុក អូន (Ouk, Aun) កើត​នៅ​ឆ្នាំ​១៩៣៦ (ឆ្នាំជួត) សព្វថ្ងៃ​​រស់នៅ​ភូមិ​ដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុក​បូរីជលសា ខេត្តតាកែវ។

ក្នុងឋានៈជាជនភៀសខ្លួននយោបាយ លោកបានមក​ដល់​ប្រទេសន័រវែស (Norway) នៅពីថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០០៦ ហើយ​បាន​​ទទួល​​​សញ្ជាតិន័រវែស នៅ​ឆ្នាំ​២០១៣។ លោកមានកូន ៣​នាក់ (កូនប្រុស​ច្បង និង ​​​​កូន​ស្រី ២​​នាក់)។

នៅប្រទេសនេះ លោក ម៉ែន ណាត ជាអ្នកដឹកនាំសហគមន៍ខ្មែរផង និង ​អង្គការ​ឃ្លាំមើល​សង្គម ដើម្បី​ប្រទេស​កម្ពុជា​ផង ដែល​រួមមាន​ ៖

– ​ជា​ប្រធាន​សមាគម​ពុទ្ធសាសនជន​ខ្មែរ (Khmer Buddhist Society ) ដែល​ជា​សមាគម​លើក​ស្ទួយ​ប្រពៃណី​វប្បធម៌​ខ្មែរ សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​នេះ។
– ​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា (Cambodia Watchdog Council International – CWCI Cambodia) មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវែស ចាប់តាំងពី​ឆ្នាំ​២០០៦។
– ជា​អនុប្រធានវេទិកាពលរដ្ឋ ចាប់​ពី​ឆ្នាំ​២០២២ ដល់​ខែធ្នូ ឆ្នាំ២០២៤។ វេទិកានេះ ជាអង្គការសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅសហ​រដ្ឋ​អាមេរិក រៀបចំ​ឡើង​ដើម្បី​លើក​ស្ទួយ​វិស័យ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ទឹកដី​ជាតិ​នៅ​​ប្រទេស​​កម្ពុជា។ អង្គការនេះ មាន​ឈ្មោះ​ដើម​ថា ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ។ លោកក៏ជា​ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតនេះ ពីឆ្នាំ​២០២០ ដល់ឆ្នាំ២០២២។

ប្រវត្តិការសិក្សា

លោក ម៉ែន ណាត ចូលរៀននៅសាលាបឋមសិក្សាវត្តខ្នារកកោះ នៅឆ្នាំ១៩៨២ និងបន្តរៀនអនុវិទ្យាល័យដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ នៅឆ្នាំ១៩៨៦។ បន្ទាប់ពីបញ្ចប់ការសិក្សា នៅវិទ្យាល័យ​ព្រៃ​សណ្តែក ស្រុក​ទ្រាំង ខេត្តតាកែវ នៅឆ្នាំ១៩៩៥ លោកបន្ត​ការសិក្សា​នៅទីក្រុង​​ភ្នំពេញ ថ្នាក់​​បរិញ្ញាប័ត្រ នៅ​មហាវិទ្យាល័យ​​​សង្គមវិជ្ជា ជំនាន់​​ទី៣ (១៩៩៦-២០០០) នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ លោក ក៏​បាន​​បញ្ចប់​​បរិញ្ញាប័ត្រ​បូក១ នៅមហា​វិទ្យាល័យ​​គរុកោសល្យ (ក្រោយ​មក​ប្តូរ​ឈ្មោះ​មក​ជា វិទ្យាស្ថាន​ជាតិ​អប់រំ) ឆ្នាំ​២០០១ ជាសាស្ត្រាចារ្យ ឬក្រូបង្រៀន ផ្នែក​គរុកោសល្យ និង​ចិត្តវិទ្យា។

ប្រវត្តិការសិក្សា លោក​ជាសិស្សពូកែ តាំងពីថ្នាក់បឋមសិក្សា ហើយលោក បានប្រឡង​ជាប់ចូល​មហាវិទ្យាល័យ ចំនួន ២ កាលនោះគឺ សង្គមវិជ្ជា និង ជំនាញ​មន្ទីរពិសោធន៍ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខាភិបាល (​ហៅ​ថា ​សាលា​ពេទ្យរ៉ុស្ស៊ី)។ ប៉ុន្តែលោក មិន​​បាន​ជ្រើសរើស​​មុខវិជ្ជា​​​ផ្នែក​​​មន្ទីរពិសោធន៍ នៅ​សាលា​ពេទ្យ​ទេ។ ក្រៅពីនេះ លោក​បាន​សិក្សា​វគ្គ​បណ្តុះ​បណ្តាល​​​ជំនាញ​​មួយ​​ចំនួន​​​ទៀត ដូចជា ផែ្នករដ្ឋបាលទូទៅ, ច្បាប់, ភាពជា​អ្នកដឹកនាំ, ទំនាក់ទំនងការទូត និង វិទ្យាសាស្រ្ត​ន​យោបាយ​។

នៅប្រទេសន័រវែស លោក​បានបញ្ចប់បរិញ្ញាប័ត្រ​ជាន់ខ្ពស់ ផ្នែក​វិទ្យាសាស្រ្ត​អប់រំ នៅ​​​សាកល​​វិទ្យាល័យ​​​អាហ្គ័រឌើរ៍ (University of Agder – UiA) ឆ្នំា២០១៣។

ប្រវត្តិភៀសខ្លួននយោបាយ

មុន​ពេល​ទៅ​ដល់​ប្រទេស​ន័រវែស លោក ម៉ែន ណាត បាន​ភៀស​ខ្លួន​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ជាមួយ​សហការី ៣ នាក់​ទៀត នៅ​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០០៥ ចំពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាផ្លូវការ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អភិវឌ្ឍកម្ពុជា ក្បែរវត្តភ្នំ បញ្ជា​ឲ្យ​កងកម្លាំង​​សមត្ថកិច្ច​ តាមខ្លួនសមាជិក​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ៤ ​នាក់ ដែល​រួមមាន លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ, លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា, លោក ម៉ែន ណាត ប្រធាន​សមាគម​មន្ត្រី​រាជការ​កម្ពុជា និង​លោក អៀ ចាន់ណា អគ្គលេខាធិការរង​នៃ​ចលនា​និស្សិត​ដើម្បី​ប្រជា​ធិបតេយ្យ។ មូលហេតុ គឺ​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចុះ​ហត្ថលេខា​រួមគ្នា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០០៥ ទៅ​លើ​​​សេចក្តីថ្លែងការណ៍មួយ ​​ដើម្បី​ប្រឆាំង​ជំទាស់ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ដែលលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ នាយករដ្ឋមន្ត្រី​វៀតណាម បានធ្វើឡើងនៅ​ថ្ងៃទី​១០ ខែ​​តុលា ដែល​ផ្តល់ច្ចាប័ន​ទទួល​ស្គាល់​ឡើង​វិញ​​នូវ​ សន្ធិសញ្ញា​កំណត់​ដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជា​សន្ធិសញ្ញា​ខុស​ច្បាប់ ផ្ទុយ​ពី​​មាត្រា​២ និង​មាត្រា​៥៥ នៃរដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ ហើយ​និង ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែលជាលិខិតូបករណ៍អន្តរជាតិ។

ពេល​នោះ លោក ជា មុន្នី មិន​នៅកម្ពុជា​ទេ នៅ​ពេលដែលលោក ហ៊ុន សែន ប្រកាសចាប់ខ្លួន។ លោក មុន្នី​ បានចូលរួម​ប្រជុំ​ជាមួយ​សហជីព​អន្តរជាតិ នៅ​ប្រទស​អង់គ្លេស រួច​ហើយ​ទៅ​កាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ស្នាក់នៅ​ជាមួយ​មិត្តភក្ត្រ​របស់​លោក​មួយ​រយៈ គឺ​លោក សូ ចាន់តារា ដែល​ជា​អតីត​អ្នក​ភៀស​ខ្លួន​នយោបាយ ១​រូប​ដែរ។ លោក ជា មុន្នី បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃទី ០១ ខែ​កុម្ភៈ ឆ្នាំ​២០០៦ ក្រោយ​​ពេល​ស្ថានភាព​នយោបាយ​កម្ពុជា បាន​ធូរ​ស្រាល​ជាង​មុន​បន្តិច។

ព្រឹក​ព្រហាម ថ្ងៃទី១៤ ខែ​តុលា​៖ នៅ​តាមផ្លូវ​ភៀស​ខ្លួន​ទៅ​កាន់​​ព្រំដែនខ្មែរ​-​ថៃ លោក រ៉ុង ឈុន លោក ម៉ែន ណាត លោក ឆាំ ឆានី និងលោក អៀ ចាន់ណា បាន​ស្នាក់​នៅ​តំបន់​ព្រំដែន ១​យប់ ដោយ​​មាន​ភ្នាក់ងារ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ និង ភ្នាក់ងារ​​​អង្គការ​សហ​ប្រជាជាតិ UNHCR ជួយ​បង្ហាញ​ផ្លូវ​ផង។

ថ្ងៃទី​១៥ ខែ​តុលា​ ឆ្នាំ​២០០៥ អ្នកទាំង ៤​នាក់ បាន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ថៃ តាម​មធ្យោបាយ​ពិសេស ព្រលឹងចុងសក់។ ប៉ុន្តែជាអកុសល លោក រ៉ុង ឈុន ត្រូវបានអាជ្ញាធរខ្មែរ ចាប់ឃាត់ខ្លួន នៅ​ពេល​លោក កំពុង​ឆ្លង​ព្រំដែន​ប៉ោយប៉ែត ចំណុច​ផ្សារឡុងគ្លឿ រួច​បញ្ជូនលោក​ តាម​យន្តហោះ​​កន្ទុំរុយ ត្រឡប់​ទៅ​ភ្នំពេញ​វិញ ដើម្បី​ដាក់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌។ ទោះជាយ៉ាងណាក្តី លោក​ត្រូវ​ដោះលែង​ នៅ​ថ្ងៃទី​១៨ ខែ​​មករា ឆ្នាំ​​២០០៦ គឺ​ដោះ​លែង​ជាមួយ​អ្នកទោស​មនសិការ​​ល្បីៗ​ដទៃ​ទៀត រួមមាន​លោក កឹម សុខា លោក យេង វីរៈ លោក ម៉ម សូណង់ដូ និងលោក ប៉ា ងួនទៀង នៅ​ក្រោមសម្ពាធ​ពី​សហគមន៍​​អន្តរជាតិផង និង​ ក្រោម​ហេតុផល​ផ្សះផ្សា​ជាតិ​ផង។

បន្ទាប់​ពី​ឆ្លង​ផុត​ព្រំដែន​ លោក ម៉ែន ណាត លោក ឆាំ ឆានី និងលោក អៀ ចាន់ណា បន្តដំណើរ​តាម​ម៉ូតូរឺម៉កផង និង​​រថយន្តក្រុង​ផង ទៅ​កាន់​​ទីស្នាក់ការ​​អង្គការ​សហប្រជាជាតិ (UN) នៅ​ទីក្រុងបាកក ប្រទេសថៃ។ ប៉ុន្តែលោក ឆាំ ឆានី ត្រូវ​បានប៉ូលីសថៃ ឆែក​ឆេ និង​ ចាប់​ខ្លួន​​ពី​បទឆ្លងដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ នៅពេលរថយន្តក្រុង នៅ​ទីរួម​ខេត្តសាកែវ រួច​បញ្ជូន​ទៅ​កាន់​ព្រំដែន​ខ្មែរ​វិញ។ ចំណែក​លោក ម៉ែន ណាត និងលោក អៀ ចាន់ណា បាន​ទៅ​ដល់​ទីក្រុង​បាងកក ដោយ​សុវត្ថិភាព នៅ​ល្ងាចថ្ងៃ​ដដែល​។

នៅ​ល្ងាច​ថ្ងៃទី​១៦ ខែ​តុលា លោក ឆាំ ឆានី បាន​ទៅ​ដល់​ទីក្រុង​បាងកក​ដោយ​សុវត្ថិភាព​ដែរ បន្ទាប់ពីអាជ្ញាធរថៃ ឃុំខ្លួន ១យប់​ ជាមួយ​ពលករ​ខ្មែរ​ដទៃ​ទៀត ខណៈ​ពេល​ភ្នាក់ងារ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ជួយ​សម្រប​សម្រួល​ជាមួយ​មន្ត្រី​អាជ្ញាធរ​ថៃ។

ពេលនោះ លោក ម៉ែន ណាត ជាមួយ​សហការី​ ២រូប​ទៀត គឺ​លោក ឆាំ ឆានី និង​លោក អៀ ចាន់ណា ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​យកចិត្ត​ទុក​ដាក់​ជាពិសេសស​ ពី​អង្គការ​សហប្រជាជាតិ (UN) នៅ​ទីក្រុង​បាងកក។ លោក និងលោក ចាន់ណា រស់នៅក្នុងទីក្រុង​នេះ រយៈពេល ៣​ខែ ដោយ​ផ្លាស់ប្តូរទីតាំង ៦​លើក ដើម្បីសុវត្ថិភាព ដោយ​ប្តូរ​ឈ្មោះ និង​ប្តូរ​ឋានៈ​ខ្លួន ថាជានិស្សិត មក​ពី​ឥណ្ឌា​ សាំងហ្កាពួរ និង​ឥណ្ឌូនេស៊ី ដើម្បី​រួច​ផុត​ពី​ការ​តាមយាយីរបស់​ក្រុម​ចារកិច្ច​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន។

ដោយឡែក លោក ឆាំ ឆានី រស់នៅទីក្រុងបាងកក ១ខែ ក៏​ចាក​ចេញ​ទៅ​រស់នៅ​ប្រទេស​ន័រវែស នៅ​ចុង​ខែ​វិច្ឆិកា។ ចំពោះ​លោក ម៉ែន ណាត និង​លោក អៀ ចាន់ណា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជានៃ​លោក ហ៊ុន សែន និង​រដ្ឋាភិបាលថៃ នៃ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដាក់បញ្ចូល​ក្នុងបញ្ជីតាមចាប់ខ្លួន ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។

នៅថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០០៦ លោក និងលោក ចាន់ណា បាន​តែង​ខ្លួន​ជា​កម្មករនេសាទ ប្រើ​ឯកសារ​ជា​អ្នកនេសាទ ក៏​បន្ត​ភៀស​ខ្លួន​តាម​​សមុទ្រ ទៅ​កាន់ទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។ មុន​ពេល​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី ពួក​គេ​បាន​ចាកចេញ​ពីពី​ទីក្រុង​បាងកក ជាមួយ​រថយន្តមួយ​គ្រឿង ដែល​ធ្វើ​ទេសចរណ៍​ជាលក្ខណៈគ្រួសារ រួច​ស្នាក់​នៅ​តាម​ផ្លូវ​រយៈ​ពេល ២​​យប់ នៅ​សហគមន៍​ថៃ​-​អ៊ីស្លាម ខេត្ត​ភាគ​ខាង​ត្បូង​នៃ​ប្រទេស។ ពិតជាមានការលំបាកណាស់ ​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​​ព្រំដែន នៅ​​តំបន់​​ជម្លោះ រវាងខេត្ត​ថៃ​អ៊ីស្លាម​ភាគ​ខាង​ត្បូង និងរដ្ឋាភិបាលថៃ។ ស្ត្រី និងគ្រួសារគាត់ ដែលជូនដំណើរលោក ម៉ែន ណាត និងលោក អៀ ចាន់ណា បាន​ឲ្យ​លុយទមេ​ទាហាន​ឈរជើង នៅ​តំបន់​ជម្លោះ (​ពុករលួយ​) ដើម្បី​ឆ្លង​ចូល​ទៅ​ខេត្ត​ភាគ​ខាងត្បូង​ជាស្ថាពរ។ អ្នក​ជូន​ដំណើរ​នេះ មាន​កិច្ច​សហការ​ជិត​ស្និទ្ធ​ជាមួយ​ភ្នាក់ងារ​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​។ ទៅ​ដល់ទីក្រុងកូឡាឡាំពួរ អ្នកទាំងពីរ បាន​ស្នាក់នៅ​ផ្ទះ​និស្សិត​មួយ ក្នុង​រយៈ​ ១០​ថ្ងៃ ដើម្បី​រង់ចាំ​ទិដ្ឋាកា​ពិសេស​ មុន​ពេល​បន្ត​ដំណើរ​ទៅកាន់​ប្រទេសន័រវែស តាំ​ង​លំនៅ​អចិន្ត្រៃយ៍។

ក្នុង​អំឡុង​ពេល​នៅទីក្រុងកូឡាឡាំពួរ អ្នកទាំងពីរ បាន​ជួប​ប្រាស្រ័យ​ជាមួយ​អ្នក​នយោបាយ​ប្រជា​ធិបតេយ្យ សកម្មជន​និស្សិត និង ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដើម្បី​​រក​អន្តរាគមន៍ ជំរុញ​ការ​​ស្តារ​ស្ថានភាព​នយោបាយ​កម្ពុជា​។

អ្នកទាំងពីរ បាន​ចាក​ចេញ​ពី​ទីក្រុង​​កូឡាឡាំពួរ នៅ​ព្រលប់​ថ្ងៃទី ​២៥ ខែ​មករា ឆ្នាំ២០០៦ ហើយ​ដល់​ទីក្រុងគ្រីស្ទានសាន់ ​ប្រទេសន័រវែស នៅ​ព្រឹក​ថ្ងៃទី​ ២៦ ខែ​​មករា ជាទឹកដី​ពោរ​ពេញ​ដោយ​គំនរ​ទឹកកក ពណ៌​ស​ក្បុស ក្រាល​លើ​ដី​គ្រប់​ទីកន្លែង សូម្បី​តែ​ដៃ​សមុទ្រ​ក៏​កក​ដែរ។

ការងារតស៊ូមតិ​ដើម្បី​កម្ពុជា

នៅប្រទេ​ស​​ន័រវែស​​​សព្វថ្ងៃ​ លោក ម៉ែន ណាត ​ជា​​អ្នក​ដឹកនាំ​​សហគមន៍​ខ្មែរ ជា​​ប្រធាន​​​សមាគម​​​ពុទ្ធសាសនិក​ជន​​ខ្មែរ ដែល​​​ជា​​សមាគម​​​លើក​​​ស្ទួយ​​​ប្រពៃណី​​​វប្បធម៌​​​ខ្មែរ សម្រាប់​​ពលរដ្ឋ​​ខ្មែរ​​នៅ​​ក្នុង​​ប្រទេស​​នេះ។ ក្រៅពីនេះ លោក​​ក៏​​ជា​​ប្រធាន​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា មាន​​មូលដ្ឋាន​​នៅ​​ប្រទេស​​ន័រវែស ប៉ុន្តែធ្វើការងារ​ដោយផ្អែកលើមូលដ្ឋានគ្រឹះ ក្នុងការ​តស៊ូមតិ ស្តារប្រក្រតីភាពសិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ប្រទេស​កម្ពុជា។

ជាមួយគ្នានេះ លោកជាអនុប្រធានវេទិកាពលរដ្ឋ ដែលមានឈ្មោះដើមថា «ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ» ដែល​​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​​​លើក​​ស្ទួយ​​វិស័យ​​សិទ្ធិមនុស្ស ប្រជា​ធិបតេយ្យ និង​​ទឹកដី​ជាតិ នៅ​​​ប្រទេស​​​កម្ពុជា។ គួរកត់សម្គាល់ថា លោកធ្លាប់ជាសមាជិកស្ថាបនិកនៃ​ ចលនានិស្សិតដើម្បីប្រជាធិបតេយ្យ ដែលត្រូវបាន​បង្កើតឡើងតាំងពី ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ១៩៩៨ ដើម្បី​ប្រឆាំង​នឹង​ភាពអយុត្តិធម៌ ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅកម្ពុជា នា​ខែកក្កដា ឆ្នាំ​១៩៩៨។ ចលនា​និស្សិតនេះ បានរៀបចំ​ឡើង​វិញ ​ប្រកាស​​ដំណើរ​ការ​ កំណើត​ទី២ នៅ​​ថ្ងៃទី​​០៧ ខែ​មិថុនា ឆ្នាំ​២០២០ ដោយ​ដាក់​ចេញ​សកម្មភាព​តស៊ូ​មតិ លើ​វិស័យ​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិបតេយ្យ បូរណភាព​ទឹកដី​ខ្មែរ និង​យុត្តិធម៌សង្គម នៅកម្ពុជា ។

ក្នុងតួនាទីដែល​​មាន​​ការ​​ទទួល​​ខុស​ត្រូវ​​ខ្ពស់ លោក​ ម៉ែន ណាត ដឹកនាំ​សហគមន៍​ខ្មែរ​នៅ​ប្រទេស​ន័រវែស បាន​​ជោគជ័យ​​គួរ​ឲ្យ​កត់​សម្គាល់​​ក្នុង​​រយៈ​​ពេល​ជា​ច្រើន​​ឆ្នាំ​មក​នេះ គួប​​ផ្សំ​​នឹង​​ការ​ចូល​រួម​ជ្រោម​ជ្រែង​ពី​បង​ប្អូន​ខ្មែរ​ក្នុង​សហគមន៍​ផង គិត​មក​ត្រឹម​​ឆ្នាំ​២០២៤។

លោកធ្លាប់ជា​​មន្រ្តី​រាជការ​នៃ​​ការិយាល័យ​​កំណត់​ហេតុ នាយកដ្ឋាន​​នីតិ​វិធី រដ្ឋសភា​ជាតិ ពី​​ឆ្នាំ​​១៩៩៩ ដល់​ឆ្នាំ​២០០៦។ ពេល​នោះ លោក​ក៏​បាន​រៀបចំ​​សមាគម​មន្រ្តីរាជការ​​កម្ពុជា នៅ​ឆ្នាំ​​២០០៤ ដែល​មាន​​ឈ្មោះ​ពេញ​ថា សមាគម​មន្រ្តី​​រាជការ​ឯករាជ្យ​កម្ពុជា (Cambodia Independent Civil-servants Association – CICA) ក្នុង​គោល​​បំណង​​​លើក​​ស្ទួយ​លក្ខខណ្ឌ​​មន្រ្តី​រាជការ ជីវភាព​មន្រ្តី​រាជការ និង​សិទ្ធិ​មនុស្ស។ លោក ជា​​អ្នកដឹកនាំ​​សមាគម​នេះ រហូត​ដល់​ឆ្នាំ ២០០៦ គឺ​​​ក្រោយ​​​​ពេល​​ភៀស​ខ្លួន ទៅ​​កាន់​​ប្រទេស​​ន័រវែស (Norway) ក្នុង​រឿង​​​ប្រឆាំង​ជំទាស់ «សន្ធិសញ្ញា​​ព្រំដែន​​បំពេញ​បន្ថែម ឆ្នាំ​២០០៥» តាម​រយៈ​​សេចក្តី​ថ្លែងការណ៍​​មួយ ផ្សាយ​នៅ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០០៥ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ចុះ​ហត្ថលេខា​​លើ​​សន្ធិ​សញ្ញា​​នោះ ជាមួយ​នាយក​រដ្ឋមន្រ្តី​វៀត​ណាម នៅ​ថ្ងៃទី​១០ ខែ​តុលា។ ការ​​ប្រឆាំង​​ជំទាស់​​សន្ធិសញ្ញា​​នោះ ធ្វើ​ឡើង​ក្នុងនាម​​ជា​​សមាជិក​​នៃ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​​ចុះ​ហត្ថលេខា​ដោយ​លោក ម៉ែន ណាត និង​​ក្រុម​ការងារ ៣ រូប​ទៀត ។

កាលនៅជានិស្សិត លោក ម៉ែន ណាត បាន​ក្លាយ​​ជា​យុវជន​ឆ្នើម និង​​ជា​​មេដឹកនាំ ក្នុង​​ចំណោម​​​មេដឹកនាំ​នៃ ចលនា​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជា​ធិបតេយ្យ (Students’ Movement for Democracy – SMD) តាំង​ពី​ខែ​កញ្ញា ឆ្នាំ​​១៩៩៨ ដែល​ជា​ក្រុម​​យុវជន​ជាតិនិយម តស៊ូ​ប្រឆាំង​​នយោបាយ​​ដឹកនាំ​​របស់​រដ្ឋាភិបាល ​​​លោក ហ៊ុន សែន មក​ពី​គណបក្ស​​ប្រជាជន​​កម្ពុជា (ជា​គណបក្ស​​​កុម្មុយនីស្ត)។

រៀន​នៅទីក្រុងភ្នំពេញ លោក ម៉ែន ណាត ជា​និស្សិត​ម្នាក់ ក្នុង​ចំណោម​​និសិ្សត​​ក្រីក្រ មាន​​ការ​តស៊ូ​​ព្យាយាម​ខ្ពស់ បាន​​ស្នាក់​នៅ​តូប​លេខ៦​​ ក្នុង​ចំណោម​និស្សិត ៧​នាក់ (រួមទាំង​លោក អ៊ុំ សំអាន) ជា​តូប​ចំណុះ​ឲ្យ​​​កុដិ​លេខ​២ វត្ត​នាគវ័ន ខណ្ឌ​បឹងកក់​ទី​២ ខណ្ឌទួលគោក ទីក្រុង​ភ្នំពេញ។

ជាមួយគ្នានេះ លោកក៏ជាអ្នក​សម្របសម្រួលនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (Cambodia Watchdog Council) បង្កើត​ឡើងនៅថ្ងៃទី ១៦ កញ្ញា ​​២០០២ ដែលជា​បណ្តុំអង្គការ សមាគម និងសហជីព។ ក្រុមប្រឹក្សានេះ ​បាន​ធ្វើ​សកម្មភាព​ខ្លាំង​ក្លា ទៅ​លើ​ការ​លើកកម្ពស់​​សិទ្ធិកម្មករ សិទ្ធិ​មន្ត្រីរាជការ សិទ្ធិ​ពលរដ្ឋ យុត្តិធម៌​សង្គម និង កិច្ចការ​ព្រំដែន។

ពីឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០២ លោក ម៉ែន ណាត ជា​អនុប្រធាន​​រណសិរ្ស​​ប្រជា​ធិបតេយ្យ​​និស្សិត​បញ្ញវន្ត​ខ្មែរ ជា​អង្គការយុវជន ដែល​ធ្វើការងារ​​ផ្តោត​លើ​​វិស័យ​សិទ្ធិមនុស្ស យុត្តិធម៌​សង្គម និង ការ​អភិវឌ្ឍ​​ព្រំដែន​ខ្មែរ ជាមួយ​​ប្រទេស​​​ជិត​ខាង។ ពីពាក់​​កណ្តាល​​​ឆ្នាំ​២០០២ ដល់​ឆ្នាំ​​២០០៤ លោក ម៉ែន ណាត ជា​ប្រធាន​​រណសិរ្ស​​និស្សិត​​បញ្ញវន្ត​ខ្មែរ (the Front of Khmer Students and Intellectuals – FKSI) ក្នុង​ចំណោម​​​មេដឹកនាំ​​និស្សិត​​​សំខាន់ៗ​ខ្លះ​​ទៀត។ លោក និងលោក អ៊ុំ សំអាន មេដឹកនាំ​​​ចលនានិស្សិត​​​ដើម្បី​​​លទ្ធិប្រជា​ធិបតេយ្យ ពី​ខែ​មិថុនា ដល់​​ខែ​​កញ្ញា ឆ្នាំ​​២០០២ បាន​​ផ្តួចផ្តើម​គំនិត និង​​សម្រប​សម្រួល​​​រៀបចំ​​ឲ្យ​មាន ‘ក្រុមប្រឹក្សា​​ឃ្លាំមើល​កម្ពុជា។ បញ្ជាក់​៖ សមាជិក​ស្ថាបនិក​នៃ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា រួម​មាន៖

១. លោក ជា វិជ្ជា អតីត​ប្រធានសហជីពសេរីកម្មករកម្ពុជា។ លោកត្រូវបានធ្វើ​ឃាត​ដោយ​​ចារកិច្ច​រដ្ឋាភិបាល លោក​ ហ៊ុន សែន នា​ថ្ងៃទី ២២ ខែ​មករា ឆ្នាំ​២០០៤ ខណៈ​ពេល​កម្ពុជា​ជាប់​គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ នៅ​ក្រោយ​​ការ​បោះ​ឆ្នោត​ជាតិ ខែ​​កក្កដា ឆ្នាំ​២០០៣។ ឃាតកម្មនេះ មិន​ត្រូវ​បាន​វែក​មុខ​ឃាតក​ពិត ទៅ​ផ្ទន្ទាទោស​តាម​ច្បាប់​យុត្តិធម៌​ទេ។

២. លោក រ៉ុង ឈុន កាល​នោះ​ជាប្រធានសមាគមសមាគមគ្រូបង្រៀនកម្ពុជា ហើយ​ពី​ឆ្នាំ​២០១៥ ដល់ឆ្នាំ​២០១៧ ជា​សមាជិក​នៃ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះឆ្នោត ​(គ.ជ.ប.) មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។ នៅខែវិច្ឆិកា ឆ្នាំ២០១៧[លោកបានលាលែងពី គ.ជ.ប. ក្រោមហេតុផលថា គ.ជ.ប បានចូលរួមជាមួយរដ្ឋាភិបាល លោក ហ៊ុន សែន រំលាយ​គណបក្សសង្គ្រោះជាតិយ៉ាងអយុត្តិធម៌ នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា។ លោកក៏ជាមេដឹកនាំនៃ សហភាពសហជីពម្ពុជា ផងដែរ។ ចាប់ពីខែ​កុម្ភៈ ឆ្នាំ២០២៣ លោក​បានចូលរួមក្នុងជីវភាពនយោបាយ ហើយ​ត្រូវ​បាន​ជ្រើស​រើស​ជា​អនុប្រធាន​គណបក្សភ្លើងទៀន ដែល​មាន​ឈ្មោះដើម​ថា គណបក្សសមរង្ស៊ី។ គូរបញ្ជាក់ថា លោក រ៉ុង ឈុន ធ្លាប់ត្រូវបានលោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ដាក់​ពន្ធនាគារ ២ ​លើក ដែល​ពាក់​ព័ន្ធ​ការ​រិះគន់​រឿង​មិន​ប្រក្រតី នៃសន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ថ្មី ជាមួយ​វៀតណាម គឺលើកទី១ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០០៥ ហើយ​ដោះលែង​នៅ​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០០៦ និង​លើក​ទី​២ លោក​ត្រូវ​បាន​ចាប់​ខ្លួន ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ហើយ​ដោះ​លែង​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់​ពី​មាន​ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នយោបាយ និង​សម្ពាធ​ពី​អន្តរជាតិ។ បច្ចុប្បន្នលោក ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ គណបក្ស​កម្លាំង​ជាតិ។

៣. លោក អ៊ុំ សំអាន កាល​នោះ​ជា​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទិ្ធ​ប្រជា​ធិបតេយ្យ ដែល​សព្វថ្ងៃរស់​នៅសហរដ្ឋ​អាមេរិក ជា​អតីតសមាជិកសភា នៃ​គណបក្សសង្គ្រោះជាតិ​ អាណត្កិ​ទី៥ (២០១៣ – ២០១៨)។ ប៉ុន្តែលោក អ៊ុំ សំអាន ត្រូវ​បាន​រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌ (ជាង ២​ឆ្នាំ) ពី​ខែ​មេសា ឆ្នាំ​២០១៦ ដល់សីហា ឆ្នាំ២០១៨ ក្នុងសំណុំ​រឿងរិះគន់​ ផែនទីព្រំដែន និងប្រឆាំង​ជំទាស់​ការបង្គោលព្រំដែនថ្មី ជាមួយ​វៀត​ណាម ហៅថា «បោះបង្គោល​ ​រំលោភចូល​ក្នុង​ទឹកដី​ខ្មែរ»។

៣. លោក ម៉ែន ណាត កាល​នោះ​ជា​ប្រធានសមាគមមន្រ្តីរាជការកម្ពុជា ដែល​​សព្វថ្ងៃ​ជា​​​ប្រធាន​​​នៃ ​ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា និងជាប្រធាន​សហគមន៍​ខ្មែរ នៅប្រទេស​ន័វែស (Norway)។

៤. លោក ឆាំ ឆានី កាល​នោះ​ជា​ប្រធានសមាគមកសិការកម្ពុជា ដែលសព្វថ្ងៃ ជា​អនុ​ប្រធាន​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​មូលដ្ឋាន​នៅ​ប្រទេសន័រវែស (Norway)។ សព្វថ្ងៃ លោក​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​នយោបាយ ជាមួយ​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមអ្នកប្រជាធិបតេយ្យ ប្រឆាំង​ជំទាស់​នយោបាយផ្តាច់ការ​របស់​លោក ហ៊ុន សែន នៅ​កម្ពុជា។

៥. លោក ជា មុន្នី ជា​អតីត​ប្រធាន​សហជីពសេរីកម្មករកម្ពុជា ពីឆ្នាំ២០០៤ នៅ​ក្រោយ​ពេល​មរណភាព​បងប្រុស​របស់​លោក គឺលោក ជា វិជ្ជា។ លោក មុន្នី ដឹកនាំសហជីពនេះ រហូតដល់​ឆ្នាំ​២០១៦។ លោកបាន​ចូលរួម​ជីវភាព​នយោបាយជាមួយ​មិត្ត​ភក្តិ​​របស់​​លោក គឺ​លោក រ៉ុង ឈុន នៅ​ដើមឆ្នាំ​២០២៣។ លោក ជា មុន្នី ត្រូវ​បាន​បោះ​ឆ្នោត​ជា​ប្រធាន​គណបក្ស​កម្លាំងជាតិ នៅ​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ២០២៤។

៦. អ្នកស្រី ឆន សុខា អតីត​ប្រធានសម្ព័ន្ធសហជីព​កម្មករកាត់ដេរ​កម្ពុជា ដែល​សព្វថ្ងៃ ជា​មន្រ្តី​ការពារ​សិទ្ធិកម្មករ នៃអង្គការ​​សិទ្ធិមនុស្សមួយ មានឈ្មោះ​ជា​អក្សរកាត់​ភាសាអង់គ្លេស​ថា “CENTRAL”។

អំពី​លក្ខណៈ​សម្បត្តិ

អំពីបុគ្គលិកលក្ខណៈវិញ លោក ម៉ែន ណាត ត្រូវបានគេទទួលស្គាល់ថា យុវជន​​រៀន​​ពូកែ​តាំង​ពី​កាល​នៅរៀន ហើយលោក ជា​មនុស្ស​​ឧស្សាហ៍ព្យាយាម ស្មោះត្រង់ ចិត្តទូលាយ មានគំនិតអហិង្សានិយម និង​មាន​ការ​អធ្យាស្រ័យ​ល្អជាមួយជនទូទៅ ទាំង​ក្នុង​សហគមន៍ និង ទាំង​ផ្តល់យោបល់ដល់ពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា តាមរយៈបទសម្ភាសន៍​ជា​ភាសា​ខ្មែរ ជាមួយបណ្តាញសារព័ត៌មាននានា។

លោកជាមនុស្សដែល​មានសមត្ថភាព និង​មាន​ការ​ទទួលខុសត្រូវ​ខ្ពស់ ទៅ​លើ​កិច្ចការរដ្ឋបាល ឯកសារ វិទ្យាសាស្ត្រនយោបាយ សង្គមវិជ្ជា និង​ការស្រាវជ្រាវ ដែល​ជា​ហេតុ​ធ្វើឲ្យ​លោក​​ក្លាយ​ជាអ្នកតស៊ូមតិ​សង្គម និង​នយោបាយ នៅ​ក្នុងចំណោមអ្នកប្រជាធិបតេយ្យដទៃទៀត ដើម្បីជំរុញ​ការ​ស្តារប្រក្រតីភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។ ​សព្វថ្ងៃ លោក​​មាន​​ចំណូលចិត្ត​​ស្រាវ​ជ្រាវ​​អំពី​ការ​បម្រែ​បម្រួល​អាកាសធាតុ ការវិវត្តន៍​ធម្មជាតិ ចក្រវាឡ និងវិទ្យាស្ត្រ​ផ្សេងៗ។

ឯកសារពិគ្រោះ

– ស្រុកបូរីជលសារ ខេត្តតាកែវ, 11-02-2021
– “Report: Cambodia Watchdog Council International”. Cambodia Watchdog Council International (CWCI Cambodia). 24-5-2006
– Khmer Buddhist Society Norway, 27-07-2023
– “អំពីព្រះពុទ្ធសាសនា”. Khmer Buddhist Society, Norway. 2019
– “បទសម្ភាសន៍​លោក ម៉ែន ណាត អ្នក​ឃ្លាំមើលកម្ពុជាអំពី​ការ​បោះ​បង្គោល​ព្រំ​ដែន​រវាង​កម្ពុជា និង​វៀតណាម”. ​វិទ្យុអាស៊ីសេរី (RFA Khmer). 06-10-2019
– សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily), 17-05-2022-05
– “The Supplemental Border Treaty 2005” (here in Khmer)
– ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ ប្តូរ​ឈ្មោះ​ទៅជា វេទិកា​ពលរដ្ឋ – The Cambodia Daily Khmer, 27-07-2023
– សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily Khmer), 07-01-2021
– ចលនានិស្សិតដើម្បីលទ្ធប្រជាធិបតេយ្យ ថា ដើម្បីប្រយោជន៍ជាតិកម្ពុជា និងប្រជាពលរដ្ឋខ្មែរ អ្នក​នយោបាយ​គ្មាន​ជម្រើសអ្វីក្រៅពីការរកឯកភាពជាតិនោះទេ – The Cambodia Daily Khmer, 27-07-2023
– “Cambodia: Prime Minister Moves to Crush Dissent”. Human Rights Watch, 18-10-2005
– “Pressure on freedom of expression continues amid climate of fear”. LICADHO. 01-12-2005
– Human Rights Watch – “Cambodia: Prime Minister Moves to Crush Dissent & Document: Serious crackdown on dissent in Cambodia”. – CWCI Cambodia, 03-10-2006
– “Document: Stop the continuing arrest of Human Rights Defenders in Cambodia”. The CWCI Cambodia, 21-10-2020
– “12 Student Democracy Group Founders Quit”. The Cambodia Daily, 29-11-1999
– “Structures”. The CWCI Cambodia, 2010-15-2010-07
– “ជីវប្រវត្តិ អ៊ុំ សំអាន ពី​ក្មេង​ឃ្វាល​ក្របី ក្លាយ​ជា​​​សមាជិក​សភា ជា​អ្នក​ស្រាវ​ជ្រាវ​​​ឯកសារ​ព្រំដែន និង​​​​អ្នក​ជាតិ​​និយម”. – CWCI Cambodia. 04-04-2020
– “Garment Workers Plan Strike, Demand Justice. The Cambodia Daily, 23-01-2004
– “Thousands of Mourners Take to the Streets”. The Cambodia Daily. 26-01-2004
– Document of Chea Vichea, 26-10-2022
– “ឃាតក​សម្លាប់​លោក ជា វិជ្ជា អាច​រក​ឃើញ​នៅ​ក្រោយ​លោក ហ៊ុន សែន ធ្លាក់​ពី​អំណាច”. Radio Free Asia – RFA. 23-01-2020
– “អនុប្រធាន​និង​សមាជិក​គ.ជ.ប​លាឈប់​ក្រោយ​ការរំលាយ​បក្ស​ប្រឆាំង” – វិទ្យុវីអូអេ (VOA), 20-11-2017
– “ជីវប្រវត្តិ និង​សកម្មភាព​ការងារ​សង្គម​របស់​លោក រ៉ុង ឈុន មុន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន” – វិទ្យុ Radio Free Asia, 27-07-2023
– “ក្រុមអ្នកតស៊ូមតិថា មេដឹកខ្មែរ ជាមេដឹកនាំទំនើង ខ្វល់តែពីអំណាច និងខ្វះទស្សនវិស័យវែងឆ្ងាយ”. សារព័ត៌មាន The Cambodia Daily. 16-04-2021
– “លោក រ៉ុង ឈុន និង​បណ្ឌិត សុក ហាច ត្រូវ​បាន​ជ្រើស​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន” – The Cambodia Daily Khmer, 27-07-2023
– “លោក អ៊ុំ សំអាន ប្ដេជ្ញា​មិន​លក់​ឧត្តមគតិ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ” – The Cambodia Daily Khmer, 27-07-2023
– “Cambodia: Harassment, Arrests of Opposition Activists”. Human Rights Watch, 19-07-2023
– “លោក ជា មុន្នី បន្ត​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​ជាប់​ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​បង​ប្រុស​លោក” – Radio Free Asia, 27-07-2023
– “គណបក្ស​កម្លាំង​ជាតិ​បោះឆ្នោត​ជ្រើសតាំង​លោក ជា មុនី ធ្វើ​ជា​ប្រធាន​បក្ស”. Radio Free Asia – RFA. 15-9-2024
– “Mrs. Chhorn Sokha”. Cambodian Center for Human Rights – CCHR. 2020
– “ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន យកលុយ​ទៅ​បង់​តាម​បញ្ជា​របស់​តុលាការ”. Radio Free Asia – RFA. 01-03-2024

Mèn Nath - pic 2016
20140618_171114