VOD Khmer /ដោយកញ្ញា កែវ មរកត
26-6-2026
ពលរដ្ឋខ្មែរដែលបាត់បង់ដីធ្លី ផ្ទះសំបែង ទាំងស្រុងទៅថៃ ចាប់តាំងពីក្រោយបទឈប់បាញ់លើកទី២ និងអ្នកឃ្លាំមើលមួយចំនួន គ្មានសង្ឃឹមថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចនឹងទាមទារទឹកដី ជិត ៧០ ទីតាំង ពីថៃ មកវិញបាននោះទេ បើនៅបន្តធ្វើត្រឹមការចេញកំណត់ទូតថ្កោលទោសថៃ ដោយមិនព្រមប្តឹងថៃ ទៅកាន់យន្តការច្បាប់អន្តរជាតិ បើទោះបីថៃ ហាក់មិនអើពើចំពោះកំណត់ទូតរបស់កម្ពុជា និងនៅតែបន្តសម្រុកឈ្លានពាន និងសាងសង់សំណង់រឹង នៅលើទឹកដីកម្ពុជា ជារៀងរាល់ថ្ងៃ។
ខណៈព័ត៌មានពីថៃ នៅតែបន្តឈ្លានពានទឹកដីខ្មែរជារៀងរាល់ថ្ងៃ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាល បិទជិតមិនឱ្យផ្សព្វផ្សាយ រហូតដល់មានការចាប់ឃុំខ្លួនពលរដ្ឋ ដែលនិយាយពីរឿងបាត់បង់ទឹកដី ដាក់ពន្ធនាគារជាបន្តបន្ទាប់ ពលរដ្ឋម្នាក់នៅឃុំអូរបីជាន់ ដែលដី និងផ្ទះរបស់របស់ខ្លួន ត្រូវបានថៃ រំលោភយក និងឈូសកម្ទេចចោល ក្រោយពីបទឈប់បាញ់លើកទី២ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អ្នកស្រីមានសង្ឃឹមតិចតួចណាស់ដែលថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចទាមទារទឹកដីពីថៃ មកវិញបាន។
ស្ត្រីវ័យជិត ៤០ ឆ្នាំរូបនេះ និយាយថា ចាប់តាំងពីក្រោយបទឈប់បាញ់ កាលពីចុងឆ្នាំ២០២៥ រហូតមកដល់ចុងខែមិថុនា ឆ្នាំ២០២៦ នេះ ទាហានថៃ បានចូលមករាយបន្លាលួសឈូសឆាយវាទយកដីខ្មែរតាមអំពើចិត្ត ប៉ុន្តែខាងកម្ពុជា មិនសូវហ៊ានទប់ស្កាត់ឱ្យបានខ្លាំងក្លានោះទេ។ អ្នកស្រីអាណិតទាហានកម្ពុជា ដែលឈរជើងនៅជួរមុខ ត្រូវបានទាហានថៃ បាញ់គំរាម និងជេរប្រមាថជាញឹកញាប់ ប៉ុន្តែពួកគាត់មិនសូវហ៊ានតបតជាមួយទាហានថៃ វិញទេ ដោយសារមិនមានបញ្ជាពីថ្នាក់លើ។
ពលរដ្ឋរូបនោះ និយាយថា ៖ «ខ្ញុំដូចថាអត់សង្ឃឹមទេ បើមើលសព្វថ្ងៃ វាលូកដៃមកបាញ់ទាហានខ្មែររាល់ថ្ងៃ យើងអត់ហ៊ានធ្វើអីគេផង។ ខ្ញុំកន្លែងហ្នឹង ខ្ញុំនិយាយត្រង់ ខ្ញុំអត់សូវសង្ឃឹមទេ ១០០ (%) ខ្ញុំសង្ឃឹមតិចណាស់សង្ឃឹមមិនបាន ១០ ភាគរយ ពីព្រោះភាគច្រើន ខ្ញុំតាមមើលតាមព័ត៌មាន ហើយតាមបងខ្ញុំនៅស្មាច់ ដូចយើងអត់ហ៊ានធ្វើអី! យើងមើលទៅ យើងស្រណោះបងយោធាដែលនៅជួរមុខ យើងចាំតែបទបញ្ជា អ៊ីចឹង យើងដូចអត់ទំនងបានមកវិញ។ ដូចពួកខ្ញុំ អស់អីរលីងចឹង គឺអន់ចិត្ត អន់ចិត្តថា យើងធ្វើអីគេអត់បាន ចឹងវាពិបាកពេកវា ដូចជាយើងចាញ់ច្រាបគេពេក ចឹងគេហ៊ានជេរហ៊ានដៀលយើងគ្រប់សព្វ។ ខ្ញុំគិតមើលទៅ ដូចយើងចុះចាញ់គេយ៉ាងម៉េចមិនដឹងទេបង ហើយខ្ញុំអត់ដឹងរឿងផ្ទៃក្នុងប៉ុន្មាន ចឹងអត់យល់ដែរ?»។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់ វីអូឌី នៅថ្ងៃទី២៦ មិថុនា នេះថា បើតាមព័ត៌មានពីកងទ័ពកម្ពុជាជួរមុខ ដែលលោកទទួលបានជារៀងរាល់ថ្ងៃ គឺស្ថានភាពព្រំដែននៅតែធ្ងន់ធ្ងរ ខណៈព័ត៌មានទាំងឡាយទាក់ទងនឹងថៃ នៅតែបន្តរំលោភឈ្លានពានទឹកដីកម្ពុជា ឥតឈប់ឈរ ត្រូវបានរដ្ឋាភិបាលកម្ពុជា បិទមិនឱ្យធ្វើការផ្សព្វផ្សាយ។
លោកថា ៖ «ស្តាប់បងប្អូនទាហានជួរមុខ គាត់រអ៊ូរទាំអារឿងរដ្ឋាភិបាលកម្ពុជាហ្នឹង រឹតបន្តឹងបណ្តាញព័ត៌មាន មិនឱ្យផ្សព្វផ្សាយ មិនឱ្យថតផ្សព្វផ្សាយ អំពីសៀមរាយបន្លាលួស សៀមធ្វើលេណដ្ឋាន សៀមចល័តទ័ពរាល់ថ្ងៃ។ ក្រៅពីដើរល្បាតជួបគ្នា តឹងមាត់តឹងកដាក់គ្នា កន្លែងខ្លះ សៀមរាយបន្លាលួស ឧទាហរណ៍ដូច តំបន់មុំបី ដែលមានការប្រទាញប្រទង់គ្នា ហ្នឹង ឥឡូវកន្លែងមានការប្រទាញប្រទង់គ្នាហ្នឹង សៀមដាក់បន្លាលួសបានសម្រេចហើយ ហើយខាងកម្ពុជាយើង អត់ដឹងធ្វើអីគេទេ ពីព្រោះទាហានខ្មែរ នៅតាមព្រំដែនលោកប្រើមនោសច្ចេតនា ប្រើឧត្តមគតិយកទៅតវ៉ាជាមួយសៀម ដោយអត់មានបញ្ជាថ្នាក់លើណាមួយថា ឱ្យពួកគាត់ ត្រូវតែទប់ទល់ស្ថានការណ៍ កុំឱ្យសៀមរុលចូលមករាយបន្លាលួស ឬក៏ជីកប្រឡាយ ធ្វើលេណដ្ឋាន អីទេ»។
ក្រៅពីរាយបន្លាលួស ក្រៅពីជីកលេណដ្ឋាននៅលើដីខ្មែរ ដែលពួកវាដណ្តើមកាន់កាប់ ទាហានសៀម ក៏តែងតែបាញ់ផ្លោងគំរាមកងទ័ពកម្ពុជាផងដែរ ហើយគ្មានព័ត៌មានកម្ពុជា ណាមួយ ហ៊ានចុះផ្សាយពីបញ្ហានេះទេ មានតែខាងថៃប៉ុណ្ណោះ ដែលម្តងម្កាលមានចុះផ្សាយ។ សរុបជាទូទៅ លោក ម៉ែន ណាត ថា គឺខាងភាគីថៃ មិនដែលឈប់សម្រាកក្នុងការបន្តឈ្លានពានទឹកដីកម្ពុជានោះទេ ថែមទាំងគំរាមប្រមាថ និងចំអកឡកឡឺយដាក់កងទ័ពកម្ពុជា ជារៀងរាល់ថ្ងៃ ចាប់តាំងពីក្រោយបទឈប់បាញ់ លើកទី២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក គឺភាគីថៃ ដាក់សម្ពាធឱ្យកងទ័ពកម្ពុជា តដៃ ធ្វើយ៉ាងណាឱ្យមានការផ្ទុះសង្គ្រាមលើកទី៣។
វីអូឌី មិនទាន់អាចទាក់ទង អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ និងលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី២៦ ខែមិថុនា នេះ។
ប៉ុន្តែលោក ប៉ែន បូណា បានថ្លែងនៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ ស្តីពីការវិវឌ្ឍស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា គិតចាប់តាំងពីបទឈប់បាញ់លើកទី២ ចូលជាធរមានរហូតមកដល់ពេលនេះ មានរយៈពេល ៦ ខែហើយ ហើយលោក បានរំឭកឡើងវិញនូវខ្លឹមសារចំនួន ១៦ ចំណុច ក្នុងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កម្ពុជា-ថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជាការចងចាំ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះ ពុំបានផ្តល់ព័ត៌មានអ្វីថ្មីពីស្ថានការណ៍នៅតាមព្រំដែននោះឡើយ។
យ៉ាងណាក្តី ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា បានចេញសេចក្តីប្រកាសព័ត៌មានជាថ្មីទៀត ដោយបានតវ៉ាជំទាស់យ៉ាងខ្លាំង ចំពោះសកម្មភាពរំលោភបំពានរបស់ថៃ ក្រោយពីក្រុមការងារវាស់វែងដីធ្លីរបស់ថៃ បានចុះវាស់វែងដីធ្លី និងដាក់បង្គោលព្រំដី នៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ដែលជាទឹកដីកម្ពុជា។
បើតាមក្រសួងការបរទេសកម្ពុជា ក្រុមការងារវាស់វែងដីធ្លីថៃ មួយក្រុម រួមជាមួយពលរដ្ឋថៃចំនួន ២៥ នាក់ និងមានរថយន្តចំនួន ៩ គ្រឿង បានបោះបង្គោលព្រំដីនៅចន្លោះបង្គោលព្រំដែន លេខ ៤៦ និងលេខ ៤៧ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា សកម្មភាពរបស់ភាគីថៃ ពេលនេះ បានរំលោភបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលកម្ពុជា និងថៃ ដែលរួមមាន អនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ (MOU-2000) ឯកសារបែបបទបច្ចេកទេស ឆ្នាំ២០០៣ និង កំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនរួម (JBC) កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ បើតាមក្រសួងការបរទេសកម្ពុជា សកម្មភាពរបស់ភាគីថៃ នេះ ក៏ផ្ទុយពីការព្រមព្រៀងក្នុងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលប្រទេសទាំងពីរ បានព្រមព្រៀងឱ្យបញ្ហាព្រំដែន ត្រូវដោះស្រាយតាមរយៈ JBC និងតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
សម្រាប់ លោក ម៉ែន ណាត ដែលជាអ្នកជំនាញកិច្ចការព្រំដែន ថ្លែងថា ក្រៅពីការរាយបន្លាលួស ធ្វើរបងព្រំដែនពីបេតុងជាឯកតោភាគីខុសច្បាប់ សាងសង់សំណង់រឹង ធ្វើផ្លូវ អាជ្ញាធរថៃ ក៏បានវាស់វែងដីស្រែចម្ការរបស់ខ្មែរ ចែកជូនពលរដ្ឋថៃ ហើយខាងក្រសួងការបរទេសកម្ពុជា បានត្រឹមតែចេញសេចក្តីថ្លែងការណ៍ ចេញកំណត់ទូតជិត ១ ពាន់មកហើយ ថ្កោលទោសថៃ ប៉ុន្តែថៃមិនដែលអើពើនោះទេ គឺគេនៅតែបន្តអនុវត្តការឈ្លានពាន ទៅតាមផែនការរបស់គេ។
អ្នកឃ្លាំមើលរូបនេះ ថ្លែងថា ការដែលសៀម នៅតែបន្តប្រមាថ និងឈ្លានពានទឹកដីកម្ពុជា ឥតឈប់ឈរ ដូចពេលបច្ចុប្បន្ន ដោយគ្មានខ្លាចញញើត គឺដោយសាររដ្ឋាភិបាលកម្ពុជា ទន់ខ្សោយខ្លាំងពេក គ្មានគោលជំហរច្បាស់លាស់ ទាំងនយោបាយការទូត ក្នុងការជំរុញទាមទារឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដាក់សម្ពាធលើថៃ ឱ្យដកកងទ័ពចេញពីទឹកដីកម្ពុជា និងការមិនបានប្រើកម្លាំងឱ្យបានខ្លាំងក្លា ដើម្បីការពារនៅលើដីជាក់ស្តែង។
លោកថា៖ «នយោបាយការទូតកម្ពុជា ហាក់ដូចជាស្ទាក់ស្ទើរ ក្នុងការនិយាយពីរឿងថៃ ឈ្លានពានកម្ពុជា ម្តងហ៊ាននិយាយ ម្តងក៏ស្ងាត់ទៅវិញ ពេលដែលថៃ គេគំរាមកំហែងតាមព្រំដែន គេតម្លើងសព្វាវុធ ចង់បាញ់ប្រហារខ្មែរ ខាងរដ្ឋាភិបាលខ្មែរ ក៏ស្ងាត់ទៅវិញ។ ប៉ុន្តែយើងដឹងថា រឿងសំខាន់ជាងគេ នៅក្នុងនៅក្នុងសំណុំរឿងព្រំដែននេះ យើងក៏មិនចង់ឱ្យមានការប្រឈមមុខសង្គ្រាមជាថ្មីដែរ ក៏ប៉ុន្តែមិនមែនធ្វើដោយបែបហ្នឹង មិនមែនធ្វើដោយទន់ខ្សោយ ដោយសុំអង្វកថៃ ចូលតុចរចាទ្វេភាគីទេ គឺធ្វើយ៉ាងណាឱ្យថៃ ហ្នឹង ត្រូវតែឆ្លើយបំភ្លឺនៅចំពោះមុខតុលាការអន្តរជាតិ ត្រូវតែឆ្លើយបំភ្លឺនៅចំពោះមុខវេទិកាអង្គការអន្តរជាតិ ដូចជា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កិច្ចប្រជុំអាស៊ាន និង កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិដទៃទៀត រួមទាំងស្នើសុំកោះប្រជុំកិច្ចព្រមព្រៀងក្រុងប៉ារីស ផង»។
លោកបញ្ជាក់ទៀតថា បើសិនជាកម្ពុជា នៅតែបន្តនិយាយពីសន្តិភាព និងនៅតែបន្តធ្វើខ្សោយៗ ទន់ៗ ដូចបច្ចុប្បន្ន និងនៅតែប្រកាន់ជំហ៊រដូច លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ថា ទោះបីមានសង្ឃឹមត្រឹម ១ ភាគរយ ក៏កម្ពុជានៅតែរង់ចាំចរចាទ្វេភាគីជាមួយថៃ នោះនឹងនៅតែធ្វើឱ្យថៃ ប្រមាថមើលងាយ និងនៅតែបន្តរុលចូលពង្រីកវាទយកទឹកដីខ្មែរ តាមអំពើចិត្តជាបន្តទៅទៀត។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានយល់ស្របទៅនឹងការលើកឡើងរបស់លោក ម៉ែន ណាត ដោយលោកនៅតែចាត់ទុកថៃ ថា ជាភាគីចោរ ដែលប្លន់ឈ្លានពានទឹកដីកម្ពុជា ហើយការដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែបន្តចេញលិខិតថ្កោលទោសតវ៉ា ឬក៏ហៅថា កំណត់ទូតរាប់រយដូចរាល់ថ្ងៃ នោះថៃ ដែលឈ្លានពានទឹកដីកម្ពុជាបានយ៉ាងច្រើនហើយនោះ គឺគេនឹងមិនខ្លាចនោះទេ ពីព្រោះបើថៃខ្លាច ថៃនឹងមិនឈ្លានពាន ហើយក៏មិនមែនចាប់ផ្តើមធ្វើរបងព្រំដែនបេតុង សាងសង់សំណង់រឹង ផ្សេងៗ ថែមទាំងវាស់វែងដីខ្មែរ ចេញបណ្ណកម្មសិទ្ធិឱ្យពលរដ្ឋថៃ កាន់កាប់នោះដែរ។
មន្ត្រីបក្សប្រឆាំងដែលជាអ្នកជំនាញកិច្ចការព្រំដែនរូបនេះ លើកឡើងថា ការនៅតែបន្តទទូចរង់ចាំចរចាទ្វេភាគីជាមួយថៃ ដើម្បីទាមទារទឹកដីចំនួន ៦៧ ទីតាំងមកវិញ គឺមិនខុសអ្វីពីការរង់ចាំចរចាជាមួយភាគីចោរ នោះឡើយ ខណៈជាទូទៅភាគីចោរ មិនដែលប្រគល់របស់ទ្រព្យ ដែលខ្លួនលួចប្លន់បាន មកឱ្យម្ចាស់ដើមវិញដោយស្រួលៗនោះទេ បើម្ចាស់ទ្រព្យ មិនប្តឹងចោរនោះទៅសមត្ថកិច្ច ឬក៏តុលាការ។
លោកថា៖ «ទឹកដីខ្មែរយើងដែលថៃ កំពុងគ្រប់គ្រង ៦៧ ទីតាំងហ្នឹង នៅពេលដែលសុំចរចាទ្វេភាគីជាមួយថៃ ហើយថៃ គេមិនអើពើ អ៊ីចឹងប្រាកដជាគេមិនឱ្យទឹកដីនោះមកវិញទេ ទោះបីជាចរចាទ្វេភាគីជាមួយកម្ពុជា ក៏គេមិនឱ្យមកវិញដែរ ទាល់តែកម្ពុជាប្តឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ, ប្តឹងថៃទៅកាន់សហប្រធានសន្តិភាពទីក្រុងប៉ារីស ទើបបានមកវិញ បើមិនអ៊ីចឹងទេ ទឹកដីនឹងប្រាកដជា មិនបានមកវិញនោះទេ។ ធ្វើដូចលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត សព្វថ្ងៃនេះ១០០ ឆ្នាំទៀត ក៏មិនបានទឹកដីមកវិញដែរ ថៃនឹងកាន់កាប់ជារៀងរហូត ហើយដូច្នេះ ខ្ញុំយល់ថា ជម្រើសមានតែមួយទេ គឺត្រូវប្តូរត្រកូល ហ៊ុន ចេញ»។
សម្រាប់ លោក អ៊ុំ សំអាន មេដឹកនាំត្រកូលហ៊ុន គ្មានឆន្ទៈពិតប្រាកដក្នុងការការពារទឹកដីនោះទេ ហេតុដូច្នេះហើយទើបគិតតែពីប្រព្រឹត្តអំពើពុករលួយ កើបប្រមូលលុយកឹបកេងទ្រព្យសម្បត្តិជាតិ ដើម្បីតែធ្វើមានធ្វើបាន សម្រាប់តែក្រុមគ្រួសារ និងបក្សពួកខ្លួន ដោយមិនបានធ្វើទំនើបកម្មវិស័យយោធា ដើម្បីការពារទឹកដី។ លោកបញ្ជាក់ថា មានតែការដាក់មេដឹកនាំថ្មីទេ ទើបអាចទប់ស្កាត់កុំឱ្យថៃឈ្លានពានទឹកដីកម្ពុជា បន្ថែមទៀត ហើយអាចទាមទារទឹកដីបានមកវិញ ហើយបើសិនជាត្រកូល ហ៊ុន នៅតែបន្តកាន់អំណាចតទៅទៀត រហូតដល់ចៅ នោះទឹកដីខ្មែរមិនត្រឹមតែមិនអាចទាមទារបានមកវិញនោះទេ គឺនឹងបាត់បង់បន្ថែមទៀតរហូតដល់ជាង ១០០ ទីតាំង ទៅ ៥០០ ទីតាំងមិនខាន។
សម្រាប់ លោក ម៉ែន ណាត គ្មានជំនឿថា ភាពទន់ខ្សោយយ៉ាងខ្លាំង របស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន អាចនឹងទាមទារទឹកដីពីថៃ បានមកវិញនោះទេ មានតែបាត់បង់កាន់តែច្រើនថែមទៀត បើសិនជាកម្ពុជា នៅតែមិនប្តឹងថៃ ទៅកាន់តុលាការអន្តរជាតិ និង មិនដាក់សម្ពាធការទូត ឱ្យបានខ្លាំងក្លា នៅលើឆាកអន្តរជាតិ និង បើសិនជាកម្ពុជា នៅតែមិនប្រើសិទ្ធិការពារខ្លួន នៅលើទីតាំងដីជាក់ស្តែងទេនោះ។
គិតត្រឹមថ្ងៃទី២៤ខែមិថុនា អាជ្ញាធរ និងយោធាថៃ បានបន្តចុះវាស់វែងដីខ្មែរ ចែក និងផ្តល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋថៃ ចំនួនបីកន្លែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ លើដី ១៣ ហិកតា។ បន្ថែមពីនេះ កាលពីថ្ងៃទី២១ ខែមិថុនា ទាហានថៃ បានឈរយាម និងការពារឱ្យកសិករថៃ ភ្ជួរស្រែលើដីកសិករខ្មែរ នៅភូមិជោគជ័យ ខណៈកាលពីខែឧសភា ឆ្នាំ២០២៦ ទាហានថៃ បានចូលមកហាមឃាត់ពលរដ្ឋខ្មែរ ដែលភ្ជួរស្រែលើដីខ្មែរ នៅភូមិសិលាខ្មែរ ហើយក្រោយមកទាហានខ្មែរ បានយល់ព្រមឱ្យពលរដ្ឋខ្មែរ ដកថយ ៤០០ ម៉ែត្រពីទីនោះ។ ប៉ុន្តែពេលនេះ កសិករថៃ បែរជាអាចចូលមកភ្ជួរស្រែលើដីខ្មែរបាន ដោយគ្មានទាហានខ្មែរណា ហ៊ានទៅហាមឃាត់ឡើយ។ នេះបើយោងតាមទាហានកម្ពុជានៅជួរមុខ និងពលរដ្ឋខ្មែរ នៅតាមព្រំដែន រួមទាំងការចុះផ្សាយរបស់សារព័ត៌មានថៃ នានា ដែលប្រមូលចងក្រងដោយលោក អ៊ុំ សំអាន៕


