កម្ពុជានៅមានជំហរតវ៉ាជាមួយថៃ តែស្ងាត់ជាមួយវៀតណាម ជុំវិញឆន្ទៈការពារទឹកដី
VOD Khmer /ដោយលោក ញឹម សុខន
11th-8-2026
ខណៈរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តទម្លាយឱ្យដឹងថា ថៃបង្កើនការរំលោភបំពានកាន់តែខ្លាំងឡើងក្តី មកលើដែនអធិបតេយ្យកម្ពុជានោះ អ្នកឃ្លាំមើល បានអះអាងថា ព្រំដែនខាងកើតឯណោះវិញ ក៏វៀតណាម បានលួចរំកិលព្រំដែនរំលោភយកទឹកដីកម្ពុជា ចូលដូចគ្នាដែរ ដោយគ្រាន់តែរដ្ឋាភិបាល ព្យាយាមលាក់បាំង។
តាមរយៈក្រសួងការបរទេស នៅថ្ងៃទី១០ ខែសីហា កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានដោយធ្វើការតវ៉ាជាថ្មីទៀត ចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើដីកម្ពុជា។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងនៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់នៅថ្ងៃទី១១ ខែសីហា នេះថា រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំង ចំពោះការរំលោភបំពានរបស់ថៃ លើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន។ ការតវ៉ានេះ ធ្វើឡើងបន្ទាប់ពីយោធាថៃ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានបន្តសាងសង់លេណដ្ឋានយោធាថ្មី ដោយរំលោភចូលក្នុងទឹកដីកម្ពុជា នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មថា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកថា៖ «លើសពីនេះ នៅថ្ងៃទី៧ខែសីហា រដ្ឋាភិបាលថៃ បានប្រកាសផែនការពង្រីកបណ្តាញអគ្គិសនីជាតិរបស់ថៃ ទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣។ សកម្មភាពទាំងនេះ គឺជាការប៉ុនប៉ងពង្រឹងការកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ ពីសំណាក់ប្រទេសថៃ ដែលរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ ស្តីពីការកំណត់ព្រំដែនគោកជាមួយប្រទេសកម្ពុជា»។
កម្ពុជាទាមទារឱ្យថៃ បញ្ឈប់សកម្មភាពទាំងនេះ ដែលជាការប៉ុនប៉ងពង្រីកការកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ ដែលរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។
ទាក់ទងបញ្ហាព្រំដែនខាងកើតវិញ កាលពីថៃ្ងទី៥ ខែសីហា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋខ្មែរនៅភូមិតាង៉ា ឃុំយ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី អះអាងថា វៀតណាម បានបោះបង្គោលព្រំដែន ដោយរំលោភយកដីខ្មែរជាច្រើនគីឡូម៉ែត្រ នៅក្នុងតំបន់នោះ និងបានចូលមកចុច GPS កំណត់ព្រំដែន នៅកណ្តាលភូមិតាង៉ា។ ជាមួយគ្នានេះ កាលពីថៃ្ងទី៤ ខែសីហា ឆ្នាំ២០២៦ ពលរដ្ឋខ្មែរនៅឃុំដូង ក៏អះអាងដែរថា ពលរដ្ឋវៀតណាម បានប្រើត្រាក់ទ័រចូលមកភ្ជួរយកដីស្រែពលរដ្ឋខ្មែរបន្ថែមទៀត ក្នុងជម្រៅប្រមាណ ១០០ ម៉ែត្រ នៅខាងត្បូងផ្ទះ៦ខ្នង ស្ថិតក្នុងភូមិអង្គុញ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។
យ៉ាងណា គេនៅមិនទាន់ឃើញស្ថាប័នជំនាញរបស់រដ្ឋាភិបាលកម្ពុជា ចេញបកស្រាយ ឬក៏បើកបង្ហាញព័ត៌មាននេះនៅឡើយទេ។
ចំណែក លោក នេត្រ ភក្តា្រ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សម្តីថា នេះជាព័ត៌មានមិនពិត។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី១១ ខែសីហា ថា ការដែលរដ្ឋាភិបាលបន្តចេញលិខិតតវ៉ាប្រឆាំងការបន្តពង្រីកការឈ្លានពានរបស់ថៃ ហាក់ពុំឃើញមានប្រសិទ្ធភាពអ្វីឡើយ ខណៈថៃ នៅតែគឃ្លើនបន្តពង្រីកការឈ្លានពានចូលមកក្នុងទឹកដីកម្ពុជា។ ការដែលកម្ពុជា ហាក់ប្រកាន់ជំហរមិនច្បាស់លាស់ ដោយម្តងថ្កោលទោសថៃ ហើយនៅពេលដែលមានប្រតិកម្មពីថៃ បែរជាប្តូរជំហររង់ចាំចរចាជាមួយថៃ និងការមិនប្តឹងថៃ ទៅកាន់តុលាការអន្តរជាតិ បានធ្វើឱ្យថៃ កាន់តែគឃ្លើនបន្តរុលចូលឈ្លានពានដីកម្ពុជា កាន់តែជ្រៅ។
ចំណែក ការបន្តរុលចូលឈ្លានពានទឹកដីពីសំណាក់វៀតណាម លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន ម៉ាណែត បានបិទព័ត៌មានទាំងអស់ ដោយសារតែលោក ហ៊ុន សែន បានឡើងកាន់អំណាច និងអាចបន្តពង្រឹងអំណាចតពូជដូចសព្វថ្ងៃ គឺដោយសារវៀតណាមលើកបន្តុប។ លោក ហ៊ុន សែន បានធ្វើឱ្យសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨២-៨៣ និង ៨៥ ដែលបានកាត់ដីគោកដីកោះ និងសមុទ្រ ទៅឱ្យវៀតណាម ប្រែក្លាយជាស្របច្បាប់ តាមរយៈសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ បើទោះសន្ធិសញ្ញាដែលធ្វើឡើង ក្រោមការត្រួតត្រារបស់វៀតណាមនោះ ត្រូវបាននិរាករណ៍ ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរួចហើយក្តី។
លោកថា ៖ «ធ្វើសន្ធិសញ្ញាថ្មីបោះបង្គោលព្រំដែនថ្មី ធ្វើផែនទីថ្មី អ៊ីចឹងហើយធ្វើឱ្យវៀតណាមហ្នឹង មានឱកាសពង្រីកការឈ្លានពានទឹកដីខ្មែរស្របច្បាប់ របស់ លោក ហ៊ុន សែន កែប្រែលក្ខខន្តិកៈ ឯកសារព្រំដែនជាមួយនឹងបារាំង កែប្រែអស់ ទទួលយកមរតកវៀតណាម ធ្វើផែនទីតាមវៀតណាមចង់បាន ធ្វើការបោះបង្គោលព្រំដែន តាមវៀតណាមចង់បាន អ៊ីចឹងទៅ បានជារដ្ឋាភិបាលលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ហ្នឹងគ្មានការតវ៉ាអីជាមួយវៀតណាមទេ»។
អ្នកជំនាញកិច្ចការព្រំដែនរូបនេះ បញ្ជាក់ថា បើតាមពលរដ្ឋ ថ្មីៗនេះ វៀតណាម ក៏បានរុលចូលមកក្នុងទឹកដីខ្មែរបន្ថែមទៀតដែរ ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត លាក់បាំងព័ត៌មាននេះ ដោយសារមិនហ៊ានតវ៉ាជាមួយវៀតណាម ដែលជាចៅហ្វាយនាយរបស់ខ្លួន។
លោកថា ៖ «លាក់ព័ត៌មានវៀតណាមមិនឱ្យផ្សាយទេ វៀតណាមឈ្លានពានអី ក៏ឈ្លានពានតាមចិត្តទៅហើយ ផ្សាយព័ត៌មានរឿងវៀតណាមឈ្លានពាន ក៏មិនបានដែរ គឺចាប់ដាក់គុក។ ចឹងសរុបជារួម ចំណុចខុសគ្នា រវាងការឈ្លានពានរបស់ថៃ និងវៀតណាម នៅត្រង់ថា ថៃអត់មានកិច្ចសន្យាដឹងគុណអីទេ ចំណែកវៀតណាម គឺមានកិច្ចសន្យាជំពាក់គុណវៀតណាម ម៉្លោះហើយបានរដ្ឋាភិបាលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ហ្នឹងធ្វើសន្ធិសញ្ញាថ្មី បោះបង្គោលព្រំដែនថ្មី ជាមួយវៀតណាម យ៉ាងពេញចិត្តពេញថ្លើម»។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យល់ស្របទៅនឹងការលើកឡើងរបស់លោក ម៉ែន ណាត ដោយថ្លែងបញ្ជាក់ថា ការពិតគឺទាំងវៀតណាមនិងថៃ សុទ្ធតែបាននិងកំពុងបន្តឈ្លានពានទឹកដីកម្ពុជាដូចគ្នា ក៏ប៉ុន្តែលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនដែលហ៊ាននិយាយថា វៀតណាមឈ្លានពានកម្ពុជា និងមិនដែលហ៊ានថ្កោលទោសវៀតណាម ដូចថ្កោលទោសថៃនោះទេ។
លោកថា ៖ «ការដែលខុសគ្នាពីការតវ៉ាចំពោះការឈ្លានពានពីសំណាក់ប្រទេសវៀតណាម និងប្រទេសថៃនេះ ខ្ញុំយល់ថា ដោយសារអី? ដោយសារវៀតណាម គឺជាចៅហ្វាយរបស់លោក ហ៊ុន សែន លោក ហ៊ុន សែន បានកាន់អំណាចដោយសារវៀតណាម អ៊ីចឹងលាក់បាំងវៀតណាមឈ្លានពានយ៉ាងម៉េច ក៏អត់ហ៊ានថាវៀតណាមឈ្លានពានដែរ អត់ហ៊ានចេញលិខិតតវ៉ាអត់ហ៊ានប្រាប់ប្រជាពលរដ្ឋថា វៀតណាមឈ្លានពានទេ លាក់បាំងថា អត់ដែលវៀតណាមណាឈ្លានពានទេ ប៉ុន្តែថៃឈ្លានពានទឹកដីយើង គាត់ហ៊ានតវ៉ាហ៊ានបកអាក្រាតថៃឈ្លានពាន»។
បើតាមអ្នកជំនាញកិច្ចការព្រំដែនទាំងពីររូបនេះ ការបន្តចេញលិខិតតវ៉ារបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលអាចមានរហូតដល់ ១០០០ ដងទៅហើយនោះ ហាក់មិនទាន់ឃើញទទួលបានផលអ្វីនៅឡើយនោះទេ ពីព្រោះចាប់តាំងពីក្រោយបទឈប់បាញ់ កាលពីឆ្នាំ២០ ២៥ មក រហូតមកដល់ពេលនេះ មានរយៈពេល ៨ ខែហើយ ថៃនៅតែបន្តរុលចូលឈ្លានពានទឹកដីកម្ពុជាស្ទើរៀងរាល់ថ្ងៃ តាមរយៈការរាយបន្លាលួស ដាក់ទូរកុងតឺន័រ វាទយកដីខ្មែរ ជីកលេណដ្ឋានទ័ព ជីកប្រឡាយ ធ្វើរបងព្រំដែនបេតុង និងសាងសង់សំណង់រឹងផ្សេងៗ ជាច្រើនទៀត។
ទាំងលោក ម៉ែន ណាត និងលោក អ៊ុំ សំអាន យល់ស្របគ្នាថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានបើកឱកាសឱ្យវៀតណាមរុលចូលវាទយកដីគោក ដីកោះ មានកោះត្រល់ ចង្កោមកោះក្រចកសេះ និងផ្ទៃសមុទ្រកម្ពុជារាប់ម៉ឺនគីឡូម៉ែត្រក្រឡា។ ការដែលថៃហ៊ានបន្តរុលចូលឈ្លានពានទឹកដីកម្ពុជាយ៉ាងគឃ្លើនតាមអំពើចិត្តនេះ គឺដោយសារតែថៃ រៀនតាមវៀតណាម ហើយការដែលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅអូសក្រឡា មិនហ៊ានប្តឹងថៃ គឺដោយសារតែបើប្តឹងថៃ ទៅអាចនឹងរាលដាលដល់វៀតណាម ដែលជាចៅហ្វាយនាយរបស់ខ្លួន៕


វៀតណាមបន្តវាទយកដីខ្មែរ ចំពេលថៃ កំពុងសម្រុកធ្វើសំណង់រឹង លើដីខ្មែរនៅព្រំដែនខាងលិច
VOD Khmer /ដោយលោក ញឹម សុខន
05th-8-2026
ខណៈថៃ កំពុងសម្រុកសាងសង់សំណង់រឹង និងធ្វើរបងព្រំដែនលើដីខ្មែរយ៉ាងសកម្ម មន្ត្រីបក្សប្រឆាំង បានអះអាងថា នៅព្រំដែនខាងកើតឯណោះវិញ វៀតណាម ក៏បន្តបោះបង្គោលព្រំដែន និងវាទយកដីខ្មែរបន្ថែមទៀត ដោយគ្មានការទប់ស្កាត់ ពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។
លោក អ៊ុំ សំអាន តំណាងរាស្ត្របក្សប្រឆាំង បានប្រាប់វីអូឌី នៅថ្ងៃទី៥ ខែសីហា នេះថា ពលរដ្ឋបានរាយការណ៍ថា វៀតណាមបានបោះបង្គោលព្រំដែន ចូលដីខ្មែរ នៅឃុំយ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី និងពលរដ្ឋវៀតណាម ចូលមកភ្ជួរស្រែ លើដីពលរដ្ឋខ្មែរ នៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នាពេលថ្មីៗនេះ ខណៈថៃ នៅតែបន្តសម្រុកសាងសង់សំណង់រឹង និងធ្វើរបងព្រំដែនបេតុង ជារៀងរាល់ថ្ងៃ លើដីខ្មែរ។
លោកថា ទាំងនេះ គឺបានឆ្លុះបញ្ចាំងពីអសមត្ថភាពក្នុងការការពារទឹកដី ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។ អ្នកជំនាញកិច្ចការព្រំដែនពីបក្សប្រឆាំងរូបនេះ លើកឡើងថា ចាប់តាំងពីកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមន៍បារាំង ក្នុងឆ្នាំ១៩៥៣ មក គ្មានសម័យណានិគម ដែលធ្វើឱ្យកម្ពុជា បាត់បង់ទឹកដីយ៉ាងច្រើន ទៅវៀតណាម និងទៅថៃ ដូចសម័យដែលដឹកនាំដោយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នេះទេ។
លោកថា ៖ «កំសោយក្នុងការដឹកនាំប្រទេស និងអសមត្ថភាពក្នុងការការពារទឹកដី ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលបណ្តែតបណ្តោយឱ្យវៀតណាម រំលោភយកដីខ្មែរស្រេចចិត្ត បណ្តែតបណ្តោយឱ្យថៃ ឈ្លានពានយកទឹកដីស្រេចចិត្ត អត់មានការទប់ស្កាត់ អត់មានការរារាំង អត់មានការប្តឹងថៃ ប្តឹងវៀតណាម ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ឬតុលាការព្រហ្មទណ្ឌអន្តរជាតិ នោះទេ ធ្វើម៉េចឱ្យតែរក្សាអំណាចបាន អត់ខ្វល់ពីការការពារទឹកដីនោះទេ ឱ្យតែបរទេសជួយការពារអំណាច ត្រកូល ហ៊ុន គឺសុខចិត្តកាត់ទឹកដី ទៅឱ្យថៃឱ្យវៀតណាម ដើម្បីការកាន់អំណាចតពូជបន្តទៅទៀត»។
បើតាមលោក សំអាន មួយផ្នែកនៃជម្លោះព្រំដែនជាមួយថៃ បច្ចុប្បន្ន ក៏ដោយសារតែថៃរៀនសូត្រ តាមវៀតណាម ខណៈលោក ហ៊ុន សែន ដែលលើកបន្តុបដោយវៀតណាម បានយល់ព្រមកាត់ទឹកដី ឱ្យវៀតណាមយ៉ាងច្រើន តាមរយៈសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨២-៨៣ និង ៨៥។ បើទោះបីជាសន្ធិសញ្ញាទាំងនេះ ត្រូវបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និរាករណ៍ចោលរួចហើយយ៉ាងណាក្តី ក៏ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានបង្កើតឱ្យមានសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ធ្វើឱ្យសន្ធិសញ្ញា ៨២-៨៣ និង ៨៥ រស់ឡើងវិញ ដែលត្រូវបានយកមកធ្វើជាមូលដ្ឋាន ក្នុងការបោះបង្គោលព្រំដែន ជាមួយវៀតណាម សម្រេចបាន ៨៤ ភាគរយ រហូតមកដល់ពេលនេះ ទៅតាមបំណងរបស់វៀតណាម។
លោកថា ៖ «បើសិនខ្ញុំជាអ្នកដឹកនាំរដ្ឋាភិបាល ខ្ញុំនឹងបង្រួបបង្រួមជាតិ ឱ្យមានឯកភាពជាតិ រវាងខ្មែរនិងខ្មែរ គឺតាមរយៈការងាកមកផ្លូវប្រជាធិបតេយ្យ ស្តារសិទ្ធិមនុស្ស ស្តារប្រជាធិបតេយ្យ រៀបចំឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយពង្រឹងសេដ្ឋកិច្ច។ នៅពេលស្តារប្រជាធិបតេយ្យហើយ ប្រាកដជាបានប្រព័ន្ធអនុគ្រោះពន្ធពីអាមេរិក ពីអឺរ៉ុបមកវិញ»។
កាលពីថៃ្ងទី៥ ខែសីហា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋខ្មែរនៅភូមិតាង៉ា ឃុំយ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដែលបដិសេធប្រាប់ឈ្មោះ បានអះអាងថា វៀតណាមបានបោះបង្គោលព្រំដែន ដោយរំលោភយកដីខ្មែរជាច្រើនគីឡូម៉ែត្រ នៅក្នុងតំបន់នោះ។ គាត់និយាយថា កុំតែបាន «អូរសេដ្ឋី» ទប់ស្កាត់ កុំអីវៀតណាមរំលោភយកហួសអូរនេះទៅទៀត។
បច្ចុប្បន្ន ព្រំដែនកម្ពុជា-វៀតណាម គឺនៅជាប់នឹងអូរសេដ្ឋីតែម្ដង។ ពលរដ្ឋរូបនេះ បានអះអាងទៀតថា វៀតណាមទើបបានមកចុច GPS កំណត់យកព្រំដែន នៅកន្លែងក្បែរភូមិតាង៉ា ដែលនៅជាប់នឹងផ្ទះប្រជាពលរដ្ឋខ្មែរ ៥ ខ្នង។ គាត់និយាយទៀតថា ផ្ទះរបស់ប្រជាពលរដ្ឋខ្មែរ ៥ ខ្នងនៅភូមិតាង៉ា បានរអិលចូលទឹកដីវៀតណាម ដូចភូមិកំណើតលោក ហេង សំរិន [អតីតប្រធានរដ្ឋសភាកម្ពុជា] ដែរ។ ហេតុនេះ គេដោះស្រាយរយៈពេល ១០ ឆ្នាំហើយ មិនទាន់ដោះស្រាយបាននោះទេ។
ជាមួយគ្នានេះ កាលពីថៃ្ងទី៤ ខែសីហា ឆ្នាំ២០២៦ ពលរដ្ឋខ្មែរនៅឃុំដូង ក៏បានអះអាងផងដែរថា ពលរដ្ឋវៀតណាម បានប្រើត្រាក់ទ័រចូលមកភ្ជួរយកដីស្រែរបស់ពលរដ្ឋខ្មែរ បន្ថែមទៀត នៅខាងត្បូងផ្ទះ៦ខ្នង ស្ថិតក្នុងភូមិអង្គុញ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។
បើតាមប្រជាពលរដ្ឋ គ្មានអាជ្ញាធរខ្មែរណាមកហាមឃាត់ពលរដ្ឋវៀតណាម ដែលប្រើគ្រឿងចក្រ ចូលមកភ្ជួរស្រែលើដីខ្មែរនោះទេ ខណៈពលរដ្ឋខ្មែរ បានត្រឹមតែឈរមើល មិនហ៊ានចូលទៅហាមឃាត់ឡើយ។ បើតាមប្រជាពលរដ្ឋ នៅឃុំដូង វៀតណាម បានរំលោភយកដីខ្មែរជាង ៣ គីឡូម៉ែត្រ នៅភូមិអង្គុញ និងភូមិដូង ឃុំដូង ចាប់តាំងពីអំឡុងឆ្នាំ១៩៩៤ មក។
បច្ចុប្បន្នដីខ្មែរទាំងនោះ បានក្លាយទៅជាដីចម្ការអំពៅ និងចម្ការកៅស៊ូ របស់វៀតណាម។ នេះបើយោងតាមហ្វេសប៊ុករបស់លោក អ៊ុំ សំអាន។
យ៉ាងណាក្តី មិនទាន់មានការបញ្ជាក់ពីអាជ្ញាធរកម្ពុជា ខេត្តរតនគិរី និងខេត្តស្វាយរៀង លើព័ត៌មានទាំងនេះ នៅឡើយទេ។ ចំណែកនៅព្រំដែនថៃវិញ ចាប់តាំងពីក្រោយបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក យោធាថៃ បានសម្រុកធ្វើការឈូសឆាយ ធ្វើការសាងសង់សំណង់រឹងផ្សេៗ នៅតាមទីតាំងទាំង ៧៦ កន្លែង ដែលពួកគេទើបដណ្តើមកាន់កាប់បាន ដូចជា សាងសង់លេណដ្ឋានទ័ព ធ្វើផ្លូវបេតុង ជីកប្រឡាយ និងសាងសង់របងព្រំដែនបេតុង ជាដើម ដោយគ្មានការទប់ស្កាត់ក្នុងទ្រង់ទ្រាយធំ ពីកងទ័ពកម្ពុជាឡើយ។
ពាក់ព័ន្ធបញ្ហាជម្លោះព្រំដែន ជាមួយថៃ អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានប្រកាសនៅថ្ងៃទី៤ ខែសីហា ថា កម្ពុជាបានសម្របសម្រួល ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំកម្ពុជា (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន ពីសាធារណរដ្ឋហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
បន្ថែមពីនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងនៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ ស្តីពីបច្ចុប្បន្នភាពបញ្ហាព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែសីហា នេះថា ទន្ទឹមនឹងការសម្របសម្រួលអ្នកសង្កេតការណ៍អាស៊ាន ដំណើរទស្សនកិច្ចផ្សេងៗ ទៅកាន់តំបន់ព្រំដែន រាជរដ្ឋាភិបាលក៏បាននិងកំពុងធ្វើការងារការទូត យ៉ាងសកម្ម ក្នុងកម្រិតតំបន់ និងលើឆាកអន្តរជាតិផងដែរ ដើម្បីទាមទារឱ្យថៃ ដកកងទ័ពចេញពីដីកម្ពុជា និងអាចឱ្យជនភៀសសឹកកម្ពុជា បានវិលត្រឡប់ទៅកាន់ផ្ទះសំបែងរបស់ខ្លួនវិញ ដោយគ្មានការរារាំង។
យ៉ាងណាក្តី សម្រាប់លោក អ៊ុំ សំអាន ដើម្បីអាចទាមទារទឹកដីទាំងពីថៃ និងទាំងពីវៀតណាម មកវិញបាន ថែមនិងដើម្បីអាចការពារទឹកដីកម្ពុជាបាន គឺចាំបាច់ណាស់កម្ពុជា ត្រូវប្តឹងថៃ និងវៀតណាម ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីទាមទារទឹកដីមកវិញ និងត្រូវប្តឹងមេដឹកនាំថៃ ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ បន្ថែមពីនេះ ត្រូវប្តឹងវៀតណាមនិងថៃ ទៅកាន់សហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទាមទារទឹកដីខ្មែរ ពីថៃ ពីវៀតណាម មកវិញ ហើយនិងទាមទារដែនសមុទ្រ និងកោះពីវៀតណាមនិងថៃមកវិញ ដូចជា កោះត្រល់ ចង្កោមកោះក្រចកសេះ និង កោះគុត រួមទាំងផ្ទៃសមុទ្រ ជាដើម៕

