VOD Khmer /ដោយកញ្ញា រតនៈ ម៉ូនីកា
21-8-2026

នៅ​​ដើម​​សប្ដាហ៍​​ក្រោយ ក្រុម​​មន្ត្រី​​បក្ស​​ប្រឆាំ​ង​​ក្រៅ​​ប្រទេស នៃ​​រដ្ឋាភិ​បាល​​ឯករាជ្យ​​២៣​តុលា របស់​លោក សម រង្ស៊ី បាន​ប្រកាស​ថា ពួក​គេនឹ​ង​ទៅ​​ផ្ដល់​​សក្ខី​កម្ម​​ ចំពោះ​មុខ​​រដ្ឋ​​អាជ្ញាធរ​​​នៃ​​តុលាការ​​ព្រហ្ម​ទណ្ឌ​​អន្តរ​ជាតិ (ICC) នៅ​​ទីក្រុង​​ឡាអេ ប្រទេស​​ហូឡង់ ជុំវិញ​បណ្តឹង​​ប្រឆាំង​នឹង​ទង្វើ​ថៃ​ឈ្លាន​ពាន​កម្ពុជា។

អ្នកឃ្លាំ​មើល ​គាំទ្រ​​កា​រ​​តស៊ូ​​តាម​​ផ្លូវ​​ច្បាប់​​​អន្តរ​ជាតិ​​របស់​​មន្ត្រី​​បក្ស​​ប្រឆាំង រឿង​​​ថៃ​​ វាយ​ដណ្តើម​គ្រប់​គ្រង​ទឹក​ដី​កម្ពុជា​ ដោយ​ខុស​ច្បាប់ និង​បង្ក​វិនាស​កម្ម​ដល់​ពលរដ្ឋ​កម្ពុជា​នេះ។ លើស​ពីនេះ​ ពួក​គេ​ក៏​អំពាវ​នាវ​ផង​ដែរ ​ដល់​​​រដ្ឋាភិបាល​​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​គ្រប់​គ្រង​អំណាច​ ឱ្យ​ប្រញាប់​​ប្ដឹង​​​​​ថៃ ​​តុលាការ​​យុត្តិ​ធម៌​​អន្តរ​ជាតិ (ICJ) ជា​ជាង​​នៅ​​ស្ងៀម ហើយ​​បណ្តោយ​ឱ្យ​​​ថៃ​​ ធ្វើ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​លើ​ទឹក​ដី​ខ្មែរ​ជាប់​ព្រំដែន​តាម​ទំនើង​ចិត្ត ក្រោយ​មាន​បទ​ឈប់​បាញ់​ ទាំង​មិន​ប្រើ​សិទ្ធិ​ការ​ពារ​លើ​ដី​ជាក់​ស្តែង ដើម្បី​ទប់​ទល់​ទៅ​នឹង​ការ​ឈ្លាន​ពាន​នេះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​លោក ម៉ែន ណាត ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​២១ ខែ​សីហា ថា លោក​​​គាំ​ទ្រ​​ការ​​ស្វែង​​រក​​អន្តរា​គមន៍​​​ពី​​ស្ថាប័ន​​អន្តរ​ជាតិ​ ​របស់​​ក្រុម​​ការ​ងារ​​របស់​​លោក អ៊ុំ សំអាន ដែល​​នឹង​​ត្រូវ​​ផ្ដល់​​សក្ខី​កម្ម​​​ដល់​​​តុលាការ​​ ICC នៅ​​ទីក្រុង​​ឡាអេ។

លើស​​​ពី​​នេះ ​លោក​ចាត់ទុក​សកម្មភាព​នេះ​ថា ជា​រឿង​វិជ្ជមាន​សម្រាប់​កម្ពុជា និង​​ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ​ក្នុង​ការទាមទារ​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ​ ដែល​រងគ្រោះ​ពី​ការ​ឈ្លានពាន​របស់​ថៃ។ ផ្ទុយទៅ​វិញ ​លោក​ខក​ចិត្ត​​​ដែល​រដ្ឋាភិបាល​​លោក ហ៊ុន ម៉ាណែត បន្ត​​យក​រឿង​ព្រំដែន​នេះ ​ដើម្បី​កេង​ចំណេញ​នយោបាយ​ឡប់ឡែ​របស់​ខ្លួន មិន​​ព្រម​ប្តឹង​ថៃ​ ​ទៅ​តុលាការ ICC និង​ ICJ ឡើយ ខណៈ​​រដ្ឋាភិបាល​មាន​ភស្តុតាង​​គ្រប់​បែប​​យ៉ាង​ណា​​ដាក់​​បន្ទុក​។

តាម​យន្តការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ដែល​​លោក លោក អ៊ុំ សំអាន និង​​ក្រុមការងារ​គាត់​ប្តឹង ប្តឹង​ទៅ​​នេះ គឺ​​​ប្តឹង​​ទៅ​​តុលាការ​​ឧក្រិដ្ឋ​កម្ម​​អន្តរ​ជាតិ ICC ពី​រឿង ​ឧក្រិដ្ឋកម្ម​​​សង្គ្រាម​របស់​ពួក​មេដឹកនាំ​ថៃ និង​យោធា​ថៃ​ឈ្លាន​ពា​​ន​កម្ពុជា បង្កើត​ឧក្រិដ្ឋកម្ម ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ស្លាប់​បាត់​បង់​​ជីវិត ជា​​ជន​​ស៊ីវិល​​បាត់​បង់​​ជម្រក​ ខូច​ខាត​​ទ្រព្យ​សម្បត្តិ​​ផ្ទះ​សម្បែង​​​​​​ជា​ដើម។

​លោក ម៉ែន ណាត ថ្លែងថា៖ «ខ្ញុំ​​មើល​ទៅ បទ​ឧក្រិដ្ឋ​​កម្ម​​ដែល​​ពួក​​ក្រុម​​ការ​ងារ​​លោក អ៊ុំ សំអាន ប្តឹង​​​ទៅ​​ហ្នឹង វា​​​ជា​​រឿង​​សម​​ហេតុ​ផល ហើយ​ដែល​គួរ​ណាស់​តែ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន ម៉ាណែ​ត ហ្នឹង គួរ​ចូលរួម​លើកទឹកចិត្ត មិន​គួរ​ណា​ប្រើ​ពាក្យ​ពេចន៍​អសុរោះ បញ្ចើច​បញ្ចើ​​​អញ្ចឹង​ទេ។ ម្យ៉ាងទៀត រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ខ្លួន​ឯង​​​ហ្នឹង គួរ​​ណាស់​តែ​ប្តឹង​ដែរ​ ព្រោះ​រដ្ឋាភិបាល​មាន​ភស្តុតាង​គ្រប់គ្រាន់​ជាង ព្រោះ​ជា​អ្នក​ធ្វើការងារ​ផ្ទាល់​ជាមួយ​និង​ដៃគូ​​អន្តរជាតិ និង​ពលរដ្ឋ​នៅ​មូលដ្ឋាន មាន​ឯកសារ​គ្រប់គ្រាន់ មាន​ភស្តុតាង​ជាក់លាក់​ជាង ធ្វើ​ឱ្យ​តុលាការ​ICC យក​​រឿង​ហ្នឹង​ទៅ​កាត់ក្តី ហើយនឹង​ទទួល​បាន​យុត្តិធម៌​ពេញ​លេញ»។

ការ​ថ្លែង​របស់​អ្នកឃ្លាំមើល​រូប​នេះ ​បន្ទាប់​ពី​រដ្ឋាភិបាលកម្ពុជាឯករាជ្យ​២៣​តុលា ប្រកាស​ថា តំណាងរបស់ខ្លួននឹងទៅ​​ផ្តល់សក្ខី​កម្ម និងការពន្យល់បន្ថែម ពាក់ព័ន្ធនឹងបណ្តឹងរបស់ខ្លួន នៅក្នុងជំនួបជាមួយតំណាងការិយាល័យរដ្ឋអាជ្ញា នៃ​តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅថ្ងៃទី២៤ ខែ​សីហា ឆ្នាំ២០២៦ នៅ​ការិយាល័យ ICC ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។ ចំណែក​គណៈប្រតិភូដែលត្រូវចូលរួម រួម​មាន លោក​ស្រី ធិត គឹមហ៊ុន លោក អ៊ុំ សំអាន លោក អ៊ូ សាមឌី និង​​​លោក​ស្រី អ៊ូ លីនដា ដែល​សុទ្ធតែ​ជាតំណាងស្ថាប័នផ្សេងៗ​ របស់រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា។ សេចក្តីប្រកាស​បញ្ជាក់​ថា បេសកកម្ម​នេះ​​ ​មាន​គោល​បំណង​ បន្ត​ជំរុញ​ការប្រើប្រាស់​យន្តការ​អន្តរ​​ជាតិ និង​ច្បាប់​​អន្តរ​​ជាតិ ដើម្បី​ការ​​ពារទឹកដី និងផលប្រយោជន៍​របស់​កម្ពុជា។

រីឯ​លោក អ៊ុំ សំអាន ដែល​ជា​គណៈប្រតិភូ​មួយ​រូប​ដែរ ​ថ្លែង​​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី២១ ខែ​សីហា ដោយ​លោក​រំពឹង​ថា អគ្គ​រដ្ឋ​​​អាជ្ញា​នៃ​តុលាការ ICC នឹង​បើក​ការ​ស៊ើបអង្កេត ចោទ​ប្រកាន់ និង​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​ស៊ីវិល យោធាថៃ​​​យក​​មក​​​កាត់​ទោស ពី​បទ​​ឧក្រិដ្ឋកម្ម​សង្គ្រាម​ឈ្លាន​ពាន​កម្ពុជា និង​​ទាមទារ​ដកទ័ព​ពី​ទឹកដី​កម្ពុជា ព្រមទាំង​ទាម​ទារ​​​សំ​ណង​ខូចខាត​ លើ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា រួម​មាន​ ផ្លូវ​ថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រាសាទ​​បុរាណ មាន​ប្រាសាទ​​​​ព្រះវិហារ រួម​នឹង​សំណង​ជំងឺចិត្ត​ដល់​ជនរងគ្រោះ​ខ្មែរ​ផង​ដែរ។

លោក​អះអាង​ថា ទោះ​សកម្មភាព​នេះ ​មិន​បាន​ផល​តាម​ក្ដី​រំពឹង​ ក៏​ពួក​លោក​​​នឹង​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​នេះ​បន្ត​ទៀត។ លោក​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​មាន​អំណាច និង​​ភស្តុ​តាង​​​រឹង​​មាំ​​ជាង ខណៈ​ពួក​លោក​មិន​នៅ​ទីតាំង​ផ្ទាល់​ទេ។ ប៉ុន្តែ​លោក​មើល​ឃើញ​ថា មាន​តែ​ជម្រើស​ផ្លូវ​ច្បាប់​តែ​មួយ​​គត់ តាម​រយៈ​​ការ​​ប្ដឹង​ទៅ​​តុលាការ​អន្តរជាតិ ​ទើប​មាន​ឥទ្ធិពល​ឱ្យ​ថៃ​គោរព​តាម។

​លោក អ៊ុំ សំអាន ថ្លែងថា៖ «ស្នើ​ឱ្យ​រដ្ឋាភិបាល ហ៊ុន ម៉ា​ណែ​ត ប្រញាប់​ប្តឹង​ថៃ​ទៅកាន់​តុលាការ​​យុត្តិ​ធម៌​​អន្តរ​ជាតិ​ ICJ ប្តឹង​​ថៃ​​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ហើយ​និង​ប្តឹង​ថៃ​ទៅកាន់​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស ដើម្បី​ទាមទារ​ទឹកដី​យើង​មកវិញ​ណា បើសិនជា​គាត់​នៅតែ​ចេញ​លិខិត​តវ៉ា។ ខ្ញុំ​យល់ថា​ ​វា​មិនបាន​​លទ្ធ​ផល​​អី​ទេ ទាល់​តែ​ប្តឹង អាហ្នឹង​បាន​អាច​បាន​ទឹកដី​មកវិញ​ណា។ ហើយ​សូម្បីតែ​ប្រើ​កញ្ញា កឹម មនោវិទ្យា អី​ទៅ​​បញ្ចុះបញ្ចូល​ប្រទេស​​អឺរ៉ុប ប្រទេស​ដទៃទៀត​ហ្នឹង ក៏​មិនអាចឱ្យ​​ប្រទេស​​ហ្នឹង​​ទាមទារ​ទឹកដី​ឱ្យ​​យើង​បាន​នោះ​ទេ ​នៅ​ពេល​ដែល​ប្រទេស​ទាំងអស់​ហ្នឹង​ ​​គេ​មិន​សូម្បីតែ​ថ្កោលទោស​ថៃ រិះគន់​ថៃ​ផង ទៅ​សង្ឃឹម​អី មានតែ​តុលាការ​ទេ​ដែល​​អាច​ចេញ​បញ្ជា​ឱ្យ​ថៃ​ត្រូវតែ​គោរព​តាម​បាទ»។

ឆ្លើយ​តប​នឹង​ករណីនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ ថ្លែង​​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី២១ ខែ​​សីហា ថា លោក​មិន​​ចាប់​​អារម្មណ៍​​​នឹង​បណ្ដឹង​​របស់ ​រដ្ឋាភិបាល​​នៅ​ក្រៅ​ប្រទេស​នេះ​ទេ ដោយ​​លោក​ចាត់ទុក​សកម្មភាព​នេះ ​ជា​​ចលនា​ក្រៅ​ច្បាប់។

​លោកថា៖ «ខ្ញុំ​មិន​ចង់​ឆ្លើយ​តប​នឹង​ចលនា​ណា​ដែល​បង្កើត​​ក្រៅ​ច្បាប់​ទេ អ៊ីចឹង​​ពួកគេ​ធ្វើ​អី​ធ្វើ​ទៅ វា​ជា​រឿង​របស់​ពួក​គេ»។

យ៉ាងណាក៏ដោយ​ មន្ត្រី​អ្នកនាំពាក្យ​រូប​នេះ ​​ធ្លាប់​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា ​​បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​​យុត្តិធម៌​អន្តរ​ជាតិ​​រួច​​ហើយ តាំង​​ពី​ឆ្នាំ​មុន​​។ ប៉ុន្តែ ការ​អះអាង​នេះ ​​ត្រូវ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ច្រាន​ចោល ខណៈ​ពួក​គេ​​​​មិន​អាច​រក​សំណុំ​នេះ​ ​​នៅ​ក្នុង​បញ្ជី​នៃ ​ពាក្យ​បណ្ដឹង​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​​​តុលាការ ICJ នោះ​ទេ។

គិត​មក​ដល់​ពេល​នេះ ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ថៃ​ឈ្លានពាន​ និង​កាន់កាប់​​​ទឹកដី​​ជាង ៧០​ទីតាំង ក្នុង​​នោះ​​ភាគី​​ថៃ​​បាន​​រាយ​​បន្លា​លួស ជី​ក​​ប្រឡាយ ដាក់​​ទូ​​រកុង​ទឺន័រ ដើម្បី​​ពង្រីក​​ការ​​ឈ្លាន​ពាន​​ដោយ​​ឥត​​ឈប់​​ឈរ ក្រោយ​​បទ​​ឈប់​​បាញ់​​កាល​​ពី​​ចុង​​ខែ​​ធ្នូ ឆ្នាំ​​២០២៥។ ក្នុង​ពេល​ឈ្លានពាន យោធា​ថៃ​ បាន​ប្រើ​​​អាវុធ​ធន់​គ្រប់​ប្រភេទ​​យ៉ាង​ព្រៃផ្សៃ​​វាយ​ប្រហារ​កម្ពុជា និង​ប្រើ​យន្តហោះ​ចម្បាំង​ទម្លាប់​​គ្រាប់​ ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ​​ជិត ១០០​គីឡូម៉ែត្រ ដោយ​បំផ្លាញ​ផ្ទះសម្បែង​រាប់​រយ​ខ្នង វត្ត​អារាម សាលារៀន និង​ប្រាសាទ​ដូនតា​ខ្មែរ ដែល​ជា​​​សម្បត្តិ​​បេតិកភណ្ឌ​ពិភពលោក និង​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាង ១០០​ស្លាប់ និង​រង​របួស ព្រម​ទាំង​ជនភៀសសឹក​ជាង ៦០​​​នាក់។

ចំណែក​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​ លោក​ ថម អេនដ្រូ (Tom Andrews) ក៏​​សម្ដែង​​ក្ដី​​​បារម្ភ​ដូចគ្នា​នេះ ព្រមទាំង​​ស្នើ​ដល់​ភាគី​ថៃ​​ និង​កម្ពុជា ត្រូវ​ធានា​ដល់​ជនភៀសសឹក​ខ្មែរ នៅ​ភូមិ​រង់ចាំ​អាច​ត្រឡប់​​​ទៅ​រស់​នៅ​ផ្ទះ​របស់​ពួកគេ ដែល​យោធា​ថៃ​កំពុង​កាន់កាប់​ដោយ​ខុស​ច្បាប់ និង​ឈូស​ឆាយ​បំផ្លាញ​ផ្ទះសម្បែង​ពួកគេ​ហើយ​ក៏​ដោយ៕

Photo from left: Um Sam-An and Phorn Phanna. (UN in USA 21-11-2025).
Photo from left: Um Sam-An and Phorn Phanna. (UN in USA 21-11-2025).
រូបភាព៖ លោក ហ៊ុន ម៉ាណែត និង​លោក ម៉ែន ណាត​។ / (Picture from left: MP Hun Manet and Mr Men Nath, a Cambodia social and political commentator).
រូបភាព៖ លោក ហ៊ុន ម៉ាណែត និង​លោក ម៉ែន ណាត​។ / (Picture from left: MP Hun Manet and Mr Men Nath, a Cambodia social and political commentator).