ICC កោះ​​ហៅ​​រដ្ឋាភិ​បាល​២៣​តុលា​ទៅ​ជួប​ ខណៈ​​មាន​ការ​​ចោទ​​សួរ​​កាន់​​​​តែ​ច្រើន ​ពី​ការ​​មិន​​ប្តឹង​​​ថៃ​​ ទៅ​​ ICJ

VOD Khmer /ដោយកញ្ញា កែវ មរកត
03rd-7-2026

តុលាការ​​ព្រហ្ម​ទណ្ឌ​​អន្តរ​ជាតិ​​ (ICC) ​បាន​​​កោះ​​ហៅ​​តំណាង​​រដ្ឋាភិ​បាល​​កម្ពុជា​​ឯករាជ្យ​​២៣​​តុលា​ ​ទៅ​​សួរ​ពាក់​​ព័ន្ធ​​នឹង​ការ​ដាក់​​ពាក្យ​​ប្តឹង​​មេដឹក​នាំ​ថៃ ​​​ពី​បទ​ឧក្រឹដ្ឋ​កម្ម​សង្គ្រាម​ ខណៈ​​មាន​​ការ​​ចោទ​​សួរ​​កាន់​​តែ​ច្រើន ​​ពី​មូល​ហេតុ​​ដែល​​រដ្ឋាភិ​បាល ​លោក ​ហ៊ុន ម៉ាណែត ​មក​​ដល់​​ពេល​​នេះ នៅ​​តែ​មិន​​ទាន់​​​ដាក់​​ពាក្យ​​ប្តឹង​ថៃ ​ទៅ​​តុលាការ​យុត្តិ​ធម៌​​អន្តរ​ជាតិ ​(ICJ) នៅ​​ពេលដែល​​​​​ថៃ ​នៅ​​តែ​​បន្ត​​​សម្រុក​​ឈ្លាន​ពាន​ ​និង​​សាង​សង់​សំណង់​​រឹង​​ រួម​ទាំ​​ង​ព្រំដែន​​បេតុង​​​ នៅ​លើ​​ទឹក​ដី​​កម្ពុ​ជា​​យ៉ាង​គឃ្លើន​។

មេធាវី​​អន្តរ​ជាតិ លោក Richard Rogers បាន​ឱ្យ​ដឹង​ថា នៅ​ពេល​នេះ​​រ​ដ្ឋ​អាជ្ញា​នៃ ICC បាន​កោះហៅ​តំណាង​រដ្ឋាភិ​បាល​កម្ពុជា​ឯករាជ្យ​២៣​តុលា និង​មេធាវី​អន្តរ​ជាតិ​ ឱ្យ​​ទៅ​ជួប​នៅ​ចុង​ខែ​សីហា ឆ្នាំ​២០២៦ នៅ​ទីស្នាក់​ការ ICC នៅ​ទីក្រុង​ឡាអេ អំពី​បណ្តឹង​របស់​រដ្ឋាភិ​បាល​ក្រៅ​​ប្រទេស ​ដែល​បាន​ប្តឹង​មេដឹក​នាំ​ថៃ និង​មេ​ដឹក​នាំ​យោធា​ថៃ​ ទៅ​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម ដែល​យោធា​ថៃ​បាន​ទម្លាក់​គ្រាប់​បែក ​លើ​ជន​ស៊ីវិល​​ខ្មែរ ផ្ទះ​សម្បែង ប្រាសាទ​ខ្មែរ និង​សាលា​រៀន។ល។ នេះ​​​បើ​​យោង​​តាម​​ លោក ​មួង ណារ៉េត អ្នក​​​ធ្វើ​​អត្ថាធិ​ប្បាយ​​លើ​បណ្តាញ​​សង្គម​ ដែល​​បាន​​សម្ភាសន៍​លោក Richard Rogers ហើយ​ចេញ​​ផ្សាយ​​នៅ​​​ថ្ងៃ​ទី​​២ ខែ​កក្កដា​​ នេះ​។

លោក​ Richard Rogers ​សង្ឃឹមថា អគ្គរដ្ឋអាជ្ញា ICC នឹង​បើកការស៊ើបអង្កេត​​ចោទប្រកាន់ ​និង​ចេញដីកា​ចាប់​​ខ្លួន​មេដឹកនាំថៃ និងមេដឹកនាំយោធាថៃ​ លើ​​បទ​​ឧក្រិដ្ឋ​កម្ម​​សង្គ្រាម និង​​ឧក្រិដ្ឋ​កម្ម​​ឈ្លាន​ពាន​​មក​​លើ​​កម្ពុជា​ ព្រម​ទាំងបង្ខំឱ្យ​ថៃ ​សង​សំណង​ការ​ខូច​ខាត​ ដល់​ជន​រង​គ្រោះ​ខ្មែរ ផ្ទះ​​សម្បែង ប្រាសាទ​ខ្មែរ សាលា​រៀន និង​ស្ពាន​ថ្នល់​។ល។

លោក ​អ៊ុំ សំអាន ប្រមុខស្ថាប័នកិច្ចការព្រំដែន​​ និងអន្តោប្រវេស​ន៍​ នៃ​រដ្ឋាភិបាល​​កម្ពុជា​ឯក​រាជ្យ​​​២​៣​​តុលា​ ​បាន​​ចាត់​​ទុក​ព័ត៌​មាន​​​នេះ​​ថា ជា​​ដំណឹង​​​ល្អ​ ​និ​ង​​ជា​ជំហ៊ាន​​ដំបូង​​សម្រាប់​​ប្រជាពល​រដ្ឋ​ខ្មែរ​ ដែល​ធ្វើ​ឱ្យ​មាន​ក្តី​​សង្ឃឹម​​ថា​​ នឹង​អាច​ទទួល​បាន​យុត្តិធម៌ ពីការ​ឈ្លាន​ពាន​យ៉ាងកំរោលរបស់ថៃ​។

លោកថា ៖ «ដូច្នេះ​យើង​សង្ឃឹមថា ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នឹង​​ផ្តល់​យុត្តិធម៌​​មក​ដល់​ពល​រដ្ឋ​ខ្មែរ​ ​មក​​ដល់​​ប្រទេស​ខ្មែរ ​ដែល​​ថៃបាន​ឈ្លានពាន​ និង​​ទម្លាក់​​គ្រាប់​​បែក​​មក​លើ​ផ្ទះ​​ប្រជាពលរដ្ឋ​ ​មក​លើ​លំនៅ​ដ្ឋាន​​ប្រជាពល​រដ្ឋ ​ក៏ដូច​ជាប្រាសាទ​ខ្មែរ ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្មែរ​។ អានេះ​​ជា​ជំហ៊ាន​ដំបូង ​ហើយ​ជំហ៊ាន​បន្ទាប់​​ទៀត​ យើង​​សង្ឃឹម​ថា ​នឹង​​​ឈាន​​​ទៅ​​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ អាច​បង្ខំ​ឱ្យ​ថៃ​​ត្រូវ​តែប្រគល់​ទឹក​ដី​ខ្មែរ​យើង​មក​ឱ្យ​កម្ពុជា​វិញ​​នាពេល​​អនាគត»

ទាក់​ទង​ទៅ​នឹងការ​ចោទសួរ​ជាច្រើន ​នៅ​លើ​បណ្តាញ​សង្គម​ ថាតើ​ហេតុ​អ្វី​បាន​ជារហូតមក​ដល់​ពេល​នេះ ​រដ្ឋាភិ​បាល​​លោក ​ហ៊ុន ម៉ាណែត​ នៅតែ​មិន​ទាន់​ប្តឹង​ថៃ​ ទៅ ICJ​ ​ខណៈ​ថៃ មិន​ត្រឹម​តែ​មិន​អើពើ​ ចំពោះ​កំណត់​ទូត​​តវ៉ា​​របស់​​កម្ពុជា​ ថែម​ទាំង​នៅ​តែ​បន្តរុល​ចូល​ឈ្លាន​ពាន​ដីកម្ពុជា ​និង​កំពុង​សម្រុកសាង​សង់​សំណង់​រឹង ​នៅ​​លើ​ដីកម្ពុជា​ផងនោះ ​លោក ​អ៊ុំ សំអាន យល់​ថា ​​អាច​ដោយ​​សារ​លោក ​ហ៊ុន សែន ​និង​លោក​ ហ៊ុន ម៉ាណែត មិន​​ចង់​ឱ្យ​ជម្លោះ​ព្រំដែន​​ជាមួយ​ថៃ ​​រីក​រាល​ដាល​​កាន់​តែធំ ដែល​​វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់ការ​កាន់​អំណាច​​តពូជ​របស់​គ្រួសារ ​ហ៊ុន​។

លោក​អះអាងថា ដើម្បី​បានក្តោបអំណាច​តពូជ បញ្ហា​​វិវាទ​ព្រំដែន​ជាមួយថៃនេះ លោក ហ៊ុន សែន ​និង​លោក ​ហ៊ុន ម៉ាណែត ក៏​អាច​​នឹ​ង​កាត់​​ដី​​ខ្មែរ​​​​​ឱ្យ​​ថៃ ដើម្បី​​ដូរ​យក​​សន្តិ​ភាព​​​​ដូច​​កាត់​​ដី​​ខ្មែរ ​​ឱ្យ​​វៀត​ណាម​​យ៉ាង​ដូច្នោះ​​ដែរ ​​​​ដោ​យ​​​ប្រើ​រូបមន្តឆ្ពិនភ្នែក ​ដោះដូរដី​ ដែលការពិត​គឺ​យក​ដី​ខ្មែរ​ ដោះ​ដូរ​ជាមួយ​ដីខ្មែរ ហើយ​កាត់​ទៅ​​​ឱ្យ​​ថៃ ​ដូចការ​ដោះដូរភូមិ​​លោក ​ហេង សំរិន ​ហើយ​យក​ដី​ខ្មែរ​ ​នៅ​តំបន់​ផ្សេង​ទៀត​ ​កាត់ទៅ​ឱ្យវៀតណាម ​យ៉ាង​​ដូច្នោះ​​ដែរ។

មួយ​វិញទៀត អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​បក្ស​ប្រឆាំង​រូប​នេះ​ លើក​ឡើងថា ដូចករណី នៅ​ច្រក​អាន​សេះ ក្នុង​ខេត្ត​​ព្រះវិហារ បច្ចុប្បន្ន​យោថាថៃ​ ​បាន​រុល​ចូល​មកដណ្តើម​កាន់​កាប់ដីខ្មែរ​ ក្នុង​ជម្រៅ​ប្រមាណ ​២ គីឡីម៉ែត្រ​ ហើយ​​បើមានការ​ចរចានៅ​ពេល​ខាង​មុខ ​រដ្ឋាភិបាល​លោក ​ហ៊ុន ម៉ាណែត ​អាចសុំ​ថៃ​ត្រឹម ​៣០០ ​ម៉ែត្រ​​ ឬ​ ៥០០ ​​ម៉ែត្រ​​វិញ​ ហើយ​​បើ​ថៃ​ព្រម​ឱ្យ​ នោះ​លោក​ ហ៊ុន ម៉ាណែត ​នឹង​ប្រកាស​ថា​ ទទួល​បាន​ជោគ​ជ័យ​ បាន​ដី​ពី​ថៃ ​មក​វិញ​​មិន​​ខាន។

លោកថា ៖ «គេចង់​ចរចាទ្វេភាគីក្រោម​តុ អាហ្នឹង​អាច​ធ្វើ​នយោបាយ​ប្រជាភិថុតិ គ្រាន់​បើជាង​ប្តឹងទៅ​តុលា​ការ​​អន្តរ​ជាតិ​ អ៊ីចឹង​ហើយ​បានជាតាម​អង្វរ​​ថៃ ​ចរចាទ្វេភាគី ​ហ្នឹង ​​មិន​ព្រមប្តឹងថៃ ទៅកាន់​តុលា​ការ​អន្តរ​​ជាតិ ICJ ​ប្តឹង​​ទៅ​សហ​​ប្រធាន​​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ពីព្រោះ​ថៃ ​គេឆ្លាតដែរ​ គេ​អត់​ចង់​ចរចា​​ជាមួយ​​កម្ពុជា​​​ គេ​ចង់​ប្រែក្លាយ​ទឹកដីហ្នឹង ​ឱ្យក្លាយជា​ទឹក​ដីថៃ សិន​​ តាម​រយៈ​ការ​សាងសង់​សំណង់​​រឹង ​ដូច​ជា ផ្លូវ​បេតុង​ ​ដូច​ជារូប​ព្រះពុទ្ធបដិមា ​ដង​​ទង់​ជាតិ​​ថៃ ហើយ​​​ធ្វើ​របងបេតុង ​ហើយ​​នឹងចែក​ដី ​ឱ្យ​ប្រជាពល​រដ្ឋ​ ដូច​ភូមិ​​​ជោគ​ជ័យ​​ ភូមិ​​ព្រៃចាន់​​ ចឹង​ គេ​រាយ​បន្លាលួស​យក​ដីខ្មែរ​យើង​បន្ថែមទៀត​ ដោយ​មិន​បាច់​ប្រើគ្រាប់​កាំភ្លើង​នោះ​ទេ ​​គេ​ដឹង​ថា រដ្ឋាភិ​បាល ​លោក ​ហ៊ុន​ ម៉ាណែត ​អត់​ហ៊ាន​​ជាមួយ​គេ»

វីអូឌី​ មិន​ទាន់​អាច​ទាក់​ទង​លោក ​ប៉ែន បូណា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ និង​អ្នក​ស្រី ម៉ាលី សុជាតា ​អ្នក​នាំពាក្យ​ក្រសួង​​​ការពារ​ជាតិ ​ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី​២ ខែ​​កក្កដា ​​​នេះ។

ប៉ុន្តែ​លោក ​ស្រ៊ី បូរ៉ា ​អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​កិច្ច​ការ​បច្ចេក​ទេស​ព្រំដែន នៃ​រដ្ឋ​លេខា​ធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន ​​​របស់​ប្រទេស​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​​​កិច្ច​ពិភាក្សា​តុមូល ដែល​ស្ថាប័ន​នេះ​ ​ចេញផ្សាយ​នៅ​ថ្ងៃទី​១ ខែ​កក្កដា ​​​​ថា ក្រុម​​បច្ចេក​ទេស​នៃយន្តការ​ JBC ​ភាគីកម្ពុជា​ បាន​ចុះ​ទៅ​ដល់​គ្រប់​ទីតាំង​ទាំងអស់ ​ដោយ​សហការណ៍​​ជាមួយកងកម្លាំង​​ប្រដាប់​អាវុធ​ ក៏​ដោយ​​​ជាអាជ្ញាធរមូល​ដ្ឋាន​របស់​កម្ពុជា​ ដើម្បី​ពិនិត្យ​ និ​ង​តាម​ដាន​​រាល់ការវិវត្ត​ផ្សេងៗ ​នៅ​តាម​​បណ្តោយ​ព្រំដែនកម្ពុជា-​ថៃ ​​ទាំង​មូល​។ កន្លង​មក​ JBC កម្ពុជា ​បាន​ផ្ញើ​កំណត់​​ទូត​តវ៉ា​ជាង ​​៣០ ​លើក​​​ទៅ JBC ​ភាគី​​ថៃ ​ដើម្បី​​​​ស្នើ​ឱ្យ​ចាត់​បញ្ជូន​ក្រុម​វាស់​វែង​​ចម្រុះ​ ​​ឱ្យ​ចុះ​បន្តការងារ​លើដីជាក់​ស្តែង និង​សកម្ម​ភាព​រំលោភ​បំពាន​​ផ្សេងៗ​ ​របស់​ភាគីថៃ ​នៅ​តាម​​ព្រំដែន​​។

លើស​ពីនេះ ​បើ​ផ្អែក​ទៅលើ​ស្មារតីនៃកថាខណ្ឌទី​៣ នៃ​សេច​ក្តី​ប្រកាស​រួម​​កាល​ពី​​​ថ្ងៃ​ទី​​២៧ ​ខែ​ធ្នូ ឆ្នាំ​​២០២៥ គឺ​​កម្ពុជា​និង​ថៃ​ ត្រូវ​បញ្ជូន​ក្រុម​វាស់​វែង​ចម្រុះ​ ចុះ​ទៅលើ​ដី​ជាក់​ស្តែង ​ដើម្បី​បន្តការ​ងារ​របស់ខ្លួនឱ្យ​បាន​ឆាប់​បំផុត។ ប៉ុន្តែ​ទោះជាយ៉ាងនេះក្តី​ មក​ដល់​ម៉ោង​នេះ​​​ជាង​កន្លះឆ្នាំ​ហើយ កម្ពុជា​មិន​ទាន់​បាន​ទទួល​ការឆ្លើយ​តប​​​​ជាវិជ្ជមាន​ពីភាគី​ថៃ​នៅឡើយ​ទេ​។

អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​​ របស់​រដ្ឋាភិបាល​កម្ពុជា​រូបនេះ បញ្ជាក់ថា ​JBC ភាគីកម្ពុជា​​បាន​រក​ឃើញថា សកម្ម​ភាព​​​របស់​យោធាថៃ​ បាន​រំលោភ​បំពាន​លើ​បូរណភាពទឹកដីកម្ពុជា ​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​ដែល​ភាគី​ទាំង​ពី​រ​​​បាន​​ឯកភាព​គ្នា​កន្លងមក ​ក៏ដូច​ជាបំពាន​ទៅលើ​សមត្ថកិច្ចរបស់ ​JBC ​ព្រម​ទាំង​បំផ្លាញ​នូវ​សមិទ្ធផល​របស់ ​​JBC​ ដោយ​​ទាហាន​ថៃ​បាន​រាយបន្លាលួស​​ឈូសឆាយ ​និង​ការ​សាងសង់សំណង់​ផ្សេងៗ។​

បើ​តាម ​លោក​ ស្រ៊ី​ បូរ៉ា មាន​តែគណៈកម្មាធិការ​​ JBC ​និង​​ក្រុម​វាស់​វែង​ចម្រុះ​នៃភាគី​ទាំងពីរ ​​ប៉ុណ្ណោះ ​​ទើប​​មាន​​​សមត្ថ​កិច្ច​ក្នុងការ​ផ្ទៀង​ផ្ទាត់ និង​បញ្ជាក់​ខ្សែព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ​និង​ទី​តាំង​​​បង្គោល​​ព្រំដែន​​ពិត​ប្រាកដ​សម័យ​​បារាំង​​ ​លើ​​​ដី​ជាក់​​ស្តែង​ ​​ឱ្យ​​បាន​​ត្រឹម​​ត្រូវ​​តាម​​ឯកសារ ​ក៏​ដូច​ជា​ផែនទី ​ដែល​បន្សល់​ទុក​ដោយ​គណៈ​​​កម្មា​ធិការ​កំ​ណត់​ព្រំដែន​​ឥណ្ឌូ​ចិន​-​សៀម។ ​ក្នុង​​ន័យ​នេះ ​លោក​ថា គ្មាន​បុគ្គល​​ណាម្នាក់ ​គ្មាន​កង​កម្លាំង​​​ប្រដាប់​​​អាវុធ​ថៃ ​ឬក៏អាជ្ញាធរ​ថៃ​ ណាមួយ​អាច​មក​ចង្អុល​បង្ហាញ​ថា​ ខ្សែព្រំដែន​ត្រូវនៅ​កន្លែងនេះ​ បង្គោល​​ព្រំដែន​​ត្រូវ​នៅ​កន្លែង​នោះ​ ហើយ​ចូល​មក​ធ្វើ​សកម្មភាព​ស្រេចតែអំពើ​ចិត្ត​​ដោយ​ឯក​ត្តោ​ភាគី​​បាន​នោះ​ទេ ​​​ដែល​ទង្វើ​ទាំង​នេះ ​មិន​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​នោះឡើយ​។

លោកថា ៖ «សូមបញ្ជាក់​ថា ទង្វើ​និង​សកម្មភាព​ទាំងឡាយកន្លងមក ​ក៏ដូច​ជាពេល​បច្ចុប្បន្ន​របស់​ភាគីថៃ ​ជា​ពិសេស​​​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ ​ដែល​ចូលមក​កាន់កាប់​ទឹកដីកម្ពុជា​​ដោយ​ខុស​ច្បាប់ ​ក៏​ដូច​ជា​ធ្វើ​សកម្ម​ភាព​​បំពាន​​ផ្សេង​ៗ ​​នៅ​​តាម​​បណ្តោយ​​ព្រំដែន​កម្ពុជា-ថៃ ​​គឺ​​ជា​ទង្វើ​​ខុស​ច្បាប់​​អន្តរ​ជាតិ​​រំលោភ​​លើ​​កិច្ច​​ព្រម​​ព្រៀង​​ ដែល​កម្ពុជា​បាន​ឯកភាពគ្នា​កន្លងមក ​​រំលោភ​ទៅ​លើ​កំណត់​ហេតុ​កិច្ច​ប្រជុំ​របស់​ ​​JBC រំលោភលើ​សមត្ថ​កិច្ច​​របស់​​ JBC ហើយ​​ក៏បំផ្លាញ​នូវសមិទ្ធផល​របស់ ​JBC ផងដែរ។ ​ដូច្នេះ​អ្វីដែល​ជា​មធ្យោ​បាយ​ល្អ​បំផុត​ និង​​បញ្ចៀស​​នូវ​បញ្ហា​​ទាំង​នេះ​​ បន្ត​​ក្នុងនាមជាអ្នក​បច្ចេក​ទេស ​​​ខ្ញុំ​សង្ឃឹម​ថា គណៈ​កម្មាធិការ​ JBC​​ ភាគីថៃ​ នឹង​សហការ​បញ្ជូន​​​ក្រុម​វាស់វែងចម្រុះ​ ​ឆាប់​ចុះ​ធ្វើ​ការ​នៅ​លើ​​ដី​ជាក់​​ស្តែង ​​បន្តការងារ​ដូចកាលពីមុនមាន​សង្គ្រាម​ទាំងពីរលើក​»

បន្ថែមពីនេះ លោក​គូសបញ្ជាក់ថា កម្ពុជា​មិន​ទទួល​ស្គាល់​ខ្សែ​ព្រំដែន​ណាមួយ ​ដែល​​​កើតឡើង​ពី​ការ​ប្រើ​កម្លាំង ​ឬកើតចេញពីការ​គូស​ផែន​ទីជាឯកតោ​ភាគី​​នោះទេ ​ទាំងពេល​កន្លងមក​ ​បច្ចុប្បន្ន ​និងតទៅ​អនា​គត។

ចំណែក ​​លោក​ ម៉ែន ណាត ​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ក៏បាន​ប្រាប់​វីអូឌីនៅ​ថ្ងៃទី​២ ខែ​កក្កដា​​ នេះ​ផង​​ដែរ​​ថា ការ​ដែល​កម្ពុជា ​នៅ​តែមិន​ទាន់​​ប្តឹងថៃ ​​​ទៅ​តុលាការ​អន្តរជាតិ ​​អាច​ទំនង​មក​ពី​​រដ្ឋា​ភិបាល​លោក ​ហ៊ុន ម៉ា​ណែត ខ្លាច​​ថៃ​បើក​ការ​វាយ​ប្រហារ​មក​លើ​កម្ពុជា​ជាថ្មីទៀត​​ ខណៈ​កន្លង​មក​ថៃ​ ​តែង​តែបាញ់​គំរាម​នៅ​តាម​ព្រំដែន​ នៅ​ពេល​ដែល​លោក ​ហ៊ុន ម៉ាណែត និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាលកម្ពុជា​​ដទៃ​ទៀត ​​បាន​ថ្លែង​ទៅ​កាន់​វេទិកា​រអន្តរជាតិ​ថា ​ថៃឈ្លានពាន​កម្ពុជា។

លោកថា ៖ «បើ​កម្ពុជា​បន្តបកអាក្រាត​ថៃ ​​ហើយ​បើកម្ពុជា​ដាក់​ពាក្យ​ប្តឹងថៃ ​ទៅ​តុលាការអន្តរជាតិ​តែម្តង​ទំនង​​ជា លោក​ ហ៊ុន ម៉ាណែត ​ខ្លាចថៃ​ហ្នឹង​​វាយឈ្លានពាន​ជាថ្មី​ ​រួច​ទប់​ទល់​មិនបាន​​ជំរុញ​ដល់​ការ​បាត់​បង់​អំណាច​​ក្រុមគ្រួសារ ​ហ៊ុន។ អ៊ីចឹង​មូលហេតុ​ទី១ ​អាច​​ថា ទំន​ង​​រដ្ឋាភិ​បាល ​លោក ​​ហ៊ុន ម៉ាណែ​ត ​លោក​​ ហ៊ុន សែន ​ខ្លាច​បាត់​​អំណាច​ ​​បើ​​ប្តឹង​ថៃទៅ​​​ទីក្រុ​ង​​ឡាអេ​ ​ហើយ​​​ថៃ​ពង្រីក​ការ​​ឈ្លាន​ពាន ឬ​ក៏​ធ្វើ​ការ​​វាយ​ប្រហារ​ម្តង​ទៀត​ ​​​​ជា​សង្គ្រាម​​ជុំ​​ទី​៣ ​អាច​​ជំរុញ​​ដល់​ការ​​បាត់​​អំណាច​។ ចំណុចទី២ ​អាច​​រដ្ឋាភិ​បាល​​កម្ពុជា​ នឹង​​អាច​​ធ្វើ​ការ​​សម្រេច​ចិត្ត​មិន​​​ច្បាស់​លាស់ មិន​​ដឹ​ងថា​​​ជ្រើស​រើស​ផ្លូវណាពិតប្រាកដ​ ដើម្បី​តវ៉ា​ជាមួយថៃ។ ចំណុចទី​២​ នេះ​អាច​​ថា រដ្ឋាភិបាល​ទន់​ខ្សោយ ​ខ្វះការសម្រេច​ចិត្ត​ត្រឹមត្រូវ​មួយ ក្នុងការ​ទាម​ទារ​រក​យុត្តិធម៌ ក្នុងការ​ដាក់​សម្ពាធ​ថៃ​ ឱ្យ​ថៃ​ដក​កង​ទ័ព​ចេញពីកម្ពុជា​»

សម្រាប់​អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​រូប​នេះ ​ការ​ដាក់​សម្ពាធថៃ​ បាន ​គឺមាន​តែការ​ប្រើ​យន្តការច្បាប់​អន្តរជាតិ​​ ដូច​​​ជា​ការ​ប្តឹង​ថៃ ​ទៅ ​​ICJ ប្តឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ICC ​ប្តឹងទៅ​សហ​ប្រធាន​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​​ទីក្រុង​ប៉ារីស និង​ ប្តឹង​ទៅគ្រប់​​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ដ៏ទៃ​​ទៀត ​​ឱ្យ​បាន​ខ្លាំង​ក្លាបំផុត​ មិន​មែន​​គេ​ចូល​​ឈ្លានពាន​កាន់​កាប់ដី​ រហូត​ដល់​ ៧០ ​ទី​តាំង​ទៅ​ហើយ បែរ​​ជា​នៅ​​អង្គុយ​ចេញ​កំណត់​​ទូត ​​​​​ឬសូត្រ​កំណត់​ទូត​ធម្មតាៗ និង​ធ្វើ​ត្រឹម​ថ្កោល​ទោស​ថៃ ដូចរដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត​ បាន​និងកំពុង​ធ្វើ​​ដូច​បច្ចុប្បន្ន​នេះ​​​ទេ​។

សម្រាប់ ​លោក ​វន ចាន់ឡូត ​អ្នក​សិក្សា​ផ្នែក​ច្បាប់ ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ ​នៅ​ថ្ងៃទី​១​ ខែ​កក្កដា ​​ថា ការ​ដាក់​ចេញ​​នូវ​​យន្ដ​ការ​សន្ដិ​វិធី​ អាច​នឹង​មាន​ប្រសិទ្ធ​ភាព ​ក្នុង​ករណី​ភាគី​ថៃ គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ ទាំង​ពីរលើក​កន្លង​មក​។ ផ្ទុយ​ម​ក​វិញ ភាគី​ថៃ​មិន​ត្រឹម​តែ​មិន​គោរព​ទេ ថែម​ទាំង​បាន​បំពាន និង​កំពុង​បន្ដ​បំពាន​លើ​ដែន​អធិ​ប​តេយ្យ​កម្ពុជា ​ដោយ​មិន​ញញើត និង​មិន​ខ្វល់​ពី​ការ​អំពាវ​របស់​កម្ពុជា​ថែម​ទៅ​ទៀត។

លោក​បន្តថា ​ការបន្ដឈ្លានពានមិនឈប់ឈរនេះហើយ ដែល​តម្រូវ​ឱ្យ​កម្ពុជា គួរ​ពិចារណា​ពី​ការ​ដាក់​ចេញ​យន្ដ​ការ​សន្ដិ​វិធី ដោយ​អាច​ជំនួស​មក​វិញ​ នូវ​ការ​ប្រើ​កម្លាំង​យោធា​ ទៅ​ទប់​ស្កាត់។ ការ​ទប់​ស្កាត់​នេះ មិន​នាំ​ឱ្យ​កម្ពុជា ជា​អ្នក​បំពាន​បទ​ឈប់​បាញ់ ឬ​ទទួល​ការ​រិះ​គន់​ពី​អន្ដរ​ជាតិ​ទេ ប៉ុន្ដែ​វា​ជា​ការ​​ឆ្លើយ​តប ​ដើម្បី​ការ​​ពារ​អធិប​តេយ្យ​ពី​ការ​ឈ្លាន​ពាន និង​ការ​ការ​ពារ​ខ្លឹម​សារ​នៃ​បទ​ឈប់​បាញ់ ដោយ​តម្រូវ​ឱ្យ​ថៃ​ ត្រូវ​តែ​គោរព​ដូច​គ្នា។

អ្នក​វិភាគ​រូប​នេះ​ បញ្ជាក់​ទៀតថា ត្រឹមតែប្រកាសមិនទទួលស្គាល់​មិន​គ្រប់​គ្រាន់​ទេ ហើយ​ក៏​មិន​បង្ហាញ​ពី​ការ​តាំង​ចិត្ត​​មួយ​​របស់​​លោក ហ៊ុន ម៉ាណែត ចំពោះ​កិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី​របស់​ខ្លួន​បាន​ដែរ។ លើស​ពី​នេះ​ ការ​បន្ដ​រក្សា​ជំហរ​​ដូច​សព្វ​ថ្ងៃ​របស់​កម្ពុជា អាច​នឹង​ក្លាយ​ទៅ​ជា​ការ​គប់​គិត​កាត់​ទឹក​ដី​ដោយ​ចេតនា ឬ​អចេតនា ហើយ​ជា​ការ​ផ្ដល់​​ឱកាស និង​លទ្ធ​ភាព​ឱ្យ​ភាគី​ថៃ ​សម្រេច​តាម​គោល​បំណង​របស់​ខ្លួន៕

Mr Richard Rogers, an international lawyer. (Photo: RFA Khmer - Cambodia 2015)
Mr Richard Rogers, an international lawyer. (Photo: RFA Khmer – Cambodia 2015)
ថៃ​ធ្វើរបងបេតុងព្រំដែនជាឯកតោ​ភាគី នៅ​ចន្លោះបង្គោល​លេខ ៥២​, ៥៣ និងលេខ ៥៤ ក្នុងស្រុកកំរៀង ខេត្ត​បាត់ដំបង (ជាប់ស្រុក​ពោងណាំរ៉ន ខេត្តចន្ទបុរី ថៃ)។ រូបភាព​ថ្ងៃទី​ ២៧ មិថុនា ២០២៦។ /ភ្ជាប់រូបថត​លោក ម៉ែន ណាត លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន។
ថៃ​ធ្វើរបងបេតុងព្រំដែនជាឯកតោ​ភាគី នៅ​ចន្លោះបង្គោល​លេខ ៥២​, ៥៣ និងលេខ ៥៤ ក្នុងស្រុកកំរៀង ខេត្ត​បាត់ដំបង (ជាប់ស្រុក​ពោងណាំរ៉ន ខេត្តចន្ទបុរី ថៃ)។ រូបភាព​ថ្ងៃទី​ ២៧ មិថុនា ២០២៦។ /ភ្ជាប់រូបថត​លោក ម៉ែន ណាត លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន។
រូបថត៖ លោក ជុំ លាង លោកស្រី ទិត គឹមហ៊ុន និងលោក អ៊ូ សាម៉ាឌី។ (ខែកុម្ភៈ ២០២៦)
រូបថត៖ លោក ជុំ លាង លោកស្រី ទិត គឹមហ៊ុន និងលោក អ៊ូ សាម៉ាឌី។ (ខែកុម្ភៈ ២០២៦)

#####


តុលាការ ICC កោះហៅ​តំណាង​រដ្ឋាភិបាល​ក្រៅប្រទេស ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​ថៃ ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម

TFA Khmer /ដោយលោក ហេង ស្រស់
03rd-7-2026

មន្ត្រី​រដ្ឋាភិបាល​និរទេស​ឲ្យ​ដឹង​ថា រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ហៅ​កាត់​ថា (ICC) បាន​កោះហៅ​តំណាង​រដ្ឋាភិបាល​ឯករាជ្យ​២៣​តុលា​ ឲ្យ​ទៅ​បំភ្លឺ ពាក់ព័ន្ធ​នឹង​ពាក្យបណ្ដឹង ដែល​រដ្ឋាភិបាល​ឯករាជ្យ​២៣​តុលា បាន​ប្ដឹង​ភាគី​ថៃ​អំ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។ តំណាង​រដ្ឋាភិបាល ឯករាជ្យ​២៣​តុលា ចាត់ទុកថា នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ ដែល​រងគ្រោះ​ពី​សង្គ្រាម​ឈ្លានពាន​កន្លង​ទៅ។ អ្នកឃ្លាំមើល​កម្ពុជា​ថា ពលរដ្ឋ​ខ្មែរ​គួរ​សាទរ​នូវ​ដំណឹង​នេះ ហើយ​ត្រូវ​រួមគ្នា​​ដើម្បី​ទឹកដី​កម្ពុជា មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ឡើយ។

ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អស់​រយៈពេល​ ៥ ​ខែ​រួម​មក ខាង​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​កោះហៅ​តំណាង​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ឲ្យ​ទៅ​ជួប​ ដើម្បី​ជជែក​ពាក់ព័ន្ធ​នឹង​បណ្ដឹង ដែល​បាន​ប្ដឹង​មេដឹកនាំ​ថៃ និង​យោធា​ថៃ អំពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដោយសារ​យោធា​ថៃ​ បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់​អន្តរជាតិ​ជាច្រើន​ ទៅលើ​សាលារៀន ផ្ទះសម្បែង និង​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ ​ស្លាប់​ទាំង​ចាស់ ទាំង​ក្មេង ជាច្រើន​នាក់។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍​ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០២ ខែ​កក្កដា​ ថា រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​កោះហៅ​តំណាង​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ​និង​មេធាវី​អន្តរជាតិ ​អោយ​ទៅ​ជួប​នៅ​ចុងខែ​សីហា ​ឆ្នាំ​២០២៦ នៅ​ទីស្នាក់ការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់​ អំពី​បណ្តឹង​របស់​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ដែល​បាន​ប្តឹង​មេដឹកនាំ​ថៃ​ និង​មេដឹកនាំ​យោធា​ថៃ ​ទៅ ICC កាលពី​ខែកុម្ភៈ ស្ដីពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ដែល​យោធា​ថៃ​ បាន​ទម្លាក់​គ្រាប់បែក​លើ​ជនរងគ្រោះ​ខ្មែរ ផ្ទះសម្បែង ប្រាសាទខ្មែរ​ និង​សាលារៀន ជាដើម​។ លោក​ថា នេះ​ជា​ជំ​ហ៊ាន​ដំបូង និង​ជា​ដំណឹង​ល្អ​ សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​តុលាការអន្តរជាតិ​មួយ​នេះ ចាប់អារម្មណ៍​នឹង​ពាក្យបណ្ដឹង​របស់​ពួក​លោក ហើយ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា នឹង​យក​ភស្តុតាង ​ទៅ​បង្ហាញ​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កោះហៅ​មេដឹកនាំ​ថៃ និង​មេ​យោធា​ថៃ មក​សាកសួរ និង​ឈាន​ដល់​ប្រកាស​សាលក្រម។

លោក អ៊ុំ សំអាន ៖ «ប្រសិនបើ​យើង​បង្ហាញ​ភស្តុតាង​ឯកសារ​គ្រប់គ្រាន់ តុលាការ​អាច​នឹង​បើក​ការស៊ើបអង្កេត នឹង​ចោទប្រកាន់​មេដឹកនាំ​ថៃ ហើយ​បើកសវនាការ កាត់ក្ដី​ទៅលើ​រឿង​នឹង មេដឹកនាំ​យោធា​ថៃ នឹង​សង​សំណង​មកដល់​ពលរដ្ឋ​ខ្មែរ​ ដែល​ជា​ជនរងគ្រោះ នឹង​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ ប្រាសាទខ្មែរ​ជាដើម យើង​សង្ឃឹមថា​អាច​ទទួល​បាន​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​ប្រទេស​ខ្មែរ ហើយក៏​ជា​ការ​ទប់ស្កាត់​ថៃ ​មិន​ឲ្យ​ឈ្លានពាន​ទឹកដី​ខ្មែរ​បន្ថែម​ទៀត»។

លោក អ៊ុំ សំអាន អះអាង​ទៀត​ថា រដ្ឋាភិបាល​របស់​លោក នឹង​ទាមទារ​សំណង​ជូន​ពលរដ្ឋ​ខ្មែរ​ ដែល​បាត់បង់​ទ្រព្យសម្បត្តិ​វិញ​ទាំងអស់ និង​ទាមទារ​ទឹកដី ​ដែល​យោធា​ថៃ​ កំពុង​កាន់កាប់​ត្រឡប់មកវិញ​។ លោក​ថា ការដែល​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​ ដាក់​ពាក្យបណ្ដឹង​នេះ ដោយសារតែ​រដ្ឋាភិបាល​ត្រកូល ​ហ៊ុន ហាក់​គ្មាន​ឆន្ទៈ​ប្ដឹង​ភាគី​ថៃ​ ទៅ​តុលាការអន្តរជាតិ​នោះ​ឡើយ។

កាលពី​ថ្ងៃទី​៤ ខែ​កុម្ភៈ​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា សម្រេច​ដាក់​បណ្តឹង​ជា​ផ្លូវការ ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​(ICC) ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល របស់​លោក ហ៊ុន ម៉ាណែត ទទួល​ខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នា​ពេល​កន្លងមក​។ ការ​ដាក់​បណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ កាលនោះ ធ្វើឡើង​តាមរយៈ​មេធាវី​អន្តរជាតិ​។​ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា បញ្ជាក់​ថា ចំពោះ​រដ្ឋាភិបាល និង​កងទ័ព​ថៃ ត្រូវ​ទទួល​ខុសត្រូវ​លើ​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​ថៃ ដូចជា​ការវាយប្រហារ​លើ​គោលដៅ​ជន​ស៊ីវិល និង​ទៅលើ​គោលដៅ​យោធា ​ដែល​បង្ក​ការខូចខាត​ដល់​ជន​ស៊ីវិល​ច្រើន​លើសលប់។ បន្ថែម​ពី​នេះ កងទ័ព​ថៃ ត្រូវ​ទទួលខុសត្រូវ​លើ​ការប្រើប្រាស់​អាវុធ​ធន់​ធ្ងន់ គ្រាប់បែក​ចង្កោម និង​អាវុធ​គីមី ដែល​បំពាន​អនុសញ្ញា​អន្តរជាតិ ហើយ​បាន​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ជីវិត និង​សុខភាព​របស់​កងទ័ព​កម្ពុជា និង​ជន​ស៊ីវិល រួម​ទាំង​កុមារ​ផង បំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ អាគារ​សាធារណ​: សាលារៀន មន្ទីរពេទ្យ និង​ប្រាសាទបុរាណ​ខ្មែរ​ ដូចជា​ប្រាសាទព្រះវិហារ និង​ប្រាសាទ​តា​ក្របី​ ជាដើម។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ឲ្យ​ដឹង​ដែរ​ថា ចំពោះ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត វិញ ពួកគេ ត្រូវ​ទទួលខុសត្រូវ​លើ​ផ្នែក​ឧក្រិដ្ឋកម្ម​លើ​ជន​ស៊ីវិល​ ដែល​ត្រូវ​បាន​ជួញដូរ​ និង​ឃុំខ្លួន នៅក្នុង​មជ្ឍ​មណ្ឌល​ឆបោក ក្រោម​ការ​ការពារ​ដោយ​រដ្ឋ ដោយ​មូលហេតុ​ទុក​ឲ្យ​ពួកគេ ​ប្រឈម​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​ខុសច្បាប់​។ ទោះបីជា​បានដឹង​ពី​ការវាយប្រហារ​របស់​ក​ង​ទ័ព​ថៃ​ក្តី ក៏​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិនបាន​ជម្លៀស​ជន​ស៊ីវិល​ទាំងនោះ ចេញពី​មជ្ឈមណ្ឌល​ឆបោក​ឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​គួរ​នាំគ្នា​សាទរ​ នូវ​ដំណឹង​នេះ ដើម្បី​រួមគ្នា​ការពារ​ទឹកដី មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ឡើយ ហើយ​លោក​លើកទឹកចិត្ត​ ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ធ្វើ​កិច្ច​ការងារ​ទាំងអស់​នេះ​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC កោះហៅ​ភាគី​ថៃ មក​សារ​សួរ រហូតដល់​ជម្រះក្ដី​ក្ដាំ​មួយ​នេះ។

លោក​ថា ប្រសិនបើ​ករណី​សំណុំ​រឿង​នេះ ​បាន​បញ្ជូន​ទៅ​ដល់ដៃ​ប្រធាន​តុលាការ រួច​កោះហៅ​ភាគី​ថៃ ពីរ​ទៅ​បី​ដង ដើម្បី​ចូល​បំភ្លឺ ហើយ​ភាគី​ថៃ​មិន​ព្រម​ចូល នៅ​ពេល​នោះ ​គឺ​រដ្ឋាភិបាល​ក្រៅប្រទេស​មួយ​នេះ​ នឹង​ឈ្នះក្ដី។

លោក ម៉ែន ណាត ៖ «សំណុំរឿង​នេះ ​វា​មាន​ផល​វិជ្ជមាន​សម្រាប់​ភាគី​កម្ពុជា មិន​ចំពោះ​ភាគី​រដ្ឋាភិបាល​ក្រៅប្រទេស​នោះ​ទេ ឲ្យ​តែ​ជា​បណ្ដឹង ប្ដឹង​ថៃ​ ដែល​ឈ្លានពាន​កម្ពុជា​នឹង ជា​វិជ្ជមាន​សម្រាប់​ខ្មែរ​យើង​ទាំងអស់ ហើយ​បងប្អូន​ខ្មែរ​យើង​ចូលរួម​ត្រេកអរ​ទៅ ហើយ​លើកទឹកចិត្ត​ទៅដល់​ក្រុមការងារ​ដាក់ពាក្យ​បណ្ដឹង​ហ្នឹង កុំ​ប្រកាន់​និន្នាការ​នយោបាយ នាំ​តែ​សៅម៉ង​ដល់​ជាតិ ខណៈ​ពេល​ដែល​កម្ពុជា​ រង​ការឈ្លានពាន​ពី​ភាគី​ថៃ ​យ៉ាងនេះ»។

បច្ចុប្បន្ន​ទឹកដី​ខ្មែរ​ជាច្រើន​ទីតាំង ដែល​ភាគី​ថៃ​បាន​កាន់កាប់ ដោយ​ខុសច្បាប់ រាប់​តាំងពី​ដែនសមុទ្រ រហូតដល់​ដែន​គោក អស់​រយៈពេល​ ១​ ឆ្នាំ​មកនេះ ភាគី​ថៃ​បាន​បម្លែង​ទីតាំង​នោះ ឱ្យ​ក្លាយជា​តំបន់ របស់​យោធា​ថៃ និង​របស់​ប្រទេស​ថៃ ជា​អចិន្ត្រៃយ៍ ដូចជា​ការ​កសាង​មូលដ្ឋាន​កងទ័ព តំបន់​ទី​គោរព​បូជា មាន​ដូចជា ព្រះពុទ្ធ​បដិមា​ជាច្រើន​កន្លែង និង​សាងសង់​ផ្លូវ​បេតុង​ខ្វាត់ខ្វែង នៅ​តាម​ជូរ​ភ្នំ​ដងរែក តំបន់​បឹង​ត្រកួន ​ខេត្តបន្ទាយមានជ័យ និង ​តំបន់​ថ្មដា ខេត្តពោធិ៍សាត់ ជាដើម ដើម្បី​ឱ្យ​ងាយស្រួល​ក្នុង​ចល័ត​ទ័ព និង​បើកបរ​រថពាសដែក​។ រីឯ នៅ​តាម​បន្ទាត់​ព្រំដែន​វិញ តំបន់​ខ្លះ ​ភាគី​ថៃ​ បាន​សាងសង់របង​បេតុង កម្ពស់​ជិត ​៣ ​ម៉ែត្រ ពង្រាយ​កុងតឺន័រ និង ជីក​ប្រឡាយ ដែល​មាន​ជម្រៅ​ជ្រៅ ដើម្បី​ការពារ​កុំឱ្យ​រថពាសដែក ​ឬ រថក្រោះ​ខ្មែរ អាច​ឆ្លងកាត់​បាន៕

Photo: Anwar Ibrahim - Anutin Charnvirakul - Hun Manet - Donald Trump
Photo: Anwar Ibrahim – Anutin Charnvirakul – Hun Manet – Donald Trump.