capturec-e1536455581279.png

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិថា​ កម្ពុជា​​ក្លាយ​ជា​រដ្ឋ​ឯកបក្ស​ និង​ផ្ដាច់ការ​​ជា​ផ្លូវការ


(វិទ្យុអាស៊ីសេរី RFA / 08-9-2018 /ដោយ មួង ណារេត)
មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ថា​កម្ពុជា​ឥឡូវនេះ ក្លាយ​ជា​រដ្ឋ​ឯកបក្ស និង ផ្ដាច់ការ​ជា​ផ្លូវ​ការ​ហើយ ក្រោយ​លោក ហ៊ុន សែន បើក​កិច្ចប្រជុំ គណៈរដ្ឋមន្ត្រី លើកដំបូង នៃ​របប​ថ្មី​នេះ។

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ចង់​ប្រើ​ភាសា​នេះ​ទេ ប៉ុន្តែ តថភាព​ជាក់ស្ដែង ដែល​កំពុង​កើតមានឡើង​នៅ​កម្ពុជា​សព្វថ្ងៃ គឺ​គ្មាន​អ្វី​អាច​ប្រកែក​បាន។ លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា ទៅ​រក​គ្រោះថ្នាក់ ផ្នែក​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ៖ «កម្ពុជា​ឥឡូវនេះ មិន​ត្រឹមតែ​ដឹកនាំ​ដោយ​របប​ឯក​បក្ស​ទេ គឺជា​របប​ផ្ដាច់ការ​ផង​ដែរ។ ខ្ញុំ​មិន​ចង់​និយាយ​បែបនេះ​ទេ ប៉ុន្តែ​គ្មាន​ពាក្យ​អ្វី​ក្រៅ​ពី​នេះ ដើម្បី​ពិពណ៌នា​អំពី​កម្ពុជា។ ខ្ញុំ​មិន​ចង់​ឃើញ​បែបនេះ​ទេ។ ខ្ញុំ និង​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ ជាច្រើន​ទៀត បាន​ខំប្រឹង​តស៊ូ​យ៉ាង​ស្វិតស្វាញ ដើម្បី​នាំមក​នូវ​លទ្ធិប្រជាធិបតេយ្យ ជូន​ពលរដ្ឋ​ខ្មែរ។ ប៉ុន្តែ ជា​អកុសល អ្វីៗ​ត្រូវ​បញ្ចប់​ក្រោម​ការរៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​បែបនេះ»។

មន្ត្រី​សិទ្ធិមនុស្ស ដែល​តាម​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាង​ម្ភៃ​ឆ្នាំ​ចុង​ក្រោយនេះ បន្ត​ទៀត​ថា លោក​ប្រមើល​ឃើញ​នូវ​គ្រោះថ្នាក់​ធំ របស់​ប្រទេស និង​ប្រជាជាតិ​ខ្មែរ ដោយសារតែ​ការ​ក្តោបក្តាប់​អំណាច​រដ្ឋ​ផ្តាច់​មុខ ដោយ​លោក ហ៊ុន សែន បក្សពួក និង​ក្រុមគ្រួសារ ក្នុង​ស្ថានភាព​ដែល​អ្នកគាំទ្រ​បក្ស​ប្រឆាំង ច្រើន​លើសលប់ ត្រូវ​ផាត់​ចោល។ អស់​មាន​អ្នក​ដែល​អាច​ជា​កញ្ចក់ ដើម្បី​ឆ្លុះ​បញ្ជាំង​អំពើ​អសកម្ម​របស់​របប​នេះ​បាន៖ «លោក ហ៊ុន សែន សម្រេច​អ្វី​គ្រប់យ៉ាង តែម្នាក់​ឯង។ ប្រទេស​នេះ ស្ថិត​ក្នុង​ស្ថានភាព ដែល​មាន​បក្ស​ដទៃ​ស្អេកស្កះ តែ​គ្រាន់តែ​លម្អ​ឆាក ដែល​គ្មាន​ភាព​ក្លាហាន ឬ​គ្មាន​ឆន្ទៈ ក្នុង​ការ​តតាំង​នឹង​របប​នេះ។ នេះ​គឺជា​វាសនា​អភ័ព្វ​នៃ​អនាគត​កម្ពុជា។ ខ្ញុំ​មិន​អាច​ទាយ​ទុក​បាន ថា​ស្ថានភាព​បែបនេះ នឹង​អាច​បន្ត​នៅ​យូរ​បាន​ប៉ុនណា​នោះ​ទេ។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​ដឹង​ច្បាស់ គឺ​ពលរដ្ឋ​ខ្មែរ​ស្ទើរតែ​ទាំងអស់ មិន​គាំទ្រ​របប​ផ្ដាច់ការ​បែបនេះ​ទេ។ ពលរដ្ឋ​ជាច្រើន បាត់បង់​សិទ្ធិ និង​អំណាច​ក្នុង​ការ​សម្រេចចិត្ត​របស់​ខ្លួន​អស់​ទៅ​ហើយ។ តើ​ប្រជាធិបតេយ្យ ដែល​យក​រាស្ត្រ​ជាធំ នៅ​មាន​ន័យ​អ្វី​ទៀត

លោក ប្រ៊ែដ អាដាម បាន​ព្រមាន​លោក ហ៊ុន សែន និង​របប​នេះ ថា​ថ្ងៃ​ណាមួយ ពលរដ្ឋ​ខ្មែរ ដែល​មិន​ពេញចិត្ត​នឹង​របៀប​ដឹកនាំ បែប​រំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​បែបនេះ នឹង​ក្រោក​តវ៉ា​ជាក់​ជាមិនខាន។ លោក​មិនដឹង​ថា ថ្ងៃ​ណា​នោះ​ទេ ប៉ុន្តែ កម្ពុជា​នឹង​ចៀស​មិន​ផុត ពី​ជួប​រឿង​អកុសល​បែបនេះ​នោះ​ឡើយ ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ច្រើន​លើសលប់ មិន​អាច​ទទួលយក​ស្ថានភាព​បែបនេះ​បាន​យូរ។

ប្រតិកម្ម​របស់​មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ ធ្វើឡើង​ក្រោយពេល លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុងភ្នំពេញ បាន​ចាប់ផ្ដើម​បើក​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ នៃ​របប​ថ្មី​របស់​ខ្លួន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ សីហា គឺ​ក្រោយពេល​គណៈរដ្ឋមន្ត្រី នៃ​របប​ថ្មី បាន​បិទ​បញ្ចប់​នីតិវិធី​បង្គ្រប់​កិច្ច នៅ​រដ្ឋសភា​ឯក​បក្ស​រួចរាល់។

កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៃ​របប​ថ្មី​នេះ ធ្វើឡើង​ក្រោយពេល ដែល​រដ្ឋសភា​ឯក​បក្ស កាលពី​ថ្ងៃ​ទី​០៦ សីហា បាន​នាំគ្នា​បោះឆ្នោត​ជា​កញ្ចប់ ឬ​លើកដៃ​ដើម្បី​ចែក​តំណែង​គ្នា បន្ទាប់​ពី​គណបក្ស​កាន់អំណាច បាន​ក្រសោប​យក​អាសនៈ​ទាំងអស់ គឺ​ទាំង ១២៥ អាសនៈ របស់​រដ្ឋសភា តាមរយៈ​ព្រឹត្តិការណ៍ ថ្ងៃ​ទី​២៩ កក្កដា ដែល​រង​ការរិះគន់ និង​ថ្កោលទោស​ជា​សាកល ថា​ជា​បោះឆ្នោត​ក្លែង​ក្លែង ដើម្បី​គ្រាន់តែ​បង្គ្រប់​កិច្ច ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ មើលឃើញ​ថា គណៈរដ្ឋមន្ត្រី​ថ្មី​នៃ​របប​ក្រុងភ្នំពេញ នឹង​មិន​អាច​បម្រើ​សុខទុក្ខ​របស់​ពលរដ្ឋ​បាន​ល្អ ជាង​គណៈរដ្ឋមន្ត្រី​ចាស់​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ ការ​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី​នៅ​ពេល​នេះ នឹង​ធ្វើ​ឲ្យ​របប​ក្រុងភ្នំពេញ ជួប​ប្រទះ​បញ្ហា​ធំ​២ គឺ បញ្ហា​ខាងក្នុង និង​បញ្ហា​ខាងក្រៅ។ បញ្ហា​ខាងក្នុង គឺ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ប្រទេស នឹង​ក្រៅ​ប្រទេស ដែល​មិន​ពេញ​ចិត្តនឹង​ការបោះឆ្នោត​បែប​បង្គ្រប់​កិច្ច នឹង​មិន​ទទួលស្គាល់​របប​ថ្មី។ ឯ​បញ្ហា​ខាងក្រៅ​គឺ សហគមន៍​អន្តរជាតិ អាច​នឹង​កាន់តែ​ថ្កោលទោស ឬ​ពន្លឿន​សម្ពាធ​មក​លើ​របប​ថ្មី​នេះ។

កញ្ញា លី ស្រីស្រស់ យល់ថា គណៈរដ្ឋមន្ត្រី​ថ្មី នៃ​របប​ក្រុងភ្នំពេញ នឹង​ពិបាក​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ កុំ​ឲ្យ​ដាក់​សម្ពាធ​ណាស់ ព្រោះ​សហគមន៍​អន្តរជាតិ មាន​ភស្តុតាង និង​ភ្នាក់ងារ​ឃ្លាំមើល​ស្ថានភាព​កម្ពុជា ​គ្រប់​ជ្រុងជ្រោយ។ «»

ចំណែក គណបក្សប្រឆាំង ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ ពី​របប​ក្រុងភ្នំពេញ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ពី​ក្រៅ​ប្រទេស ប្រកាស​មិន​ទទួលស្គាល់​សភា និង​រដ្ឋាភិបាល ដែល​បាន​កើត​ចេញពី​ការបោះឆ្នោត​ក្លែងក្លាយ ដែល មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ឡើយ ហើយក៏​ពុំ​អាច​ធ្វើជា​តំណាង​ឲ្យ​ពលរដ្ឋ ខ្មែរ​ទាំងមូល​បាន​ដែរ ព្រោះ​ឆន្ទៈ​ខ្មែរ​ប្រមាណ​ពាក់កណ្ដាល​ប្រទេស​ត្រូវ​បាន​បិទមាត់ ដោយសារតែ​ការ​ផាត់​ចោល​គណបក្ស​នេះ មិន​ឲ្យ​ចូលរួម​ប្រកួតប្រជែង ក្នុង​ការ​បោះឆ្នោត កាលពី​ថ្ងៃទី២៩ ខែ កក្កដា កន្លង​ទៅ​នេះ។

នៅ​ក្រោយ​ការចែក​តំណែង​ឲ្យ​គ្នា​ទៅវិញទៅមក​រួចរាល់ ក្រុម​មេដឹកនាំ​ជាន់ខ្ពស់ នៃ​គណបក្ស​កាន់អំណាច បាន​ផ្ញើ​សារ​អបអរសាទរ​គ្នា​ទៅ​វិញ​ទៅមក។ ប៉ុន្តែ នៅ​មិនទាន់​ឃើញ​បណ្ដា​សហគមន៍​អន្តរជាតិ ឬ ប្រទេស​ម្ចាស់​ជំនួយ​ធំៗ​របស់​កម្ពុជា ផ្ញើ​សារ​អបអរសាទរ ការ​កាន់​តំណែង​របស់​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ នៅ​អាណត្តិ​ថ្មី​ទេ គឺ​មាន​តែ​សារ​ព្រួយបារម្ភ និង​សារ​ថ្កោលទោស៕