បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​ ថ្កោលទោស​សភា​ឯកបក្ស ដែល​អនុម័ត​សន្ធិសញ្ញា​បំពេញ​បន្ថែម​ ឆ្នាំ២០១៩

(RFA Khmer /ដោយ សេក បណ្ឌិត / 05 th-11-2019)
អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​បញ្ហា​កម្ពុជា ថ្កោល​ទោស​​រដ្ឋសភា​​របប​​ក្រុង​ភ្នំពេញ ដែល​​សម្រេច​​​អនុម័ត​​សេចក្តីព្រាង​​ច្បាប់​​ ស្តី​ពី​ការ​អនុម័ត​យល់​ព្រម​លើ​ សន្ធិសញ្ញា​បំពេញ​បន្ថែម ​ឆ្នាំ២០១៩ ទាក់ទង​នឹង​បញ្ហា​ព្រំដែន ​ជាមួយ​ប្រទេស​វៀត​ណាម។ រដ្ឋសភា ​ថា​មតិ​រិះគន់​ទាំង​ឡាយ​ អំពី​រឿង​សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ មិន​អាច​យក​ជា​ការ​បាន​ឡើយ ព្រោះ​ជា​ការ​កេង​ចំណេញ​នយោបាយ។

អ្នក​តាម​ដាន​​បញ្ហា​ព្រំដែន​ បញ្ចេញ​ប្រតិកម្ម​​ខ្លាំងៗ ចំពោះ​​រដ្ឋសភា​​របប​ក្រុង​​​ភ្នំពេញ ដែល​ផ្តល់​​សច្ចាប័ន​​លើ​ សន្ធិ​សញ្ញា​​​បំពេញ​បន្ថែម​ ឆ្នាំ២០១៩ ដែល​​ពួក​គេ​​អះអាង​ថា បាន​​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​​បូរណភាព​​ទឹក​ដី​ខ្មែរ។

តំណាង​រាស្ត្រ​ ពី​​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន ​ថ្លែងថា ការ​អនុម័ត​​យល់​​ព្រម​​​របស់​​សភា​​ឯកបក្ស​ នៅ​​ពេល​នេះ មានន័យ​ស្មើ​នឹង «​​កាត់​ទឹកដី​ខ្មែរ​ទៅ​ឱ្យ​វៀតណាម» ​តាម​​សំណើ​​របស់​​លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​​​ត្រូវ​វៀតណាម​ លើក​បន្តុប​ឱ្យ​កាន់​អំណាច​ តាំងពី​ដើម​ទ​ស្សវត្សរ៍​​ទី៨០ មក​នោះ។ លោក​អះអាង​ថា សន្ធិ​សញ្ញា​កំណត់​ព្រំដែន​រដ្ឋ ​ឆ្នាំ១៩៨៥ ធ្វើ​ឡើង​​ក្នុង​​ពេល​​ដែល​​កម្ពុជា​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​របស់​​វៀតណាម ដូច្នេះ​សន្ធិសញ្ញានេះ និង​​សន្ធិសញ្ញាបំពេញ​បន្ថែម​​ផ្សេង​ទៀត ដែល​​របប​លោក ហ៊ុន សែន បាន​​ចុះ​ហត្ថលេខា​​ទទួល​ស្គាល់​​ជាមួយ​ភា​គី​វៀត​ណាម ​រហូត​មក​ដល់​ពេល​នេះ សុទ្ធសឹង​តែ​ជា​សន្ធិសញ្ញាខុស​​ច្បាប់ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ «ការ​អនុម័ត​​នៅ​ថ្ងៃនេះ​ ត្រូវ​ទុក​​ជា​​មោឃៈ មិន​អាច​យក​​ជា​ការ​​បាន​ទេ ដោយសារ​​រដ្ឋ​សភា​​ហ្នឹង​ជា​​រដ្ឋ​សភា​ដែល​ខុស​ច្បាប់ រដ្ឋាភិបាល ​ក៏​ខុស​ច្បាប់​ដែរ។ ដូច្នេះ​នៅ​ពេល ​ដែល​​មាន​រដ្ឋ​សភា ដែល​​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហើយ​និង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​​សង្គ្រោះជាតិ​ យើង​​ត្រូវ​លុប​ចោល​​សន្ធិសញ្ញា​បំពេញ​ប​ន្ថែម ​ឆ្នាំ២០០៥ និង​សន្ធិសញ្ញា​​បំពេញ​បន្ថែម ទៅលើ​សន្ធិសញ្ញា​ ឆ្នាំ១៩៨៥ ដែល​រដ្ឋសភា​ បាន​អនុម័ត​ថ្ងៃនេះ​ ហើយ​យើង​នឹង​សើរើ​ការ​បោះបង្គោល​ព្រំដែន ​ជាមួយ​​យួន​ផង​ដែរ»

ចំណែក​​លោក ម៉ែន ណាត ប្រធាន​​​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ប្រទេស​​ន័រវេស (Norway) ថ្កោល​ទោស​​​រដ្ឋសភា​ ​របប​ក្រុង​​ភ្នំពេញ ​​ដែល​បាន​ផ្តល់​​សច្ចាប័ន​លើ​​​ សន្ធិសញ្ញា​បំពេញ​​បន្ថែម​ ឆ្នាំ​​២០១៩ នេះ ព្រោះ​លោក​​ពិនិត្យ​ឃើញ​ថា ការ​បោះបង្គោល​​ព្រំដែន​​កម្ពុជា​-វៀតណាម បាន​​៨៤% នោះ ធ្វើ​ឱ្យ​កម្ពុជា​ ​បាត់​ទឹក​ដី​ និង​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់។ លោក ​បន្ត​​ថា ទង្វើ​របស់​ក្រុម​មេ​ដឹក​នាំ​​របបក្រុង​ភ្នំពេញ​ ក្នុង​រឿង​ព្រំដែន​ ជាមួយ​​វៀត​ណាមនេះ នឹង​ត្រូវ​កូន​​ចៅខ្មែរ​ជំនាន់​ក្រោយ ​ជេរស្តី ព្រោះ​នេះ​​​ជា​ការ​កាត់​ទឹកដី​ឱ្យ​​បរទេស​ ដែល​ជា​ទង្វើ​ក្បត់​ជាតិខ្លួន​ឯង

ទោះជាយ៉ាងណា លោក ម៉ែន ណាត ​​មាន​សុទិដ្ឋិនិយម​ថា សន្ធិសញ្ញា​​​​មិន​​​ស្រប​​​ច្បាប់​​ទាំង​ឡាយ​ រវាង​​របបលោក ហ៊ុន សែន ជាមួយ​​ភាគី​វៀតណាម នឹង​ត្រូវ​លុប​​ចោល​ នៅពេល​កម្ពុជា​ មាន​រដ្ឋាភិបាល​​ស្រ​បច្បាប់​មួយ ​​ដែល​គិត​ពី​​ប្រយោជន៍​​ជាតិ​​ជាធំ៖ «យ៉ាង​ណា​ក៏​ដោយ ក៏​យើង​មិន​អាច​ទទួល​ស្គាល់ មិន​អាច​យល់​ស្រប ​ចំពោះ​ការ​យល់​ព្រម​ណា​មួយ​ ទៅ​លើ​លទ្ធផល​​នៃ​​ការ​បោះ​​បង្គោល​​ព្រំដែន​​ហ្នឹង ហើយ​និង​អ្វី​ដែល​រដ្ឋសភា​កម្ពុជា​បាន​ធ្វើ​ថ្ងៃ​នេះ។ យើង​សូម​ធ្វើ​ការ​ថ្កោល​ទោស​ដាច់​អហង្ការ​។ យើង​យល់​ថា របប​ឯកបក្ស​ហ្នឹង​គាត់​ធ្វើ​យ៉ាង​ណា ​ដើម្បី​យក​​ចិត្ត​​យក​ថ្លើម​តែ​វៀតណាម ដោយ​មិន​ខ្វល់​មិន​ខ្វាយ​​ពី​ការ​បាត់​បង់​​បូរណភាព​​ទឹក​ដី»

រដ្ឋសភា​របបក្រុង​ភ្នំពេញ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពីការ​អនុម័ត​​​យល់​​​ព្រម ​លើ​សន្ធិសញ្ញា​​​បំពេញ​​​បន្ថែម ឆ្នាំ​២០១៩ ដោយ​សំឡេង​​​គាំទ្រ​​​ទាំង​​ស្រុង​នៃ ​សមាជិក​សភា ​១១០ រូប​ ដែលចូល​រួម​​​ក្នុង​សម័យ​ ប្រជុំសភា​ពេញ​អង្គ នៅ​ថ្ងៃទី០៤ វិច្ឆិកា​។ សេចក្តីព្រាង​​ច្បាប់​នេះ ត្រូវ​បាន​​គណៈរដ្ឋ​មន្ត្រី​ អនុម័ត​យល់​ព្រម​ កាល​ពី​ថ្ងៃទី១១ តុលា និង​បញ្ជូនបន្ត​​មក​ឱ្យ​រដ្ឋសភា​អនុម័ត​ រយៈពេល​មួយ​​សប្តាហ៍​ បន្ទាប់​​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​កិច្ច​ព្រម​​ព្រៀង​​លើ​សន្ធិសញ្ញា​​បំពេញ​​បន្ថែម​ ​ឆ្នាំ​២០១៩​ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

អ្នក​នាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងថា ក្រោយ​​រដ្ឋ​សភា​​​អនុម័ត​​​​រួច​​​ហើយ សេចក្តី​​ព្រាង​​​ច្បាប់​​នេះ​នឹង​ត្រូវ​​​បញ្ជូន​​ទៅ ​ព្រឹទ្ធសភា​ ​ដើម្បី​ពិនិត្យ មុន​នឹង​​បញ្ជូន​បន្ត​​ទៅ​ព្រះមហាក្សត្រ ដើម្បី​ឡាយ​​ព្រះហស្តលេខា​ ទទួល​ស្គាល់​​​ជា​ផ្លូវ​ការ និង​ចូល​ជា​ធរមាន។ លោក​អះអាង​ថា សេចក្តី​ព្រាង​ច្បាប់នេះ កើត​ចេញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កំណត់​ព្រំដែន​ ជាមួយ​​​ប្រទេស​​វៀតណាម​ តាម​លក្ខណៈ​​បច្ចេក​ទេស​​ត្រឹម​ត្រូវ។ លោក​ ថ្លែង​ទៀត​ថា អ្នក​ដែល​រិះគន់​​រឿង​​សន្ធិសញ្ញា​​បំពេញ​​​បន្ថែម​ ​ឆ្នាំ២០១៩ នេះ គឺ​ជា​អ្នក​​ដែល​មាន​​បំណង​​បន្ទុច​បង្អាក់​​ដំ​ណើរ​ការ​​អភិវឌ្ឍ​ជាតិ៖ «ចំពោះ​អ្នក​​ដែល​​​ប្រឆាំង​នឹង​​សន្ធិ​សញ្ញា​​នេះ គឺ​ថា​គាត់​មិន​​បាន​គិត​អ្វី​​ឱ្យ​បាន​​ជ្រាល​​​ជ្រៅ​ទេ ប្រហែល​ជា​​​គាត់​ ចង់​ចំណេញ​​ខាង​​នយោបាយ។ កន្លងមក ក្នុង​ពេល​​ដែល​​យើង​ធ្វើ​ ក៏​យើង​មិន​មែន​ធ្វើ​ឆាប់​ដែរ យើង​​ធ្វើ​ជាង​ ១០ ឆ្នាំ​ ក៏​មាន​ការ​លំបាក​ដែរ ដោយសារ​ការ​ទៅ​រំខាន​​របស់​ពួក​អ្នក​​ ដែល​ចង់​​រំ​ខានហ្នឹង។ ដូច្នេះហើយ​​មតិ​​ដែល​ប្រឆាំង​​នឹង​សន្ធិសញ្ញា​នេះ គឺ​មិន​អាច​យក​​ជា​ការ​បានទេ ហើយ​តាម​ខ្ញុំ​យល់ គឺ​មិន​មាន​​ស្មារតីជួយ​​ប្រទេស​កម្ពុជា​ ឱ្យ​​បាន​​សុខ​​សាន្ត​ ឬ​បាន​ចម្រើន​​ទៅ​មុខ​ទេ គឺ​ថា​ជា​ការ​​យក​​ជើង​​រា​ទឹក​​ទៅវិញ»

របបលោក ហ៊ុន សែន អះអាងថា សន្ធិសញ្ញា​បំពេញ​បន្ថែម ​ឆ្នាំ២០១៩ នេះ គឺ​ជា​​​ឯកសារ​​ផ្លូវ​​ច្បាប់​ ​ដែល​​ទទួល​​ស្គាល់​​​​ការ​បោះ​​បង្គោល​​​ព្រំដែន ៨៤% ​ជា​មួយ​​​ប្រទេស​​​វៀតណាម។ បន្ថែម​​ពីលើ​​នេះ របប​​ក្រុង​ភ្នំពេញ​ អះអាង​​ទៀត​​ថា សន្ធិសញ្ញា​នេះ គឺជា​ឯកសារ​​​គ្រឹះ​​​ការពារ​បូរណភាព​​​ទឹក​ដី​​កម្ពុជា ដែល​​មាន​​ខ្សែ​​ព្រំដែន​​​មិន​​​ប្រែប្រួល  ថែ​រក្សា​​​បាន​​​នូវ​ព្រំដែន​ ​សុខ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​​ការ​អភិវឌ្ឍ​លើ​​គ្រប់​វិស័យ ដើម្បី​​ភាព​​សុខ​សាន្ត​​​របស់​​ពលរដ្ឋ​​​កម្ពុជា​។ សន្ធិសញ្ញា​​បំពេញ​​បន្ថែម​ ឆ្នាំ២០១៩ គឺ​ជាការ​រួម​បញ្ចូល​គ្នា​​នៃ​​សន្ធិសញ្ញា​បំពេញ​​បន្ថែម​​លើ​សន្ធិសញ្ញា​កំណត់​​ព្រំដែន​​រដ្ឋ ​ឆ្នាំ១៩៨៥ និង ​សន្ធិសញ្ញា​​បំពេញ​ប​ន្ថែម​ ឆ្នាំ២០០៥។

បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន (GDP) ​បាន​​ចេញ​សេចក្តីថ្លែងការណ៍ សម្តែង​​​ការ​សោក​ស្តាយ​​​ជា​​ខ្លាំង ​ដែល​សន្ធិ​សញ្ញា​នេះ ​ត្រូវ​បាន​​រដ្ឋសភា​​អនុម័ត ក្នុង​ពេល​​​កម្ពុជា​ មិន​ទាន់​​មាន​ឯកភាព​​ជាតិ។

អ្នក​នាំពាក្យ​​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ ថ្លែង​ថា ក្នុង​​ពេល​​​ដែល​សភាជាតិ​ គ្រប់​គ្រង​​ដោយ​​​​បក្ស​​តែមួយ ហើយ​​កម្ពុជា ​កំពុង​​ស្ថិត​​​ក្នុង​​​ជម្លោះ​​នយោបាយ​​​បែបនេះ ស្ថាប័ន​​នីតិបញ្ញតិ​មួយ​នេះ​ ពុំ​គួរ​ផ្តល់​​សច្ចាប័ន​​​លើ​សន្ធិ​សញ្ញ​ព្រំដែន​ ជាមួយ​ប្រទេស​​​វៀត​ណាម​​ឡើយ ព្រោះ​​អាច​​ធ្វើ​ឱ្យ​​​​ខាត​​បង់​​​ផល​ប្រយោជន៍​​​​ជាតិ។ លោក ​​ស្នើ​​ឱ្យរដ្ឋាភិបាល ​ពិចារណា​ឡើង​វិញ​ ក្នុង​​ការពន្យារ​ពេល ឬធ្វើ​​ប្រជាមតិ មុន​នឹង​​​អនុម័ត​​សន្ធិសញ្ញា​ព្រំដែន​​​នេះ៖ «យើង​នៅ​តែ​បង្ហាញ​ក្តី​បារម្ភ​ដ​ដែល​ថា ការ​ដែល​​យើង​​ធ្វើ​​​សន្ធិសញ្ញា​​បំពេញ​​បន្ថែម​ ឆ្នាំ២០១៩ នេះ គឺ​វា​​អាច​​នាំ​ទៅ​​ដល់​ការ​ខាត​បង់​​ផល​ប្រយោជន៍​​ជាតិ​​មួយ​ចំនួន។ ទីមួយ គឺ​ដោយសារ​សា្ថន​ភាព​​នយោបាយ​​យើង ហាក់​​មិន​​ទាន់​ស្រុះ​ស្រួល​ ហើយ​​ទីពីរ​កិច្ច​ការ​​មួយ​​ចំនួន ដែល​រដ្ឋាភិបាល​ ​កំពុង​​ធ្វើ​ហ្នឹង ហាក់​ដូច​​ជា​មាន​​​ការ​លាក់​​លៀម​​ច្រើន»

ក្រៅ​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​​អ្នក​ឃ្លាំ​មើល​​បញ្ហា​ព្រំដែន​ ពលរដ្ឋ​មួយ​​ចំនួន​ ក៏​បាន​​បញ្ចេញ​មតិ​​​ថ្កោល​ទោស​​​រដ្ឋសភា ​ចំពោះ​​​ការ​អនុម័ត​​​សន្ធិសញ្ញា​បំ​ពេញ​​បន្ថែម ​ឆ្នាំ​២០១៩ នេះ​ដែរ។ មតិ​រិះគន់​​ទាំងនោះ ​លេច​ឡើង​​ព្រោង​ព្រាត​​​លើ​​បណ្តាញ​​​​សង្គម​​​ហ្វេសប៊ុក (Facebook) ដោយ​ពួក​គេ​​សរសេរ​ថា របប​​លោក ហ៊ុន សែន ត្រូវ​តែ​​​ទទួល​ខុស​​ត្រូវ​ ចំពោះ​​មុខ​​ប្រវត្តិសាស្ត្រ​ ទាក់ទង​​នឹងការ​បាត់​បង់​​​ទឹក​ដី​​ទៅ​​ប្រទេស​​វៀតណាម ហើយ​​អ្នក​ខ្លះ​ទៀត​ ចង់​ឱ្យ​ថ្នាក់​​ដឹកនាំ​​របប​​ក្រុង​ភ្នំពេញ​ សម្រេច​​​រឿង​​​សន្ធិ​សញ្ញា​ព្រំដែន ​ជាមួយ​​វៀតណាម​ នៅពេល​​កម្ពុជា ​មាន​ឯកភាព​​ជាតិ​ពិត​ប្រាកដ។

របបក្រុង​ភ្នំពេញ​ បាន​ចុះ​ហត្ថលេខា​លើ ​សន្ធិសញ្ញា​​បំពេញ​​បន្ថែម​​​លើ​សន្ធិ​សញ្ញា​​កំណត់​​ព្រំដែន​​រដ្ឋ ​ឆ្នាំ១៩៨៥ ជា​មួយ​​ភាគី​​វៀត​ណាម ​នៅ​​ថ្ងៃ​ទី១០ ខែ​​តុលា ឆ្នាំ​២០០៥។ ឈរ​លើ​មូលដ្ឋាន​​នៃ​​សន្ធិសញ្ញា​​បំពេញ​​បន្ថែម​​នេះ កម្ពុជា​ និង​វៀតណាម​ បាន​​ដំណើរ​ការ​​បោះ​បង្គោល​​ព្រំដែន​​គោក​ ពី​ខេត្ត​​រតនគិរី ដល់​​ខេត្ត​​កំពត ចាប់​​ពី​ខែ​មិថុនា ឆ្នាំ​២០០៦ ដល់​​ខែ​កក្កដា​ ឆ្នាំ​២០១៩ ដោយ​​សម្រេច​​​បាន​​លទ្ធផល​ ៨៤% ឬ​ស្មើ​នឹង​ ៣១៥ បង្គោល​ នៃ​ព្រំដែន​សរុប​ ៣៧៥ បង្គោល ទោះ​ជា​យ៉ាង​ណា គណប​​ក្ស​សង្គ្រោះ​ជាតិ ក្រុម​យុវជន និង​​ពលរដ្ឋ​នៅ​​មូលដ្ឋាន​​មួយ​​ចំនួន ​អះអាងថា ការ​បោះ​​បង្គោល​​ព្រំដែន​​នេះ ធ្វើ​ឱ្យកម្ពុជា​ ​​បាត់​​បង់​ទឹកដី​​នៅ​​តាម​ព្រំដែន​ ​​​ទៅ​​ប្រទេស​​វៀតណាម។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ​បញ្ជាក់​ថា ប្រសិន​​បើ​​ទៅ​​ថ្ងៃ​​មុខ គណបក្ស​ប្រឆាំង​ ​ឈ្នះ​ឆ្នោត​​ដឹក​នាំ​​រដ្ឋាភិបាល​​វិញ នោះ​​ពួក​គេ​​មាន​​សិទ្ធិ​​ក្នុង​​ការ​សើរើ​​មើល​​ឡើង​វិញ​ នូវ​​សន្ធិសញ្ញា​​ ដែល​​រដ្ឋាភិបាល​​សព្វថ្ងៃ បាន​​ចុះ​ហត្ថលេខា​ ​ជាមួយ​​​ភាគី​​វៀតណាម៕