ក្រុមអ្នកជំនាញកិច្ចការព្រំដែនកម្ពុជា នៃគណៈកម្មាធិការព្រំដែន នៅប្រទេស​បារាំង និង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅ​ប្រទេស​​ន័រវេស៍ (Norway) បាន​ពិគ្រោះ​យោបល់គ្នាញឹកញាប់ នាពេល​កន្លង​ទៅ អំពី​ហានីភ័យ​​ធ្ងន់ធ្ងរ​​នៃ​បូរណភាព​ទឹកដី​ខ្មែរ ដែល​រដ្ឋាភិបាលលោក ហ៊ុន សែន ចុះ​សន្ធិសញ្ញា​បន្ថែមថ្មីៗ​ទៀត ដោយផ្អែក​លើឯកសារ និង​សន្ធិសញ្ញា​ខុសច្បាប់ ក្នុងអំឡុង​​ទសវត្សទី​៨០ (មាន​សន្ធិសញ្ញា​ ឆ្នាំ​១៩៧៩, ១៩៨២, ១៩៨៣ និង​ឆ្នាំ​ ១៩៨៥) ដែល​​ផ្ទុយទាំងស្រុង​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ និង កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ នៅអំឡុង​ទសវត្ស​ទី៨០ កាលនោះ​​ ដ្ឋាភិបាលលោក ហ៊ុន សែន លោក ហេង សំរិន និង​លោក ជា ស៊ីម ស្ថិត​ក្រោម​ការត្រួតត្រា​របស់​ប្រទេស​វៀតណាម ហើយជារដ្ឋាភិបាល ដែល​មិន​ត្រូវបាន​​អង្គការសហប្រជាជាតិ អ.ស.ប (UN) ទទួល​ស្គាល់​ទេ។

អ្នកស្រាវជ្រាវ លោកបណ្ឌិត កែម ឡី កាលនៅរស់​បាន​ថ្លែងប្រាប់​វិទ្យុអាស៊ីសេរី ក្នុង​​​កម្មវិធីវេទិកា​​អ្នកស្តាប់ អំឡុង​ឆ្នាំ​​២០១៤ ថា «ខេត្តខ្មែរ​នៅភាគឥសាន​មាន រតនគីរី មណ្ឌលគីរី និង ក្ក្រចេះ មួយភាគធំ មានវាសនាមិនខុសពីកម្ពុជាក្រោមទេមទេ នៅ​ថ្ងៃណា​មួយ»។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក បានចុះទៅស្រាវជ្រាវនៅទីនោះ។ លោក​បណ្ឌិត បញ្ជាក់​ថា ក្រុមហ៊ុនដី​សម្បទានសេដ្ឋកិច្ច​​របស់​វៀតណាម​ នៅជាប់ព្រំដែន ដែល​រដ្ឋាភិបាល​ខ្មែរ បានអនុញ្ញាតនោះ គឺអត់មាន​​​កម្មករ​ខ្មែរ ឬអ្នកធ្វើការជាខ្មែរទេ ហើយខ្មែរ មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទីនោះ​ទេ។

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ មានឯកសារ​បែកធ្លាយ​មួយ ត្រូវបាន​កាសែត The Cambodia Daily ផ្សព្វផ្សាយ​ថា «ដីខ្មែរ ៤ ម៉ឺនហិកតារ នៅតំបន់ព្រំដែន​ខេត្ត​រតនគីរី ធ្លាក់​ក្នុង​ដៃ​ក្រុមហ៊ុនទាហាន​វៀតណាម ជា​អ្នកគ្រប់គ្រង»។ ដីទំហំ​ប្រមាណ ៤ ម៉ឺនហិកតារ​នេះ ដំបូង​ឡើយ​ជា​ដីសម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល ចុះកិច្ចសន្យា​ប្រគល់​​​ទៅ​ឲ្យ​ក្រុមហ៊ុន​​ឯកជន​ខ្មែរ ដើម្បីអភិវឌ្ឍន៍ ប៉ុន្តែ​ក្រោយ​មកទៀត ត្រូវ​បាន​គេផ្ទេរ​សិទ្ធិបន្ត​គ្នា រហូតធ្លាក់​ដល់ដៃ កងទ័ព​វៀតណាម​​​តែម្តង។ គ្មានមន្រ្តី​រដ្ឋាភិបាល​ណាម្នាក់ ចេញ​មុខ​បំភ្លឺ ជុំវិញ​ព័ត៌មាន​នេះ​ទេ មក​ទល់​​សព្វថ្ងៃនេះ។

ជារួម នៅតាមបណ្តាយ​ព្រំដែន​កម្ពុជា និង​វៀតណាម មាន​ចំណុច​មិន​ប្រក្រតី​ជាច្រើន បន្ទាប់​ពីរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ បាន​បោះបង្គោលកំណត់​ខ្សែ​បន្ទាត់​ព្រំដែន ពីខេត្តស្ទឹងត្រែង រតនគីរី រហូរហូតដល់ខេត្ត តាកែវ និង កំពត។ ជាក់ស្តែង ពលរដ្ឋខ្មែរ​​នៅ​តាមបណ្តោយ​ព្រំដែន នាំគ្នា​តវ៉ា​ជាហូរហែរ រឿងបាត់បង់ដីស្រែចំការរបស់ពួកគាត់ បន្ទាប់​ពីការបោះ​បង្គោល​​ព្រំដែន ប៉ុន្តែគ្មាន​ដំណោះស្រាយ​អ្វីទាំងអស់។ សូម្បី​តែភូមិកំណើត​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ព្វថ្ងៃ នៅភូមិ​ថ្លុកត្រាច និង​ភូមិ​អន្លុងជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ក៏រអិល​ចូល​ក្នុងទឹកដី​វៀតណាម​ដែរ ក្រោយ​ការបោះ​បង្គោល​ព្រំដែន។ ភូមិ​ទាំងពីរនេះ ត្រូវបាន​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការព្រំដែន​រ​ដ្ឋាភិបាល អះអាងថា «យកភូមិខ្មែរ ឬដីទំនេរចំនួន ២ កន្លែងផ្សេង​ទៀត ធ្វើការដោះដូរ យក​ភូមិកំណើត​លោក ហេង សំរិន មកវិញ»

(CWCI Cambodia អត្ថបទបន្ថែមដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /២២ វិច្ឆិកា ២០១៩)
——————–

យុវជន​មួយ​ចំនួន ​ចាក់​សាក់​​​រូប​ផែនទី និង​​​ទំហំ​ផ្ទៃ​​ក្រឡា​​​ប្រទេស​​កម្ពុជា​លើ​ដង​​ខ្លួន ដៃ និង​ស្មា ដើម្បី​​ការពារ​​ទឹក​ដី

(វិទ្យុអាស៊ីសេរី RFA /ដោយ សុ ជីវី /២០ វិច្ឆិកា ២០១៩)
ក្រុម​យុវជន​​មួយ​ចំនួន​ បាន​​ចាក់​សាក់​​រូប​ផែនទី​ បញ្ជាក់​​ពី​ផ្ទៃដី​​ប្រទេស​​កម្ពុជា ​មាន​​​ទំហំ​ ចំនួន​ ១៨១​.០៣៥​ គីឡូម៉ែត្រ​ការ៉េ​ នៅលើ​ដង​ខ្លួន​ ដោយ​សារ​ពួក​គេ ​មិន​ទុកចិត្ត​រដ្ឋាភិបាល​​ ​បោះបង្គោល​​​ព្រំដែន​​​កម្ពុជា​​-​វៀតណាម​ សម្រេច​​​បាន​ ៨៤​% ​នា​​ពេល​​​កន្លង​​ទៅ។ ពួកគេ​​ថា​ រដ្ឋាភិបាល​​​បោះបង្គោល​​​ព្រំដែន​ ផ្អែក​​​តាម​​​សន្ធិសញ្ញា​​​កំណត់​​ព្រំដែន​​រដ្ឋ ​ឆ្នាំ​​​១៩៨៥​ និង​​​សន្ធិសញ្ញា​បំពេញ​បន្ថែម ​ឆ្នាំ​​​២០០៥​។

យុវជន​​រស់នៅ​​ខេត្តសៀមរាប​ លោក​ ប៉ក់​ ថូរ​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២០​ វិច្ឆិកា​ថា មូលហេតុ​​​ដែល​លោក​​​​ចាក់​​​សាក់​​នេះ​ ដើម្បី​​​ឆ្លុះ​​បញ្ចាំង​​​​ពី​​ការ​​ស្រឡាញ់​​​ប្រទេស​​កម្ពុជា​ និង​​​ចង់ឱ្យ​​​រដ្ឋាភិបាល​ប្រុងប្រយ័ត្ន​​ខ្ពស់​ ក្នុង​​​ការ​បោះបង្គោល​​​ព្រំដែន ​ជាមួយ​​​ប្រទេស​​​វៀតណាម​។ លោក​​​​ថា រូប​ផែន​ទី​​ ដែល​​លោក និង​យុវជន​​​មួយ​ចំនួន​​​​ទៀត​ សាក់​​​នៅ​លើ​ស្នា​ ខ្នង​ ​និង​ដៃ នោះ​គឺ​បញ្ជាក់​​​ពី​ទំហំ​ផ្ទៃ​ដី​​​​ប្រទេស​​កម្ពុជា​ ខ្នាត​ ១/១០០​ពាន់​ ធ្វើ​នៅ​ចន្លោះ​​​ឆ្នាំ​​​១៩៣៣​ ដល់​​​ឆ្នាំ​​១៩៥៣​ ដែល​​​ទទួលស្គាល់​​​​ជា​​អន្តរជាតិ ​នៅ​​ចន្លោះ​​​ឆ្នាំ​​​១៩៦៣ ដល់​​ឆ្នាំ​​​១៩៦៩៖ «គោល​បំណង​នៃ​ការ​​ចាក់​សាក់​​ហ្នឹង ផ្តោត​​ទៅ​​លើ​​ការ​​ស្រឡាញ់​​​​ទឹក​ដី​ ​ប្រទេស​​កម្ពុជា​​​របស់​​យើង ព្រោះ​ថ្មីៗ នេះ ព្រឹទ្ធសភា និង​​រដ្ឋសភា​ បាន​​អនុម័ត​​ច្បាប់​ ស្តីពី​ស្តី​ពី​​ការ​បោះ​បង្គោល​​​ព្រំដែន ដែល​យោង​​ទៅ​តាម​សន្ធិសញ្ញា​​​បំពេញ​បន្ថែម​ ​ឆ្នាំ​១៩៨៥ និង​​ឆ្នាំ​​២០០៥ ជាមួយនឹង​ប្រទេស​វៀតណាម បង្គោល​​បោះ​​ប្រហែល ៨០ % ​ហ្នឹង​គឺ សម្រាប់​​​ពួក​​ខ្ញុំ​​​​ជា​​យុវជន​​ ខ្ញុំ​​ភ័យ​​ខ្លាច​​ការ​​បាត់​បង់​​បូរណភាព​​​ទឹក​​ដី​​ទៅ។ ខ្ញុំ​ចាក់​សាក់​ហ្នឹង ដើម្បី​​ចូលរួម​ការពារ»។

បុរស​ដដែល​បន្ថែម​ថា​ ការ​ចាក់​សាក់​នេះ​ ក៏​ដើម្បី​ចូលរួម​​ការពារ​​បូរណភាព​​ទឹក​ដី​​​ប្រទេស​កម្ពុជា និង​​ពញ្ញាក់​ស្មារតី​​កូន​ខ្មែរ​​​ទូទាំង​​​ប្រទេស​ ឱ្យ​ជ្រាប​​ច្បាស់​ពី​​ទំហំ​ផ្ទៃ​ដី និង​​ផែនទី​ប្រទេស​​​កម្ពុជា និង​​ចូលរួម​ការពារ​ទាំងអស់គ្នា​។ លោក​មិន​​ដឹងប្រាកដ​​ទេ​ថា តើ​មាន​យុវជន​​​ប៉ុន្មាន​​នាក់ ដែល​បាន​​ចាក់​សាក់​រូប​ផែនទី​​ប្រទេស​កម្ពុជា​ ក៏ប៉ុន្តែ​លោក ​ជឿ​ថា​ អាច​​​មាន​យុវជន​​រាប់​សិប​​នាក់៖ «គោល​ជំហរ​របស់​ខ្ញុំ​ អំពាវនាវ​ឱ្យ រដ្ឋាភិបាល​​ យក​​​ចិត្ត​ទុក​ដាក់​ខ្ពស់ ការ​បោះ​បង្គោល​​ព្រំដែន​ មិន​អាច​​ធ្វើ​ឡើង​​ដោយ​ស្ងប់ស្ងាត់ មិន​មាន​​ការ​ចូល​​រួម​ពី​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល អ្នក​ជំនាញ​កិច្ចការ​ព្រំដែន និង​សហគមន៍​អន្តរជាតិ ជា​ពិសេស​​​ប្រទេស​ ​ដែល​​នៅ​ជិត​​ខាង​ហ្នឹង។ យើង​គួរ​តែ​ធ្វើ​​ពហុភាគី មិន​គួរ​​ធ្វើ​ទ្វេភាគី​ រវាង​ប្រទេស​​កម្ពុជា និង​​វៀតណាម​ ហើយ​​ក៏​អត់​​មាន​​ការ​ចួលរួម​​អន្តរជាតិ​ គេ​អត់​​ទទួល​ស្គាល់​ប្រទេស​​​កម្ពុជា»។

ទេសរ​ដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​​បេសកកម្ម​​ពិសេស​​កិច្ចការ​​ព្រំដែន​ លោក វ៉ា គឹមហុង បដិសេធ​មិន​​​អធិប្បាយ​ ការ​ចាក់​​​សាក់​​រូប​​ផែនទី​ របស់​​​ក្រុម​យុវជន​​​នោះ​ទេ ដោយ​​​លោក​​ថា នេះ​ជា​សិទ្ធិ​របស់​​​យុវជន។ លោក​​ថា រដ្ឋាភិបាល​ មា​នកាព​ត្វ​​កិច្ច​​​ទទួលខុសត្រូវ​ ចំពោះ​​មុខ​​ប្រវត្តិ​សា​ស្ដ្រ ​និង​​​​ប្រទេសជាតិ​ ទាក់ទិន​​​ការកំណត់​​​ខណ្ឌសី​មា​ព្រំដែន​​ ជាមួយ​​​ប្រទេស​​​វៀតណាម៖ «រដ្ឋាភិបាល​ មាន​តួនាទី​​ភារកិច្ច​​ទទួល​ខុស​ត្រូវ​​​មុខ​ប្រវត្តិសាស្ត្រ និង​​​ប្រទេស​ជាតិ។ ដូច្នេះ​ក្រុម​យុវជន ​គាត់​ទទួល​​ខុស​ត្រូវ​​​លើ​មុខ​​នរណា? អ្វី​ស្រេច​​​តែ​គាត់ ខ្ញុំ​មិន​​​ហ៊ាន​​​អធិប្បាយ​​​អី​ទេ​បាទ»។

កម្ពុជា​​មាន​ព្រំដែន​​ជាប់​​នឹង​​ប្រទេស​វៀតណាម​ ចំនួន ១.២៤៥ គីឡូ​ម៉ែត្រ ដែល​​​​ត្រូវ​​​បោះ​បង្គោល​​​ព្រំដែន ​ស​រុប​​ចំនួន ៣៧១ បង្គោល។ បច្ចុប្បន្ន​​ប្រទេស​​ទាំង​ពីរ ​បាន​​បោះ​​បង្គោល​រួច​រាល់​​ចំនួន ៣១៥ បង្គោល​ ឬ​ស្មើ​និង​ ៨៤% ​ហើយ​ នៅ​សល់​​បង្គោល​​​ចំនួន​ ៥៦ ទៀត ឋិត​​នៅ​​​ខេត្ត​រតនគិរី មណ្ឌលគិរី​ ត្បូង​ឃ្មុំ​ ស្វាយរៀង​ ខេត្ត​​​កណ្ដាល​ និង​​​ខេត្ត​​​តាកែវ​។

តំណាង​​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន យល់​ឃើញ​​ថា ទង្វើ​​របស់​​​យុវជន​​​​បែប​​នេះ​ មាន​ន័យ​​​ថា ពួក​គេ​​ចាប់​​អារម្មណ៍​​​រឿង​​​នយោបាយ និង​​​បញ្ហា​​​ប្រទេស​​​ជាតិ។ លោក​​​ថា​ ស្នាម​​​សាក់​រូប​​​ផែនទី​ និង​​​ផ្ទៃដី​ ជា​សញ្ញា​​​បញ្ជាក់​ថា​ ក្រុម​យុវជន​​​ព្រួយ​បារម្ភ​ ខ្លាច​​កម្ពុជា​​​របូត​ទឹកដី​ ទៅ​វៀតណាម ​គ្រប់គ្រង​​​បន្ត​​ទៀត ខណៈ​​ដែល​​​ការ​បោះ​​បង្គោល​​ព្រំដែន​​​កន្លង​ទៅ មាន​​​ភាព​មិន​ប្រក្រតី​​ច្រើន​ នៅ​តំបន់​​កន្ទុយ​នាគ​ ក្នុង​​ខេត្ត​​រតនគិរី​ ទល់​និង​​ខេត្ត​មណ្ឌលគិរី​។ លោក ​កោត​សរសើរ​ ចំពោះ​​​ស្មារតី​​ក្រុម​​យុវជន ​ដែល​​ឈឺ​ឆ្អាល​​​ពី​បញ្ហា​​​ប្រទេសជាតិ​ និង​ចូលរួម​​ការពារ​​ទឹក​ដី​​ទាំង​អស់​គ្នា៖ «ការ​ចាក់​​សាក់​​របស់​​យុវជន​ បង្ហាញ​​ពី​ការ​ឈឺ​ឆ្អាល​​របស់​​យុវជន ចំពោះ​​ប្រទេស​​ជាតិ និង​​បញ្ហា​ព្រំដែន​ កុំ​ឱ្យ​រដ្ឋាភិបាល​​ខ្មែរ​​យើង​​ហ្នឹង ចេះ​ធ្វើ​អី​​​ផ្តេសផ្តាស់​ ចង់​កាត់​​​ដី​​ឱ្យ​​យួន ក៏​កាត់​ទៅ។ អ៊ីចឹង​គេ​​បង្ហាញ​​​ពី​ការ​ជំទាស់​​​របស់​គេ ក្នុង​នាម​ជា​​​ពលរដ្ឋ​ខ្មែរ យុវជន​​​ចូល​រួម​​​ជំទាស់​​​អ៊ីចឹង​ឯង។ ដូច្នេះ​មានន័យថា វា​ជា​ការ​​ចូលរួម​ចំណែក ដើម្បី​​​ការពារ​​​ទឹកដី កុំ​ឱ្យ​​​បាត់បង់»។

កាល​ពី​​ពេល​ថ្មីៗ​នេះ រដ្ឋសភា​ និង​​ព្រឹទ្ធសភា​​ក្រុង​ភ្នំពេញ​ បាន​​​អនុម័ត​​​​សេចក្ដី​​ព្រាង​​​​ច្បាប់​ស្ដីពី​​​ការ​អនុម័ត​​​យល់​ព្រម​​​លើ​ សន្ធិសញ្ញា​​បំពេញ​​បន្ថែម​​​ ឆ្នាំ​​២០១៩​ ដែល​​ច្របាច់​​​បញ្ចូល​​​​គ្នា​រវាង​​​សន្ធិសញ្ញា​​​កំណត់​​​ព្រំដែន​រដ្ឋ​ រវាង​​​កម្ពុជា​ និង​​​វៀតណាម​ ឆ្នាំ​១៩៨៥​ និង​​​​សន្ធិសញ្ញា​បំពេញ​​​បន្ថែម​​​​ឆ្នាំ​​២០០៥។ សេចក្ដី​ព្រាង​​ច្បាប់​នេះ​ ធ្វើ​ឡើង​​​បន្ទាប់​​​ពី​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចុះ​​​កិច្ច​ព្រមព្រៀង​ ជាមួយ​​​រដ្ឋាភិបាល​​​វៀត​ណាម​ នៅ​​ទីក្រុង​​ហាណូយ ​លើ​សន្ធិសញ្ញា​​បំពេញប​ន្ថែម​ ឆ្នាំ​​​២០១៩ ស្តីពី​​​ការ​ទទួល​​​បង្គោល​​ព្រំដែន ៨៤% ដែល​​​បាន​​​បោះ​​រួច​រាល់​ ជាមួយ​​​ភាគី​​​​វៀតណាម។

ក្រុម​យុវជន និង​ អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន ​រិះគន់​ថា ការ​ផ្តល់​សច្ចាប័ន​លើ ​សន្ធិសញ្ញាបំពេញ​​​​បន្ថែម​ ​ឆ្នាំ​​២០១៩ គឺ​ជា​ការ​​កាត់​​​ទឹក​ដី​​ខ្មែរ ​ឱ្យ​​វៀតណាម ព្រោះ​​​សន្ធិសញ្ញា​​ថ្មីនេះ ធ្វើឡើង​​​​ដោយ​​យោង​​​​លើ​សន្ធិសញ្ញា ​ឆ្នាំ​​១៩៨៥ ពេល​​ដែល​​​វៀតណាម​ គ្រប់គ្រង​​​កម្ពុជា និង​សន្ធិសញ្ញា​​បំពេញ​​​បន្ថែម​ ឆ្នាំ​​២០០៥ {ដ៏ចម្រូងចម្រាស់​ស្ទើរផ្លាស់​ប្តូររបប​ដឹកនាំ} ដែល​​របប​លោក ហ៊ុន សែន​ បាន​ព្រម​ព្រៀង​គ្នា​ ជាមួយ​វៀតណាម៕

Advertisements