VOA Khmer / ដោយលោក ម៉ែន គឹមសេង / 03rd-4-2021

រដ្ឋធានីវ៉ាស៊ីនតោន — សំណុំរឿង​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ ដែល​ពលរដ្ឋ​រងគ្រោះ​កម្ពុជា​ បាន​ប្តឹង​​ទៅ​​តុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC)​ កាលពី​ជាង ​៦ ​ឆ្នាំ​មុន​ ទទួល​បាន​ក្តី​សង្ឃឹម​ឡើងវិញ​ នៅ​ពេល​ដែល​រដ្ឋអាជ្ញា​នៃ​តុលាការ​អន្តរជាតិ​នេះ ​បាន​ប្រកាស​ជាសាធារណៈ​ថា ​កំពុង​ពិនិត្យ​មើល​ហើយ​នឹង​សម្រេចចិត្តក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ។

លោកស្រី​ Fatou Bensouda​ រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ បាន​ថ្លែងថា​ មាន​បញ្ហា​ជាច្រើន ​ដែល​លោក​ស្រី​ត្រូវ​សម្រេចឆ្លើយតប​នឹង​ភាគី​ដើម​បណ្តឹង​ នៅ​មុន​ពេលលោកស្រី​ចប់​អាណត្តិ​នៅ​ថ្ងៃទី ​១៥ ​ខែ​មិថុនា ​ដែល​ក្នុងនោះ​មាន​បញ្ហា​ប្រទេស​កម្ពុជា​ផងដែរ។

លោកស្រី​ Bensouda​ បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​កិច្ចការ​អឺរ៉ុប​និង​អន្តរជាតិ (Institute of International and European Affairs)​ កាលពីថ្ងៃទី​ ១៧ ​ខែ​កុម្ភៈ​ថា៖ «យើង​ក៏​មាន​បញ្ហា​ដែល​កំពុង​ដោះស្រាយ​នាពេល​បច្ចុប្បន្ន​នេះ​ ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា ​គឺ​បញ្ហា​រឹបអូស​យក​ដីធ្លី។ យើង​កំពុង​ពិនិត្យ​មើល​សំណុំរឿង​នេះ​ ហើយ​នឹង​ឆ្លើយតប​នឹង​បញ្ហា​នេះ»

អ្នកជំនាញ​អង្គការ​សហ​ប្រជាជាតិ​និង​អង្គការ​អន្តរជាតិ​ចំនួន​ ៥១ ​ដែល​មកពី​ជុំវិញ​ពិភពលោក​ដែល​ក្នុង​នោះ ​មាន​​អ្នកតំណាង​រាស្ត្រ​​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (Asean Parliamentarians for Human Right)​ វេទិកា​អាស៊ី​ដើម្បី​សិទ្ធិមនុស្ស​និង​ការអភិវឌ្ឍន៍ ​(Forum Asia) ​និង​អង្គការ​សកម្មភាព​ឃ្លាំមើល​សិទ្ធិ​ស្រ្តី​អាស៊ី​ប៉ាស៊ីហ្វិក ​(Women’s Rights Action Watch Asia Pacific) ​បាន​ចាត់​ទុក​​ការប្រកាស​របស់​លោកស្រី​ Bensouda​ ថា ​វា​ជា​ «ដំណឹង​គួរ​ឲ្យ​ស្វាគមន៍»​ និងគាំទ្រ​ការសម្រេចចិត្ត​នេះ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​ ១៦​ ខែមីនា​ អង្គការ​និង​អ្នកតស៊ូ​មតិ​ទាំងនេះ​ បាន​ចាត់ទុក​ថា ​ចំណាត់ការ​របស់​តុលាការ​អន្តរជាតិ​នេះ​ នឹង​បញ្ឈប់​សកម្មភាព​ឆក់ប្លន់​ដីធ្លី​ពលរដ្ឋ​ក្រីក្រ ​និង​ការពារ​បរិស្ថាន​ធម្មជាតិ​បាន។

សេចក្តី​ថ្លែងការណ៍​នោះ​បន្ថែម​ថា៖ «ការចាត់ការ​សំណុំរឿង​​ស្តីពី​​ស្ថានកាណ៍​កម្ពុជា ​នឹង​​បញ្ជូន​សារ​​ដ៏​សំខាន់​មួយ ដល់​អ្នក​ចង់​ប្រព្រឹត្ត​ល្មើស​នានា​ នៅ​ទូទាំង​ពិភពលោក​ថា​ ក្នុង​ករណី​ដ៏​ធ្ងន់ធ្ងរ​បំផុត​ គឺ​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ការឆក់ប្លន់​ដីធ្លី​ អាច​ស្មើ​នឹង​ឧក្រិដ្ឋកម្ម​​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ អ្នកនយោបាយ​ និង​អ្នកជំនួញ​ ត្រូវតែ​គិតឡើងវិញ​នូវ​ការប្រព្រឹត្ត​របស់​ពួកគេ ​ដែល​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ដល់​មនុស្ស​ជាតិ​ និង​ធ្វើ​ឲ្យ​ខូច​បរិស្ថាន»។​

កាល​ពី​ចុង​ឆ្នាំ​ ២០១៤​ មេធាវី​អង់គ្លេស​ម្នាក់​គឺ​លោក Richard Rogers ​ដែល​ជា​ដៃគូ​របស់​ក្រុមហ៊ុន​ច្បាប់ ​Global Diligence ​បាន​តំណាង​ឲ្យ​ពលរដ្ឋ​រងគ្រោះ​កម្ពុជា​ជាច្រើន ​ហើយ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ដោយ​បាន​ស្នើ​រដ្ឋអាជ្ញា​​នៃ​​តុលាការ​នេះ​ ឲ្យ​ស៊ើបអង្កេត​ការជម្លៀស​ពលរដ្ឋ​ និង​ការបណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ និង​​យ៉ាង​ទូលំទូលាយ​ ដែល​បណ្តាល​មក​ពី​ការ​រំលោភ​បំពាន​ដីធ្លី​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​ច្បាប់​អន្តរជាតិ​ Global Diligence​ មាន​ឯកទេស​ខាង​ច្បាប់​ព្រហ្មទណ្ឌ​ និង​សិទ្ធិមនុស្ស​អន្តរជាតិ។

លោក​ Richard Rogers ​បាន​បញ្ជាក់​ថា​សំណុំរឿង​នេះ ​គឺ​មិនគ្រាន់តែ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ទេ ​ប៉ុន្តែ​វាជា​ការ​បំផ្លាញ​​​បរិស្ថាន ​និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ផងដែរ។

លោក​ Richard Rogers​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាស ​កាលពី​ពាក់​កណ្តាល​ខែមីនា ​ថា៖ «ហេតុផល​ដែល​សំណុំរឿង​នេះ​មាន​សារៈសំខាន់​ ពីព្រោះ​វា​ប៉ះពាល់​ដល់​សិទ្ធិ​ដីធ្លី។ នៅក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​នៅ​ប្រទេស​ដទៃ​ទៀត​ដែរ ​គឺ​ក្រុម​អ្នកកាន់​អំណាច​រឹបអូស​យកដី​ ដើម្បី​ធ្វើ​មាន​បាន។ ពួកគេ​បាន​បណ្តេញ​ពលរដ្ឋ​ដោយ​ហិង្សា។ ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ផ្សេង​ទៀត ​ដែល​មាន​ដូចជា​ចាប់​ពលរដ្ឋ​ដាក់​គុក ​និង​សម្លាប់​អ្នកការពារ​បរិស្ថាន។ នៅពេលណា​ដែល​ពួកគេ​ចាប់​បាន​ដី​ ហើយ​ពួកគេ​តែងតែ​បំផ្លាញ​បរិស្ថាន។ ពួកគេ​កាប់​ដើមឈើ​ កាប់ឆ្កា​ដីធ្លី​រុករក​រ៉ែ​ និង​បំផ្លាញ​ភូមិ។ ទាំងនេះ​គឺជា​ការបង្ក​ឲ្យ​មាន​ការបំផ្លាញ​បរិស្ថាន»

ដំណើរការ​ដាក់​ពាក្យ​បណ្តឹង​លើ​បញ្ហា​ដីធ្លី​ នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ គឺ​មាន​បី​វគ្គ​៖ ​ការពិនិត្យ​បឋម​ ការស៊ើបអង្កេត ​និង​ការកាត់ក្តី។ នេះ​បើតាម​ការពន្យល់​របស់​លោក​ Richard Rogers

សំណុំរឿង​របស់​កម្ពុជា​គឺ​ស្ថិតនៅ​ក្នុង​វគ្គទី ១​ នៅឡើយ ​ប៉ុន្តែ​បាន​ឆ្លងកាត់​ផុត​ដំណាក់កាល​ផ្ទៀងផ្ទាត់ ហើយ​ដល់​ពេល​ដែល​រដ្ឋអាជ្ញា​ត្រូវសម្រេច​ថា ​ត្រូវ​ច្រានចោល​ ឬ​បញ្ជូន​ទៅ​ដំណាក់កាល​ចុងក្រោយ​នៃ​វគ្គទី ១ ​គឺ​ការស្នើសុំ​ជាផ្លូវការ​ឲ្យ​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត។

លោកមេធាវី​ Richard Rogers​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ (VOA) ថា៖ «លោកស្រី​រដ្ឋអាជ្ញា​នេះ​ នឹង​បញ្ចប់​ការងារ​នៅ​ខែ​មិថុនា​ ហើយ​​គាត់​បាន​សន្យា​ថា​នឹង​សម្រេច​ចិត្ត​លើ​សំណុំរឿង​នេះ​ ថា​ត្រូវ​បន្ត​ទៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការពិនិត្យ​បឋម ​ឬ​យ៉ាងណា។ ក្រោយពី​នោះ​ គឺ​ដល់​វេន​រដ្ឋអាជ្ញា​បន្ទាប់​ធ្វើ​សំណើ​ជាផ្លូវការ​ ដើម្បី​បើក​ការស៊ើបអង្កេត​ពេញលេញ… ហើយ​យើង​មាន​ជំនឿ​ទាំងស្រុង​ថា​ លោកស្រី​នឹង​សម្រេចចិត្ត​ដូចនោះ»

តុលាការ​ ICC​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡាអេ ​ប្រទេស​ហូឡង់​ ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ។ តុលាការ​នេះ​ភាគច្រើន​សម្រេចក្តី​តែ​លើ​សំណុំរឿង ​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប៉ុណ្ណោះ​ ចាប់តាំង​ពី​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែកក្កដា ​ឆ្នាំ​ ២០០២។

ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​តស៊ូ​មតិ​យ៉ាង​ខ្លាំងក្លា​ ពី​សកម្មជន​ដីធ្លី​នានា​ទូទាំង​ពិភពលោក​មក​ តុលាការ​នេះ​បាន​ចាត់ទុក​ថា​ ការបំផ្លិច​បំផ្លាញ​បរិស្ថាន ​និង​ការរំលោភ​បំពាន​ដី​ធ្លី​ ក៏​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល ​និង​បុគ្គល​ពាក់ព័ន្ធ​ ត្រូវ​ទទួល​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ផងដែរ

នៅក្នុង​ប្រទេស​កម្ពុជា​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ៨៣ ​ម៉ឺននាក់​ បាន​រង​ផលប៉ះពាល់​យ៉ាង​អាក្រក់​ដោយ​សារ​ជម្លោះ​ដីធ្លី​ ដោយ​ប្រជាពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់​ ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញពី​ដីធ្លី​និង​ផ្ទះ​សម្បែង​របស់​ពួកគេ​ ហើយ​ត្រូវ​រស់​នៅ​ក្នុង​ភាព​ក្រីក្រ។ នេះ​បើតាម​ការចងក្រង​ដោយ​ក្រុម​ការពារ​សិទ្ធិ​មនុស្ស។

លោក Richard Rogers ​បន្ថែម​ថា ​ឱកាស​ដែល​ពលរដ្ឋ​ទាំងនេះ​ទទួល​យុត្តិធម៌​​ក្នុង​ប្រព័ន្ធ​​តុលាការ​​កម្ពុជា​ គឺ​មិនមាន​ទេ៖ «តុលាការ​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ មិន​ឯករាជ្យ​និង​លម្អៀង។ ជារឿយៗ​ គេ​ប្រើ​ជា​ឧបករណ៍​ដើម្បី​គាប​សង្កត់ ​ហើយ​ពួកគេ​កាន់ជើង​ពួក​អ្នកដឹកនាំ​ស្ទើរតែ​គ្រប់​ករណី​ទាំងអស់។ អីចឹង​ហើយ​បាន​ជា​ពលរដ្ឋ​ចង់​បាន​យុត្តិធម៌​ពី​អន្តរជាតិ»

សហគមន៍​ឡពាង​ នៅ​ខេត្ត​កំពង់ឆ្នាំង ក៏​ជាដើមបណ្តឹង​មួយ​ដែរ ​ក្នុង​បណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ ​ដោយសារ​មាន​​ទំនាស់​ដ៏រ៉ាំរ៉ៃ​ជាមួយ​នឹង​ក្រុមហ៊ុន​របស់​ក្រុមគ្រួសារ​អ្នកមាន​អំណាច​ក្នុង​រដ្ឋាភិបាល​កម្ពុជា។

លោក ស្ងួន ញឿន ​តំណាង​សហគមន៍​ឡពាង​ បាន​បង្ហាញ​ក្តី​រំពឹង​លើ​យន្តការ​អន្តរជាតិ​នេះថា៖ «បាន​តុលាការ​អន្តរជាតិ​យក​រឿង​ក្តី​ខ្ញុំ​ គឺ​ខ្ញុំ​សប្បាយចិត្ត​មែនទែន។ ខ្ញុំ​សង្ឃឹម​ថា​ តុលាការ​អន្តរជាតិ​នឹង​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្ញុំ​ ដែល​បាន​រងគ្រោះ​ដោយសារ​​រដ្ឋាភិបាល​ យក​ដី​ពួកខ្ញុំ​​ទៅ​ធ្វើ​​សម្បទាន​​ទៅ​ឲ្យ​​ក្រុមហ៊ុន​ចិន»

លោក ស្ងួន ញឿន​ បាន​រៀបរាប់​ថា​ទំនាស់​ដែល​ពលរដ្ឋ​មាន​ជាមួយ​នឹង​ក្រុមហ៊ុន ​KDC ​របស់​លោកស្រី​ ជា ខេង ​ភរិយា​លោក​ ស៊ុយ សែម ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ឋាមពល ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ។ លោក​បាន​ត្អូញត្អែរ​ថា​ ពេល​ពលរដ្ឋ​ប្តឹង​ទៅ​អាជ្ញាធរ​និង​តុលាការ​ គឺ​សំណុំរឿង​ត្រូវ​ផ្អឹបទុក​ ប៉ុន្តែ​ពេល​ដែល​ខាងក្រុមហ៊ុន​ប្តឹង ​គឺ​ពួកគាត់​ត្រូវ​តុលាការ​កោះហៅ​ និង​កាត់ក្តី​ដាក់ទោស​ពលរដ្ឋ​ឲ្យ​ជាប់គុក​និង​ពិន័យ​ជា​ប្រាក់​ជាច្រើន។ រីឯ​ពេល​តវ៉ា​ត្រូវ​អាជ្ញាធរ​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ។

លោក​ ស្ងួន ញឿន​ បាន​បន្ថែម​ថា៖​ «ប៉ូលិស​រាប់រយ​នាក់​មក​ចាប់​ពួកខ្ញុំ​ ដូច​លួច​ដី​ក្រុមហ៊ុន​អីចឹង។ នេះ​ហើយ​​ជា​អ្នក​ដែល​​តស៊ូ​ការពារ​​ដី​ខ្លួន​​ឯង​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​គុក​ ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​គ្រប់រឿង​ទាំងអស់។ មកដល់​ពេល​នេះ ​នៅ​មិនទាន់​មានដំណោះស្រាយ​សម្រាប់​ពួកខ្ញុំ​ទេ»

បច្ចុប្បន្ន​នេះ​ ការរំលោភសិទ្ធិ​ដីធ្លី​ពលរដ្ឋ​នៅតែ​បន្ត​ បើទោះបី​ជា​ចំនួន​បាន​ថយចុះ​ក៏ដោយ។ នេះ​បើតាម​របាយការណ៍​សិទ្ធិ​មនុស្ស​ ឆ្នាំ​ ២០២០ ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​ដែល​ទើបតែ​ចេញ​ផ្សាយ​នៅថ្ងៃទី​ ៣០ ​ខែ​មីនា។ ក្រសួង​ការ​បរទេស​​សហរដ្ឋ​អាមេរិក​ បញ្ជូន​របាយការណ៍​ប្រចាំ​ឆ្នាំ​ ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​ ដែល​ទទួល​ជំនួយ​របស់អាមេរិក​ ជូន​សភា​អាមេរិក​ដែល​ជាការតម្រូវ​តាម​ផ្លូវ​ច្បាប់។

របាយការណ៍​នោះបាន​បន្ថែម​ថា ​គិត​ត្រឹម​ពាក់​កណ្តាល​ខែកក្កដា​ឆ្នាំ​មុន ​មាន​ករណី​រំលោភ​ដីធ្លី​និង​បណ្តេញ​ចេញ​ចំនួន​យ៉ាង​ហោច​​ណាស់ ​៧៧ ​ករណី ​ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​ ១៣២៧ គ្រួសារ​នៅ​ទូទាំង​ប្រទេស។ ក្នុងនោះ​មាន​ការបណ្តេញ​ចេញ​ដើម្បី​គម្រោង​​អភិវឌ្ឍន៍​ក្នុង​តំបន់​ទីក្រុង។

ជារឿយៗ​ ជននោះ​គំរាម​កំហែង ​«ប្រើប្រាស់​ច្បាប់ ​ឬ​ការបណ្តេញ​ដើម្បី​បំភិត​បំភ័យ​ពលរដ្ឋ​ក្រីក្រ​និង​អ្នកងាយ​រងគ្រោះ​ ឲ្យ​លក់​ដីធ្លី​ក្រោម​តម្លៃ​ទីផ្សារ»។

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ការរកឃើញ​នានា​ នៅ​ក្នុង​របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។​

លោក ​ជិន ម៉ាលីន ​អនុប្រធាន​គណៈ​កម្មាធិការ​​សិទ្ធិ​មនុស្ស​​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ កម្ពុជា​មិន​​អាច​​ទទួល​​យក​​បានទេ​ ព្រោះ​​វាជា​របាយការណ៍​ដោយផ្អែក​លើ​ «​របៀប​វារៈ​នយោបាយ​ក្នុង​គោល​ដៅ​នយោបាយ ​ឬ​ក៏​ក្នុង​គោល​ដៅ​ភូមិ​សាស្ត្រ​នយោបាយ​​​តំបន់»

.