អត្ថបទសារព័ត៌មាន The Cambodia Daily / 08th-4-2021

ក្រុមអ្នកតស៊ូរមតិ​ប្រតិកម្មថា ការលើកឡើង​របស់​បវរកញ្ញា​កម្ពុជា លីវ ជីលី អំពី​បញ្ហា​នយោបាយ​ក្នុង​ស្រុក ដែល​​សារព័ត៌មាន​បរទេស​បាន​ចុះផ្សាយ​នោះ គឺជា​បង្ហាញ​ពីកម្រិត​នៃ​ការ​យល់​ដឹង​​របស់​នាង ដែល​វា​ជា​ការ​ឆ្លុះ​បញ្ចាំង​ អំពី​កម្រិត​នៃ​ការយល់ដឹង​របស់​អ្នកដឹកនាំខ្មែរ និង​អ្នក​គ្រប់​គ្រងកម្មវិធី​បវរកញ្ញា​រូប​នេះ​ផង។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃនេះ​ថា បវរកញ្ញា​កម្រិត​ពិភព​លោក ដែល​តំណាង​ឲ្យ​កម្ពុជា បាន​បង្អាប់​កិត្តិយ​ពលរដ្ឋ​ខ្មែរ មួយ​ប្រទេស​លើ​ឆាក​អន្តរជាតិ ដែល​នឹង​អាច​ធ្វើឲ្យ​ពិភពលោក​ មាន​ការ​ភ័ន្តច្រឡំ​លើ​ជនជាតិ​ខ្មែរ​ថា ជាជនជាតិ​ដែល​មិន​ខ្វល់ខ្វាយ​ពី​សង្គម​ និង​មិន​ចេះ​ជួយ​ជាតិសាសន៍​ខ្លួន​ឯង។

លោក {ម៉ែន ណាត} បញ្ជាក់ថា បញ្ហានេះ​ប្រហែល​អាច​បណ្តាល​មក​ពី ការអប់រំ និង​កម្រិត​នៃ​ការចេះដឹង​របស់​នាង​​នៅ​ទាប​ពេក មិន​សាកសម​នឹង​ធ្វើ​ជាមនុស្ស​ឯក​ តំណាង​ឲ្យ​កម្ពុជា ដើម្បី​ឡើង​ទៅ​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​កម្ពុជា ទៅ​កាន់​ពិភពលោក ផ្ទុយ​ទៅ​វិញ នាង​បែរ​ជា​បង្ហាញ​ពី​គំនិត​ដ៏​ក្មេង​ខ្ចី ដែល​នាំ​ឲ្យ​ពិភពលោក​ សើច​ចំអក​ទៅ​វិញ។

ដោយឡែក បវរកញ្ញា​ប្រទេស​ភូមា {នាង ហាន់ ឡេ (Han Lay)} ឆ្លៀត​​ពេល​​ដែល​​ពិភពលោក កំពុង​​ដាក់​​ភ្នែក​​មើល​​នាង នាង​បាន​​ធ្វើឲ្យ​​ពិភពលោក​​ស្គាល់ និង​​ចាប់​អារម្មណ៍​​កាន់​​តែ​​ខ្លាំង​​លើ​​ទុក្ខវេទនា របស់​​ប្រជាជន​​ភូមា ទោះ​​ក្រោយ​​ការ​និយាយ​​របស់​​នាង នឹង​​ត្រូវ​រង​​ការ​​ធ្វើ​ទារុណកម្ម ពី​ពួក​យោធា​​នៅ​​ពេល​​នាង​​ត្រឡប់​​ទៅ​​ប្រទេស​​វិញ​​ក៏ដោយ។

ការរិះគន់នេះ​ ធ្វើ​ឡើង​បន្ទាប់ពីបវរកញ្ញាកម្ពុជា គឺ​នាង ជីវ ជីលី បាន​ប្រកាស​តាម​បណ្ដាញ​សង្គម Facebook កាល​ពីពា​ក់​កណ្តាល​ខែ​មីនា កន្លងទៅ ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ កុំពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

សារព័ត៌អន្តរជាតិ BBC បាន​ចុះផ្សាយ កាល​ពី​ថ្ងៃទី ៥ ខែ​មេសា ឆ្នាំ​២០២១ នេះ ពីភាពក្លាហាន​របស់​បវរកញ្ញា​តំណាង​ឲ្យ​ប្រទេស​ភូមា ថា​ជា​បវរកញ្ញា​ដែល​មាន​សម្រស់ស្អាត គឺ​កញ្ញា ហាន់ ឡេ ដែល​ហ៊ាន​ប្រកាស​ជំហរ​តតាំង​ជាមួយ​យោធា​ភូមា បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល។ សារព័ត៌​មាន​មួយ​នេះ ក៏បាន​លើក​ឡើង​ដែរ អំពី​បវរកញ្ញា​កម្ពុជា ដែល​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​ខ្លួន កុំ​ពាក់ព័ន្ធ​នឹង​រឿងន​យោបាយ​ទៅ​វិញ។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ បាន​ប្រាប់​សាព័ត៌មាន The Cambodia Daily ថា បញ្ហា​នេះ​អាច​ប្រហែល​ជា​បណ្តាល​មក​ពី​កត្តា​អប់រំ ដែល​ធ្វើឲ្យ​នាង​មិន​យល់ថា អ្វីទៅ​ជា​នយោបាយ ហើយ​វា​មាន​ឥទ្ធិពល​យ៉ាង​ណា និង​មាន​អត្ថន័យ​ដូច​ម្តេច​នោះ។

កញ្ញា លី ស្រីស្រស់ អះអាងថា មាន​យុវជន​​កម្ពុជា​​ច្រើន​​ណាស់ ដែល​​មាន​​ការភ័ន្ត​ច្រឡំ​​ពី​​អត្ថន័យ​​នៃ​​ពាក្យ​ថា «នយោបាយ» ដូច្នេះ​​បវរកញ្ញា​រូប​នេះ ក៏មិន​ខុស​​ពី​​យុវជន​​ក្នុង​​ប្រទេស​​កម្ពុជា​ទាំង​នោះ​ដែរ៕

.