ដោយលោក សុខ ខេមរា /VOA Khmer / 28-5-2020

វ៉ាស៊ីនតោន — ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​ បាន​​និយាយ​​ថា ​សកម្មភាព​​ប្រទេស​​ជិត​ខាង​ ​ដូចជា​វៀតណាម ​និងថៃ ​ចុង​ក្រោយ​​ដែល​​ចូល​មក​​បោះតង់​ និង​​សង់​រោង​​ នៅ​តំបន់​​ហាម​ឃាត់​ ឬ​ទឹកដី​​កម្ពុជា​គឺជា​​សកម្មភាព​​រំលោភ​បំពាន​​បូរណភាព​​ដែនដី​​កម្ពុជា ​ដោយ​​ឥតកោត​​ក្រែង​ ​ច្បាប់ជាតិ​ និង​អន្តរជាតិ។

ការ​អះអាង​ដូច្នេះ ​គឺយោង​​ទៅលើ​​ការចូល​​មក​​បោះតង់​​ របស់​កងទ័ព​​វៀតណាម ​នៅក្នុង​​តំបន់​ស ​ក្នុងស្រុក​​លើកដែក ​និង​ស្រុក​កោះធំ ​ខេត្ត​កណ្តាល ​តាម​​ព្រំប្រទល់​​ដែន​ ​នៃ​ប្រទេស​ទាំងពីរ ​កាល​ពី​សប្តាហ៍​​ថ្មីៗ​កន្លង​​ទៅ​ និង​​ការ​សង់​រោង​ ​នៅខេត្ត​​ប៉ៃ​លិន​​នៃភាគី​​ទាហាន​ ថៃ ​កាល​ពី​សប្តាហ៍​ថ្មីៗ​​កន្លង​​ទៅ​ដែរ​ ​ដើម្បី​អ្វីមួយ​​ដែល​​គេ​អធិប្បាយ​ថា​ ជាការ​បង្ការ​​ការរាត​ត្បាត​​នៃ​ ជំងឺ​កូវីដ១៩ ​ហើយ​នឹង​ទប់ស្កាត់​​ពលក​រ​ចំណាក​ស្រុក​​ ក្នុង​​ពេល​​មាន​​ការ​រាតត្បា​ត​ជំងឺ​​កូវីដ១៩​ ដែល​​ព្រំ​ដែន​​នៃ​ ​ប្រទេសជិត​​ខាង​​ទាំងនេះ​ត្រូវបិទ​មិន​ឲ្យ​ឆ្លងកាត់​លើក​លែង​តែ​ទំនិញ​នោះ​។

លោក ​ឌី ការ៉េត ​ប្រធាន​​គណ:កម្មាធិការ​​ព្រំដែន​​កម្ពុជា ​ប្រចាំ​​ស្រុក​​បារាំង​ បាន​​ថ្លែង​​ថា​ ​ទាំ​​ង​​​ភាគី​វៀត​ណាម​​​ និង​ថៃ​ ដែល​​​ជា​ប្រទេស​​​ជិត​​​ខាង​​​កម្ពុជា ​តែង​តែ​​​​បន្ត​​​ស​កម្មភា​ព​​ជាបន្ត​​​បន្ទាប់​ ​ដើម្បី​​​រំលោភ​​​​បំពាន​​ទឹក​ដី​​​កម្ពុជា​​ ឥត​ឈប់ឈរ ​ដោយ​​សារ​​​កា​រ​មិន​​​គោរព​​​​បូរណភាព​​​​ដែនដី​​​​កម្ពុជា។

លោក ឌី ការ៉េត ថា​ «ខ្ញុំយល់​​ឃើញថា ​​ទាំ​ង​វៀត​ណាម​ក្តី ​ទាំង​ថៃ​​ក្តី​​ គេគ្មាន​​គោរព​អី​​ព្រំដែន​​របស់​យើង​ទេ ​គេចង់​​ធ្វើ​​អី​ គេធ្វើហ្នឹង​​ទៅ​ស្រេច​តែ​​គេ​ចង់​​បា​ន​ចង់ធ្វើ ​អាហ្នឹង​​វា​អីចឹង​​ តាំង​ពី​យូរ​ណាស់​​​មក​​​ហើយ»

លោកថា ​ទោះជា​កម្ពុជា​ ​មាន​​សន្ធិសញ្ញា​​បា​រាំង​-​សៀម ​និង​​​សិទ្ធិសញ្ញា​​ផ្លូវការ​​​នានា​​​ក្តី​ តែ​​ប្រទេស​​ជិតខាងតែង​​​បង្កើត​​ព្រឹត្តិការណ៍​​ ធ្វើ​​សកម្មភាព​​​ជា​បន្តបន្ទាប់​​ ដើម្បី​​ជាលេស​ ចូល​ម​ក​​កាន់​​កាប់​​​ទឹក​ដី​កម្ពុជា​ ​​តាម​ព្រំប្រទល់​​​ដែន​។ «ចង់​ដា​ក់តង់​ ដាក់អី​​​ការពារ​​​វីរុស​កូរ៉ូណា​ ឬ ​កូវីដ១៩ ​ដាក់​ក្នុង​​ដីខ្លួន​​ទៅ​ រឿងហ្នឹង​​វា​មិន​ទាន់​​ចូល​​​ក្នុងដី​ខ្លួន​ផង​ ខ្លួន​មក​ដាក់​ក្នុង​​ដីគេ​​​យ៉ាង​ម៉េច? ​ដាក់​ក្នុង​ដី​ខ្លួនទៅ ​មាន​​ទាស់​អី»។

លោក ​ឌី ការ៉េត​ អះអាង​ថា ​ក្នុងពេល​ប្រទេស​​​នីមួយៗ​​ បិទ​​ព្រំដែន​​​រៀងខ្លួន​ កងទ័ព​​គួរតែ​ស្ថិត​​នៅ​ក្នុង​ទឹកដី​​របស់​ខ្លួន។​ លោក​​បាន​​ទទូចថា​ កម្ពុជា​​ត្រូវមាន​​ការ​ការពារ​បូរណភាព​​ដែនដី​ ​ឲ្យ​បានប្រាកដ​​ប្រជា​ ​មាន​​​ឆ្មាំ​​ការពារ​​ជាប្រចាំ​ មាន​ការ​ដោះ​ស្រាយ​​ភ្លាមៗ​ ហើយ​ត្រូវ​​ពិនិត្យ​​​រាល់​ពាក្យ​​បណ្តឹង​​របស់​ពលរដ្ឋ​ ​តាម​ព្រំដែន ​ដែល​​​និយាយ​​​អំពីការ​រំលោភ​​បំពាន​​ឲ្យ​បាន​​ដិតដល់ ​និង​​​ពន្យល់​​​ពលរដ្ឋ​​ឲ្យដឹង ​និង​​​ទៅ​​ពិនិត្យ​​​មើល​ថា​ កន្លែង​​ណា​​ជាខ្សែ​បន្ទាត់​​​ព្រំដែន​​​កម្ពុជា ​ឬទឹកដី​​ខ្លួន ​ដោយ​​​មិន​​ត្រូវចោទ​​​ប្រកាន់​​​ពលរដ្ឋ​​ថា​ ទៅ​​រំលោភ​​ដីប្រទេស​​ណា​មួយ​ ​នៅ​ពេល​​ដែល​​ពល​រដ្ឋ​ខ្លួន​​ ​លោក​​ដឹង​ច្បាស់​​​តាំង​​ពី​ដើម​​មកថា ​ជា​ដី​​របស់​កម្ពុជា​​​ទៅ​ហើយ​​នោះ

ប្រទេស​កម្ពុជា ​និង​ប្រទេស​​ជិត​ខាង​​ ដូច​ជា​​វៀតណាម ​ថៃ​ និង ​ឡាវ ​នៅ​មាន​​បញ្ហា​វិវាទ​​​ព្រំដែន​​​យូរៗ​​ម្តង​ដោយសារ​​​កន្លែង​​ខ្លះ ​មិនទាន់​​​បាន​​​បោះ​បង្គោល​​​ចប់​សព្វគ្រប់​ ហើយ​​ការ​កំណត់​​​ខ្សែ​​បន្ទាត់​ព្រំដែន​​ នៅ​មាន​​​ភាព​​ស្មុកស្មាញ​ និង​​​បន្ត​​ចរចា​គ្នា​​​នៅឡើយ។​ ការណ៍​នេះ បង្ក​ឲ្យ​​មាន​​​ភាព​តាន​តឹង​ផ្នែក​​​​​​យោធា​​ជួរមុខ​ពេល​​ខ្លះ​​ផង​ដែរ។

តែការ​ដោះស្រាយ​​​ពីរ​លើក​ចុងក្រោយ​នេះ​ ដែល​​​មាន​​ការសង់​​​រោង​​​ពីភាគី​​ថៃ នៅ​តាម​​ព្រំដែន ខេត្ត​ប៉ៃលិន ​និង​​​បោះតង់​​​ ពីភាគី​វៀតណាម​ ​នៅ​​តាម​​​បណ្តោយ​​​ព្រំដែន​​ នៅ​ខេត្ត​​​កណ្តាល​​នោះ ​គេមិន​​​បាន​​​សង្កេត​​ឃើញ​ថា​ មាន​​​ភាពតាន​​តឹង​ ​​កើតឡើង​​ខ្លាំង​​​ដូច​​ពេល​​មុនទេ ​ក្រោយ​​​ពេល​​មន្ត្រី​​ខេត្ត​​​អានយ៉ាង ​នៃ​​​ប្រទេស​វៀតណាម​ ​ជាប់​​ខេត្តកណ្តាល​ ​នៃ​ប្រទេស​កម្ពុជា ​បាន​​ជូន​ដំណឹង​​ជាផ្លូវ​ការ​​ដល់​កម្ពុជា​​ ​អំពីការ​​បោះ​តង់​​នោះ​ ថា​ជា​រឿង​​បណ្តោះ​អាសន្ន​​ ដើម្បី​​ទប់​ស្កាត់​​ការ​រាតត្បាត​​ជំងឺ​​កូវីដ១៩​។ ហើយ​​ភាគី​​វៀតណាម ​បាន​សន្យា​ថា ​នឹង​​រើ​តង់​ចំនួន ​៣១ ​កន្លែង​​ចេញ​​ ក្រោយ​ពី​មាន​​សេចក្តី​រាយការណ៍​​ថា ​ក្រសួងការ​បរទេស​កម្ពុជា ​បាន​បញ្ជូន​កំណត់​ទូត​តវ៉ា​អំពី​រឿង​បោះតង់​នៅលើ​តំបន់​ហាម​ឃាត់​ឬតំបន់ស​នោះ។ ​ដោយ​​ឡែក​​ភាគី​ថៃ​ ​បាន ​រើរោង​​យោធា​ជួរមុខ​​ចេញ​​ដោយ​​សន្តិ​វិធី​​ ដែល​​គេ​​មិន​​ទាន់​​ឃើញ​​​មាន​​​ការ​ពន្យល់​​​ជាផ្លូវ​ការ​​​ដែរ។

ក្រុមមន្ត្រី​កម្ពុជា​ ធ្លាប់​បាន​​និយាយថា​ កម្ពុជា​​​ធ្លាប់​​​អះអាង​ថា មិន​​អាច​​​ឲ្យទឹកដី​​​របស់​ខ្លួន​​ ​ត្រូវ​​​បាត់​​បង់សូម្បី​​​តែ​ ១​ មីលីម៉ែត្រ​ ហើយ​​ក៏​មិ​នចង់​​បាន​​​ចំណេញ​​​ទឹកដី​​​ប្រទេស​​ជិត​ខាង​​​ណា​មួយ​​​ដែរ។

លោក ​ម៉ែន ណាត​ ប្រធាន​​​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ប្រចាំ​​ប្រទេស​​ន័រវែស​ ដែល​​​មាន​និន្នាការ​​ទៅរក​​ក្រុម​ជំទាស់​​ បាន​​កត់​សម្គាល់​​ថា​ ប្រទេស​​ជិតខាង​ ​តែង​តែ​ឆ្លៀត​​ឳកាស​​រំលោភ​យក​​ទឹកដី​កម្ពុជា​ ​នៅ​តាម​ព្រំដែន​​ គឺទាំង​​ព្រំដែន​គោក ​និង​ព្រំ​ដែន​​ទឹក​ ​ជាពិសេស​​នៅ​ពេល​​ភាគី​​នយោបាយ​​ខ្មែរ​ មាន​​ការ​បែក​​បាក់​ផ្ទៃក្នុង ​និង​មាន​ភាព​វឹកវរ​​នយោបាយ។ ​លោក​​បាន​ទទូចថា​ ដើម្បី​​បញ្ចប់​បញ្ហា​ព្រំដែន​​ជាមួយ​​ប្រទេស​​ជិតខាង​ រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​លុប​​ចោល​សន្ធិសញ្ញា​ ដែល​​លោក​​ចាត់​​ទុក​ថា ​ខុស​ច្បាប់​ ​ឬ​ផ្ទុយ​ពី​កិច្ច​ព្រម​ព្រៀង​​ទីក្រុង​ប៉ារីស​ ជា​មួយ​​ប្រទេស​ជិតខាង​​ទាំងអស់​​ចោល​​ តាមរយ​:​សភា​ ហើយ​​ដាក់​ពាក្យ​​ប្តឹង​​ទៅ​​សហ​ប្រធាន​​នៃ​​ សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ​និង ​តុលាការ​យុត្តិធម៌​​អន្តរជាតិ​​ ដើម្បី​បញ្ចប់​​បញ្ហា។ {លោកថ្លែងថា} «មានតែ​អីចឹងទេ​ ​ដែល​យើង​​អាច​​ដោះស្រាយ​​ដែល​​ធានា​​បាន​​នូវយុត្តិធម៌​​ទាំងអស់​គ្នា»។

លោកថា​ ការធ្វើ​ដូច្នេះ ​មិន​ត្រឹម​តែ​​បញ្ចប់​បញ្ហា​​​រំលោភ​​បំពាន​​​ព្រំដែន​​ រវាង​​កម្ពុជា ​និង​​ប្រទេស​​ជិត​​​ខាងដោយ​​​យុត្តិធម៌​​ប៉ុណ្ណោះ​ទេ ​តែនឹង​​បញ្ចប់​អរិភាព​​ រវាង​​អ្នក​នយោបាយ ​និង​​ពលរដ្ឋ​​កម្ពុជា​​ផងដែរ។

លោក​បាន​បន្ថែម​ថា ​បញ្ហា​កូវីដ​គ្រាន់តែ​​ជារឿង​​មួយ​​នៅ​ពេល​នេះ​ ​ដែលនាំ​​ឲ្យកើត​​បញ្ហា​ តែ​លោក​​បន្ត​ថា​នៅ​មាន​​រឿង​​បន្ត​បន្ទាប់​​ និង​​កន្លែង​​បន្ត​បន្ទាប់​ទៀត​​ ដែល​​នឹង​មាន​​រឿង​​កើត​ឡើង​​ បើសិន​​ជាកម្ពុជា​ ​មិន​អាច​បញ្ចប់​បញ្ហា​​ព្រំដែន​ ​តាមច្បាប់​អន្តរជាតិ​​បាន ​ហើយ​ឥទ្ធិពល​នយោបាយ​ចិន​ គ្រប​ដណ្តប់​​លើ​កម្ពុជា​ ​កាន់​​តែ​ខ្លាំង​​ឡើង​នោះ។​ «ហើយ​​ដល់​​ពេល​​អាចុង​​ក្រោយ​​ហ្នឹង​​ ​គេមក​​ធ្វើ​នៅ​​ខាង​​ខេត្ត​កណ្តាល​ ហើយ​​គេ​អាច​​ធ្វើនៅ​កន្លែង​​ផ្សេងៗទៀត»។

លោក​ វ៉ា គឹមហុង​ ប្រធាន​​គណ:កម្មាធិការ​​ព្រំដែន​​កម្ពុជា​​របស់រាជ​រដ្ឋាភិបាល​​កម្ពុជា ​មិន​​អាច​ទាក់​ទង​បាន​​ដើម្បី​​អត្ថាធិប្បាយ​​បាន​ទេ ​ដោយ​ទូរសព្ទ​លោក​រោទិ៍​ តែ​គ្មាន​អ្នក​ទទួល។

យ៉ាង​ណាក្តី​លោក ​ម៉ែន ណាត ​បានអំពាវនាវ​​ឲ្យ​អ្នក​នយោបាយ​​កម្ពុជា​​ ធ្វើការ​​ជាមួយ​គ្នា ​ដើម្បី​ផល​ប្រយោជន៍​​ប្រទេស​ និង​​បូរណភាព​ដែនដី។​

បញ្ហា​សន្ធិសញ្ញា​ព្រំដែន ​និង​បូរណភាព​ទឹកដី​​ដ៏​ម្រូង​​ចម្រាស​ ​និង​​ស្មុគស្មាញ​នេះ​ ត្រូវ​គេ​ដឹង​​ថា មាន​​ការ​​បក​ស្រាយ​​រៀងៗ​​ខ្លួន ​រវាង​​គូប្រជែង​​នយោបាយ​ ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​​ក៏ត្រូវ​បាន​​អ្នក​នយោបាយ​​ខ្លះ​ ​យក​មក​​ធ្វើជា​ប្រធាន​បទ​​សំខាន់​​បំផុត​​មួយ​​ផងដែរ ​ដើម្បី​បំផុស​​គំនិត​​ជាតិនិយម​ ហើយ​នឹង​​ទាក់ទាញ​ប្រជា​ប្រិយភាព​ ជាពិសេស​​ក្នុង​ពេលនៃ​​ការ​ឃោសនា​រ​ក​សម្លេង​ឆ្នោត៕

Men Nath & Var Kimhong on Khmer border

.