ស្របពេលកម្ពុជា កំពុងមានវិបត្តិនយោបាយធ្ងន់ធ្ងរ ពុំទាន់អាចស្វែងរកដំណោះស្រាយ តាមការផ្សះផ្សារណាមួយនៅឡើយ ថែមទាំងរបបដឹកនាំរបស់លោក ហ៊ុន សែន ដាក់ចេញប្រតិទិន សម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិ ឆ្នាំ ២០២០ ដោយលុបចោលនូវ ទិវាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ពីថ្ងៃឈប់សម្រាកបុណ្យជាតិ។ ភ្លាមៗនោះ ធ្វើឲ្យមានប្រតិកម្ម និងសម្លេងថ្កោលទោស ពីក្រុមអ្នកប្រឆាំង ពីបញ្ញវន្ត និងពលរដ្ឋក្នុងបណ្តាញសង្គមផង ចំពោះការលុបចោលនូវ ទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដ៏មានសារសំខាន់សម្រាប់ពលរដ្ឋខ្មែរ កាលពីថ្ងៃទី ២៣ តុលា ១៩៩១។
ទោះជាយ៉ាងណាក្តី ពលរដ្ឋខ្មែរ នៅតែយល់ថា កិច្ចព្រមព្រៀងសនិ្តភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ជាកិច្ចព្រមព្រៀងមានលក្ខណៈអន្តរជាតិ ហើយនៅតែស្ថិតក្នុងបះដូងខ្មែរ។ ពលរដ្ឋខ្មែរ និង សហគមន៍អន្តរជាតិ (ខាងលោកសេរី) បន្តទាមទារឲ្យរបបលោក ហ៊ុន សែន វិលទៅរកការស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ ចាប់តាំងពីរបបនេះ បានចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារ និង ប្រើប្រាស់ប្រព័ន្ធតុលាការ រំលាយរចនាសម្ព័ន្ធបក្សប្រឆាំង «បក្សសង្គ្រោះជាតិ» កាលពីចុងឆ្នាំ ២០១៧។
ហត្ថលេខី នៃកិច្ចព្រមព្រៀងក្រុងប៉ារីស មាន ១៨ ប្រទេស បូករួមទាំង កម្ពុជា។ មុនពេលឈានដល់មានកិច្ចព្រមព្រៀងនេះ កម្ពុជា មាន ៤ ភាគី គឺរដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោក សឺន សាន និង ខ្មែរក្រហម។ ភាគីរដ្ឋកម្ពុជា គ្រប់គ្រងដោយ វៀតណាម បើទោះជាខ្លួនដកកងទ័ពចេញហើយក្តី នៅឆ្នាំ ១៩៨៩។ ហើយ ៣ ភាគីទៀត ដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ ជាក្រុមប្រឆាំងរបបរដ្ឋកម្ពុជា របស់លោក ហ៊ុន សែន ហេង សំរិន និង ជា ស៊ីម។ ពេលមានកិច្ចព្រមព្រៀងហើយ ភាគីទាំង ៤ បង្កើតជា «ក្រុមប្រឹក្សាជាតិជាន់ខ្ពស់» ហើយស្នើឲ្យ អង្គការសហប្រជាជាតិ (អ.ស.ប) ដែលហៅកាត់ថា អ៊ុនតាក់ (UNTAC) ចូលមកកម្ពុជា រៀបចំការបោះឆ្នោតជាតិ តាមគន្លងប្រជាធិបតេយ្យសេរីពហុក្ស នៅខែ ឧសភា ឆ្នាំ ១៩៩៣។
ប្រទេសជាហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស រួមមាន៖
- សមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. (៥ ប្រទេស)៖ អាមេរិក, អង់គ្លេស, បារាំង (សហប្រធានសន្និសីទ), ចិន និង សហភាពសូវៀត។
- ប្រទេសនៅ អាស៊ីអាគ្នេយ៍ (៨ ប្រទេស)៖ ឥណ្ឌូណេស៊ី (សហប្រធានសន្និសីទ), វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វ៊ីលីពីន និង ប៊្រុយណេ។
- ក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ តំណាងដោយ យូហ្គោស្លាវី។
- ប្រទេស ៤ ផ្សេងទៀតគឺ ឥណ្ឌា, ជប៉ុន, កាណាដា និង អូស្រ្តាលី។
ខ្លឹមសារសំខាន់ៗ នៃកិច្ចព្រមព្រៀង រួមមាន៖
- ការឈប់បាញ់រវាងភាគីជម្លោះ ក្នុងសង្រ្គាមស៊ីវិលខ្មែរ
- ការកាត់រំសាយទ័ព
- ការដកកងទ័ពបរទេសចេញពីកម្ពុជា (វៀតណាម ដាក់ទ័ពនៅកម្ពុជា ពីឆ្នាំ ១៩៧៩ ដល់ ១៩៨៩)
- ការរៀបចំការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ
- ការកំណត់អាណត្តិ របស់ អ៊ុនតាក់ ដើម្បីពិនិត្យមើលបទឈប់បាញ់ រក្សាសន្តិភាព និងរៀបចំការបោះឆ្នោត ទៅតាមអ្វីដែលមានចែងក្នុង កិច្ចព្រមព្រៀង
- ការធ្វើមាតុភូមិនិវត្តន៍របស់ ជនភៀសខ្លួនខ្មែរ ជាពិសេសពីជំរំជនភៀសខ្លួន នៅជាយដែនខ្មែរ-ថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ
- កំណត់គោលការណ៍នៃ រដ្ឋធម្មនុញ្ញថ្មី របស់កម្ពុជា (រួមមានដូចជា គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស, ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន របស់លរដ្ឋ និងគោលការណ៍នីតិរដ្ឋ ជាដើម)។
- កម្ពុជា និងប្រទេសជាហត្ថលេខី មានកាតព្វកិច្ច គោរពឯករាជ្យ អធិបតេយ្យ បូរណភាព និងអព្យាក្រឹត្យទៅវិញទៅមក។
- ប្រទេសហត្ថលេខី សន្យាផ្តល់ជំនួយ ដើម្បីជួយស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។
- ក្នុងករណីមានការរំលោភលើកិច្ចព្រមព្រៀងនេះ គេអាចកោះប្រជុំប្រទេសហត្ថលេខីឡើងវិញបាន ដើម្បីស្វែងរកវិធានការសមស្រប។ តាមមាត្រា ២៩ នៃកិច្ចព្រមព្រៀងទី១ (ស្តីពីការដោះស្រាយជម្លោះផ្ទៃក្នុងកម្ពុជា) អ្នកដែលអាចកោះប្រជុំបាន គឺសហប្រធាននៃសន្និសីទ ក្រុងប៉ារីស (បារាំង និង ឥណ្ឌូណេស៊ី) ក៏ប៉ុន្តែ ការកោះប្រជុំនេះ អាចធ្វើទៅបាន លុះត្រាតែមានសំណើពីអគ្គលេខាធិការ អ.ស.ប.។
ចំណែកនៅក្នុងកិច្ចព្រមព្រៀងទី២ វិញ (ស្តីពីឯករាជ្យ អធិបតេយ្យ បូរណភាព និងអព្យាក្រឹត្យរបស់កម្ពុជា) ត្រង់មាត្រា ៥ ចែងថា៖
១- នៅក្នុងករណីមានការរំលោភ ឬគំរាមរំលោភអធិបតេយ្យ, ឯករាជ្យ, បូរណភាព (…) ហត្ថលេខីនៃកិច្ចព្រមព្រៀង ត្រូវធ្វើការប្រជុំជាបន្ទាន់ ដើម្បីចាត់វិធានការសមស្រប (…)។
២- វិធានការសមស្របទាំងនេះ អាចជា ការប្តឹងទៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ឬវិធានការផ្សេងទៀត ដែលមានចែងក្នុងមាត្រា ៣៣ នៃធម្មនុញ្ញសហប្រជាជាតិ (ចរចា, ស៊ើបអង្កេត, សម្របសម្រួល, ផ្សះផ្សា, មជ្ឈត្តកម្ម, ដំណោះស្រាយតាមផ្លូវតុលាការ, …,)។
(អត្ថបទស្រាវជ្រាវដោយលោក ម៉ែន ណាត ខែតុលា ២០១៩ / អត្ថបទមូលដ្ឋានពីវិទ្យុ Rfi Khmer ដោយ សេង ឌីណា ឆ្នាំ២០១៣ )