បុព្វហេតុ៖ ការ​ចាប់​ឃុំខ្លួន​លោក សួង សុភ័ណ្ឌ ប្រធាន​គណ​បក្ស​ខ្មែរ​ឈ្នះ និង​​ជា​​អ្នក​​គោរព​​រាប់​អាន​​លោក រ៉ុង ឈុន ផង​​​នោះ បាន​​​កើត​​ឡើង​​ភ្លាមៗ​នៅ​​ថ្ងៃទី​​១៤ ខែ​​សីហា ឆ្នាំ​​២០២០ ក្រោយ​​ពេល​​លោក​​រិះគន់​ចំៗ ទៅ​​​លើ​​​ភាព​មិន​ប្រក្រតី ក្នុង​ការ​បោះ​បង្គោល​ព្រំដែន ជាមួយ​​វៀតណាម {បោះ​ចូល​ក្នុង​ដីខ្មែរ} ស្រុក​ពញា​ក្រែក ខេត្ត​ត្បូងឃ្មុំ ជា​ទី​កន្លែង​ដែ​លោក បាន​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​ដោយ​ផ្ទាល់ និង​បាន​ជួប​សំណេះ​សំណាល​ ជាមួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ផ្ទាល់។

ការរិះគន់នោះ បាន​​កើត​​ឡើង​​រយៈ​ពេល​ ២​ថ្ងៃ មុន​ពេល​ការ​ចាប់​ខ្លួន ពោល​គឺ​បន្ទាប់​​ពី​​លោក​ សួង សុភ័ណ្ឌ បាន​​ចូល​រួមជាវាគ្មិន​​ក្នុង​កម្មវិធី​ពិភាក្សា​គំនិត “Idea Talk” ជាមួយ​សារព័ត៌មាន The Cambodia Daily អំពី​​​ភាព​​ចម្រូង​​ចម្រាស​​លើ​​បញ្ហា​​ព្រំដែន រវាង​​កម្ពុជា និង​​​វៀតណាម។ ក្នុង​កម្មវិធី​ពិភាក្សានោះ មានការចូលរួមជាវាគ្មិនផងដែរ ពី​លោក ម៉ែន ណាត ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​​កម្ពុជា (ប្រទេស​ន័រវេស៍ “Norway”) និង​​ជា​​ប្រធាន​​ក្រុម​ប្រឹក្សា​​ភិបាល​​​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ដែល​មាន​លោក តាំង សារ៉ាដា ជា​​អ្នក​​សម្រប​​សម្រួល​​កម្មវិធី។

នៅប៉ុន្មាន​ម៉ោង​មុន​ពេល​ចាប់​ខ្លួន​លោក សួង សុភ័ណ្ឌ ក្នុង​ថ្ងៃទី១៤ ខែ​សីហា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សំដែង​ការ​ក្រេវ​​ក្រោត ជាមួយ​ការ​លើក​ឡើង​អំពី​ឈ្មោះលោក សួង សុភ័ណ្ឌ ដែល​​និយាយ​​នៅ​​សារព័ត៌មាន The Cambodia Daily នា​ព្រលប់​​ថ្ងៃទី ១២ សីហា។ ហើយ​លោក ហ៊ុន សែន ក៏​​បាន​​រំលឹក​​​ឈ្មោះ​​លោក រ៉ុង ឈុន តំណាង​​នៃ ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​​ជា​​ប្រធាន​​សហភាព​​សហ​ជីព​​កម្ពុជា ត្រូវ​​បាន​អាជ្ញាធរ​រដ្ឋាភិបាល ចាប់​​ខ្លួន​កាល​ពី ២​​សប្តាហ៍​ មុន​​​ពេល​​ចាប់​​ខ្លួន​​លោក សួង សុភ័ណ្ឌ ក្នុង​បទចោទ​ប្រកាន់​​ដូច​​គ្នា ដែល​ជា «សំណុំ​រឿង​​ដ៏​អយុត្តិធម៌ សម្រាប់​​​សកម្មជន​​ព្រំដែន​​ខ្មែរ និង​​ពលរដ្ឋ​​សកម្ម​ ក្នុង​​សង្គម​​ប្រជា​​ធិបតេយ្យ»។ – (អត្ថបទបន្ថែមដោយ នគរ)


អ្នក​សិទ្ធិមនុស្ស​ ទទូច​​ជា​​ថ្មី​​ទៀត​​ឱ្យ​​បញ្ឈប់​​ការ​​ផ្ដន្ទាទោស​​ពលរដ្ឋ​ ដែល​បញ្ចេញមតិ និង​​ការ​​ឈឺ​ឆ្អាល​​បញ្ហា​​ព្រំដែន

RFA Khmer
ដោយអ្នកស្រី សុជីវី / 11th-2-2021

អ្នកការពារ​​សិទ្ធិមនុស្ស​​ សោក​​ស្ដាយ​​​នៅ​​​ពេល​​​ដែល​​​តុលាការ​​ បន្ត​​ដាក់​ទោស​​ពលរដ្ឋ ដោយ​សារ​តែ​​ការ​​បញ្ចេញ​​មតិ និង​​ការ​​ឈឺ​ឆ្អាល​​បញ្ហា​​ព្រំដែន​។ ការ​​លើក​​ឡើង​​នេះ ក្រោយ​​ពេល​​សាលា​ដំបូង​​រាជ​ធានី​​​ភ្នំពេញ កាល​ពី​​ថ្ងៃ​​ទី​​១០ ខែ​​កុម្ភៈ បាន​​កាត់​ទោស​​ប្រធាន​​គណបក្ស​​ខ្មែរ​​ឈ្នះ លោក សួង សុភ័ណ្ឌ ឱ្យ​​ជាប់​​ពន្ធនាគារ​​រយៈ​ពេល​ ១ ឆ្នាំ ៨ ខែ (២០​​ខែ​) និង​​បង្គាប់​​ឱ្យ​​សង​ជំងឺ​ចិត្ត​​ដើម​បណ្ដឹង ចំនួន​ ២​ពាន់​​លាន​​រៀល ឬ​​ស្មើ​ ៥០​ ម៉ឺន​​ដុល្លារ ក្រោម​​បទ​​ញុះ​ញង់​​បង្ក​​ឱ្យ​​មាន​​ភាព​​វឹក​វរ​​ធ្ងន់​ធ្ងរ​​ ដល់​​សន្តិសុខ​​សង្គម។

អ្នកការពារ​​សិទ្ធិ​មនុស្ស​​ទទូច​​ជា​ថ្មី​​ទៀត ​ដល់​​ស្ថាប័ន​​ពាក់​ព័ន្ធ​​ពិសេស​​តុលាការ ឱ្យ​​បញ្ឈប់​​ការ​​ផ្តន្ទា​ទោស​​ពលរដ្ឋ ដោយ​សារ​ការ​​បញ្ចេញ​​មតិ និង​​ការ​​ឈឺ​ឆ្អាល​​បញ្ហា​​ព្រំដែន​​ត​ទៅ​ទៀត ពីព្រោះ​​សិទ្ធិ​​សេរីភាព​​ទាំង​នេះ ​មាន​​ធានា​​ដោយ​​ច្បាប់​ ​ពុំ​​មែន​​ជា​​បទ​ល្មើស​​ឡើយ។

អ្នកនាំ​ពាក្យ​​​សមាគម​​​ការពារ​​​សិទ្ធិ​​មនុស្ស​​​​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា ប្រាប់​​​អាស៊ី​សេរី​​​​ថា អាជ្ញាធរ​​ពាក់​ព័ន្ធ​​ទាំង​អស់​​ គួរ​តែ​​ស្រាវ​ជ្រាវ​​ឱ្យ​​បាន​​ហ្មត់​ចត់​ ចំពោះ​ព័ត៌មាន​​ទាំង​ឡាយ​​ ទាក់​ទង​​បញ្ហា​​ព្រំដែន និង​​​បទ​ចោទ​ប្រកាន់​​លោក សួង សុភ័ណ្ឌ ចៀស​វាង​​ចោទ​ប្រកាន់ និង​​ដាក់​ទោស​​លោក​ ឱ្យ​​ជាប់​​ពន្ធនាគារ ដោយ​​ស្ដាប់​​តែ​​របាយការណ៍​​ភាគី​​តែ​​ម្ខាង​។ ម្យ៉ាង​ទៀត ​តុលាការ​គួរ​តែ​​ថ្លឹង​ថ្លែង​​ពី​​​សិទ្ធិ​​សេរីភាព​​របស់​​ពលរដ្ឋ ដែល​​មាន​​ធានា​​ក្នុង​​រដ្ឋធម្មនុញ្ញ និង​​កតិកា​រ​សញ្ញា​​អន្តរជាតិ ដែល​​កម្ពុជា​​បាន​​ផ្ដល់​​សច្ចាប័ន​។ លោក​​យល់ថា ការ​​បន្ត​​កាត់​ក្ដី​​បែប​នេះ​ ពិបាក​​នឹង​​ឱ្យ​​តុលាការ​​នេះ ​គេច​​ផុត​​ពី​​ការ​​រិះគន់​​ថា បំពេញ​​ការងារ​​នៅ​​ក្រោម​​ឥទ្ធិពល​​នយោបាយ៖ «សហគមន៍​​ជាតិ និង​​អន្តរជាតិ គេ​​បាន​​លើក​​ឡើង​​រាល់​​សកម្មជន​ ដែល​​មាន​​មតិ​​មិន​​ស្រប​​នឹង​​រដ្ឋាភិបាល​ គឺ​​តែង​តែ​​មាន​​ការ​​ចាត់​​វិធានការ ឬ​ក៏​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ផ្នែក​​នយោបាយ​។ ​អ៊ីចឹង​​ហើយ​ បាន​​យើង​​យល់​​ថា ក្នុង​​ករណី ឬ​​សំណុំ​​រឿង​​នេះ​ វា​​មិន​មែន​​ជា​​សំណុំ​រឿង​ ដែល​​ពាក់​ព័ន្ធ​​ទៅ​​នឹង​​ការ​ប្រព្រឹត្ត​​អំពើ​​ខុស​ច្បាប់​​អ្វី​​នោះ​​ទេ គឺ​​ពាក់​ព័ន្ធ​​ទៅ​​នឹង​​បញ្ហា​​នៃ​​ស្ថានភាព​​នយោបាយ ឬ​​វិវាទ​​នយោបាយ​​ហ្នឹង​​ច្រើន​ជាង»។

ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភណ្ឌ កាល​​ពី​ថ្ងៃ​​ទី ​២០ ខែ​​កុម្ភៈ ត្រូវ​​តុលាការ​​ក្រុង​​ភ្នំពេញ​ កាត់​​ទោស​​ដាក់​​ពន្ធនាគារ​​រយៈ​​ពេល​​ ១ ឆ្នាំ​ ៨ ខែ ពិន័យ​​ជា​​ប្រាក់ ៤ លាន​​រៀន ស្មើ​នឹង ​១.០០០ ​ដុល្លារ​​​ចូល​រដ្ឋ និង​​ស​ងជំងឺ​ចិត្ត​​ចំនួន ២ រយ​​លាន​​រៀល ដែល​​ស្មើ​នឹង ៥០ ម៉ឺន​​​ដុល្លារ ទៅ​​ឱ្យ​​ដើម​បណ្ដឹង ​គឺ​​គណៈ​កម្មាធិការ​​ចម្រុះ​​កិច្ចការ​​ព្រំដែន។

អាជ្ញាធរ​​បាន​​ចាប់​ខ្លួន​​ប្រធាន​​គណបក្ស​​ខ្មែរ​​ឈ្នះ​​រូប​​នេះ កាល​ពី​​ថ្ងៃ​​ទី​ ១៤ ខែ​​សីហា ឆ្នាំ​២០២០ គឺ​​មួយ​ថ្ងៃ​​ក្រោយ​​ពេល ដែល​​លោក​​បាន​​ចូល​រួម​​ការ​​តវ៉ា​​ទាមទារ​​ឱ្យ​​ដោះ​លែង​​ប្រធាន​​សហជីព លោក រ៉ុង ឈុន នៅ​​ខាង​​មុខ​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ​។ ការ​​ចាប់​​ខ្លួន​​នោះ​​ទៀត​សោត​ គឺ​​នៅ ​៤ ​ថ្ងៃ​ក្រោយ​​លោក ​បាន​​ចុះ​ទៅ​​តំបន់​​ព្រំដែន​​កម្ពុជា​​-​​វៀតណាម​ ក្នុង​​ខេត្ត​​ត្បូងឃ្មុំ​ លោក​​ បាន​​ចុះ​​តាម​​​ទីតាំង​​ព្រំដែន ដែល​​បាន​​បោះ​​បង្គោល​​រួច​រាល់ ហើយ​ក៏​​ជា​ទី​តាំង​​ដែល​លោក រ៉ុង ឈុន បាន​​លើក​​ឡើង​​នៅ​​ក្នុង​​របាយ​ការណ៍​​​ដែល​​​ថា ពលរដ្ឋ​​បាន​​អះ​អាង​​ពី​​ការ​បាត់​បង់​​ដី ​ទៅ​​ឱ្យ​​​វៀត​ណាម ដោយសារ​តែ​​ការ​​បោះ​បង្គោល​​ទាំង​នោះ​។ លោក សួង សុភ័ណ្ឌ ត្រូវ​​តុលាការ​​ ចោទ​ប្រកាន់​​ពី​​បទ​​ញុះ​ញង់​ ឱ្យ​​មាន​​ភាព​​វឹកវរ​​ធ្ងន់ធ្ងរ ​ដល់​​សន្តិសុខ​​សង្គម តាម​​មាត្រា​​ ៤៩៤ និង​ ​៤៩៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។

ចៅក្រម ឡេ សុខា ដែល​​បាន​​ជំនុំ​ជម្រះ​​រឿង​ក្ដី​​នេះ កាល​​ពី​​ថ្ងៃ​​ទី​ ១៨ ខែ​​មករា បាន​​លើក​​ឡើង​​ថា​ ក្នុង​​ពេល​​ចូល​រួម​​តវ៉ា​​​ឱ្យ​​ដោះ​លែង លោក រ៉ុង ឈុន នោះ លោក សួង សុភ័ណ្ឌ បាន​​ថ្លែង​​សារ​​ប្រមាថ​​ថ្នាក់​​ដឹកនាំ​​រដ្ឋាភិបាល ​តុលាការ​ និង​​ស្ថាប័ន​​ដែល​​ពាក់​ព័ន្ធ​​ការ​​ចាប់ខ្លួន លោក រ៉ុង ឈុន។ លើស​​ពី​​នេះ ​ចៅ​ក្រម​​លើក​​ឡើង​​ថា ការ​​លើក​ឡើង​​អំពី​​ការ​​បោះ​​បង្គោល​​ព្រំដែន ​រវាង​​កម្ពុជា និង​​​វៀតណាម​រ បស់​លោក សួង សុភ័ណ្ឌ គឺ​ជា​​ព័ត៌មាន​​បំផ្លើស​​ក្នុង​​បំណង​​ញុះញង់​​ប្រជាជន​​ ឱ្យ​​ប្រឆាំង​​មេ​ដឹកនាំ​​រដ្ឋាភិបាល​ ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ​​ដល់​​សន្តិភាព និង​​សណ្ដាប់​ធ្នាប់​​សាធារណៈ។

សារព័ត៌មាន​​ក្នុង​ស្រុក​ រាយការណ៍​​ថា នៅ​​​ពេល​​តុលាការ​​ ប្រកាស​​សាលក្រម​​ផ្ដន្ទា​ទោស​​រូប​លោក លោក សួង សុភ័ណ្ឌ បាន​​បដិសេធ​​ការ​សម្រេច​​នោះ និង​​ថា​​ លោក​​នឹង​​ប្ដឹង​​ទាស់​​ទៅ​​សាលា​ឧទ្ធរណ៍។

ទាក់​ទិន​​នឹង​​ការ​​ចាប់​ខ្លួន និង​​ដាក់​ទោស​​អ្នក​​ហ៊ាន​​ចេញ​មុខ​​បញ្ចេញ​មតិ​​ពី​បញ្ហា​​ព្រំដែន​​នេះ​ លោក ស៊ឹង សែនករុណា មាន​​មតិ​​ថា ​អាជ្ញាធរ​​ពាក់​ព័ន្ធ​​ គួរ​តែ​​ផ្ដល់​​ព័ត៌មាន​​ពេញ​លេញ ​និង​​គួរ​​ឱ្យ​​ទុក​ចិត្ត​​ដល់​​ពលរដ្ឋ ​ពី​​ការ​​បោះ​បង្គោល​​ព្រំដែន ​រវាង​​កម្ពុជា​ ជាមួយ​​វៀតណាម ព្រមទាំង​​ត្រូវ​​សម្រួល​​ឱ្យ​​គ្រប់​​ភាគី​ អាច​​ទៅ​ដល់​​តំបន់​​ព្រំដែន​ ពិនិត្យ​​ស្ថានភាព នៅ​ទីនោះ ជា​ជាង​​ទុក​​ឱ្យ​​ពលរដ្ឋ​​តវ៉ា​​ថា បាត់​ដី និង​​ធ្វើ​​ទុក្ខ​បុក​ម្នេញ​​​អ្នក​​ដែល​​ឈឺ​ឆ្អាល​​រឿង​​នេះ៖ «ធម្មតា​​រដ្ឋាភិបាល​​ក្នុង​​ការ​​ដឹកនាំ​​គ្រប់​គ្រង​​របស់​​ខ្លួន មាន​សិទ្ធិ​​​ក្នុង​​ការ​​ចាត់ចែង​អ៊ីចឹង​មែន ប៉ុន្តែ​ក្នុង​ចំណុច​ពី​ការ​តាមដាន​របស់​សាធារណជន មតិ​ជាតិ និង​អន្តរជាតិ​គេ​ប្រាកដ​ជា​ឆ្ងល់​ហើយ គេ​ច្បាស់​ជា​​ដាក់​​សំណួរ​​ហើយ​​ថា តើ​​មាន​​អ្វី​​ដែល​​ជា​​ចំណុច​​មន្ទិល​​សង្ស័យ​​ទើប​​មាន​ការ​​រារាំង ​ចុះ​ទៅ​​ព្រំដែន​?​ បែប​​ហ្នឹង​? អ៊ីចឹង​​ វា​​ជា​​ចម្ងល់​​​ដែល​​នាំ​​ឱ្យ​​មាន​ការ​​រិះគន់»។

សំណុំរឿង​​ទាក់​ទង​​នឹង​​បញ្ហា​​បោះ​​បង្គោល​​ព្រំដែន ​រវាង​​កម្ពុជា និង​​វៀតណាម​​នេះ អាជ្ញាធរ​​បាន​​ចាប់​​ខ្លួន ប្រធាន​​សហជីព និង​​ជា​​សមាជិក​​ក្រុម​ប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា លោក រ៉ុង ឈុន កាល​​ពី​ថ្ងៃ​​ទី​ ៣១ ខែ​​កក្កដា ឆ្នាំ​​២០២០ បន្ទាប់​​មក​​បាន​​ចាប់​ខ្លួន ប្រធាន​​គណបក្ស​​ខ្មែរ​​ឈ្នះ លោក សួង សុភ័ណ្ឌ សកម្មជន​​សិទ្ធិ​​ការងារ កញ្ញា សរ កនិកា និង​​សកម្មជន​​គណបក្ស​​សង្គ្រោះ​​ជាតិ​ លោក តុន និមល ដែល​​អ្នក​​ទាំង​ ៤ ​ក៏​​ត្រូវ​​ចោទ​​ប្រកាន់​​ពី​​បទ​ញុះ​ញង់៕

.

.