Tag Archives: Rong Chhun

តើលោក ស៊ាន ប៉េងសែ ជានរណា និងមានគុណសម្បត្តិអ្វីខ្លះ សម្រាប់ពលរដ្ឋខ្មែរ?

26904062_968278443322042_997948368734052998_n

អតីត​អ្នក​ជំនាញ​ព្រំដែន​កម្ពុជា និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​សម័យ​សាធារណរដ្ឋ លោក ស៊ាន ប៉េងសែ ដែល​តែងតែ​រិះគន់​លោក ហ៊ុន សែន រឿង​ធ្វើ​ឲ្យ​បាត់​ទឹក​បាត់​ដី​បាត់​កោះ​ ទៅ​ប្រទេស​ជិតខាង បាន​ទទួល​មរណភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៣ ខែ​មករា នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។


(ដោយ តាំង សារ៉ាដា / RFA / 24-1-2018)
ប្រជាពលរដ្ឋ​ខ្មែរ ​បាន​សម្ដែង​ការ​សោកស្ដាយ​ ចំពោះ​ការ​បាត់បង់​កុលបុត្រ​ខ្មែរ​មួយ​រូប​ទៀត ដែល​កាល​នៅ​មាន​ជីវិត​ បាន​ធ្វើ​កិច្ចការ​ជា​ច្រើន ​ដើម្បី​បុព្វហេតុ​ការពារ​ជាតិ ទឹកដី និង​ជាតិ​សាសន៍​របស់​ខ្លួន។ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​ក្នុង​វេទិកា​ពិភាក្សា​ តាម​វិទ្យុ ប្រជាពលរដ្ឋ​ ក៏​បាន​ចាត់​ទុក​អ្នក​ជំនាញ​ព្រំដែន​រួប​នេះ ជា​វីរបុរស​ក្នុង​បេះដូង​ខ្មែរ។

តើ​លោក ស៊ាន ប៉េងសែ ជា​នរណា?
លោក ស៊ាន ប៉េងសែ ជា​កូន​ខ្មែរ​ម្នាក់​ដែល​មាន​កំណើត​នៅ ​ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។ លោក​មាន​ភរិយា​ជា​ក្មួយ​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ ​សម្ដេច ប៉ែន នុត និង​មាន​កូន ៤​ នាក់។ លោក ​បាន​និរទេស​ខ្លួន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​បារាំង តាំង​ពី​ឆ្នាំ​១៩៧៥ មក​ម្ល៉េះ។

​លោក​ បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី ​២៣ ខែ​មករា ឆ្នាំ​២០១៨ ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ ៨២ ​ឆ្នាំ នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​បារាំង។

ចំពោះ​ការ​សិក្សា​វិញ គឺ​ក្រោយ​បញ្ចប់​មធ្យមសិក្សា ​នៅ​ទីក្រុង​ភ្នំពេញ លោក ស៊ាន ប៉េងសែ បាន​បន្ត​ទៅ​សិក្សា​ជំនាញ​ផែនទី​ នៅ​ប្រទេស បារាំង និង​ទទួល​បាន​សញ្ញាប័ត្រ​វិស្វករ ​នៃ​សាលា​ជាន់​ខ្ពស់ ​ខាង​បច្ចេកទេស​ឧស្សាហកម្ម និង​រ៉ែ ក្នុង​ឆ្នាំ​១៩៥៩។

លោក ស៊ាន ប៉េងសែ ក៏​ជា​អតីត​សិស្ស ​នៅ​សាលា​សិក្សា​ជាន់​ខ្ពស់​ ផ្នែក​វិទ្យាសាស្ត្រ​សង្គម នៅ​ទីក្រុង​ប៉ារីស។ បន្ទាប់​មក ​លោក ​បាន​ធ្វើ​ជា​កម្មសិក្សាការី​ នៅ​ការិយាល័យ​នៃ ​ការ​ស្រាវជ្រាវ​ភូគព្ភសាស្ត្រ និង​រ៉ែ នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច​ប្រេង​កាត​ ក្នុង​ប្រទេស​បារាំង។ ពេល​ត្រឡប់​មក​កម្ពុជា​វិញ លោក ​បាន​ក្លាយ​ជា​មន្ត្រី​ជាន់​ខ្ពស់​ ក្នុង​របប​សង្គមរាស្ត្រនិយម និង​បន្ទាប់​មក​ បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ ក្រសួង​ឧស្សាហកម្ម រ៉ែ និង​សិប្បកម្ម ក្នុង​សម័យ​សាធារណរដ្ឋ​ របស់​លោក​សេនាប្រមុខ លន់ នល់ នៅ​ឆ្នាំ​១៩៧៣។ ខណៈ​របប លន់ នល់ ដួល​រលំ លោក​ បាន​និរទេស​ខ្លួន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​បារាំង ហើយ​បាន​បង្កើត​ គណៈកម្មការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស ក្នុង​ឆ្នាំ​១៩៩៣។

​ការ​ស្លាប់​របស់​លោក ស៊ាន ប៉េងសែ បាន​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន ​សម្ដែង​ការ​សោកស្ដាយ​ ចំពោះ​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់ និង​ជា​វីរជន​ក្លាហាន ​ដែល​ហ៊ាន​និយាយ​រិះគន់​ត្រង់ៗ ដើម្បី​ការពារ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា កុំ​ឲ្យ​អ្នក​នយោបាយ ឬ​អ្នកដឹកនាំ​ខ្មែរ​មួយ​ចំនួន ​បន្លែបន្លំ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ ធ្វើ​ឲ្យ​បាត់បង់​ព្រំដែន ​របស់​កម្ពុជា ទៅ​លើ​ប្រទេស​ជិត​ខាង ​ដូចជា​ប្រទេស ​ថៃ និង ​វៀតណាម ជាដើម។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ សមាគម​ពុទ្ធសាសនិកជន​ខ្មែរ​ នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត បាន​សម្ដែង​ការ​សោកស្ដាយ​ក្រៃលែង ​ចំពោះ​ដំណឹង​មរណភាព លោក ស៊ាន ប៉េងសែ។ លោក ម៉ែន ណាត ថ្លែង​ថា មរណភាព​របស់​លោក ស៊ាន ប៉េងសែ គឺ​ជា​ការ​បាត់បង់​អ្នក​ជំនាញការ​គូស​ផែនទី​ខ្មែរ និង​ជា​ធនធាន​មនុស្ស​របស់​ពលរដ្ឋ​ខ្មែរ​ដ៏​ល្អ​ម្នាក់ ដែល​បាន​ចំណាយ​ពេល​ស្ទើរតែ​ពាក់​កណ្ដាល​ជីវិត ​ដើម្បី​បុព្វហេតុ​ ការពារ​បូរណភាព​ទឹក​ដី​ខ្មែរ និង​ការ​ផ្ដួចផ្ដើម​គំនិត ​ក្នុង​ការ​តវ៉ា​ករណី​ប្រជុំ​កោះ​ត្រល់​ ពី​ប្រទេស​វៀតណាម ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ ទោះបី​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន មិន​ខ្វល់ខ្វាយ​អំពី​ការ​បាត់បង់​ទឹកដី និង​ប្រជុំ​ កោះត្រល់​ ទៅ​ប្រទេស​ជិត​ខាង​យ៉ាង​ណា​ក៏ដោយ។

លោក​បន្ថែម​ថា វីរភាព និង​កិច្ច​ប្រឹងប្រែង​របស់​លោក ស៊ាន ប៉េងសែ ព្រមទាំង​សមាជិក នៃ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​ផ្ដល់​ឯកសារ​ស្រាវជ្រាវ​ផ្លូវ​ច្បាប់​ផង និង​លើក​ទឹក​ចិត្ត​ដល់​យុវជន​ខ្មែរ  ពលរដ្ឋ​ខ្មែរ ឲ្យ​ចេះ​ចូលរួម​ការពារ​បូរណភាព​ទឹក​ដី​ខ្មែរ និង​ឲ្យ​ចេះ​ស្រឡាញ់​ប្រទេស​ជាតិ៖ «គាត់​បាន​ធ្វើ​កិច្ចការ​ច្រើន ជាពិសេស​ប្រឆាំង​ សន្ធិសញ្ញា​ព្រំដែន​មុន​ឆ្នាំ ​៩០ ក្នុង​នោះ​មាន​រឿង​បោះ​បង្គោល​ព្រំដែន​បច្ចុប្បន្ន​ក្តី រឿង​កោះត្រល់​ដែល ហ៊ុន សែន ស៊ីញ៉េ​អោយ​យួន​ ឆ្នាំ​ ៨២ ក្ដី នេះ​គឺ​គាត់​ប្រឆាំង​ដាច់​ខាត់ ហើយ​គាត់​បាន​ធ្វើ​ការ​ជិតដិត​ជាមួយ​នឹង ​សម្ដេច​តា នរោត្តម សីហុន ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​បូរណភាព​ទឹកដី​នេះ។ និយាយ​ទៅ គាត់​មាន​គុណ​សម្បត្តិ​ច្រើន​ សម្រាប់​ប្រទេស​ជាតិ​យើង។ ក្រៅ​ពី​នេះ គាត់​ក៏​បាន​ចងក្រង​ឯកសារ​ និយាយ​អំពី​ព្រំដែន ហើយ​នៅ​កម្ពុជា គឺ​ឃើញ​មាន​ក្មេង​ខ្លះ ​បាន​អាន​ច្រើន។ គាត់​ក៏​បាន​ធ្វើ​លិខិតស្នាម ​ទៅ​ប្រធានាធិបតី​បារាំង ធ្វើ​លិខិត​ស្នាម​ទៅ​ អង្គការ​សហប្រជាជាតិ និង​បាន​ប្ដឹង​ទៅ​ម្ចាស់​ហត្ថលេខី​នៃ​ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​ប្រទេស ​វៀតណាម និង​ប្រទេស​ជិត​ខាង​ បាន​រំលោភ​លើ​បូរណភាព​ទឹកដី​កម្ពុជា»

លោក​បន្ត​ថា ​នៅ​ឆ្នាំ​២០០៥ កន្លង​ទៅ​នេះ កម្ពុជា បង្កើត​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ដែល​មាន​សម្ដេច​តា ​ជា​ប្រធាន ហើយ​លោក ស៊ាន ប៉េងសែ ជា​សមាជិក ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រជុំ​កំពូល​ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន ប៉ុន្តែ​ក្រោយ​បន្តិច​មក លោក ហ៊ុន សែន បាន​ប្រកាស​រំលាយ ​ក្រុមប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​នេះ​ចោល​វិញ ព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រឆាំង ​ជាមួយ​អ្នក​ជំនាញ​ព្រំដែន ​មាន​លោក ស៊ាន ប៉េងសែ នេះ។

អតីត​សមាជិក គ.ជ.ប លោក រ៉ុង ឈុន ថ្លែង​ថា លោក ស៊ាន ប៉េងសែ គឺ​ជា​ធនធាន​ដ៏​កម្រ​មួយ​របស់​កម្ពុជា។ លោក​បន្ត​ថា លោក ស៊ាន ប៉េងសែ បាន​លះបង់​កម្លាំងកាយ​ចិត្ត​ជា​ច្រើន ​ដើម្បី​ចងក្រង​ជា​សៀវភៅ និង​ឯកសារ​ផ្សេង​ដែល​និយាយ ​អំពី​ព្រំដែន​ទឹក និង​ព្រំដែន​គោក​របស់​កម្ពុជា ហើយ​តែង​ដាស់​តឿន​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា ពួកគេ​មាន​កាតព្វកិច្ច​ការពារ​ជាតិ និង​ជាតិ​សាសន៍​របស់​ខ្លួន៖ «អ្វី​ដែល​ខ្ញុំ​ដឹង គឺ​ទាក់ទង​ទៅ​នឹង​បញ្ហា​ផែនទី​ ស្ដីពី​កម្ពុជា ក៏​ដូចជា​ព្រំដែន​ទឹក ព្រំដែន​គោក ​ដែល​គាត់​បាន​ចងក្រង​ជា​សៀវភៅ ហើយ​គាត់​ បាន​លើក​បញ្ហា​ជាច្រើន​ជម្រាប​ជូន​រដ្ឋាភិបាល​ ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​ រវាង​កម្ពុជា-​យួន​កន្លង​មក ហើយ​គាត់​សម្ដែង​ការ​ព្រួយ​បារម្ភ​ អំពី​ភាព​មិន​ប្រក្រតី ​នៃ​ការ​បង្គោល​ព្រំដែន»Read more

Advertisements

តើ ហ៊ុន សែន មានពាក់ព័ន្ធឃាតកម្ម លើរូបលោក ជា វិជ្ជា កាលពីឆ្នាំ២០០៤ ឬទេ?

12417943_1668309003428485_1842834075411167083_n

តើ ហ៊ុន សែន មានពាក់ព័ន្ធឃាតកម្មលើរូបលោក ជា វិជ្ជា កាលពីឆ្នាំ២០០៤ ឬទេ?

រឿងឃាតកម្មរូបលោក ជា វិជ្ជា ជាមេដឹកនាំសហជីពសេរីកម្មករ កាល​ពី​​ថ្ងៃទី ២២ មករា ឆ្នាំ២០០៤ មានពាក់ព័ន្ធជាក់លាក់ ទៅនឹងខ្មោច ហុក ឡងឌី ដែលកាលនោះ គឺជាអតីតមេប៉ូលីសជាតិ នៃក្រសួងមហាផ្ទៃ និងជាដន្លងរបស់ ហ៊ុន សែន ផង។
ទណ្ឌិត ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ ក៏ជាប់ពាក់ព័ន្ធ សំណុំរឿង ធ្វើឃាតលោក ជា វិជ្ជា ដែរ ប៉ុន្តែរឿងក្តីដែលលោក កំពុងជាប់គុក សព្វថ្ងៃ គឺពាក់ព័ន្ធនឹង រឿងពាលស៊ីពាល ក្នុងចំណោមមន្រ្តីដូចគ្នា កាលពីមុនឆ្នាំ២០០៦។
 
កាលលោក ជា វិជ្ជា នៅរស់ គឺក្រោយពេលលោក ត្រូវបានគេគំរាមសម្លាប់ ខែសីហា ឆ្នាំ២០០៣ ពេលនោះ លោក និយាយប្រាប់ពួកយើង ជាមិត្តជិតដិតផង និងជាមិត្តរួមការងារផងថា​ «មន្រ្តីជាន់ខ្ពស់ ពីក្រសួងមហាផ្ទៃ ដែលនៅក្រោមបញ្ជាមេប៉ូលីសកំពូល គំរាមសម្លាប់ខ្ញុំ»
 
គួសបញ្ជាក់ថា អ្នករួមគំនិតបញ្ជាសម្លាប់បលោក ជា វិជ្ជា គឺខ្មោចលោក ហុក ឡងឌី អតីតអគ្គនាយកនគរបាលជាតិ ហើយ ហេង ពៅ កាលនោះ ក៏គឺជាអ្នកបើកផ្លូវ ឲ្យឃាតក ធ្វើសកម្មភាព បាញ់ប្រហារ លោក ជា វិជ្ជា តែម្តង។
 
ហេតុនេះហើយ សំណុំរឿងនេះ នៅតែមិនអាចរកបំភ្លឺរកយុត្តិធម៌បាន មកទល់ សព្វថ្ងៃ។ ហើយគេជឿថា ហ៊ុន សែន ក៏មានការរួមគនិតក្នុងការសម្លាប់លោក ជា វិជ្ជា កាលនោះ ខណៈពេលកម្ពុជា ជាប់គាំងនយោបាយ តាំងពីក្រោយការបោះឆ្នោត ខែកក្កដា ឆ្នាំ ២០០៣ រហូតដល់ខែឧសភា ឆ្នាំ ២០០៤។
 
សូមរំលឹកថា កាលនោះលោក ជា វិជ្ជា គឺសមាជិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (មាន ៦ អង្គការ សមាគម និងសហជីព ជាសមាជិក) ដែលនាំមុខ ប្រឆាំងលទ្ធផលនៃការបោះឆ្នោតជាតិ ខែកក្កដា ២០០៣ និងមិនទទួលស្គាល់បេក្ខភាព ហ៊ុន សែន ជានាយករដ្ឋមន្រ្តីផង។
 
(អត្ថបទដោយ ម៉ែន ណាត អតីតសហការី និងជាមិត្តរួមការងាររបស់លោក ជា វិជ្ជា) / ១២ មករា ២០១៨
11112772_902759513100132_4467690831066398197_n12540759_1094336230638555_4308813662095235189_n
ខាងក្រោមគឺវីដេអូរំលឹកខួបខួប ១២ ឆ្នាំ កាលពីឆ្នាំ២០១៦៖

 

អតីតសមាជិក គ.ជ.ប លោក រ៉ុង ឈុន ថ្លែងថា គ.ជ.ប. បាត់​ធាតុ​ដើម​​ មិន​អាច​ផ្តល់​យុត្តិធម៌​បាន​ទៀត​ទេ

Rong Chhun-22-11-17

ថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ លោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប បានលើកឡើងថា «គ.ជ.ប មិនអាចជាស្ថាប័នឯករាជ្យ និងផ្តល់យុត្តិធម៌ ដល់ម្ចាស់ឆ្នោតទៀតទេ» ចាប់តាំងពីលោក ហ៊ុន សែន បញ្ជាតុលាការកំពូល ឲ្យកាត់ក្តីរំលាយ បក្សប្រឆាំង កាលពីថ្ងៃទី១៦ វិច្ចិកា ២០១៧ ហើយនិងការលាលែង របស់សមាជិក គ.ជ.ប ៣ រូប កាលពីថ្ងៃទី២០ វិច្ចិកា ២០១៧ ដែលរួមមានលោក រ៉ុង ឈុន, លោក គួយ ប៊ុនរឿន និងលោកស្រី តែ ម៉ានីរ៉ុង។ (ដោយ នគរ)


លោក រ៉ុង ឈុន ៖ គ.ជ.ប. បាត់​ធាតុ​ដើម​​ មិន​អាច​ផ្តល់​យុត្តិធម៌​បាន​ទៀត​ទេ

(០១ ធ្នូ ២០១៧ ដោយ មាស សុខជា / ភ្នំពេញប៉ុស្តិ៍)
ទោះបី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (​គជប​) ​ត្រូវ​បំពេញ​បន្ថែម​នូវ​សមាជិក​ ៣ ​រូប​ដើម្បី​ជំនួស​សមាជិក​មកពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​លាលែង​ថ្មីៗ​នេះ​ដោយសារ​គណបក្ស​ខ្លួន​ត្រូវ​បាន​រំលាយ​ចោល​ក៏ដោយ ប៉ុន្តែ​ស្ថាប័ន​មួយ​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​អាជ្ញាកណ្តាល​ឯករាជ្យ និង​អព្យាក្រឹត​នោះ​អាច​នឹង​លែង​មាន​អព្យាក្រឹតភាព និង​ទំនុក​ចិត្ត​ពី​ម្ចាស់​ឆ្នោត​ទៀត​ហើយ​ដោយសារ​ថា​ស្ថាប័ន​មួយ​នេះ​បាត់បង់​ធាតុ​ដើម និង​ទម្រង់​ដើម​នៃ​តួនាទី​របស់​ខ្លួន​។

អតីត​សមាជិក​នៃ​ គជប លោក​ រ៉ុង ឈុន ដែល​ជា​អ្នក​ធ្លាប់​រិះគន់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មិន​សំចៃ​មាត់​មិន​រំពឹង​ថា​ស្ថាប័ន គជប អាច​ផ្តល់​នូវ​ទំនុក​ចិត្ត​សម្រាប់​ម្ចាស់​ឆ្នោត​ក៏​ដូច​សាធារណជន​បាន​នោះ​ទេ ក្រោយ​ពី​សមាជិក​ ៣ ​រូប​បាន​លាលែង ហើយ​បើ​ទោះបី​ស្ថាប័ន​នេះ​ជ្រើសរើស​សមាជិក​ថ្មី​ ៣ ​រូប​មក​ជំនួស​ក៏ដោយ​។

លោក​ រ៉ុង ឈុន មកពី​ខាង​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​បក្ស​ប្រឆាំង​បាន​លាលែង​ពី​តួនាទី​ងារ​ជា​ឯកឧត្តម​ជាមួយ​នឹង​រថយន្ត​ទំនើប ប្រាក់ខែ​ខ្ពស់ និង​របប​ផ្សេងៗ​ដោយ​គ្មាន​ការ​ស្តាយ​ស្រណោះ​អ្វី​ឡើយ​ព្រោះ​លោក​មិន​ចង់​អង្គុយ​កៅអី​តំណាង​ឲ្យ​ឆន្ទៈ​រាស្ត្រ​ហើយ​មិន​អាច​ជួយ​រាស្ត្រ​បាន​ដោយសារ​គណបក្ស​ដែល​ជា​កូតា​របស់​លោក​ និង​ជា​គូ​ប្រជែង​នយោបាយ​ដ៏លេចធ្លោ​នា​ឆ្នាំ​ក្រោយ​តទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ត្រូវ​បាន​គេ​រំលាយ​។

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ ២៧ ខែ​វិច្ឆិកា លោក​ រ៉ុង ឈុន ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​គណិតវិទ្យា​ផង​នោះ​បាន​ថ្លែង​ថា​៖ «​នៅ​ពេល​រៀបចំ គជប ថ្មី​នេះ​ខ្ញុំ​គិត​ថា​ពុំ​មាន​ការ​រំពឹង​ទុក​ថា​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ហ្នឹង​បាន​ល្អ​ប្រសើរ​នោះ​ទេ​។ ដូច​សភា​ថ្មី​អ៊ីចឹង​គាត់​បាន​ដោយសារ​តែ​ការ​រួម​ចំណែក ​[​ពី​បក្ស​កាន់​អំណាច​] ហើយ​គ្មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ អ៊ីចឹង​នៅ​ពេល​ដែល [​សមាជិក​ គជប ​ថ្មី​]​ ​រើស​ចេញ​ពី​កូតា​គណបក្ស​អស់ហ្នឹង​គាត់​ត្រូវ​តែ​ធ្វើការ​ផ្គាប់​ចិត្ត​ទៅ​អ្នក​ចង់​បាន​ហើយ​។ អ៊ីចឹង​គាត់​មិន​អាច​មាន​ឆន្ទៈ​មោះមុត ដើម្បី​ធ្វើ​ការងារ​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ​ពីព្រោះ​អ្នក​ដែល​រើស​ចេញ​ពី​គណបក្ស​ដែល​ទើប​ចូល​ទទួល​តំណែង​ថ្មីៗ​នេះ​មិនមែន​គាត់​បាន​អង្គុយ​កៅអី​ក្នុង​តំណែង​ហ្នឹង​ដោយសារ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គាត់​ទេ​»​។

លោក​បន្ថែម​ថា​៖ «​អ៊ីចឹង​សរុប​មក​វិញ​យើង​គិត​ថា គជប មក​ដល់​ពេល​នេះ​បាត់បង់​ធាតុ​ដើម បាត់បង់​នូវ​ទម្រង់​ដើម​អស់​ហើយ​។ អ៊ីចឹង​វា​ថ្មី​យើង​ពិបាក​ទុក​ចិត្ត​ដែរ​»​។ Read more

ហ៊ុន សែន ថា​ការ​បោះឆ្នោត​ ​២០១៨​ ​នៅ​តែ​បន្ត​ បើ​ទោះ​ជា​សមាជិក គ.ជ.ប ៣ រូប ​លាលែង​​ និង​ការ​បញ្ឈប់​ជំនួយ​មួយ​ចំនួនក្តី

81CA712D-C7D7-472D-BDA6-20F24F134327_w1023_r1_s

លោក​ ​ហ៊ុន សែន​ ​បាន​​ចំអក​ឱ្យ ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ថា​ការលាលែង​របស់​ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ៣ ​រូប​មក​ពី​គណបក្ស​ជំទាស់​ ​គឺ​ជា​ការ​បង់​ខាត​របស់​បក្ស​នេះ​ ​ហើយ​ការ​កាត់​ជំនួយ​ ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ ​ឬ​ការ​ប្រកាស​មិន​បញ្ជូន​ ​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​ នា​ពេល​ខាង​មុខ​ ​ក៏​មិន​បាន​ប៉ះ​ពាល់​ពី​ភាព​ស្រប​ច្បាប់​នៃ ​ការ​បោះឆ្នោត​ នៅ​កម្ពុជាផងដែរ។​

ក្រោយ​ការ​រំលាយ​ បក្សជំទាស់​គឺ គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ព្រមាន​ដាក់​ការ​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ ពី​បរ​ទេស​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ប្រកាស​ថា ​ការបោះឆ្នោត​នៅ​កម្ពុជា​ នឹង​ដំណើរការ​ទៅ​ជា​ធម្មតា ​ដោយ​គ្មាន​អ្វី​បញ្ឈប់​នោះ​ទេ។​ ​អ្នក​ឃ្លាំ​មើល​ការ​វិវត្តន៍​នយោបាយ​ ​លើក​ឡើង​ថា​ ​មក​ទល់​ពេល​នេះ​ បក្ស​គ្រប់គ្រង​ប្រទេស​របស់​ លោក​ ហ៊ុន សែន​ ​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​ខ្លួន​ចង់​បាន ​ក៏​ប៉ុន្តែ​តើបក្ស​នេះ​ អាច​នឹង​ទទួល​ការ​គាំទ្រ​ពី​ ពល​រដ្ឋ​កម្រិត​ណា​ដែរ?​

ការ​កាត់​ជំនួយ​ លើ​ផ្នែក​បោះឆ្នោត​ ​ការ​លាលែង​ពី​តំណែង​របស់​មន្ត្រី​ជាន់​ខ្ពស់​ គ.ជ.ប​.​ ​រួមទាំង​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ ​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ ​ការ​បោះឆ្នោត​ស្រប​ច្បាប់​ នៅ​កម្ពុជា​ នា​ឆ្នាំ២០១៨​នោះ​ទេ ​ហើយ​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ ​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​គឺ​ជា​ កំហុស​របស់​គណ​បក្ស​ជំទាស់។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​កាលពី​ថ្ងៃ​ពុធ។

​ថ្លែង​ទៅ​កាន់​កម្មករ​កម្មការិនី​ រោង​ចក្រ​កាត់​ដេរ​ ​រាប់ពាន់​នាក់​ ​ក្នុង​តំបន់​ភ្នំពេញ​ថ្មី​ ​លោក​ ​ហ៊ុន សែន​ ​បានចំអក​ឱ្យ ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ថា​ការលាលែង​របស់​សមាជិក​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ៣ ​រូប​ មក​ពី​គណបក្ស​ជំទាស់​ ​គឺ​ជា ​ការ​បង់​ខាត​របស់​បក្ស​នេះ​ ​ហើយ​ការ​កាត់​ជំនួយ​ ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ ​ឬ​ការ​ប្រកាស​មិន​បញ្ជូន​ ​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​ នា​ពេល​ខាង​មុខ​ ​ក៏​មិន​បាន​ប៉ះ​ពាល់​ពី​ភាព​ស្រប​ច្បាប់​នៃ ​ការ​បោះឆ្នោត ​នៅ​កម្ពុជាផងដែរ។​

លោក​ ហ៊ុន សែន​ ដែល​ជា​ប្រធាន​ គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ ​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​ ​«ឥឡូវ ​ប៉ុន្មាន​ថ្ងៃ​នេះ​ ​អំពើ​ឆ្កួតៗ​មួយទៀត​វា​បាន​កើត​ឡើង​ ​គេ​ចង់ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​វា​គាំង​ ​គេឱ្យ​មនុស្ស​បី​នាក់​លា​លែង​អីច៊ឹង​យើងយល់​យ៉ាងម៉េច​ឥឡូវនេះ​!​ គេមិន​ដែល​រៀបចំ​ស្អី​ឱ្យ​វា​គាំង​នោះ​ទេ​ សូម​ចំណាំចុះ!​ នៅ​ពេល​ណា​ដែល​មាន​រៀបចំ​ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូលរួម​ពី​គណ​បក្ស​ប្រជាជន​ ​ច្បាប់​នោះ​មិន​ដែល​ទុក​ឱ្យ​គាំង​ទេ។​ ​សូមកុំច្រឡំ!​ ​សូមកុំច្រឡំ!​ដំណើរ​នៅ​ធម្មតា»។

​ការ​លើក​ឡើង​របស់​លោក​ ​ហ៊ុន សែន​ ​កើតមាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ដែល​ ​សមាជិក​ ៣ រូប​ របស់​គ.ជ.ប ​មក​ពី​បក្ស​ជំទាស់​ ​លាលែង​ពី​តំណែង។​ ​អ្នក​ទំាង​ ៣ ​រួមមាន​ ​លោក​ ​គួយ ប៊ុនរឿន​ ​អនុ​ប្រធាន​គ.ជ.ប​ ​លោក​ ​រ៉ុង ឈុន​ ​និង​ ​លោក​ស្រី​ ​តែ ម៉ានីរ៉ុង។​ ​ក្នុង​លិខិ​តលាលែង​របស់ខ្លួន​ ដែល​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ចន្ទ​ ​សមាជិក​ទំាង​បី​រូប​បញ្ជាក់​ថា​ ​ការ​បើក​ផ្លូវ​ឲ្យ​ គ.ជ.ប​ ​អនុវត្ត​ការ​បែង​ចែក​អាសនៈ​ ​នៃ​រដ្ឋសភា​អាណត្តិ​ទី​ ​៥​ និង​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​អាណត្តិ​ទី ៤​ ឡើងវិញ​ ​ដោយ​យក​ទៅ​ចែក​ឲ្យ ​គណ​បក្ស​នយោបាយ​ផ្សេងៗ​ ​ដែល​ប្រជាពល​រដ្ឋ ​មិន​បាន​បោះឆ្នោត​ជូន​ គឺ​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ​ ​ច្បាប់​បោះ​ឆ្នោត​ បទបញ្ជា​ និង​នីតិវិធី​នៃ​ការ​បោះឆ្នោត​ ​នៅ​ក្នុង​អាណត្តិ​នៃ​ ការ​បោះឆ្នោត​នីមួយៗ​ ជា​ពិសេស​គឺជា ​ការ​រំលោភ​ឆន្ទៈ​ របស់​ប្រជាពល​រដ្ឋ។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ហ៊ុន សែន​ ​ដែល​កាន់អំណាច​ជាង​៣ទសវត្សរ៍​ ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ នៅ​កម្ពុជា​ ឬ​ គ.ជ.ប​ នឹង​ជ្រើស​រើស​សមាជិក​ ​៣ រូប​មក​ជំនួស​ឱ្យ​សមាជិក​ដែល​បាន​លាឈប់។​ ​លោក​ ​ហ៊ុន សែន​ថា​ សមាជិក​ទាំង​បី​រូប​នោះរួម​មាន អនុ​ប្រធាន ​គ.ជ.ប. នឹង​មក​ពី​ គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​ដែល​យល់​ព្រម​ទទួល​យក​កៅ​អី​សភា​ របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ក្រៅ​ពី​នោះ​ ​សមាជិក​ ​២ រូប​ផ្សេង​ទៀត​ ក៏​នឹង​អាច​ជ្រើស​ចេញពី​ គណ​បក្ស​តូចៗ​ផ្សេង​ទៀត ​ដែល​យល់​ព្រម​ទទួល​អាសនៈ​សភា​ និង​អង្គការ​សង្គម​ស៊ីវិល។​ លោក​ស្នើ​ឱ្យ​ប្រធាន​ គ.ជ.ប.​ ​លោក​ ​សិក ប៊ុនហុក​ ​បិទ​ផ្លូវ​វិលត្រឡប់​របស់​ សមាជិក​លា​លែង​ទាំង​ ៣ ​រូប​ កុំឱ្យ​ចូលមក​ គ.ជ.ប​ វិញ​ផង​ដែរ។

លោក ហ៊ុន សែន​ ​បញ្ជាក់​បន្ថែម​ថា៖​ «គេបោះឆ្នោត​នៅ​តែ​បោះឆ្នោត​។ ថ្ងៃទី​២៥​ ខែកុម្ភៈ បោះឆ្នោត​ព្រឹទ្ធសភា។ ថ្ងៃទី​២៩ ខែកក្កដា ​បោះឆ្នោត រដ្ឋសភា​ ហើយទោះបី​ប្រទេស​ណា​មក​សង្កេត​ការណ៍​ ​មិន​សង្កេត​ការណ៍​ ​វា​អត់​មាន​តម្រូវ​ការ​ទេ។​ ​មិនមែន​ទាល់​តែ​អ្នក​ឯង​មក​សង្កេតការណ៍ បាន​ថា ​ការ​បោះឆ្នោត​ស្រប​ច្បាប់​ឯណា​ ​ហើយនៅ​រដ្ឋធម្មនុញ្ញ​កម្ពុជា ​ឬក៏​ប្រទេស​នៅ​លើ​ពិភពលោក​ ​អត់​មាន​តម្រូវ​ការ​ត្រូវ​ស៊ីញេ​ពី​ប្រធានាធិបតី​នៃ​ប្រទេស​ផ្សេង​បាន​ស្រប​ច្បាប់​នោះ​ទេ​ ​ហើយក៏​អត់​មាន​តម្រូវការ​ទៅ​ស៊ីញេ​ពី​អគ្គ​លេខា​ធិការ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ ​ទើប​វា​ស្របច្បាប់​នោះ​ដែរ»។

ដោយ​ព្យាយាម​មិន​ឆ្លើយ​តប ​ទៅនឹង​ការ​លើក​ឡើង​របស់ ​លោក​ ​ហ៊ុន សែន​, លោក​ ​ ​រ៉ុង ឈុន​ ​សមា​ជិក​គ.ជ.ប. ​ដែល​សុំលា​លែង​ពី​តំណែង​ បានបញ្ជាក់​ប្រាប់​ ​VOA​ ​ថា​ការ​ជ្រើសរើស​សមាជិក​ គ.ជ.ប. ដែល​មក​ពី​គណបក្ស​ផ្សេង​ទៀត ​អាច​និង​ផ្ទុយ​ពី​ ​មាត្រា៦​ នៃ​ច្បាប់​រៀបចំ​ការ​បោះឆ្នោត​ដែល​ចង្អុល​បង្ហាញ​ថា សមាជិក​​ជាន់​ខ្ពស់​ទាំង ៨ ​រូប​ត្រូវ​រើស​ចេញ​ពី​ គណបក្ស​ដែល​មាន​កៅ​អី​ ក្នុង​សភា​ទាំង​ពីរ។​ ​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ថា ​រដ្ឋ​សភា​របស់​បក្ស​កាន់​អំណាច​ ទំនង​ជា​នឹង​ធ្វើ​វិសោធន​កម្ម​ច្បាប់​នេះ​ ដើម្បី​ឱ្យ​សម​ស្រប​ទៅ​តាម​អ្វី​ដែល​គេ​ចង់​បាន។

​លោក​ ​ ​រ៉ុង ឈុន​ ​បន្ថែម​ថា៖ «សភា ​គេនឹង​ធ្វើវិសោធនកម្ម​ច្បាប់​ ​ដើម្បី​វា​សមស្រប!​ ​ឱ្យសម​ស្រប​ទៅ​តាម​គណបក្ស​ដែល​គេទើប​ទទួល​បាន។​ ​ហើយ​យើង​ដឹង​ទាំងអស់គ្នា​ហើយ​ពីព្រោះ​ ​ដែល​គណបក្ស ទទួល​បាន​អាសនៈពីកូតា​សង្គ្រោះ​ជាតិ​ នឹង​មានន័យ​ថា​ គណ​បក្ស​ហ្នឹង​ គឺ​មិន​បាន​ទទួល​ការ​គាំទ្រ​ ពី​ប្រជាពល​រដ្ឋ​ទេ​ ​ហើយ​បាន​កៅអី ដោយ​សារតែ​យក​ពី​ការ​យក​កៅអី​ សង្គ្រោះជាតិ​ ទៅឱ្យ​គណបក្ស​ផ្សេងៗ​ ដែល​ប្រជាពល​រដ្ឋ មិន​បាន​គាំទ្រ​ហ្នឹង​បាទ!»។​

ស្រដៀង​គ្នា​នោះដែរ​ ​លោក​ ​មាស នី​ ​អ្នក​វិភាគ​សង្គម​ និង​តាមដាន​ការ​វិវត្ត​នយោបាយ​ ក្នុង​ប្រទេស​កម្ពុជា​ ​យល់​ថា​ អ្វីៗ​ទាំង​អស់ក៏​អាច​ក៏អាចកើត​ឡើង​បានដែរ ​រួម​ទាំង​ការ​បោះឆ្នោត​ នា​ពេល​ខាងមុខ​ ​ស្រប​តាម​ការ​ចង់​បាន​របស់​ បក្ស​កាន់​អំណាច​ ក៏ប៉ុន្តែ​ ​លោក​ព្រមាន​ថា៖ «បើ​មិន​មាន​អ្នក​ណា​ផ្សេង​ជួយ​ពិនិត្យ​ការ​បោះឆ្នោត​ទេ​ ​គឺ​វា​មាន​តែបោះ​តែម្នាក់​ឯងហ្នឹង​ហើយ។​ សំខាន់​ត្រង់​ថា​ ការបោះឆ្នោតជាតិ​ ​វា​មិនត្រូវ​បាន​គេ​ទទួល​ស្គាល់​ ពីអន្តរជាតិ ​ឬ​ប្រទេស​ជិត​ខាង​តែ​ប៉ុណ្ណឹង​ហ្អាណា!​ ​ប៉ុន្តែខ្ញុំគិត​ថា ​ដូច​ជា​មិន​មាន​អី​រារាំងទេ​ ព្រោះ​រដ្ឋាភិបាល​ ស្អី​ក៏​គាត់​ធ្វើ​បាន​ដែរ​មក​ដល់ឥ​ឡូវ​នេះ»។​ 

កាល​ពី​សប្តាហ៍​កន្លង​ទៅ ​តុលាការ​កំពូល​របស់​កម្ពុជា​សម្រេចធ្វើការ​រំលាយ​គណ​បក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា ​និង​ហាម​ប្រាម​មិន​ឲ្យ​សមាជិក​គណបក្ស​នោះ​ចំនួន​ ១១៨​នាក់​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​ចំនួន​ប្រាំ​ឆ្នាំ។ ​ការ​រំលាយ​បក្ស​ជំទាស់​ដែល​គេ​មើល​ឃើញ​ថា​ ជា​ដៃ​គូ​ប្រជែង​ដ៏​ធំ​របស់​លោក​ ​ហ៊ុន សែន​ ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ​២០១៨​ ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​អន្តរ​ជាតិ​ ​ដោយ​ការ​នេះប្រាសចាក​ពី​គោល​ការណ៍ប្រជាធិប​តេយ្យ។​ ​ភ្លាមៗ​ក្រោយ​ការ​រំលាយបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​មាន​អ្នក​គាំទ្រ​ជាង​ ​៤០​ភាគរយ​ ​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​ទៅ​ ​ប្រទេស​ម្ចាស់​ជំនួយ​ធំៗ​ចំនួន​ពីរ​ ​រូម​មាន​សហរដ្ឋ​អាមេរិក​ ​និង​ ​ស៊ុយអែត​ ​បាន​ប្រកាស​បញ្ចប់​ជំនួយ​របស់​ខ្លួន​លើ​ការ​បោះឆ្នោត ​និង​ការ​កែ​ទម្រង់​ប្រព័ន្ធ​វិមជ្ឈការ​នៅ​កម្ពុជា។​

​ស្របគ្នា​នោះ​ដែរ​សហភាព​អឺរ៉ុប​ ​ដែល​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​មួយ​របស់​កម្ពុជា​ ​មាន​តំលៃ​សរុប​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​ ​បាន​ប្រកាស​នា​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ​ ​ដោយ​ស្នើ​ឱ្យ​កម្ពុជា​«គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន»​ ​ដើម្បី​ ​បន្ត​ទទួល​បាន​ការ​ «អនុ​គ្រោះ​ពន្ធ​គ្រប់​បែប​យ៉ាង​លើក​លែង​តែ​សព្វាវុធ»​ ​ក្នុង​ការ​នាំ​ចេញ​ផលិតផលកម្ពុជា​ចេញ​ទៅ​ទីផ្សារ​ប្រទេស​អឺរ៉ុប​នោះ។

ថ្លែង​ប្រាប់​ក្រុម​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ ដែល​ជា​ប្រភព​សេដ្ឋកិច្ច​ដ៏ធំ​របស់​កម្ពុជា​ ​លោក​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​បាន​ដាក់​ការ​ស្តីបន្ទោស​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រសិន​បើ​មាន​ការ​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​កម្ពុជា​ ឬ​ការ​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ពី​បរទេស​ក្នុង​ឧស្សាហកម្ម​នេះ។

«បក្ស​ប្រឆាំង​គេ​បាន​ទៅ​អំពាវនាវ​ ​ឥឡូវ​កំពុង​តែ​បន្ត​អំពាវនាវ​ឱ្យ​ប្រទេស​ក្រៅ​បញ្ឈប់​ការទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា!​ ​បញ្ឈប់​ការទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា!​ ​ខ្លួនឯង​ធ្វើ​ខុសច្បាប់​ ​គេ​កាត់ទោស​ ​ខ្លួនឯង​ទៅ​អំពាវនាវ​! ​តើ​សម្លាប់​ ហ៊ុន សែន​ ឬ​សម្លាប់​នរណា?​ ​ក្មួយៗ​ចាំឱ្យ​ច្បាស់​បើ​មាន​ការ​កាត់​បន្ថយការ​បញ្ជា​ទិញ​ណា​មួយ​ គឺ​ជា​ កំហុស​របស់​ពួក​បក្ស​ប្រឆំាង​ទាំង​អស់។​ ​វា​មិនមែន​ស្លាប់​ ​ហ៊ុន សែន​ ​ទេ​តែ​វា​ស្លាប់​កម្មករ​ គឺ​វា​ស្លាប់​ក្មួយៗ​ទាំង​អស់​នេះ​ឯង»។

ទោះ​យ៉ាង​នេះ​ក្តី​ ​លោក​ ​នាយក​រដ្ឋ​មន្ត្រី​ដ៏​មាន​ឥទ្ធិពល​ ​បញ្ជាក់​ថា​ ការ​សម្លាប់​សេដ្ឋកិច្ច​កម្ពុជា​គឺ ​វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ​ ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​ ​មាន​កិច្ច​សន្យា​ទ្វេភាគី​ និង​ពហុភាគី​ជា​ច្រើន​ជា​មួយ​ប្រទេស​ផ្សេងៗ។​ ​មក​ដល់​ពេល​នេះ​ ​កម្ពុជា​មាន​រោង​ចក្រ​ ​សហគ្រាស​ជាង ​១ម៉ឺន​ ​ដែល​ផ្តល់ការងារ​ឱ្យ​ពល​រដ្ឋ​កម្ពុជា​ជាង​ ១លាននាក់​ ​ខណៈ​ដែល​ពលករ​កម្ពុជា​នៅ​ឯ​បរទេស​បញ្ជូន​សាច់​ប្រាក់​ត្រ​ឡប់​មក​កម្ពុជា​វិញ​ ​ជាង​ ៣ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​១ឆ្នាំៗ។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ ​ហ៊ុន សែន។

Read more

លោក រ៉ុង ឈុន បញ្ជាក់ជំហរជាថ្មីថា «លាឈប់ពី គ.ជ.ប បើសិនតុលាការកំពូល ចេញសាលក្រមថា រំលាយបក្សប្រឆាំង»

Photo_Template_872x562-5

(អត្ថបទដោយ ម៉ែន ណាត / ១៥ វិច្ឆិកា ២០១៧)
នៅពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវរងការប្តឹងប្តល់ពីក្រសួងមហាផ្ទៃ ទៅកាន់តុលាការកំពូល ដើម្បីស្នើរំលាយគណបក្សនេះ ធ្វើមានសំណួរជាច្រើន ជុំវិញផលប៉ះពាល់ដល់អព្យាក្រឹតភាព របស់ស្ថានប័នបោះឆ្នោតជាតិ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា តើត្រូវដើរតួនាទី គ.ជ.ប សព្វថ្ងៃនេះឯករាជ្យ អព្យាក្រឹឹតឬទេ? តើ គ.ជ.ប បច្ចុប្បន្ន នឹងដូចគ្នា គ.ជ.ប ពីអាណត្តិមុនៗ ដែលគ្រាន់តែជាស្ថាបប័នប្រថាប់ត្រា តាមការចង់បានរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ឬយ៉ាងណា?

លោក រ៉ុង ឈុន សមាជិក ១ រូប ក្នុងចំណោមសមាជិកទាំង ៩ រូបរបស់ គ.ជ.ប បានបញ្ជាក់ជាថ្មីទៀតថា លោកប្រាកដក្នុងចិត្ត និងបានត្រៀមលក្ខណៈរួចហើយថា «ត្រូវលាឈប់ពី គ.ជ.ប បើសិនសាលក្រមតុលាការកំពូល សម្រេចក្តីថា ត្រូវរំលាយ គណបក្សសង្គ្រោះជាតិ» មែននោះ។  លោក ថ្លែងថា «ខ្ញុំធ្វើការក្នុង គ.ជ.ប ធ្វើអីទៀត បើខ្ញុំមិនអាចការពារឆន្ទៈរបស់ពលរដ្ឋ ជាម្ចាស់ឆ្នោតបានផង។ ដូច្នេះហើយ ខ្ញុំត្រូវតែលាឈប់»។

តុលាការកំពូល នឹងបើកសវនាការជំនុំជំរះក្តី លើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧។ ស្របពេលជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានចេញបទបញ្ជាតឹងតែង ដាក់កម្លាំងសមត្ថកិច្ចគ្រប់ច្រកល្ហក ក្នុងក្រុងភ្នំពេញ ក្នុងបំណងទប់ស្កាត់ការហែក្បួនណាមួយ របស់អ្នកគាំទ្របក្សប្រឆាំង ក្នុងកំឡុងពេលសវនាការ របស់តុលាការកំពូល។

នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី០៨ វិច្ឆិកា បានប្រកាសធ្វើមេផ្នល់ ១ សង ១០០ ថាគណបក្សសង្រ្គោះ​​ជាតិ នឹងត្រូវរំលាយ ហើយលោក ចាក់ខាង «រំលាយ»។ ការលើកឡើងនេះ បានធ្វើឲ្យមានការរិះគន់ខ្ទរខ្ទារ ពីមតិជាតិ និងអន្តរជាតិ។ ហើយសហគមន៍ន្តរជាតិ បន្តអំពាវនាវឲ្យមានការដោះលែង លោក កឹម សុខា និងជំរុញឲ្យកម្ពុជា វិលមកប្រក្រតីភាពឡើងវិញ ដើម្បីការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ប្រកប​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ទោះជាយ៉ាងណាក្តីលោក រ៉ុង ឈុន ថ្លែងសង្កត់ធ្ងន់ថា លោកនឹងលាឈប់ពី គ.ជ.ប បើសិនតុលាការកំពូល ចេញសាលក្រមជាផ្លូវការថា រំលាយបក្សប្រឆាំង។

កាលពីខែកញ្ញា ឆ្នាំ២០១៧ លោក រ៉ុង ឈុន បានបញ្ជាក់ជំហរជាហូរហែររួចហើយថា «ខ្ញុំនឹងដើរចេញពី គ.ជ.ប. បើសិនគណបក្សប្រឆាំង CNRP ត្រូវបានលោក ហ៊ុន សែន រំលាយ»។ ជំហរនេះ កើតឡើងក្រោយពេលមួយសប្តាហ៍ បន្ទាប់លោក កឹម សុខា មេដឹកនាំបក្សសង្គ្រោះជាតិ ត្រូវបានចាប់ឃុំខ្លួន ដោយកម្លាំងរបស់លោក ហ៊ុន សែន កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងបទចោទប្រកាន់ថា «ក្បត់ជាតិ» បានឃុបឃឹតជាមួយបរទេស {សហរដ្ឋ​អាមេរិក} ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមខ្សែវីដេអូមួយ តាំងពីចុងឆ្នាំ២០១៣។

គួសបញ្ជាក់ថា លោក រ៉ុង ឈុន គឺជាអតីតមេដឹកនាំសហជីព និង សមាគមគ្រូបង្រៀនកម្ពុជា ដ៏ល្បីល្បាញ បានក្លាយជាសមាជិក គ.ជ.ប តាមកូតារបស់ គណបក្សសង្គ្រោះជាតិ នៅដើមឆ្នាំ​២០១៥ កន្លងទៅ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានសមាជិក ៩ រូប ដែល ៤ រូប មកពីគណបក្សសង្គ្រោះជាតិ, ៤ រូបមកពីគណបក្សប្រជាជនកម្ពុជា និង ១ រូបទៀត មកពីស្ថាប័នឯករាជ្យ (សង្គមស៊ីវិល)៕

លិខិតចំហនៃ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ នូវខ្លឹមសារ ៣ ចំណុច ដើម្បី​ការពារ​ជំហរ​ពលរដ្ឋ​ម្ចាស់ឆ្នោត

images

លិខិតចំហនៃ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ផ្ញើជូន​ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ

ដោយពិនិត្យឃើញថា រដ្ឋាភិបាល ហ៊ុន សែន រំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញ និងកែប្រែច្បាប់ថ្មីដើម្បីអនុវត្តទៅលើរំលាយគណបក្សនយោបាយ ហើយនិដកហូតអាសនៈរដ្ឋសភា ពីគណបក្សនយោបាយ ទៅបែងចែកឲ្យគណបក្សផ្សេង តាមតែអំពើចិត្ត ដែលធ្វើឲ្យច្បាប់ធាក់ថយក្រោយ ហើយធ្វើឲ្យកម្ពុជា ក្លាយទៅជារបបផ្តាច់ការ។

ដោយរំលឹកឡើងវិញ ចំពោះការចាប់ឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជាការធ្វើឡើងដោយគ្មានដីកាពីតុលាការ, ខុសនីតិវិធីរដ្ឋបាល និង រំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០ ។

ដោយពិនិត្យឃើញថា តុលាការកំពូល នឹងធ្វើការជំនុំជម្រះ នូវសំណុំរឿងរំលាយ គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមការបង្គាប់បញ្ជា និងការចង់បានរបស់លោក ហ៊ុន សែន។

ដោយហេតុនេះហើយ ក្រុមប្រទេសហត្ថលេខីនៃ កិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១, អង្គការសហប្រជាជាតិ, សភាសហភាពអឺរ៉ុប និងសហភាពអន្តរសភា IPU បានថ្កោលទោសម្តងហើយម្តងទៀត និងដាក់ការគាបសង្កត់នានា ដល់រដ្ឋាភិបាល ហ៊ុន សែន ឲ្យវិលមករកគន្លងប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិមនុស្ស ព្រមទាំងត្រូវដោះលែងលោក កឹម សុខា និង ធានាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅឆ្នាំ២០១៨ ខាងមុខ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមជូនយោបល់ដល់ ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ៣ ចំណុចដូចខាងក្រោម

១.​ ត្រូវប្រកាន់ជំហររក្សាការទាមទារយុត្តិធម៌, ត្រូវបន្តការពារគណបក្សសង្គ្រោះជាតិ និងការពារសន្លឹកឆ្នោតពលរដ្ឋ ជាងកន្លះនគរ បើទោះជាគណបក្សនេះ ត្រូវរំលាយ ឬមិនរំលាយយ៉ាងណាក្តី។

២. មិនត្រូវទៅជ្រកកោនក្រោមស្លាក គណបក្សភ្លើងទៀន ឬគណបក្សសិទ្ធិមនុស្ស តាមមធ្យោបាយរៀងៗខ្លូនៗឡើយ ពីព្រោះថា នោះគ្រាន់តែជាការធ្វើនយោបាយ កំដរឆាកឲ្យលោក ហ៊ុន សែន ដឹកនាំប្រទេសតាមតែអំពើចិត្ត ដូចមុនពេលបង្កើត គណបក្សសង្គ្រោះជាតិ ឆ្នាំ២០១២ ដែរ។

៣. មិនត្រូវមានគំនិត ទៅបង្កើតគណបក្សថ្មី ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយបោះបង់គំនិតតស៊ូទាមទាររកយុត្តិធម៌ និងការពារសន្លឹកឆ្នោតរបស់ពលរដ្ឋឡើយ។

ក្រុងគ្រីសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧

ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

CWCI to CNRP ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧

13147324_966225280140242_5821107342263481190_o