សកម្មជនព្រំដែន និងជាសមាជិកសភា ពីគណបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវបានទទួលការលើកលែងទោស ឲ្យមានសេរីភាពវិញ ពីព្រះមហាក្សត្រ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៨ តាមការស្នើឡើងពីលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី។ លោក សំអាន ត្រូវបានចាប់ឃុំខ្លួនទាំងកណ្តាលយប់ នៅខេត្តសៀមរាប ទាំងមានអភ័យឯកសិទ្ធិជាសមាជិកសភា កាលពីថ្ងៃទី ១១ ខែមេសា ២០១៦។ ការដោះលែងលោក សំអាន កើតឡើងបន្ទាប់ពីមានសម្ពាធធ្ងន់ធ្ងរពីអង្គការជាតិ-អន្តរជាតិ ជាពិសេសគឺ អាមេរិក និងសហភាពអឺរ៉ុប។ រួចមកលោក សំអាន ក៏វិលទៅរស់នៅជាមួយភរិយា និងកូនប្រុសស្រី ២ នាក់ នៅសហរដ្ឋអាមេរិក មកទល់សព្វថ្ងៃ។
អំពីជីវប្រវិត្តិ៖ លោក អ៊ុំ សំអាន កើតនៅឆ្នាំ ១៩៧៣ (តែក្នុងបញ្ជីជាតិ គឺឆ្នាំ ១៩៧៦) ក្នុងទីក្រុងភ្នំពេញ ក្នុងគ្រួសារមួយដែលមានឪពុក ជាប៉េអឹម ក្នុងសម័យលន់-នល់ និងមានម្តាយ ជាមេផ្ទះ។ លោក សំអាន បានធំដឹងក្តីនៅភូមិដើមពោធិ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។
ក្នុងវ័យកុមារភាព លោក អ៊ុំ សំអាន ជាក្មេងឃ្វាលក្របីម្នាក់ រៀនថ្នាក់បឋមសិក្សា មានសេចក្តីប្រាថ្នា ចង់ក្លាយជាតំណាងរាស្រ្តមួយរូប នៅពេលអនាគត។ លោក បញ្ចាក់ថា «កាលនៅពីក្មេង ខ្ញុំមានអារម្មណ៍មួយថា ត្រូវខំរៀន ថ្ងៃក្រោយចង់ធ្វើការងារធំដុំនឹងគេ ចង់ធ្វើជាតំណាងរាស្រ្ត»។ លោក បន្តថា «ការស្រមៃបែបហ្នឹង ធ្វើឲ្យក្មេងៗដទៃ គេសើចចំអកថា យី! អ្នកឃ្វាលក្របី អ៊ីចឹង មកចង់ធ្វើតំណាងរាស្រ្ត អ៊ីចឹងទៅ ធ្វើឲ្យក្មេងៗឯទៀត គេពេបជ្រាយ។ ខ្ញុំដូចថា មានឧត្តមគតិតាំងពីក្មេងមក ចង់បម្រើជាតិ ស្រឡាញ់ស្រុកទេស»។
លោក អ៊ុំ សំអាន ជាសិស្សពូកែមួយរូប ដែលតែងតែទទួលចំណាត់ថ្នាក់លេខ ១ តាំងពីនៅថ្នាក់បឋមសិក្សា ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ។ ក្រោយពីបានបញ្ចប់ថ្នាក់បាក់ឌុប ឆ្នាំ ១៩៩៣ លោក បានចាកចេញពី ខេត្តកំពត មករស់នៅទីក្រុងភ្នំពេញ ដើម្បីបន្តបរិញ្ញាប័ត្រផ្នែក សង្គមវិជ្ជា (ជំនាន់ទី២ ឆ្នាំសិក្សា ១៩៩៥-១៩៩៩) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជានិស្សិតទទួលបានអាហាររូបករណ៍ របស់អ៊ីតាលី ឲ្យសិក្សានៅសាកលវិទ្យាល័យនេះ។ លោក សំអាន បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកគ្រប់គ្រង នៅមហាវិទ្យាល័យ ខេមប្រ៊ិចខលឡិច (Cambridge Colleges) សហរដ្ឋអាមេរិក ឆ្នាំ ២០០៧ និងបញ្ចប់ថ្នាក់ បណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យ Northcentral University រដ្ឋអារីសូណា (Arizona) សហរដ្ឋអាមេរិក ឆ្នាំ ២០១២។
កាលនៅរៀន សាកលវិទ្យាល័យភូមិន្ធភ្នំពេញ លោក សំអាន បានក្លាយនិស្សិតល្បីឈ្មោះ នៅពេលចេញធ្វើបាតុកម្ម ប្រឆាំងនឹងវៀតណាម ជុំវិញសិន្ធិសញ្ញាព្រំដែនខុសច្បាប់នានា និង ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ ជាពិសេសចេញដឹកនាំបាតុកម្ម នៅពេលដែលថ្នាក់ដឹកនាំវៀតណាម មកបំពេញទស្សនកិច្ច នៅកម្ពុជា។ លោក សំអាន និយាយថា សាកលវិទ្យាល័យ មិនពេញចិត្តនឹងការចេញមុខតវ៉ាទេ ប៉ុន្តែមិនអាចហាមប្រាមលោក និងនិស្សិតដទៃដទៃទៀតបានទេ ពាក់ព័ន្ធការតវ៉ាដើម្បីការពារផលប្រយោជន៍ជាតិដ៏សំខាន់នេះ។
ពេលសិក្សានៅសាកលវិទ្យាល័យ លោក អ៊ុំ សំអាន បានស្នាក់អាស្រ័យនៅ វត្តនាគវ័ន {នៅជាមួយលោក ម៉ែន ណាត លោក សារ៉ូ ស៊ីវត្ថា និងលោក អ៊ាប គឹមសេង ជាដើម ក្នុងចំណោមក្រុមនិស្សិតជាតិនិយមដូចគ្នា} ដែលជាកន្លែងដែលនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ធ្លាប់ស្នាក់នៅផងដែរ។ លោក អ៊ុំ សំអាន និយាយបណ្តើរ សើចបណ្តើរថា «ក្មេងវត្តនាគវ័នដូចគ្នា ហេតុម៉េចបានប្រឆាំងគ្នា? នោះមកពីមានទស្សនៈផ្សេងគ្នា។ លោក ហ៊ុន សែន គាត់បម្រើឲ្យ យួន ហើយខ្ញុំ ប្រឆាំង យួន ដូច្នេះវាអាចផ្ទុយគ្នា»។
ចំណូលចិត្តផែ្នកនយោបាយវិញ លោក អ៊ុំ សំអាន និយាយថា លោកធ្លាប់ពេញចិត្ត និងគាំទ្រលោក ហ៊ុន សែន នៅឆ្នាំ ១៩៩៣ កាលរៀននៅវិទ្យាល័យ ក៏ប៉ុន្តែមិនទាន់គ្រប់អាយុបោះឆ្នោតនៅឡើយទេ។ ការពេញចិត្តលោក ហ៊ុន សែន កាលនោះ ត្រូវបានផ្លាស់ប្តូរទៅវិញ នៅពេលលោក អ៊ុំ សំអាន មើលឃើញថា កម្ពុជា ជួបប្រទះនូវបញ្ហាជាច្រើន ដូចជាពលរដ្ឋគ្មានការងារធ្វើ, បញ្ហាទំនាស់ព្រំដែន ជាមួយប្រទេសជិតខាង និង បញ្ហាកម្មករ ប្រាក់ខែតិច ជាដើម។ លោក សំអាន និយាយថា «ទៅនៅវត្តនាគវ័ន ជាបណ្តុំនិស្សិត ដែលប្រឆាំង លោក ហ៊ុន សែន។ ដល់អ៊ីចឹង យើងមានគំនិតប្រឆាំង លោក ហ៊ុន សែន»។
លោក អ៊ុំ សំអាន បានចាប់ផ្តើមងាកមកគាំទ្រ លោក សម រង្ស៊ី ពេលបានចូលជាសមាជិក ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (Students’ Movement For Democracy “SMD”) ជាចលនា បង្កើតឡើងដោយក្រុមយុវជនគណបក្ស សមង្ស៊ី និង ហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ។ ពេលនោះ លោក យល់ថាលោក សម រង្ស៊ី មានឧត្តមគតិ ការពារព្រំដែន ដូចរូបលោកដែរ។ ចាប់តាំងពីពេលនោះមក លោក សំអាន បានចេញធ្វើបាតុកម្ម ប្រឆាំងលទ្ធផលបោះឆ្នោត ឆ្នាំ ១៩៩៨។ កាលនោះ មានមនុស្សមួយចំនួន បានស្លាប់ដោយសារការតវ៉ា (បាតុករ ៣២ ស្លាប់ ហើយជាង ១០០ នាក់ រងរបួស និងបាត់ខ្លួន បើតាមឯកសារកំណត់ហេតុលោក ម៉ែន ណាត)។ លោក ថ្លែងថា «កាលនោះពួកខ្ញុំ ធ្វើការគាំទ្រគណបក្ស សម រង្ស៊ី ហើយការបោះឆ្នោត មានភាពមិនប្រក្រតីច្រើន មានការលួចបន្លំសន្លឹកឆ្នោតផង (ពីបក្សកាន់អំណាចរបស់លោក ហ៊ុន សែន) អ៊ីចឹងពួកខ្ញុំ ក៏មកចូលរួមបាតុកម្មហ្នឹង»។
លោក អ៊ុំ សំអាន ជាស្ថាបនិកនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបង្កើតឡើងនៅថ្ងៃទី ០២ កញ្ញា ១៩៩៨។ ចលនានិស្សិតនេះ បានដឹកនាំមហាបាតុកម្ម មានអ្នកចូលរួមជាង ១០ ម៉ឺននាក់ ដើម្បីប្រឆាំងលទ្ធផលការបោះឆ្នោត ដែលលួចបន្លំ និង ទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងនាយករដ្ឋមន្រ្តី។ គ្រានោះ លោក សំអាន មានទទួលតួនាទីជាអគ្គលេខាធិការរង នៃក្រុមចលនានិស្សិតនេះ ហើយបន្តិចក្រោយមក ក៏ទទួលតួនាទីជា អគ្គលេខាធិការ វិញម្តង។ កាលនោះ លោក សារ៉ូ ស៊ីវត្ថា (សព្វថ្ងៃប្តូរឈ្មោះមកជា សារ៉ូ សុវិជ័យ) ជាមេដឹកនាំចលនានិស្សិតនេះ។ លោក អ៊ុំ សំអាន ក៏ជាសមាជិកស្ថាបនិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលបង្កើតឡើង ថ្ងៃទី ១៦ កញ្ញា ២០០២ ក្នុងចំណោមសមាជិកស្ថាបនិកដទៃទៀត រួមមាន លោក ជា វិជ្ជា, លោក រ៉ុង ឈុន, លោក ម៉ែន ណាត, លោក ជា មុន្នី, លោក ឆាំ ឆានី និងអ្នកស្រី ឆន សុខា។
នៅឆ្នាំ ១៩៩៩ លោក អ៊ុំ សំអាន និងក្រុមនិស្សិតតាមមហាវិទ្យាល័យ ក្នុងទីក្រុងភ្នំពេញ បានចាប់ផ្តើមចងក្រងជាបណ្តាញ ធ្វើការតវ៉ាលើបញ្ហាព្រំដែន ប្រឆាំងជំទាស់រដ្ឋាភិបាល លោក ហ៊ុន សែន ដែលដោះស្រាយបញ្ហាព្រំដែន ជាមួយវៀតណាម ទៅតាមសន្ធិសញ្ញាខុសច្បាប់នានា មុនឆ្នាំ ១៩៩០ {ដែលផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ និងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣}។ ក្រៅពីនេះ ក្រុមចលនានិស្សិតនេះ ក៏ប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់ នៅកម្ពុជា រូមទាំងចូលរួមទាមទារយុត្តិធម៌សង្គម។
នៅឆ្នាំ ២០០១ លោក អ៊ុំ សំអាន ត្រូវបានជ្រើសរើស ជាប្រធាន ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ក្រោយពីបានធ្វើជា អគ្គលេខាធិការ និង ជាអគ្គលេខាធិការរងជាច្រើនឆ្នាំ។ លោក តែងតែបានសរសេរលិខិត និងរបាយការណ៍ជាច្រើន ទៅព្រះមហាក្សត្រ នរោត្តម សីហនុ ពីបញ្ហាទំនាស់ព្រំដែន ជាមួយប្រទេសវៀតណាម ដែលចាប់ពីពេលនោះមក លោក ហ៊ុន សែន បានស្គាល់ឈ្មោះលោក តាមរយៈលិខិតរបស់ព្រះមហាក្សត្រ ផ្ញើទៅលោក ហ៊ុន សែន ស្តីពីការព្រួយបារម្ភរបស់យុវជន រឿងព្រំដែន ជាមួយប្រទេសវៀតណាម។
លោក អ៊ុំ សំអាន បានរំលឹកគ្រាមួយ ឆ្នាំ ២០០០ ដែលលោក ដឹកនាំក្រុមនិស្សិតចូលគាល់ព្រះមហាក្សត្រ នរោត្តម ស៊ីហនុ ដែលមានវត្តមាន លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនរដ្ឋាភិបាលផងដែរ។ លោក អ៊ុំ សំអាន ថាកាលនោះ លោក វ៉ា គឹមហុង បាននិយាយថា «អារសាច់ជូនខ្លា ទើបនៅស្រុកបាន»។ លោក បន្តថា «លោក វ៉ា គឹមហុង យកផែនទីព្រំដែនកម្ពុជា-វៀតណាម {ផែនទីក្លែងក្លាយ} ទៅថ្វាយព្រះមហាក្សត្រ ហើយកុហកថា ជាផែនទីតម្កល់នៅ អង្គការសហប្រជាជាតិ (អ.ស.ប.)»។ ប៉ុន្តែព្រះមហាក្សត្រ តបវិញថា «វ៉ា គឹមហុង យកផែនទីមកពីណា មកថ្វាយខ្ញុំ ខ្ញុំជាអ្នកយកផែនទី ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដោយផ្ទាល់ដៃ រឿងអីខ្ញុំមិនស្គាល់ ផែនទីរបស់ខ្ញុំ»។
នៅឆ្នាំ ២០០៣ លោក អ៊ុំ សំអាន បានលាឈប់ពីប្រធាន ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត លេខរៀងទី៤ នៅមណ្ឌលខេត្តសៀមរាម នៃគណបក្សសម រង្ស៊ី ប៉ុន្តែមិនបានជាប់ឆ្នោតទេ។
នៅឆ្នាំ ២០០៤ លោក សំអាន បានទៅរស់នៅសហរដ្ឋអាមេរិក ជាជនភៀសខ្លួននយោបាយ ដោយសារការធ្វើទុក្ខបុកម្នេញពីរបបលោក ហ៊ុន សែន ក្នុងរឿងសន្ធិសញ្ញាព្រំដែន ជាមួយវៀតណាម។ លុះដល់ឆ្នាំ ២០១៣ ទើបលោក សំអាន បានវិលមកឈរឈ្មោះ ជាបេក្ខជនតំណាងរាស្រ្ត ជាថ្មី នៅខេត្តសៀមរាបដដែល ក្នុងគណបក្សសង្គ្រោះជាតិ ក្រោយពេល គណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា បានរួមបញ្ចូលគ្នាជាមួយ គណបក្ស សម រង្ស៊ី នៅឆ្នាំ ២០១២ រួចមក។ ពេលនោះ លោក សំអាន ក៏បានជាប់ឆ្នោតជា សមាជិសភា ជាស្ថាពរ ដូចបំណងប្រាថ្នារបស់លោក កាលពីក្មេង។
ក្នុងនាមជាសមាជិកសភា លោក អ៊ុំ សំអាន បានបន្តឧត្តមគតិរបស់លោក តាំងពីលោក នៅជានិស្សិត ក្នុងដោះស្រាយទំនាស់ព្រំដែន រវាងកម្ពុជា និង វៀតណាម ជាបន្ត។ លោក បានដឹកនាំនិស្សិត ព្រះសង្ឃ និងសកម្មជនគណបក្សប្រឆាំង ចុះទៅពិនិត្យបញ្ហាព្រំដែន និងការបោះបង្គោលព្រំដែនថ្មី ជាហូរហែរ នៅឆ្នាំ ២០១៥។ ជាមួយគ្នានេះ នៅដើមឆ្នាំ ២០១៦ លោក អ៊ុំ សំអាន បានទៅស្រាវជ្រាវផែនទីព្រំដែនខ្មែរ នៅអង្គការសហប្រជាជាតិ (អ.ស.ប), នៅរដ្ឋសភាអាមេរិក និង នៅទីក្រុងប៉ារីស ប្រទេសបារាំងផង។ ទៅទីក្រុងប៉ារីស លោក សំអាន បានធ្វើការជាមួយក្រុមការងារ នៃគណៈកម្មាធិការព្រំដែនកម្ពុជា របស់លោក ស៊ាន ប៉េងសែ និងលោក ឌី ការេត ហើយនិង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។
តាមរយៈសកម្មភាពការងារ លោក អ៊ុំ សំអាន បានរកឃើញថា រដ្ឋាភិបាល ហ៊ុន សែន មិនមែនជារដ្ឋាភិបាល ដែលការពារផលប្រជយោជន៍ជាតិ និង បូរណភាពទឹកដីខ្មែរ ដោយពិតប្រាកដទេ។ រដ្ឋាភិបាល ហ៊ុន សែន ប្រើប្រាស់ផែនទីព្រំដែន ដែលបានបោះពុម្ពឡើងវិញ ដោយប្រទេសវៀតណាម ដែលជាផែនទីអមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ ១៩៨៥។ ហើយសន្ធិសញ្ញានេះ ត្រូវបានយកមកផ្តល់សច្ចាប័នជាថ្មី ដាក់ថា «សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥» ដែលមានរឿងចម្រូងចម្រាសធ្ងន់ធ្ងរ រហូតដល់ លោក ហ៊ុន សែន គំរាមផ្លាស់ប្តូររបបដឹកនាំប្រទេសទៀតផង។ លុះដល់ខែ ធ្នូ ឆ្នាំ ២០១៩ ព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខាម្តងទៀត ទៅលើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ដោយបន្ថែមខ្លឹមសារលើសន្ធិសញ្ញា ២០០៥ ទៅតាមការចង់បាន ពីលោក ហ៊ុន សែន។
លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួន ទាំងនៅមានអភ័យឯកសិទ្ធិសមាជិកសភា នៅថ្ងៃទី ១១ មេសា ២០១៦ នៅខេត្តសៀមរាប ក្រោយពេលប៉ុន្មានម៉ោង បន្ទាប់ពីលោក វិលត្រឡប់ពីសហរដ្ឋអាមេរិក។ មតិជាតិ និងអន្តរជាតិ បានធ្វើការថ្កោលទោស ចំពោះការចាប់ខ្លួននេះថា ជាការរំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០ និងច្បាប់បទដ្ឋានគតិយុត្តិនានា។ លោក សំអាន ត្រូវបានតុលាការ កាត់ទោសឲ្យជាប់គុក ២ ឆ្នាំ ៦ ខែ និងបង់ពិន័យជាទឹកប្រាក់ ៤ លានរៀល កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៦។
មកទល់ថ្ងៃទី ២៥ ខែសីហា ២០១៨ លោក អ៊ុំ សំអាន ទើបត្រូវបានព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រោសប្រទានលើកលែងទោស ឲ្យមានសេរីភាពឡើងវិញ តាមសំណើរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីមានគំនាបធ្ងន់ធ្ងរ ពីសហគមន៍អន្តរជាតិ មានអាមេរិក និងសហភាពអឺរ៉ុប ជាដើម។ ជាមួយគ្នានេះ មានអ្នកទោសនយោបាយជាច្រើនរូបទៀត ក៏ត្រូវបានដោះលែងជាបន្តបន្ទាប់ផងដែរ។ ក្រោយពីការដោះលែង លោក អ៊ុំ សំអាន បានវិលត្រឡប់ទៅរស់នៅជាមួយភរិយា និងកូនប្រុសស្រី ២ នាក់របស់លោកវិញ នៅសហរដ្ឋអាមេរិក។
កំណត់សម្គាល់៖ លោក អ៊ុំ សំអាន គឺជាមន្រ្តីជាន់ខ្ពស់ម្នាក់ ក្នុងចំណោមសមាជិកសភាទាំងអស់ ៥៥ រូបនៃ គណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមប្រាមការធ្វើនយោបាយ ពីសំណាក់របបដឹកនាំ លោក ហ៊ុន សែន ក្រោយពេលតុលាការកំពូល រំលាយគណបក្សនេះ កាលពីថ្ងៃទី ១៦ វិច្ឆិកា ២០១៧។ ក្នុងស្ថានភាពនេះ ធ្វើឲ្យកម្ពុជា ទទួលរងសម្ពាធធ្ងន់ធ្ងរ ពីសហគមន៍អន្តរជាតិ រួមទាំងពីអង្គការសហប្រជាជាតិ (អ.ស.ប.) ផង ជំរុញឲ្យស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ ដោយភ្ជាប់លក្ខខណ្ឌជាច្រើន ជាមួយរបបលោក ហ៊ុន សែន។
អាសនៈសមាជិកសភាទាំងអស់របស់បក្សប្រឆាំង ទាំង ៥៥ កៅអី និង សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ៥០៧ ត្រូវបានយកទៅបែងចែកឲ្យ គណបក្សផ្សេងៗ ដែលពលរដ្ឋ មិនបានបោះឆ្នោតគាំទ្រសោះ។ មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួន ទាំងនៅមានអភ័យឯកសិទ្ធិសភា នាយប់ថ្ងៃទី ០៣ កញ្ញា ២០១៧ មុនពេលលោក ហ៊ុន សែន បញ្ជាឲ្យរំលាយគណបក្សប្រឆាំងនេះ។ មេដឹកនាំបក្សប្រឆាំងម្នាក់ទៀត គឺលោក សម រង្ស៊ី ក៏បានបង្ខំចិត្តខ្លួនឯង ភៀសខ្លួនទៅនៅប្រទេសបារាំង តាំងពីខែ តុលា ឆ្នាំ ២០១៥។ ចំណែក លោក ហ៊ុន សែន ប្រមុខដឹកនាំបក្សកាន់់អំណាច និងជានាយករដ្ឋមន្រ្តីផង នៅតែបន្តគំរាមកំហែងផ្នែកនយោបាយ ដល់បក្សប្រឆាំង មន្រ្តីបក្សប្រឆាំង និងសកម្មជន បន្ទាប់ពីគណបក្សនេះ មានសម្លេងគាំទ្រកើនឡើង ៤៦% បើធៀបនឹងអ្នកបោះឆ្នោតឃុំសង្កាត់ ក្នុងឆ្នាំ ២០១៧ នៅទូទាំងប្រទេស។
(អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ធ្វើបច្ចុប្បន្នភាពនៅខែមេសា ២០២០)
មានវីដេអូខ្លះៗអំពីការងារលោក អ៊ុំ សំអាន ៖
.