សកម្មជនព្រំដែន និង​​ជា​សមាជិកសភា​ ពីគណ​បក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវ​​បាន​​ទទួល​ការ​លើក​លែង​ទោស ឲ្យ​​មាន​សេរីភាព​​វិញ ពី​ព្រះ​មហា​ក្សត្រ ​នៅ​ថ្ងៃ​ទី ២៥ ខែ​សីហា ឆ្នាំ ២០១៨ តាម​​ការ​ស្នើ​ឡើង​​ពី​​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី។ លោក សំអាន ត្រូវ​បាន​ចាប់​ឃុំខ្លួន​​ទាំង​កណ្តាល​យប់ នៅ​​ខេត្ត​​សៀមរាប ទាំង​​មាន​​អភ័យ​​​ឯក​សិទ្ធិ​​ជា​សមាជិក​សភា​ កាល​​ពីថ្ងៃទី ១១ ខែ​មេសា ២០១៦។ ការ​​ដោះលែងលោក សំអាន កើ​ត​ឡើង​​បន្ទាប់​​ពីមាន​សម្ពាធ​​ធ្ងន់​ធ្ង​រ​ពី​អង្គការ​​ជាតិ-អន្តរជាតិ ជាពិ​សេស​គឺ អាមេរិក និង​​​សហភាព​​​​អឺរ៉ុប។ រួចមក​លោក សំអាន ក៏​វិល​​ទៅ​រស់​នៅ​​​​ជាមួយ​ភរិយា និង​កូន​ប្រុស​ស្រី ២ នាក់ នៅសហរដ្ឋ​អាមេរិក មក​ទល់​សព្វថ្ងៃ។

លោក អ៊ុំ សំអាន ជាសិស្សពូកែ​មួយរូប ដែលតែងតែទទួល​ចំណាត់​ថ្នាក់​លេខ ១ តាំង​ពី​នៅថ្នាក់​បឋមសិក្សា ថ្នាក់​អនុ​វិទ្យាល័យ និង​វិទ្យាល័យ។ ក្រោយ​ពី​បានបញ្ចប់​ថ្នាក់​បាក់ឌុប ឆ្នាំ ១៩៩៣ លោក បាន​ចាក​ចេញពី ខេត្តកំពត មក​រស់នៅ​ទី​ក្រុងភ្នំពេញ ដើម្បី​បន្តបរិញ្ញាប័ត្រផ្នែក សង្គមវិជ្ជា (ជំនាន់ទី២ ឆ្នាំសិក្សា ១៩៩៥​-​១៩៩៩)​ នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​និស្សិត​ទទួល​បាន​អាហាររូបករណ៍ របស់​អ៊ីតាលី ឲ្យសិក្សា​​នៅសាកល​​វិទ្យាល័យ​​នេះ។ លោក សំអាន បានបញ្ចប់​ការសិក្សា​ថ្នាក់ អនុ​បណ្ឌិត​ផ្នែកគ្រប់គ្រង នៅ​​មហា​​វិទ្យាល័យ​ ខេមប្រ៊ិច​ខល​ឡិច (Cambridge Colleges) សហរដ្ឋអាមេរិក ឆ្នាំ ២០០៧ និង​បញ្ចប់ថ្នាក់ បណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ នៅ​សាកល​វិទ្យាល័យ Northcentral University រដ្ឋអារីសូណា (Arizona) សហរដ្ឋ​អាមេរិក ឆ្នាំ ២០១២។

ពេលសិក្សានៅ​សាកលវិទ្យាល័យ លោក អ៊ុំ សំអាន បាន​ស្នាក់​​អាស្រ័យនៅ វត្តនាគវ័ន {នៅ​​ជាមួយ​​លោក ម៉ែន ណាត លោក សារ៉ូ ស៊ីវត្ថា និង​​លោក អ៊ាប គឹមសេង ជាដើម ក្នុង​​ចំណោម​​​ក្រុមនិស្សិត​ជាតិ​​និយម​​​ដូច​គ្នា} ដែល​​ជា​ក​ន្លែង​ដែល​​​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន ធ្លាប់​​ស្នាក់​​នៅ​​ផង​​ដែរ។ លោក អ៊ុំ សំអាន និយាយ​​​បណ្តើរ ​សើចបណ្តើរថា «ក្មេងវត្តនាគវ័នដូចគ្នា ហេតុម៉េច​បាន​ប្រឆាំងគ្នា? នោះមក​ពីមាន​ទស្សនៈ​ផ្សេងគ្នា។ លោក ហ៊ុន សែន គាត់​បម្រើឲ្យ យួន ហើយ​​ខ្ញុំ ប្រឆាំង យួន ដូច្នេះ​វា​អាច​ផ្ទុយគ្នា»

ចំណូល​ចិត្តផែ្នក​នយោបាយវិញ លោក អ៊ុំ សំអាន និយាយថា លោកធ្លាប់ពេញចិត្ត​ និងគាំទ្រលោក ហ៊ុន សែន នៅ​ឆ្នាំ ១៩៩៣ កាលរៀននៅវិទ្យាល័យ ក៏ប៉ុន្តែមិន​ទាន់គ្រប់​អាយុ​​បោះ​ឆ្នោត​​នៅ​ឡើយ​​ទេ។ ការពេញចិត្តលោក ហ៊ុន សែន កាលនោះ ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅវិញ នៅពេលលោក អ៊ុំ សំអាន មើល​ឃើញ​ថា​ កម្ពុជា ជួប​ប្រទះ​នូវ​បញ្ហាជាច្រើន​ ដូច​ជាពលរដ្ឋ​​គ្មាន​ការងារ​ធ្វើ, បញ្ហាទំនាស់ព្រំដែន ជាមួយប្រទេសជិតខាង និង បញ្ហាកម្មករ ប្រាក់ខែតិច ជាដើម។ លោក សំអាន និយាយថា «ទៅ​នៅ​វត្តនាគវ័ន ជាបណ្តុំ​និស្សិត ដែល​ប្រឆាំង​ លោក ហ៊ុន សែន។ ដល់អ៊ីចឹង យើងមាន​គំនិតប្រឆាំង លោក ហ៊ុន​ សែន»

លោក អ៊ុំ សំអាន បាន​ចាប់​ផ្តើម​ងាកម​កគាំទ្រ លោក សម រង្ស៊ី ពេល​បាន​ចូល​ជាសមាជិក ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (Students’ Movement For Democracy “SMD”) ជា​ចលនា បង្កើតឡើង​ដោយ​ក្រុម​យុវជន​គណបក្ស សមង្ស៊ី និង ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ។ ពេលនោះ លោក យល់​ថា​លោក សម រង្ស៊ី មានឧត្តមគតិ ការពារព្រំដែន ដូច​រូប​​លោក​​ដែរ។ ចាប់តាំង​ពីពេលនោះមក លោក សំអាន បាន​ចេញធ្វើ​បាតុកម្ម ប្រឆាំង​​លទ្ធផលបោះ​ឆ្នោត ឆ្នាំ ១៩៩៨។ កាល​នោះ មាន​មនុស្សមួយ​ចំនួន បាន​ស្លាប់​ដោយសារ​ការ​តវ៉ា (បាតុករ ៣២ ស្លាប់ ហើយជាង ១០០ នាក់ រងរបួស និង​បាត់ខ្លួន បើតាម​ឯកសារ​កំណត់ហេតុ​លោក ម៉ែន ណាត)។ លោក ថ្លែងថា «កាលនោះ​ពួកខ្ញុំ ធ្វើការ​គាំទ្រ​គណបក្ស សម រង្ស៊ី ហើយ​ការបោះឆ្នោត មាន​ភាពមិនប្រក្រតី​ច្រើន មាន​ការលួចបន្លំ​សន្លឹកឆ្នោត​​ផង (ពី​បក្ស​កាន់អំណាច​របស់លោក ហ៊ុន សែន) អ៊ីចឹងពួកខ្ញុំ ក៏មក​ចូលរួម​បាតុកម្មហ្នឹង»

នៅ​ឆ្នាំ ១៩៩៩ លោក អ៊ុំ សំអាន និង​​ក្រុម​និស្សិត​​តាមមហា​វិទ្យាល័យ ក្នុង​​ទីក្រុង​ភ្នំពេញ បាន​​ចាប់ផ្តើម​ចងក្រង​ជា​បណ្តាញ ធ្វើ​ការតវ៉ា​​លើបញ្ហា​ព្រំដែន ប្រឆាំង​​ជំទាស់​រដ្ឋាភិបាល​ លោក ហ៊ុន សែន ដែល​​ដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​វៀតណាម ទៅ​តាម​​សន្ធិសញ្ញា​ខុសច្បាប់​នានា មុនឆ្នាំ ១៩៩០ {ដែល​ផ្ទុយ​នឹង​​កិច្ច​ព្រម​​ព្រៀង​​ទីក្រុង​​ប៉ារីស ឆ្នាំ ១៩៩១ និង​​រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣}។ ក្រៅពីនេះ ក្រុមចលនា​​និស្សិត​នេះ ក៏ប្រឆាំង​នឹង​ជនអន្តោ​ប្រវេសន៍​ខុសច្បាប់ នៅ​កម្ពុជា រូមទាំង​ចូល​រួម​ទាមទារ​យុត្តិធម៌​សង្គម។

លោក អ៊ុំ សំអាន បាន​រំលឹកគ្រាមួយ ឆ្នាំ ២០០០ ដែល​លោក ដឹកនាំ​ក្រុម​និស្សិត​ចូលគាល់​ព្រះមហាក្សត្រ នរោត្តម ស៊ីហនុ ដែល​មាន​វត្តមាន​ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​រដ្ឋាភិបាល​ផងដែរ។ លោក អ៊ុំ សំអាន ថាកាលនោះ​ លោក វ៉ា គឹមហុង បាន​និយាយថា «អារសាច់ជូនខ្លា ទើបនៅស្រុកបាន»។ លោក​ បន្តថា «លោក វ៉ា គឹមហុង យកផែនទីព្រំដែនកម្ពុជា-វៀតណាម {ផែនទី​ក្លែងក្លាយ} ទៅ​ថ្វាយ​ព្រះមហាក្សត្រ ហើយ​កុហកថា ជាផែនទី​តម្កល់​នៅ​ អង្គការសហប្រជាជាតិ (អ.ស.ប.)»។ ប៉ុន្តែ​​ព្រះ​មហា​ក្សត្រ តប​វិញថា «វ៉ា គឹមហុង យក​ផែនទី​មកពីណា មកថ្វាយខ្ញុំ ខ្ញុំជាអ្នកយកផែនទី ទៅតម្កល់​នៅ​អង្គការ​សហ​ប្រជាជាតិ ដោយ​ផ្ទាល់ដៃ រឿងអីខ្ញុំ​មិនស្គាល់ ផែនទីរ​បស់ខ្ញុំ»

នៅឆ្នាំ ២០០៣ លោក អ៊ុំ សំអាន បាន​លាឈប់ពីប្រធាន ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ទៅឈរ​ឈ្មោះ​ជា​បេក្ខជនតំណាងរាស្រ្ត លេខ​រៀងទី​៤ នៅ​មណ្ឌល​​ខេត្ត​សៀមរាម នៃ​គណបក្ស​​សម រង្ស៊ី ប៉ុន្តែ​មិន​បាន​ជាប់ឆ្នោតទេ។  

ក្នុងនាមជាសមាជិកសភា លោក អ៊ុំ សំអាន បាន​បន្ត​ឧត្តម​គតិរ​បស់​លោក តាំង​ពីលោក​ នៅ​ជា​និស្សិត ក្នុង​ដោះស្រាយ​ទំនាស់​ព្រំដែន រវាង​កម្ពុជា និង វៀតណាម ជាបន្ត។ លោក បានដឹកនាំ​និស្សិត ព្រះសង្ឃ និង​សកម្មជន​គណបក្សប្រឆាំង ចុះ​ទៅ​ពិនិត្យ​បញ្ហា​ព្រំដែន និង​ការ​បោះ​​បង្គោល​​ព្រំដែន​​ថ្មី ជា​ហូរ​ហែរ នៅឆ្នាំ ២០១៥។ ជាមួយ​គ្នា​នេះ នៅ​ដើម​ឆ្នាំ ២០១៦ លោក អ៊ុំ សំអាន បាន​ទៅ​ស្រាវជ្រាវ​ផែនទី​ព្រំដែន​ខ្មែរ នៅ​អង្គការសហប្រជាជាតិ (អ.ស.ប), នៅ​រដ្ឋសភា​អាមេរិក និង នៅ​​ទីក្រុង​​ប៉ារីស ប្រទេស​​បារាំង​ផង។ ទៅទីក្រុងប៉ារីស លោក សំអាន បាន​ធ្វើការ​ជាមួយ​ក្រុម​ការងារ នៃ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា របស់​លោក ស៊ាន ប៉េងសែ និង​លោក ឌី ការេត ហើយ​និង​ ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា។ 

តាម​រយៈ​សកម្មភាពការងារ​ លោក អ៊ុំ សំអាន បាន​រកឃើញ​ថា រដ្ឋាភិបាល ហ៊ុន សែន មិន​មែន​ជារដ្ឋាភិបាល ដែល​ការពារ​ផលប្រជយោជន៍​ជាតិ និង បូរណភាព​ទឹកដីខ្មែរ ដោយ​ពិត​ប្រាកដ​ទេ។ រដ្ឋាភិបាល ហ៊ុន សែន ប្រើប្រាស់​ផែនទី​ព្រំដែន ដែល​បាន​បោះពុម្ព​ឡើងវិញ ដោយ​ប្រទេស​វៀតណាម ដែល​ជាផែនទី​អមសន្ធិសញ្ញា​ព្រំដែន​ខុសច្បាប់ ឆ្នាំ​ ១៩៨៥។ ហើយ​សន្ធិសញ្ញានេះ ត្រូវ​បាន​យកមក​ផ្តល់ស​ច្ចាប័នជាថ្មី ដាក់​ថា «សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម ឆ្នាំ ២០០៥» ដែល​មាន​រឿងចម្រូងចម្រាស​​ធ្ងន់ធ្ងរ រហូតដល់ លោក ហ៊ុន សែន គំរាម​ផ្លាស់ប្តូរ​របបដឹកនាំ​​ប្រទេស​ទៀត​ផង។ លុះដល់ខែ ធ្នូ ឆ្នាំ ២០១៩ ព្រះ​មហា​ក្សត្រ បាន​ឡាយព្រះហស្ថលេខាម្តង​ទៀត ទៅលើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ដោយ​បន្ថែមខ្លឹមសារលើសន្ធិសញ្ញា ២០០៥ ទៅ​តាមការចង់​បាន ពីលោក ហ៊ុន សែន។

លោក អ៊ុំ សំអាន ត្រូវ​បាន​ចាប់ខ្លួន ទាំង​នៅមាន​អភ័យឯកសិទ្ធិសមាជិកសភា នៅថ្ងៃទី ១១ មេសា ២០១៦ នៅ​ខេត្ត​សៀមរាប ក្រោយ​ពេលប៉ុន្មាន​ម៉ោង បន្ទាប់​​ពី​លោក វិលត្រឡប់​ពី​សហរដ្ឋ​អាមេរិក។ មតិជាតិ និង​អន្តរជាតិ បាន​ធ្វើការថ្កោលទោស ចំពោះ​ការចាប់ខ្លួន​នេះ​ថា​​ ជាការរំលោភ​រដ្ឋធម្មនុញ្ញ មាត្រា​៨០ និង​ច្បាប់​បទដ្ឋាន​គតិយុត្តិ​នានា។ លោក សំអាន ត្រូវ​បាន​តុលាការ កាត់​ទោស​ឲ្យជាប់​គុក ២ ឆ្នាំ ៦ ខែ និង​បង់​ពិន័យ​ជាទឹកប្រាក់ ៤ លាន​រៀល កាល​ពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៦។

មកទល់ថ្ងៃទី ២៥ ខែសីហា ២០១៨ លោក អ៊ុំ សំអាន ទើបត្រូវបាន​ព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រោស​ប្រទាន​លើក​លែង​ទោស ឲ្យ​មាន​សេរីភាព​ឡើង​វិញ តាម​សំណើ​របស់​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់​ពី​មាន​គំនាប​ធ្ងន់ធ្ងរ ពី​សហគមន៍​អន្តរជាតិ មាន​អាមេរិក និង​សហភាព​អឺរ៉ុប ជាដើម។ ជាមួយគ្នានេះ មានអ្នកទោសនយោបាយជាច្រើនរូបទៀត ក៏ត្រូវបានដោះលែងជាបន្តបន្ទាប់​ផង​ដែរ។ ក្រោយពីការ​ដោះលែង លោក អ៊ុំ សំអាន បានវិលត្រឡប់ទៅ​រស់​នៅ​ជាមួយ​ភរិយា និង​កូន​ប្រុសស្រី ២ នាក់​របស់លោកវិញ នៅសហរដ្ឋអាមេរិក។ 

40049751_247432629244863_8650731932839051264_n