(អត្ថបទដោយលោក ម៉ែន ណាត / ៣០ មេសា ២០២០)
អាជ្ញាធរខ្មែររដ្ឋាភិបាលទីក្រុង​ភ្នំពេញ ប្រកាស​ចាត់វិធាន​ការ​តឹង​តែង ក្នុង​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ នៅ​ជាង​មួយ​សប្តាហ៍​ខាង​មុខ ក្រោម​លេសថា «វិធានការ​ទប់ស្កាត់​ការរីក​រាល​ដាល​មេរោគ​កូរ៉ូណា ឬ កូវីដ១៩ (Covid-19)»។ ពិធីចូលឆ្នាំថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣​-​១៦ ខែ​មេសា នេះ។

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បាន​ផ្ញើសារ​ទៅកាន់​មន្រ្តី​ក្រោម​ឱវាទ​របស់​លោក ឲ្យប្រយុទ្ធ​ប្រឆាំង​យ៉ាង​ហ្មត់​ចត់ ពោះ​ជំងឺ​កូរ៉ូណា ឬ​កូវីដ១៩ ​កំពុង​រីករាល​ដាល​​នៅ​កម្ពុជា កើន​​ឡើង​​ដល់ ១១៤ នាក់ (តួលេខ​ផ្លូវការ) ខណៈ​ពេល​​​អាត្រា​អ្នកឆ្លង​​ជំងឺ​​នេះ នៅ​ជុំវិញ​ពិភព​លោក បាន​កើន​ឡើង ជាង ១ លាន​នាក់ និង សម្លាប់មនុស្សជាង ៥ ម៉ឺន​នាក់ហើយ​ គិត​មកត្រឹម​ថ្ងៃទី ០៣ ខែ​មេសា ឆ្នាំ ២០២០។

ក្រសួងការពារជាតិ និងអ្នកនាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី បាន​ចេញ​ធ្វើ​សន្និសីទ​កាសែតព្រមៗ​គ្នា កាល​​ពី​ថ្ងៃទី ០២ ខែ​មេសា ​ថារដ្ឋាភិបាល​ បានត្រៀម​ខ្លួន​រួច​ហើយ នូវ​វិធានការ​នានា ទប់​ស្កាត់​ការរីក​រាល​ដាល​មេរោគ​នេះ សម្រាប់​ពេល​ចូល​ឆ្នាំថ្មី ដោយ​​ហាម​ប្រាមការ​ជួប​ជុំគ្នា ជា​ទ្រង់​ទ្រាយ​ធំ ហួស​កម្រិត ហួស​ពី​ការណែនាំ​របស់​ក្រសួង​សុខាភិបាល។

វិធានការ​តឹងតែង​នេះ ត្រូវបាន​ដាក់​ចេញ​មុន​ពេល ច្បាប់ស្តីពី​ការគ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន មិន​ទាន់​ត្រូវ​បាន​រដ្ឋសភា និង​ព្រឹទ្ធសភា អនុម័ត​នៅឡើយ។ ប៉ុន្តែ​លោក ហ៊ុន សែន បាន​និយាយ​ថា ច្បាប់នេះ នឹង​ត្រូវ​ប្រកាស​ជា​ការប្រញាប់។

បើតាមសំ​ដីលោក ហ៊ុន សែន សេចក្តីព្រាង​ច្បាប់​ស្តីពីការគ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន​នេះ អាច​នឹង​ត្រូវ​ដំណើរការ​នីតិវិធី​ឲ្យ​ចប់​សព្វ​គ្រប់ នៅ​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដើម្បី​ឲ្យស្រប​តាម​វិធានការ​របស់ ក្រសួង​ការពារជាតិ និង ក្រសួង​មហាផ្ទៃ។

លោក ប្រ៊ែដ អាដាមស៍ (Brad Adams) នាយក​​អង្គការ​​​​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ចេញ​សេចក្ដី​​ថ្លែងការណ៍ ​នៅ​​ថ្ងៃ​​ទី ០២ មេសា ដែល​ត្រូវ​បាន​វិទ្យុអាស៊ីសេរី ដក​ស្រង់​ថា «សូម្បីតែ​​នៅ​​មុន​​ពេល​​ការ​រាត​ត្បាត​​នៃ ​មេរោគ​​កូរ៉ូណា លោក ហ៊ុន សែន បាន​ជាន់​​ឈ្លី​សិទ្ធិ​មនុស្ស​​រួច​​ទៅ​​ហើយ ដូច្នេះ​​អំណាច​​ពេញដៃ គ្មាន​​ការ​ត្រួត​​ពិនិត្យ និង​ គ្មាន​​ដែន​​កំណត់​ ដែល​​មាន​​ចែង​​ក្នុង​​ពង្រាង​​ច្បាប់​នេះ {ច្បាប់​ស្តីពី​ការគ្រប់​គ្រង​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន} គឺជា​​រឿង​​គួរ​​ឱ្យ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​ សម្រាប់​​ពលរដ្ឋ​​ខ្មែរ និង​​ម្ចាស់​​ជំនួយ»។ លោក​ Brad Adams យល់​ថា «ជំនួស​​ឱ្យ​ការ​ធ្វើ​​ច្បាប់​​ការពារ​​សុខភាព​​សាធារណៈ រដ្ឋា​ភិ​បាល​​​​កម្ពុជា​ កំពុង​​ប្រើប្រាស់​​ការ​រាតត្បាត​​ជាស​កល ​នៃ​​ជំងឺ​កូវីដ-១៩ ជា​លេស​ អនុវត្ត​អំណាច​​​ផ្ដាច់ការ លើ​គ្រប់​​ទិដ្ឋភាព​​ទាំង​អស់ នៃ​ជី​ភាព​​សេដ្ឋកិច្ច សង្គម នយោបាយ និង​ពលរដ្ឋ ដោយ​​មិន​​កំណត់​​រយៈពេល ឬ​ មិន​​មាន​​យន្តការ​​ត្រួត​​ពិនិត្យ​​មើល ​លើ​​ការរំលោភ​​អំណាច​​នោះ​​ឡើយ»

ក្រុមអ្នកឃ្លាំ​មើល​នយោបាយ​កម្ពុជា ហៅ​វិធានការ​នានា​របស់​លោក ហ៊ុន សែន គឺ​ជា​យុទ្ធសាស្រ្ត ក្នុង​ការបង្រ្កាប​អ្នក​រិះគន់ បង្ក្រាប​អ្នកប្រឆាំង និង​បង្ក្រាប​មន្រ្តីគ្នាឯង​ក្នុង​បក្សកាន់​អំណាច​មួយ​នេះ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា និយាយថា រដ្ឋសភា ​មិន​ទាន់​​ទទួល​​បាន​សេចក្ដី​​ព្រាង​​ច្បាប់​​នេះ​​នៅ​​ឡើយ​​ទេ មកទល់​ថ្ងៃទី ០២ ខែ​មេសា​។ លោក ប៉េងឡុង បន្ថែម​ថា តាម​នីតិវិធី ​សេចក្ដី​ព្រាង​ច្បាប់​​នេះ នឹង​ត្រូវ​​អនុម័ត​​ដោយ រដ្ឋសភា និងព្រឹទ្ធសភា ជា​មុន​សិន រួច​ហើយ​​ព្រះមហាក្សត្រ ឬប្រមុខរដ្ឋ ឡាយ​ព្រះហស្ថ ទើប​​ច្បាប់​នេះ​​អាច​​អនុវត្ត​​បាន៕

.

Advertisements