ឯកសារខែវិច្ឆិកា ២០១៦ ភ្ជាប់ជាមួយវីដេអូរូបភាព ពីវេទិកាអ្នកស្តាប់ វិទ្យុ​អាស៊ី​សេរី «ផែនទី​​ព្រំដែន៖ មាន​​ការ​ជំទាស់​​​ការផ្ទេរ​ខ្នាត​ផែនទី​​បោន Bonne មក​​យូ​ធី​អឹម UTM»៖


លោក សុខ ទូច និង​លោក សម រង្ស៊ី គាំទ្រ​គំនិត​លោក ហ៊ុន សែន កែប្រែ​​ខ្នាត​​ផែនទី ប៉ុន្តែ ក្រុម​ប្រឹក្សា​​ឃ្លាំ​មើល​​កម្ពុជា ប្រឆាំង​​ជំទាស់
(ដោយ ខាត់ សុធី, វិទ្យវាយោ VayoFM / ២៧ វិច្ឆិកា ២០១៦)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងទៅ បាន​ឯក​ភាព​គ្នា ​ជាមួយ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វ៊ុក ទៅ​លើ​ការផ្ទេរ​ខ្នាត​ផែនទី ១/១០០.០០០ ទៅ ផែនទី​ខ្នាត ១/៥០.០០០ វិញ។

លោក ហ៊ុន សែន បាន​ពន្យល់​នៅលើ​បណ្តាញសង្គម Facebook ថា ការបំប្លែង​ខ្នាត​ផែនទី ​ឲ្យ បាន​កាន់​តែ​ធំ​នេះ គឺ​ដើម្បី​កុំឲ្យ​ពិបាក ក្នុង​ការកំណត់ បោះ​បង្គោល​ព្រំដែន រវាងកម្ពុជា និង វៀត​ណាម។ លោក {ហ៊ុន សែន} ថា «នេះមិនមែន​បង្កើត ផែនទី​ថ្មីទេ គឺ​ចម្លង​​ផែនទី​​ពីផែន​ទី ខ្នាត 1/100,000 មក​ខ្នាត 1/50,000 ដើម្បី​ងាយ​ស្រួល​វាស់វែង និង​បោះ​​បង្គោល។ ផែន​ទី​ខ្នាត 1/100,000 នៅតែជា​ផែនទី​ផ្លូវការ។ ក្នុងករណី មាន​ការយល់​ខុសគ្នា ត្រូវ​យកផែនទី​ខ្នាត 1/100,000 មក​ធ្វើជា​មូលដា្ឋន ក្នុង​ការដោះស្រាយដ​ដែល។ និយាយរួម ការផ្ទេរ​ផែនទី ឬចម្លង​ផែនទី ត្រូវតែ​ធានា​ភាព​ត្រឹមត្រូវ តាម​ផែនទី​ដើម និង​ដើម្បី​យក​មកធ្វើ​ការវាស់​វែង បោះ​បង្គោល​ព្រំដែន ឲ្យបានត្រឹមត្រូវ។ យើង​សុំអ្នក​ជំនាញ​ការ​បារាំង អាស្រ័យ​ដោយ បារាំង ជាអ្នក​ផលិត​ផែនទីនេះ ពេល​បារាំង ដាក់​អាណានិគម លើប្រទេស​កម្ពុជា វៀតណាម និងឡាវ»

ទាក់ទង​នឹងរឿង​នេះ​ដែរ មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា បានថ្លែង​គាំទ្រ​គំនិត​របស់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចង់​ផ្លាស់ប្ដូរ​ខ្នាត ផែនទី​នេះ។ លោក {សម រង្ស៊ី} ថា «អ្វីដែលលោក ហ៊ុន សែន លើក​ឡើង គឺជា​បំណង​ប្រាថ្នា ដែល​ខ្ញុំ តែងតែគិត ចង់​បាន​ដែរ»។ {ការថ្លែង​របស់​លោក សម រង្ស៊ី នេះ ធ្វើ​​ឡើង​ក្រោយពេល​លោក បាន​ភៀស​ខ្លួន​នយោបាយ​ទៅកាន់​ប្រទស​បារាំង បន្ទាប់​ពី​លោក ហ៊ុន សែន បាន​​ប្តឹង​ប្តល់​ទៅ​តុលាការ}។

ប៉ុន្តែ លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បាន​បង្ហាញ​ជំហរ​ជំទាស់ ទៅ​នឹង គម្រោង នេះ។ ជំទាស់ដោយសារតែ លោក ម៉ែន ណាត យល់ថា «បំណង​នៃ​ការផ្ទេរខ្នាតផែនទី ​នេះ គឺគ្រាន់តែជា ការបន្លំ​ភ្នែក និង​កាឡៃឯកសារ​ប្រវត្តិសាស្ត្រ ស្ដីពី​ព្រំដែនខ្មែរ តាំងពី​ អនុសញ្ញា​បារាំង-កម្ពុជា-កូសាំងស៊ីន ឆ្នាំ ១៨៧៣ និង ជាការរំលោភ​បំពាន ទៅ​លើ មាត្រា ២ នៃរដ្ឋធម្មនុញ្ញ​កម្ពុជា»

ដោយឡែក​លោកបណ្ឌិត សុខ ទូច បាន​គាំទ្រ នូវ​គម្រោងនេះ​ [គាំទ្រ​ជំហរ​រដ្ឋាភិបាល] ហើយ​លោក​ បញ្ជាក់ថា នេះមិនមែន ជាការ​ផ្លាស់​ប្តូរ ផែន​ទីទេ គឺគ្រាន់​តែ ទម្លាក់ខ្នាតផែនទី 1/100,000 មក​ខ្នាត 1/50,000 តែ​ប៉ុណ្ណោះ។ លោក សុខ ទូច សុំឲ្យ​អ្នករិះ​គន់​ទាំង​ឡាយ គិត​ពី​បញ្ហា​បច្ចេកទេស ជាជាង​យកបញ្ហា​ នយោបាយ មក​ពាក់ព័ន្ធ៕

a78108b5-ec05-4980-9aca-fecfe1e3dd66_w987_r1_s
Advertisements