ករណីអំពើពុករលួយរឿងនាំខ្សាច់ ទៅក្រៅ​ប្រទេសនោះ រដ្ឋាភិបាល​កម្ពុជា ដែល​រដ្ឋមន្រ្តី ​ក្រសួង​រ៉ែង និង​ថាមពល មិន​ដែល​ស្រាយ​បំភ្លឺ​ច្បាស់​លាស់ ចំពោះ​ការ​ចោទ​ប្រកាន់​នានា ពីក្រុម​សកម្មជន​បរិស្ថាន​ទេ។ ចំណូលជាតិ រាប់​រយ​លាន​ដុល្លារ ត្រូវ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី រវាង​តួលេខ​ចំនួន​ខ្សាច់ ចំនួន​ទឹកប្រាក់​របស់​កម្ពុជា និង​ប្រទេស​ដែលទទួល​ទិញ​ពី​កម្ពុជា។

ករណីនាំខ្សាច់ទៅ​សាំងហ្កាពួរ បាត់​ចំណូល​ថវិកាជាតិ​ជាង ៧០០ លាន​ដុល្លារ កាល​ពី​ចុង​ឆ្នាំ​២០១៦។ ខែមករា ឆ្នាំ​២០១៧ ក្រុម​សកម្មជន​បរិស្ថាន រកឃើញ​ទៀត​ថា មាន​ការនាំ​ខ្សាច់ ទៅ ឥណ្ឌា មាន​ទឹកប្រាក់​ជាង ២,៦ លាន​ដុល្លារ។​ ហើយ​នៅពេលនេះ  សកម្មជនបរិស្ថាន រកឃើញ​ថ្មីថា មាន​ការ​នាំខ្សាច់​ស៊ីលីការ ទៅតៃវ៉ាន់ ដែល​មាន​តួលេខ​ខុសគ្នា នូវ​ទឹកប្រាក់​ជាង ៣១ លាន​ដុល្លារ   (អត្ថបទដោយលោក ម៉ែន ណាត)


សកម្មជនបរិស្ថាន​ថា ​ក្រសួង​រ៉ែ ​ធ្វើ​​ឲ្យ​​បាត់​លុយ​​ជាតិ ករណី​នាំ​ខ្សាច់​ទៅ​តៃវ៉ាន់

(VOD, 12-9-2017 ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​)
អង្គការ​មាតា​ធម្មជាតិ ​រក​ឃើញ​​ពី​ការ​បាត់​បង់​​លុយ​ជាតិ លើ​​ធន​ធាន​​ខ្សាច់​ បន្ថែម​​រាប់​សិប​​​លាន​​ដុល្លារ ​ ​ទៅ​​លើ​​ការ​នាំ​​ចេញ​​ទៅ​​ប្រទេស​​តៃ​វ៉ាន់​ ខណៈ​ដែល​លុយ​​បាត់​ ពី​​ការ​​នាំ​​ខ្សាច់​ ទៅ​​កាន់​​ប្រទេស សិង្ហ​បុរី មិន​​ទាន់​​ត្រូវ​​បាន ​ស្ងប់​ស្ងាត់​​នៅ​​ឡើយ​។

អង្គការ​មាតា​ធម្មជាតិ​ បាន​ចេញ​ផ្សាយ​​វី​ដេអូ​​ថ្មី​មួយ ​កាលពី​ថ្ងៃ​ទី​​ ១១ ខែកញ្ញា​ ដោយ​​ថា ​ខ្លួន​​បាន​​រក​ឃើញ​​ភស្ភុតាង​​ថ្មី​​មួយ​​ទៀត​ ដែល​​បាន​​បង្ហាញ​ថា ​រដ្ឋាភិបាល​​កម្ពុជា បាន​​ធ្វើ​ឲ្យ​​បាត់​បង់​​លុយ​​ជាតិ​​រាប់​​សិប​​លាន​​ដុល្លារ ​ទៅ​លើ​​ការ​នាំ​​ចេញ​​ខ្សាច់​ ទៅ​​ក្រៅ​​ប្រទេស។ ភស្ភុតាង​​ថ្មី​​នោះ ​គឺ​​អង្គការ​នេះ​ បាន​​រក​ឃើញ​ពី​តួលេខ​​ខុស​គ្នា​​ នៃ​​ការ​នាំ​ចេញ​​ខ្សាច់ ពី​កម្ពុជា​​ទៅប្រទេស​តៃ​វ៉ាន់។

ក្នុង​វី​ដេអូជាង ​២ នាទី​របស់​​អង្គការ​មាតា​​ធម្មជាតិ បាន​​បញ្ជាក់​ថា ទិន្នន័យ​​នៃ​​ការនាំ​​​ចូល​​ខ្សាច់​សីលី​កា ​ពី​​កម្ពុជា ដោយ​​ខាង​គយ​តៃ​វ៉ាន់​​ បាន​​បញ្ជាក់​ថា ប្រទេស​នេះ ​បាន​​នាំ​ចូល​​ខ្សាច់​​ពី​កម្ពុជា ពី​ឆ្នាំ ​២០១២ ដល់​ឆ្នាំ​​២០១៦ បាន​ចំនួន​ ១ លាន ​៥ ​សែន​តោន (១,៥ លាន​តោន) ស្មើ​​នឹង​​ជាង ​៣២ ​លាន​ដុល្លា​រ​អាមេរិក ខុស​ពី​​ទិន្និន័យ​​របស់​គយ​​កម្ពុជា ដែល​អះ​អាង​ថា​ កម្ពុជានាំ​ចេញ​​ខ្សាច់​​ទៅ​​តៃ​វ៉ាន់ ​បាន​តែជាង​ ២៨ ពាន់​​តោន​​ប៉ុណ្ណោះ ដែល​​ស្មើ​នឹងជាង​ ​២៧ ​ម៉ឺន​ដុល្លារ។

កញ្ញា លីម គីមស័រ​ បាន​និយាយ​​ក្នុង​វី​ដេអូ​នោះ​ថា៖ «មាន​​ន័យ​ថា តួលេខ​​នេះ​ បង្ហាញ​ពី​ការ​បាត់​​ខ្សាច់​​ដល់​ទៅ​​ជាង ​១ លាន​ ៥ សែន​​តោន ដែល​​មាន​ចំនួន​​ទឹក​ប្រាក់​​ខុស​គ្នា​​រវាង​ប្រទេស​​ទាំង​ពីរ​ ដល់​​ទៅ​ជាង​ ៣១​ លាន​​​ដុល្លារ»។

បើតាមវី​អូ​ឌី​ អង្គការ​មាតា​ធម្មជាតិ​ មិន​អាច​​ទាក់​ទង​អ្នក​នាំពាក្យ​ និង​​ជា​​អគ្គ​​នាយក​​នៃ​​អគ្គនាយក​ដ្ឋាន​​រ៉ែ លោក​ យស មុនី​រ៉ាត់ ដើម្បី​​ឆ្លើយ​តប​​បាន​​នោះ​​ទេ តែ​​រដ្ឋលេខាធិការ​​ក្រសួង​​រ៉ែ​ និង​​ថាម​ពល​ ​លោក ឌិត ទីណា​ មាន​​ប្រសាសន៍​​ថា ប្រសិន​​អង្គការ​​មាតា​​ធម្ម​ជាតិ មាន​ភស្ភុតាង​​គ្រប់​គ្រាន់​ពីទិន្នន័យ​​នោះ គួរ​តែ​​ដាក់​​ជូន​​មក​​ក្រសួង​ ដើម្បី​ពិភាក្សា​ មិន​គួរណា​ចេញ​របាយ​ការណ៍​​ដោយ​ខ្លួន​​ឯង​នោះ​​ទេ។ លោក​ថា៖ «បើ​មតិ​​ផ្ទាល់​ខ្លួ​ន​​របស់​​ខ្លួន ​ដែល​​មិន​មែន​​ជា​អ្នក​នាំពាក្យ​ណា។ បើ​មាន​​ឯក​សារ​អី ​គួរ​តែ​​នាំ​យក​​មក​ឲ្យ​​ក្រសួង​ ដើម្បី​ពិនិត្យ​​ទាំង​អ​ស់គ្នា មិន​មែន​​ចេះ​តែ​​និយាយ​ទេ ខ្ញុំ​​និយាយ​​ច្រើន​​ដង​​ហើយ។ អង្គការ​​​នោះ​គាត់​​ចូល​​ចិត្ត​​ណាស់​​ដើរ​​លេង​​តែ​​​ឯង​ហ្នឹង ដើរ​លេង​​ក្នុង​សួន​​ម្នាក់​ឯង​ហ្នឹង​។ ពេល​​លើក​​មុន​​និយាយ​​ខុស​រឿង​ អត់​ទាន់​​ឃើញ​​សុំ​ទោស​​ក្រសួង​​ផង!»។

នាយក​ប្រត្តិ​បត្តិ​​សម្ព័ន្ធ​​គណនេយ្យភាព​​សង្គម ​លោក សន ជ័យ មាន​​ប្រសាសន៍​​ថា ​តួលេខ​​របស់​​រដ្ឋាភិបាល​​កម្ពុជា និង​​តួលេខ​​របស់​​រដ្ឋាភិបាល​​ប្រទេស ដែល​​ទិញ​​ខ្សាច់​ពី​​កម្ពុជា​​ តែ​ង​តែ​​ខុស​គ្នា​។ លោក​​យល់​ថា តួលេខ​នៃ​ភាព​​ខុស​គ្នា​​នេះ ​គឺវា​​​ដូច​ទៅ​​នឹង​​អ្វី​​ដែល​​មាតា​ធម្មជាតិ​ រក​ឃើញ​​កាល​ពី​ឆ្នាំ​មុន​​ផង​​ដែរ។ លោក​ថា «យើង​​មាន​​ការ​សង្ស័យ​​ទៅ​​លើ​​របៀប​ ​នៃ​​ការ​គ្រប់​គ្រង​​របាយការណ៍ រ​វាង​ខ្សាច់​​នាំ​ចេញ​​នឹ​ង​​ខ្សាច់​​​របស់​​​អ្នក​នាំ និង​​ចំនួន​​ខ្សាច់​​នៃ​​ការ​នាំ​ចេញ​​ដោយ​​ប្រទេស​​ទីពីរ​​ហ្នឹង​​ដែរ»។

បើតាម​វី​ដេអូ អង្គការ​មាតាធម្មជាតិ ​បា​ន​ប្រកាស​​ថា ខ្លួន​​បាន​​រក​​ឃើញ​​ភស្ភុតាង​​ពី​​ការ​​នាំ​ចេញ​​ខ្សាច់​​ទៅ​​ក្រៅ​ប្រទេស​​ចំនួន​​ ២ រួច​​ម​ក​​ហើយ ដែល​​ក្នុង​​នោះ ​មាន​​ការ​បាត់​បង់​​ការ​​នាំ​ចេញ​​ខ្សាច់​​ទៅ​​ប្រទេស​​សឹង្ហ​បុរី​ជាង ៧០ លាន​​តោន ប្រទេស​​ឥណ្ឌា​ជាង​ ១ សែន​​តោន និងចុង​​ក្រោយ​​ប្រទេស​​តៃ​វ៉ាន់​​ជាង ១ លាន ​៥ សែន​​តោន​​នេះ ដែល​​តាម​ចំនួន​​នេះ​ បាន​​ធ្វើ​​ឲ្យ​​កម្ពុជា​​បាត់​បង់​​ខ្សាច់​ នាំ​​ចេញ​​ទៅ​​ក្រៅ​​ប្រទេស​​ជាង ៧១ លាន ​៦ សែន​​តោន ដែល​​តួ​លេខ​​​នេះ ​គឺ​ច្រើន​​ជាង​​តួរលេខ​នៃ​​ការ​នាំ​ចេញ​​ខ្សាច់​​របស់​​ពី​​ក្រសួង​​រ៉ែ​ និង​​ថាម​ពល​ កាល​ពី​​ឆ្នាំ​​២០១៦ ​ដែល​​ថា​​​កម្ពុជា​​នាំ​ចេញ​​ខ្សាច់​​បាន​​តែ​ជាង​ ១៧ ​​លាន​​​តោន​​ប៉ុណ្ណោះ។

គួរ​រំលឹក​​ផងដែរ​ថា បន្ទាប់​ពី​​មាន​​​រឿង​​ចម្រូង​​ចម្រាស ពី​ការ​លក់​ខ្សាច់​​ទៅ​ប្រទេស​សឹង្ហ​បុរី​ ​​កាល​ពី​​ឆ្នាំ​​២០១៦ រាជរដ្ឋាភិបាល​​កម្ពុជា ក៏​​បាន​​​ប្រកាស​​បញ្ឈប់​​ការ​នាំ​​ចេញ​​ខ្សាច់​​ទៅ​​ក្រៅ​​ប្រទេស ​ជា​បណ្តោះ​​អាសន្ន​ផង​​ដែរ៕

.

.

Advertisements