ក្រុមសកម្មជនព្រំដែន អ្នកជនាញការព្រំដែនឯករាជ្យ និងក្រុមអ្នកជាតិនិយម តែងតែលើកឡើងជាហូរហែរ អំពីជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ (យួន) នៅកម្ពុជា ដែលត្រូវបានទទួលការលើកទឹកចិត្ត និងការជួយជ្រោមជ្រែង ពីរបបដឹកនាំរបស់លោក ហ៊ុន សែន។ នោះមិនមែនជាការរើសអើងទេ ប៉ុន្តែអ្វីដែលសំខាន់គឺពលរដ្ឋខ្មែរ ចង់ឃើញរបបលោក ហ៊ុន សែន អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ចំពោះជនបរទេស ដែលចេញចូលប្រទេសកម្ពុជា។

ការជាប់ជំពាក់ជំពិននឹងការដឹងគុណវៀតណាម ត្រូវបានកំណត់ឡើងដោយ សន្ធិសញ្ញាមិត្តភាព និង សហប្រតិបត្តិការ ដែលស៊ីញ៉េដោយប្រធានក្រុមប្រឹក្សារដ្ឋខ្មែរ លោក ហេង សំរិន និងមេដឹកនាំវៀតណាម លោក ផាំ វ៉ាន់ដុង នាថ្ងៃទី ១៨ កុម្ភៈ ១៩៧៩ ខណៈពេលដែលវៀតណាម បញ្ជូនប្រជាជនខ្លួន និងទារហានរបស់ខ្លួ មកត្រួតត្រាកម្ពុជា បន្ទាប់ពួកគេ ផ្តួលរំលំរបបខ្មែរក្រហម។

មានឯកសារមួយទៀតឈ្មោះថា «សារាចរណ៍ណែនាំ» ធ្វើនៅភ្នំពេញ ថ្ងៃទី ២៦ កុម្ភៈ ១៩៨៦ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ចុះលេខ ០៥/សរណន ជាសារាចរណ៍ណែនាំស្ដីពីការអនុវត្តគោលនយោបាយ ចំពោះអាណិកជនវៀតណាម នៅកម្ពុជា។ ឯកសារនេះ មាន ៤ ទំព័រ ចុះហត្ថលេខាដោយ លោក ហ៊ុន សែន ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ជំរុញឲ្យថ្នាក់មូលដ្ឋាន ជួយឧបត្ថម្ភដល់ជនជាតិវៀតណាម ឲ្យមានជីវភាពល្អប្រសើរ មានទីលំនៅសមរម្យ ជួយបង្កលក្ខណៈងាយស្រួល ដល់អ្នកនេសាទវៀតណាម ត្រូវរៀបចំចុះលេខ តាមទូករបស់គេ ត្រូវផ្ដល់លិខិតសម្គាល់ខ្លួន និងប័ណ្ណគ្រួសារ រួមទាំងការជួយចាត់តាំងបង្រៀនភាសាវៀតណាម

(អត្ថបទដោយ ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ១៤ ធ្នូ ២០១៨)
______________________

លោក អ៊ុំ សំអាន ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ និង​សញ្ជាតិ​ ឲ្យ​បាន​តឹងរ៉ឹង​ ករណី​វៀតណាម​ នៅ​បឹង​ទន្លេសាប

(RFA Khmer / ដោយ មាន ឫទ្ធិ / ០១ ធ្នូ ២០១៨)
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលសកម្ម​ខាង​បញ្ហា​អន្តោប្រវេសន៍ និង​ ព្រំដែន លោក អ៊ុំ សំអាន ចង់​ឃើញ​របប​ក្រុងភ្នំពេញ​ អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​សញ្ជាតិ​ ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ ចំពោះ​រឿង​បំឡាស់​ទី​ជនអន្តោប្រវេសន៍​វៀតណាម ​រស់នៅ​តាម​ផ្ទះ​បណ្ដែត​ទឹក ​លើ​ផ្ទៃ​បឹង​ទន្លេសាប​ ក្នុង​ខេត្ត​កំពង់ឆ្នាំង។ លោក​ សង្កត់ធ្ងន់​ថា ការ​អនុវត្តន៍​វិធានការណ៍​ ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម ​ទាំងនោះ មិនមែន​មានន័យថា ជា​ការ​ប្រកាន់ ឬ​រើសអើង​ពូជសាសន៍​នោះ​ទេ តែ​ជា​ការ​អនុវត្ត​ច្បាប់​ ស្របតាម​គោលការណ៍​ជាតិ និង ​អន្តរជាតិ។

លោក អ៊ំ សំអាន ថ្លែង​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី ៣០ វិច្ឆិកា ២០១៨ ដោយ​ស្វាគមន៍​យុទ្ធនាការ​បំឡាស់​ទី​ ជនអន្តោប្រវេសន៍​វៀតណាម​បណ្ដែត​ទឹក​ នៅ​លើ​បឹង​ទន្លេសាប​ ក្នុង​ខេត្ត​កំពង់ឆ្នាំង។ ក៏ប៉ុន្តែ លោក ​អះអាង​ថា ដោយហេតុថា​ ជនអន្តោប្រវេសន៍​វៀតណាម​ទាំងនោះ ​ភាគច្រើន​ បាន​ហូរ​ចូល​មក​រស់នៅ​ លើ​បឹង​ទន្លេសាប​ដោយ​ខុសច្បាប់ ​តាមរយៈ​ការ​ជិះ​ទូក​មក ឬ​ចូល​មក​តាម​ច្រក​របៀង​ជាដើម​នោះ និង​ពុំ​មាន​ឯកសារ​ត្រឹមត្រូវ ​តាំងពី​កាល​ដំបូង​នោះ លោក​ថា អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ មិន​គ្រាន់តែ​ជម្លៀស​ពួកគេ​ ចេញពី​បឹង​ទន្លេសាប​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ចាប់​បញ្ជូន​ពួកគេ​ ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ ដើម្បី​ជា​ការ​អនុវត្ត​ច្បាប់​ ឲ្យ​បាន​តឹងរ៉ឹង៖ «ជនជាតិ​ខ្មែរ​យើង​ដែល​ជា​កម្មករ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ កាលពី​ប៉ុន្មាន​ឆ្នាំមុន​ប្រហែល​ជាជាង ២០​ម៉ឺន​នាក់ ហើយ​ថ្មីៗ​នេះ​ប្រហែល​ជាជាង ២ ម៉ឺន​នាក់​ទៀត។ ថៃ​គេ​បញ្ជូន​ខ្មែរ​យើង​មក​កម្ពុជា​បាន រឿង​អី​យើង​បញ្ជូន​យួន​ទៅ​ស្រុក​យួន​វិញ​មិន​បាន? ដែល​ជា​ជនអន្តោប្រវេសន៍​យួន​ខុសច្បាប់។ ហើយ​កន្លងមក​យួន​ក៏​បាន​បញ្ជូន​អ្នកសុំទាន​ខ្មែរ​ដែល​បាន​ទៅ​សុំ​ទាន​នៅ​ស្រុក​យួន ព្រមទាំង​ខ្មែរ​ដែល​រស់នៅ​ខុសច្បាប់ មក​កម្ពុជា​វិញ​ដែរ។ ហើយ​សូម្បីតែ​អាមេរិក គេ​ក៏​ធ្វើ​របង​ជាមួយ​ម៉ិកស៊ីកូ កុំ​ឲ្យ​ជនជាតិ​ម៉ិកស៊ីកូ​ហូរ​ចូល​មក​ប្រទេស​គេ​ដែរ»។

លោក អ៊ំ សំអាន សង្កត់ធ្ងន់​ថា ការ​ធ្វើ​យ៉ាង​ដូច្នេះ មិនមែន​មានន័យថា ជា​ការ​ស្អប់ខ្ពើម រើសអើង ឬ​ប្រកាន់​ពូជសាសន៍ ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម​ទាំង​នោះ​ទេ តែ​គឺជា​ការអនុវត្ត​ច្បាប់ ឲ្យ​មាន​ប្រសិទ្ធភាព​ដូច​បណ្ដា​ប្រទេស​ដទៃ​កំពុង​អនុវត្ត​ស្រាប់ ស្របតាម​គោលការណ៍​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ៖ «យើង​អត់​ប្រកាន់​ពូជសាសន៍​ទេ យើង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍។ ហើយក៏​យើង​មិន​ធ្វើ​របៀប​ដូច លន់ នល់ ឬមួយ​ដូច​គណបក្ស​ណាមួយ​បញ្ជូន​ក្នុង​រយៈពេល ២៤​ម៉ោង​នោះ។ យើង​មិន​ធ្វើ​ដូច្នេះ​ទេ​។ គឺ​យើង​អនុវត្ត​ទៅតាម​ច្បាប់​អន្តោប្រវេសន៍ គឺថា បើ​តាម​គំនិត​របស់ខ្ញុំ គឺ​យើង​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល​ពី ៣ ទៅ ៥ ឆ្នាំ ដើម្បី​បញ្ជូន​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា ជាពិសេស​ជនជាតិ​វៀតណាម និង​ចិន ដែល​មក​ធ្វើ​បងធំ​បង​តូច បង្ក​បញ្ហា​នៅ​កម្ពុជា​ទៀ​។ ដូច្នេះ ទាំង​ជនជាតិ​វៀតណាម ជនជាតិ​ចិន និង​ជនជាតិ​ដទៃ​ទៀត​ដែល​ខុសច្បាប់ ត្រូវ​បញ្ជូន​ទៅវិញ»។

ការ​លើកឡើង​របស់​លោក អ៊ំ សំអាន នេះ គឺ​ស្រប​ពេល​ដែល​ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​កំពុង​ចាប់ផ្ដើម​អនុវត្ត​យុទ្ធនាការ​បំឡាស់​ទី​ជនជាតិ​វៀតណាម​សរុប​ចំនួន ២.៣៩៧ គ្រួសារ ស្មើនឹង ១ ម៉ឺន ៨៧ នាក់ ដែល​កំពុង​រស់នៅ​តាម​ផ្ទះ​បណ្ដែត​ទឹក​សរុប ១.៨៣៦ ខ្នង នៅ​លើ​ផ្ទៃ​ទឹក​លើ​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ឲ្យ​មក​រស់​លើ​ដី​គោក​វិញ។ យុទ្ធនាការ​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី១ តុលា​ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅ​បំណាច់​ឆ្នាំ២០១៨ នេះ ដូច​តាម​ផែនការ ៥​ឆ្នាំ ដាក់​ចេញ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ ២០១៩ ក្រោម​ហេតុផល​ថា​ដើម្បី​ស្តារ​សោភណភាព​តាម​ផ្ទៃ​បឹង​ទន្លេសាប ថែរក្សា​បរិស្ថាន និង​បង្កើន​អនាម័យ​សុខាភិបាល​ជាដើម។ របប​ក្រុងភ្នំពេញ ថែមទាំង​បាន​សន្យា​ជាមួយ​ភាគី​វៀតណាម​ថា នឹង​ផ្ដល់​នូវ​ទីតាំង​សង់​លំនៅឋាន​លើ​ដី​គោក ដែល​មាន​លក្ខណៈ​អំណោយផល​ល្អ​បំផុត រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ទឹក ភ្លើង និង​សេវា​សុខាភិបាល​ជាដើម។ យុទ្ធនាការ​បំឡាស់​ទី​ជនអន្តោប្រវេសន៍​វៀតណាម​នេះ ក៏​ស្ថិត​ក្រោម​ក្រសែភ្នែក​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ពី​ភាគី​ពាក់ព័ន្ធ គ្រប់​ជាន់ថ្នាក់​របស់​វៀតណាម តាំងពី​ថ្នាក់​សមាគម​វៀតណាម​នៅ​កម្ពុជា រហូតដល់​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​កុម្មុយនិស្ត​វៀតណាម ឬ​អាជ្ញាធរ​រដ្ឋ​វៀតណាម​តែម្ដង។ បច្ចុប្បន្ន សមាគម​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បន្ត​បដិសេធ​មិន​ព្រម​ផ្លាស់ប្ដូរ​ទីកន្លែង​រស់នៅ​មក​នៅ​គោក​នោះ​ទេ ដោយ​អះអាង​ថា កន្លែង​ដីគោក​ដែល​អាជ្ញាធរ​ឲ្យ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់។

លោក អ៊ំ សំអាន យល់ថា ចំណាត់ការ​របស់​របប​ក្រុងភ្នំពេញ​ទៅលើ​ការ​បំឡាស់​លំនៅឋាន​ជនអន្តោប្រវេសន៍​វៀតណាម​លើ​បឹង​ទន្លេសាប​របស់​របប​ក្រុងភ្នំពេញ​នេះ ហាក់​ផ្ដល់​ភាព​អនុគ្រោះ​ច្រើន និង​ជា​វិធានការណ៍​ត្រជាក់ ខុស​ពី​អ្វី​ដែល​របប​នេះ តែងតែ​ប្រព្រឹត្តិ​ទៅលើ​ករណី​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ប្រទេស ដោយ​បង្ខំ និង​ដោយ​អំពើ​ហិង្សា ឬ​ពេលខ្លះ​ឈាន​ទៅ​រក​ការ ចាប់​ពលរដ្ឋ​ខ្លួនឯង​ដាក់​ពន្ធនាគារ ដុត​បំផ្លាញ​ផ្ទះសម្បែង ឬ​មិន​ដោះស្រាយ​ឲ្យ​តែម្ដង។

បន្ថែម​ពីលើ​នេះ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ វិភាគ​ថា យុទ្ធនាការ​នេះ​មាន​បង្កប់​នូវ​ហេតុផល​នយោបាយ​ច្រើនជាង​អ្វី​ដែល​របប​ក្រុងភ្នំពេញ​អះអាង​នេះ ក្នុង​គោលបំណង​ដែល​លោក​ហៅថា «​ជា​រណសិរ្ស​ប្រជាសាស្ត្រ​ជនជាតិ​វៀតណាម» ដើម្បី​ជួយ​សម្រួល​ឲ្យ​ជនអន្តោប្រវេសន៍​វៀតណាម​កំពុង​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា​ទាំងនោះ ក្លាយ​ជា​ស្របច្បាប់​វិញ ស្រប​តាម​បញ្ជា​ពី​មេដឹកនាំ​វៀតណាម ដើម្បី​បង្កើន​នយោបាយ​ឈ្លានពាន និង​ឥទ្ធិពល​វៀតណាម​នៅ​កម្ពុជា​បន្ត​ទៅ​ទៀត៖ «គេ​អត់​បាន​និយាយ​ថា ជនជាតិ​វៀតណាម​ទាំងនោះ​ចូល​មក​ដោយ​របៀប​ណា​ទេ។ គេ​និយាយ​អំពី​ការសម្រួល ដែល​មានន័យថា​គេ​កំពុង​សម្រួល​ផ្លូវ​រណសិរ្ស​ប្រជាសាស្ត្រ​និគមជន​របស់​យួន​នៅ​លើ​ទឹកដី​របស់​កម្ពុជា​ដើម្បី​ងាយស្រួល​ក្នុង​ការ​គេ​អនុវត្ត​នយោបាយ​គ្រប់គ្រង​កម្ពុជា​ឲ្យ​កាន់តែ​ណែន តាមរបៀប​ដែល​ពលរដ្ឋ​របស់​គេ​មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ស្របច្បាប់​នៅ​លើ​ទឹកដី​ខ្មែរ។ ហើយ​របៀប​ដែល​គេ​ធ្វើ​ទៀតសោត គេ​ធ្វើ​បែប​ប្រយ័ត្នប្រយែង​ជាទីបំផុត ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ជនជាតិ​ទាំងនោះ​មាន​ទាំង​ផ្ទះសម្បែង​ល្អ និង​មាន​បរិយាកាស​ឲ្យ​កូន​អ្នក​ទាំងនោះ​រៀន​សូត្រ​ត្រឹមត្រូវ ព្រមទាំង​មាន​កម្មសិទ្ធិ​ដីធ្លី ហើយ​មាន​សិទ្ធិ​តវ៉ា​គ្រប់បែប​យ៉ាង។ ដូច្នេះ នេះ​គឺជា​យុទ្ធសាស្ត្រ​ដ៏​អភព្វ​ណាស់​សម្រាប់​ខ្មែរ ក៏ប៉ុន្តែ​លើក​តម្កើង​យួន ហើយ​ធ្វើ​ឲ្យ​យួន​មាន​ឥទ្ធិពល និង​មានអំណាច​កាន់តែ​ខ្លាំង​នៅ​កម្ពុជា»។

លោក គឹម សុខ ចង់​ឃើញ​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ និង​ពលរដ្ឋ​ខ្មែរ រួម​កម្លាំង​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ឲ្យ​ខ្លាំង និង​មិន​ត្រូវ​បែកបាក់​នោះ​ទេ ដើម្បី​ជូនដំណឹង​ទុកជាមុន​ទៅ​ភាគី​អន្តរជាតិ នៃ​ការ​មិន​ទទួលយក​ដំណោះស្រាយ​ដែល​របប​ក្រុងភ្នំពេញ​កំពុង​ធ្វើ​បច្ចុប្បន្ន​នេះ ពាក់ព័ន្ធ​នឹង​រឿង​ជនអន្តោប្រវេសន៍​វៀតណាម​នេះ។ លោក​ថា ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ចៀស​ផុត​ពី​ការ​ចោទប្រកាន់​ថា ជា​ករណី​រើសអើង​ពូជសាសន៍ ដោយសារ​របប​ក្រុងភ្នំពេញ​សព្វថ្ងៃ​នេះ​ជា​របប​ខុសច្បាប់​ស្រាប់៕