ដោយលោក មួង ណារ៉េត នៃវិទ្យុ RFA Khmer /24-11-2018

មន្រ្តីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ និង សកម្មជនព្រំដែន ថាបញ្ហាបាត់ទឹកដីកម្ពុជា ទៅ​ឲ្យប្រទេស​វៀតណាម នឹង​អាចទាមទារ​មក​វិញ​បាន ប្រសិន​បើរបប​បច្ចុប្បន្ន ត្រូវ​ផ្លាស់ប្តូរដោយការបោះឆ្នោតសេរី ត្រឹមត្រូវ​ និង យុត្តិធម៌។ ការលើកឡើងដូចនេះ ដោយសារតែ មន្រ្តី​ផ្នែកកិច្ចការ​ព្រំដែន​ នៃរបបលោក ហ៊ុន សែន ​ម្នាក់​បញ្ជាក់ថា ​ការ​បោះបង្គោលព្រំដែនរ វាង​កម្ពុជា នឹង​វៀតណាម នៅ​ខេត្ត​ មណ្ឌលគិរី និង​ខេត្ត ​រតនគីរី​ បាន​បញ្ចប់​ទាំងស្រុង​ហើយ។

តំណាងរាស្រ្តគណៈបក្ស​សង្គ្រោះជាតិ ដែលធ្លាប់​របបលោក ហ៊ុន សែន ចាប់ដាក់​​ពន្ធនាគារ​ពីរឆ្នាំកន្លះ ដោយសារ​ហ៊ានរិះគន់បញ្ហា​ព្រំដែន គឺលោក អ៊ុំ សំអាន​ ថា​ទាល់​តែ​ប្តូរ​រដ្ឋាភិបាលថ្មី ប្តូរ​​មេដឹកនាំ​ដែល​ជំពាក់គុណវៀតណាម ដូច​លោក ហ៊ុន សែន ទើបខ្មែរ​អាចទាមទារ​ទឹកដី​ ដែល​បាត់បង់ទាំងអស់​ មកវិញបាន៖ «បើសិនជាប្រជាពលរដ្ឋ​ ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ មាន​មេដឹកនាំ​ថ្មី ដែល​មិន​ជំពាក់​គុណ​យួន ហើយ​មេដឹកនាំ​ថ្មីហ្នឹងមិនជំពាក់គុណយួន ទើ​បគាត់​អាចសើរើ​រឿង​ព្រំដែនហ្នឹង​ឡើងវិញ​បាន ដោយ​ឲ្យ​សភា​លុប​ចោលសន្ធិសញ្ញា​បំពេញ​បន្ថែមឆ្នាំ ២០០៥ បន្ទាប់​យើង​ប្តឹង​ទៅ​តុលាការ យុត្តិធម៌អន្តរជាតិ ដោយ​យើង​ឈប់​ប្រើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥ និង សន្ធិសញ្ញា​ដែល​ធ្វើនៅទសវត្សន៍ឆ្នាំ ១៩៨០ ហើយ​យើង​ប្រើ​ផែនទី​បោន (Bonne) ​របស់​បារាំង ដែលកំណត់​ព្រំដែន​ជាមួយ​វៀតណាម ហើយ​កំណត់​ទៅតាម​បង្គោល​ដែលបារាំងបោះឲ្យ សម័យ​បារាំង​គ្រប់គ្រង​​ចំនួន ១២៤ បង្គោល។ នៅពេលនោះ យើង​នឹង​អត់​បាត់បង់​ទឹកដី​នៅ​តាមព្រំដែនទេ។ ប្រជាពលរដ្ឋ​នឹងប្រាកដ​ជា​បានដី ដែលបាត់​បង់​ទៅ​ខាង​យួននោះ យក​មកឲ្យ​ប្រជាពលរដ្ឋខ្មែរ ប្រកបមុខរបរកសិកម្ម​នៅតាម​ជាយ​ដែនវិញ»

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត​ ក៏យល់ឃើញ​ដូច​លោក អ៊ុំ សំអាន ដែរ ដោយ​​លោក​លើក​ឡើង​ថា ការ​ជំពាក់​គុណ​​បរទេសនេះ ធ្វើ​ឲ្យ​​លោក ហ៊ុន សែន និង របប​សព្វ​ថ្ងៃ រើខ្លួន​មិន​រួច ពីការសម្រេចមួយ ដែល​បាត់បង់​បូរណភាព​ដឹកទី​របស់​ខ្លួន​ ដើម្បី​ផ្គាប់​ចិត្តចៅហ្វាយ​បរទេស ដែល​មាន​គុណ ព្រោះបានលើកបន្តុក​លោក ឲ្យ​បាន​កាន់អំណាច​រហូត​ដល់​សព្វថ្ងៃនេះ៖ «របប ហ៊ុន សែន ជំពាក់គុណគេ រួចទៅហើយ។ សូម្បី​តែ​កោះត្រល់ ក៏យើង​មិន​អាច​យក​មកវិញបានដែរ ក្នុង​របបនេះនោះ។ អ៊‍ីចឹង​ទាល់តែមានរដ្ឋាភិបាលថ្មី ដូច​លោក សំអាន​លើកឡើង គឺប្រជាពលរដ្ឋត្រូវ​នាំគ្នា បោះឆ្នោត​ផ្លាស់ប្តូរ រើស​មេដឹកនាំ​ល្អ មកដឹកនាំប្រទេស។ បើ​មេដឹកនាំស្រលាញ់ជាតិ ស្រលាញ់ស្រុកទេស យើង​សើរើរឿង​ហ្នឹង​ឡើង​វិញ​ទៅ យើង​ដោះស្រាយ​បាន​ហើយ​ រឿង​អស់​ហ្នឹង​»

អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី សរសេរ​នៅលើ​​គណនីហ្វេសប៊ុក​របស់​អ្នកស្រី កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា អបអរ​សាទរ​​ចំពោះ​​លទ្ធផល​បញ្ចប់​​ទាំងស្រុង ដោយ​​មាន​ការ​​ឯកភាព​គ្នា ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ខេត្ត​​ភាគ​​ឥសាន្ត​នេះ។

ប៉ុន្តែ លោក អ៊ុំ សំអាន ចាត់​ទុកការ​បន្ត​មានះ បោះបង្គោលព្រំដែន ដោយ​​របប​ឯកបក្សរបស់​​លោក ហ៊ុន សែន ដោយ​​គ្មាន​​ការ​ចូល​រួម​​ពី​អង្គការ​​សង្គម​ស៊ីវិល និង​មន្រ្តីបក្ស​​ប្រឆាំង​បែបនេះ ថា​ជាគ្រោះ​ថ្នាក់មួយ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ខាតបង់​យ៉ាង​ច្រើន៖ «សព្វថ្ងៃនេះគឺជាសភាឯកបក្ស ព្រឹទ្ធសភា​ក៏ឯកបក្ស។ អត់​មានសង្គមស៊ីវិលឃ្លាំមើល អត់​មាន​គណបក្សប្រឆាំងចូល​រួមឃ្លាំមើលទៀត ដូច្នេះការ​បោះបង្គោល​បញ្ចប់​នៅខេត្តមណ្ឌលគិរីនេះ ធ្វើ​ដោយ​រដ្ឋាភិបាល​ឯកបក្ស​ហ្នឹង​​ រឹត​តែ​ធ្វើ​ឲ្យ​បាត់​ដី​ខ្មែរ​កាន់តែច្រើន។ ដូច្នេះយួន​គេ​ចង់​ធ្វើ​ឲ្យ​ឆាប់​ៗហើយ ដើម្បី​ឲ្យ​បាន​ដី​ទៅគេ ព្រោះ​ខ្លាចថ្ងៃក្រោយទៅ​ គណៈបក្ស​សង្គ្រោះជាតិ​ឈ្នះឆ្នោត ម៉េច​បាន​ដីខ្មែរ។ ដូច្នេះ រដ្ឋាភិបាល​ខ្មែរយើង ធ្វើ​ម៉េច​បោះបង្គោលហ្នឹង​ ដើម្បីកាត់​ដីឲ្យ​យួន សងគុណយួន​ ដែល​បាន​លើក​បន្តុប​គាត់​តាំងពី​ទសវត្សន៍ទី ៨០។ ចង់​សង​គុណ​យួន ដោយ​កាត់​ដី​ខ្មែរ»។

ភាពចម្រូងចម្រាសគ្នារវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរវៀតណាម ក្នុងការបោះបង្គោលព្រំដែននៅខែត្រមណ្ឌលគិរី និងខេត្ត​រតនគិរីនេះ គឺដោយសារភាគីវៀតណាម ឈ្លានពានចូលមកទឹកដីកម្ពុជា នៅតំបន់ស ដែលជាតំបន់ហាមឃាត់។

តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​ស្នើ​ជាលាយលក្ខណ៍អក្សរ កាលពីខែ តុលា ឆ្នាំ ២០១៤ ឲ្យ​លោក ហ៊ុន សែន ចូល​ខ្លួន​មកបំភ្លឺ រឿង​នៅ​ច្រក​ព្រំដែនដាក់​ដាំ ដែល​លោក ហ៊ុន សែន ថ្លែងថា​មិន​ទាន់​បាន​ព្រម​ព្រៀង​ដោយ​ប្រទេស​ទាំង​ពីរ​នៅឡើយ។ តំណាងរាស្រ្តបក្សប្រឆាំង​នៅពេលនោះ លើកឡើងថា ភាគី​វៀតណាម បាន​បន្ត​ចាត់​ទុក​តំបន់​នោះ​ ជា​របស់​ខ្លួន​រួច​ទៅ​ហើយ រាប់​ទាំង​ការ​សាង​សង់​ផ្លូវ​នៅ​ទី​នោះ​ផង បើ​ទោះ​ជា​សន្ធិ​សញ្ញា ឆ្នាំ​២០០៥ ពុំ​បាន​ដោះ​ស្រាយ​បញ្ហា​កម្មសិទិ្ធ​នៅ​ចំណុច​នោះ​ក៏​ដោយ។ ប៉ុន្តែ គ្មានការ​បំភ្លឺអ្វីទាំងអស់ រហូត​មកដល់ពេលនេះ។ ​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន គឺ​លោក វ៉ា គឹមហុង ធ្លាប់​បាន​បញ្ជាក់ ប្រាប់​សារព័ត៌មានក្នុង​ស្រុក​កាលពីពេលនោះ ថាលោក ហ៊ុន សែន មិន​អាច​ថ្លែង​ ពី​បញ្ហា​នេះ​ក្នុង​រដ្ឋសភា តាមការ​ស្នើសុំរបស់តំណាងរាស្រ្ត​បក្ស​ប្រឆាំង​បាន​​ទេ។

លោក អ៊ុំ សំអាន មាន​មន្ទិល​ជាច្រើន ជុំវិញការណ៍ដែល​របបលោក ហ៊ុន សែន ​ប្រញាប់​បញ្ចប់ការ​បោះបង្គោលព្រំដែន ក្នុង​ស្ថានភាព​ដែលគ្មានការ​ឯកភាព​ជាតិ​ និង កំពុង​មានវិបត្តិ​នយោបាយ​បែបនេះ ព្រោះលោក ហ៊ុន សែន ខ្លួន​ឯង​ក៏ទទួលស្គាល់​ថា ដីនៅតំបន់នោះ​នៅ​មាន​ភាព​ចម្រូងចម្រាស និង ធ្វើ​ឲ្យ​ខ្មែរ​ខាត​បង់ច្រើន៖ «គាត់​និយាយ​ហើយ​ថា តំបន់​ដាក់​ដាំ ដាក់​ហ៊ូតហ្នឹង បើ​ធ្វើ​ទៅតាម​យួនហ្នឹង គឺខាត​អស់​ ៥០ គីឡូម៉ែត្រការ៉េ តំបន់ហ្នឹង ហើយ​គាត់​ថា​ត្រូវ​ទាមទារ​មកវិញ។ ប៉ុន្តែ ឥឡូវ​បោះបង្គោលរួចហើយ អត់​មាន​បាន​ទាមទារ​សោះ ហ្នឹង​គឺខាត​ហើយ។ លើក​មុន​ថា​ទាមទារ​ ឥឡូវ​អត់​មានទាមទារ ហើយ​បោះឲ្យ​តែហើយៗ។ នោះគឺជារឿងមួយគួរឲ្យ​សង្ស័យ»។

អាស៊ីសេរី មិន​ទាន់អាចសុំការ​បំភ្លឺពី​មន្រ្តី​ផ្នែកកិច្ចការព្រំដែន របស់​របបលោក ហ៊ុន សែន បាន​នៅឡើយ​ទេ នៅត្រឹមម៉ោងផ្សាយនេះ។

ប៉ុន្តែ មន្រ្តីនាំពាក្យ​របបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន ធ្លាប់ថ្លែង​ការពារ​​ភាព​ស្អាត​​ស្អំ និង​ភាពស្មោះត្រង់​របស់​របប​នេះ និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​អ្វី​ដែល​លោក​អះអាង​ថា ជាកិច្ចការ​ថែរក្សា​ការពារ​ឯករាជ្យ បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​កម្ពុជា។ លោក ផៃ ស៊ីផាន ចោទ​មតិ​ប្រឆាំង ថា​​ជាការ​ប្រឌិត​ភូតភរ ចោទប្រកាន់​ថា គណបក្ស​ប្រជាជនកម្ពុជា និង​លោក ហ៊ុន សែន បាន​កាត់ ឬ​លក់ទឹកដី​កម្ពុជា ទៅឲ្យ​វៀតណាម។

កាលពី​ខែ សីហា ឆ្នាំ ២០១២ លោក ហ៊ុន សែន ចំណាយ​​ពេល​ជាង ៥ ម៉ោង​កន្លះ (៣២០ នាទី) បកស្រាយ​​រឿង​ព្រំដែន​នេះ​តែម្នាក់​ឯង​នៅ​ក្នុង​​រដ្ឋសភា​ ដោយ​​គ្មាន​​អនុញ្ញាត​​ឲ្យ​តំណាង​រាស្រ្ត​​ណា​ម្នាក់ ដេញដោល ឬ ចោទ​ជាសំណួរ​​អ្វី​ទាំងអស់។ លោក អ៊ុំ សំអាន ចាត់​ទុកការបកស្រាយ​​បញ្ហា​ព្រំដែន​តែម្នាក់ឯង មិន​ស្តាប់​​យោបល់​ពីអ្នកដទៃ បែបនេះ គឺជាចេតនា​​ធ្វើ​​បង្គ្រប់កិច្ច ដើម្បី​ការ​ពារ​​ទង្វើ​ខុសឆ្គង​របស់ខ្លួន ដែល​​ធ្វើ​ឲ្យ​បាត់ដីខ្មែរ​​ទៅ​វៀតណាម​តែប៉ុណ្ណោះ៖ «គាត់​បកស្រាយ​ហ្នឹង​គ្រាន់តែជាការបំភ្លៃការ​ពិត​ប៉ុណ្ណោះឯង មិន​មែនជាបកស្រាយ​ដើម្បីការពារ​ដី​ខ្មែរទេ។ តាមពិ​ត​គាត់​ការ​ពារ កាលគាត់ពីទសវត្សន៍ទី ៨០  គាត់​ជារដ្ឋមន្រ្តីក្រសួង​ការបរទេស គាត់​ស៊ីញ៉េជាមួយលោក ង្វៀង​ ខូថាច់ (Nguyen Co Thach)​ រដ្ឋមន្រ្តីក្រសួង​ការ​បរទេស​វៀតណាម ស៊ីញ៉េលើសន្ធិសញ្ញា​ឆ្នាំ ១៩៨២, ១៩៨៣ និង ១៩៨៥។ អ៊‍ីចឹង គាត់​ការ​ពារ​អ្វីដែលគាត់ស៊ីញ៉េនៅទសវត្សន៍ទី ៨០ហ្នឹង ហើយការពារ​សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ហ្នឹង ដែលសន្ធិសញ្ញាហ្នឹង​ធ្វើ​ឡើង​ដោយ​យួន។ ដូច្នេះ គាត់​បកស្រាយ​អ្វីដែលយួន​គេ​ការពារ។ ​បកស្រាយ គាត់​មិន​បាន​ការពារ​អ្វី ដែលបារាំងធ្វើ​ទុក​ឲ្យ​យើង​នោះទេ»។

ទោះបីជាលោក ហ៊ុន សែន អះអាងជាប្រចាំ ថាលោកប្តេជ្ញាការពារ​របបរាជនិយម និង ព្រះមហាក្សត្រខ្មែរប្តូរ​ផ្តាច់​ រហូតព្រមានឲ្យរម្លង​សពលោកសិន មុននឹង​ចង់បំផ្លាញ​ស្ថាប័ន​រាជបល្ល័ង្កក៏ដោយ ប៉ុន្តែ ចំពោះ​រឿង​ព្រំដែនជាមួយវៀតណាមនេះ លោក ហ៊ុន សែន ហ៊ាន​ប្រមាថ​ព្រះមហាក្សត្រ​យ៉ាង​ចំហ កាលពីឆ្នាំ ២០០៥ នៅពេលអតីព្រះមហាក្សត្រ​ខ្មែរព្រះបរម​រតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលព្រះអង្គ មិនចង់ចុះព្រះហស្តលេខា លើសន្ធិសញ្ញាបំពេញបន្ថែម រឿងព្រំដែនជាមួយប្រទេសវៀតណាមនេះ។ លោក ហ៊ុន សែន គម្រាម​រម្លាយ​របបរាជានិយមចោល បើ​ព្រះមហាក្សត្រ​មិន​ព្រមឡាយព្រហត្ថលេខា​លើសន្ធិសញ្ញាបំពេញ​បន្ថែមឆ្នាំ ២០០៥ រឿង​​ព្រំដែនដែល​ធ្វើ​ឲ្យ​កម្ពុជាបាត់​ដី​ទៅ​វៀតណាមនោះ៖ «ខ្ញុំ​និយាយ​​ជាមួយ​​សម្តេច​ក្រុម​ព្រះ​ហើយ​ ខ្ញុំ​ថា​ព្រះអង្គ និយាយ​​ប្រាប់​​ឯកឧត្តម ស៊ុន ចាន់ថុល, កុល​ ផេង, អ៊ឹង​ កន្ថាផាវី, ស៊ីសុវត្ថិ ប៉ាណារ៉ា លើ​​យន្ត​ហោះ​តាម​​ទូរស័ព្ទ ខ្ញុំ​ថា​​ព្រះអង្គ​​ បើ​​លើក​​នេះ​​​វា​ពិបាក​​​ស៊ីញ៉េ ត្រូវ​​ពិនិត្យ​​ឡើង​​វិញ យើង​​គួរ​ទុករាជានិយម​ ឬ​ធ្វើ​​សាធារណរដ្ឋ​ ឲ្យ​វាមាន​​ប្រធានាធិបតី​​​តែ​​​ម្តង? ឬហោច​ណាស់​​​ដាក់​​បញ្ចូល​​​ក្នុង​​​រដ្ឋ​ធម្មនុញ្ញ លើ​​មាត្រា​ណា​មួយ។ ដែល​កាល​ណា​​ដាក់​ទៅ​ក្នុង​រង្វង់​ប៉ុន្មានថ្ងៃ ត្រូវ​ឡាយ​ព្រះ​ហស្តលេខា។ បើ​មិន​ឡាយ​ព្រះហស្ត​លេខា ​គឺនឹង​ចូល​ជាធរមាន»។

ទោះជាយ៉ាងនេះក្តី លោក អ៊ុំ សំអាន នៅតែមាន​សុទិដ្ឋិនិយមខ្ពស់ ថាថ្ងៃណាមួយ​នឹង​មានការ​ផ្លាស់​ប្តូរ​ជាវិជ្ជមាន​នៅកម្ពុជា ដោយសារ​កម្លាំង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​តែ​រឹង​មាំ។ លោកថា នៅពេលរដ្ឋាភិបាល​ថ្មីមួយ បង្កើតឡើង​ ដោយ​មិន​រងការ​ជំពាក់គុណ​វៀត​ណាម ការ​សើរើបញ្ហា​ព្រំដែននេះ នឹង​អាច​ធ្វើ​ឡើង​តាម​យន្តការអន្តរជាតិ ដូចជាការ​ប្តឹង​​​ទៅ​តុលាការ​យុត្តិធម៌អន្តរជាតិ ដើម្បីទាមទារ​ទឹកដី​ដែលវៀតណាម​យក​កន្លងមក មក​ឲ្យ​ខ្មែរ​វិញ៕

.

Advertisements