បទបង្ហាញរបស់លោក ហម ប៊ុនឆាយ វិស្វករព័ត៌វិទ្យា និងជាអគ្គលេខាធិការនៃ គណៈ​កម្មាធិការ​​ព្រំដែន​កម្ពុជា ប្រទេស​បារាំង នៅ​សិក្ខាសាលា​​ស្តីពីអំពីព្រំដែន នៅជាយក្រុង​ប៉ារីស ថ្ងៃទី ០៥ មករា ឆ្នាំ២០២០ បាននិយាយ​លំអិត ផ្តោត​លើ​ប្រទេស​​វៀតណាម នៅតែមាន​បន្តការត្រួតត្រា​​ប្រទេស​កម្ពុជា តាម​របៀបថ្មី មកដល់​ពេលបច្ចុប្បន្ន។ លោក ប៊ុនឆាយ ថ្លែងថា លោក ហ៊ុន សែន មិនអាច​រលាស់ខ្លួន ចេញពី​វៀតណាម​បានទេ ពីព្រោះលោក ហ៊ុន សែន ហ្នឹងឯង បានចុះសន្ធិសញ្ញា និងកិច្ចព្រមព្រៀង​ជាច្រើន ជាមួយ​វៀតណាម តាំងពី​ទសវត្សរ៍ទី ៨០ មក។ ហើយនៅ​ពេលថ្មីៗនេះ ក៏នៅតែ​បន្ត​ចុះសន្ធិសញ្ញាបំពេញ​បន្ថែម ជាមួយ​វៀតណាម ឆ្នាំ ២០១៩ និង ផ្តល់សិទ្ធិស្របច្បាប់ ផ្តល់ដីធ្លី ដល់ជនជាតិយួនខុសច្បាប់ នៅខេត្តកំពង់ឆ្នាំង ជាដើម។

ក្នុងឯកសារបទបង្ហាញ លោក ហម ប៊ុនឆាយ ​បានធ្វើអត្ថាធិប្បាយ អំពីផែនការឈ្លាន​ពាន​របស់​​វៀតណាម តាំងពីឆ្នាំ ១៩៧៩ ដោយលោក ភ្ជាប់ជាមួយ​តួលេខជនជាតិ​វៀតណាម ចូលមក​រស់នៅ​កម្ពុជា តាមសេចក្តីសន្និដ្ឋានរបស់ អង្គការសហប្រជាជាតិ (អ.ស.ប) ឆ្នាំ​១៩៨៤ គឺមានពី ៥០ ម៉ឺននាក់ ទៅ ៦០ ម៉ឺននាក់
(អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /០៩ មករា ២០២០)

ខាងក្រោមនេះ គឺជាខ្លឹមសារនៃឯកសារទាំងស្រុង៖

អាណានិគមវៀតណាមលើកម្ពុជា
សង្គ្រាមឈ្លានពាន! សង្គ្រាមលុកលុយ! សង្គ្រាមវាតទី ដាក់អាណានិគម!
(ដោយលោក ហម ប៊ុនឆាយ /៥ មករា ២០២០)

ក/ ដោយកាន់កាប់បាន ៦ខែ យៀកណាម ចាប់បង្ខំខ្មែរ ឲ្យចុះសន្ធិសញ្ញា​ចង​ខ្មែរ​មួយចំនួន ដោយបំពានលើស្មែរតើ សន្ធិសញ្ញាទីក្រុងវីយ៉ែន ប្រទេសអូសទ្រីស (Vienne – Autriche 1956)។ តើសន្ធិសញ្ញាទាំងនេះមានន័យយ៉ាដូចម្តេចខ្លះ? ហើយមានឥទ្ធិពលអ្វីខ្លះ មកដលើមាតុភូមិខ្មែរ?

១/ សន្ធិសញ្ញា សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ រវាងកម្ពុជា–វៀកណាម ថ្ងៃ ១៨ កុម្ភៈ ១៩៧៩ ចុះហត្ថលេខា​​ដោយ លោក ហេង សំរិន និងលោក ផាម វ៉ាន់ដុង។ នេះគឺសន្ធិសញ្ញា ដែលបង្ខំឲ្យខ្មែរ ទទួលស្គាល់​ភាពចំណុះ​​របស់ខ្លួន ហើយដាក់ខ្លួន ឲ្យនៅ​ក្រោមការដឹកនាំ​របស់​ យួន។

២/ សន្ធិសញ្ញា តំបន់ទឹកប្រវត្តិសាស្ត្រ  ថ្ងៃ ០៧ ខែកក្កដា ឆ្នាំ ១៩៨២ ដែល​ចុះ​ហត្ថលេខាដោយ​ លោក ហ៊ុន សែន និងលោក ង្វៀន កូថាច់ បានធ្វើឲ្យ​វៀតណាម កាន់កាប់​ប្រជុំ កោះត្រល់ និង​កោះក្រចកសេះ ថែម​ទៅលើ​តំបន់មួយទៀត ហៅថា «តំបន់ទឹកប្រវត្តិ​សាស្ត្រ» មានទំហំ ១០០០០ (១ម៉ឺន)គីឡូម៉ែត្រក្រឡា ដែលង្កើត​ឡើង​នៅក្នុង​ផ្ទៃសមុទ្រខ្មែរ​តែម្តង ហើយទុក​តំបន់នេះ ជាសម្បត្តិរួម ខ្មែរ-យួន។ គួរកត់សំគាល់ថា ដោយសារ​មានសន្ធិសញ្ញា ឆ្នាំ​ ១៩៨២ នេះ​ហើយ ទើបសៀម (ថៃ) និង យួន គេបាន​ចុះហត្ថលេខា លើខ្នងខ្មែរមួយទៀតគឺ សន្ធិសញ្ញា ឆ្នាំ​១៩៩៧ សន្ធិសញ្ញានេះ បានរឹបអូសយកតំបន់បាតសមុទ្រខ្មែរ ទំហំ ៣០០០០ (៣ ម៉ឺន)គីឡូម៉ែត្រក្រឡាទៀត ជាសំណូក ដែលយួន ឲ្យទៅសៀម កុំឲ្យសៀម ខឹងសម្បា ចំពោះយួន កាន់កាប់ស្រុកខ្មែរ។

៣/ សន្ធិសញ្ញា {កិច្ចព្រមព្រៀង} ២០ កក្កដា ១៩៨៣ ស្តីអំពី«របៀបដោះស្រាយបញ្ហាព្រំប្រទល់ដែន និង លក្ខន្តិកៈព្រំដែនគោក» រវាងកម្ពុជា–វៀតណាម ចុះហត្ថលេខាដោយលោក ង្វៀង កូថាច់ និងលោក ហ៊ុន សែន។ សន្ធិសញ្ញានេះ មានបញ្ជាក់ពីដំណោះស្រាយមួយចំនួន ក្នុងការជួយសម្រួលដល់ការចូលមកក្នុងប្រទេសកម្ពុជា នូវជនជាតិយួន ដែលគេចចង់រស់នៅក្នុងប្រទេសនេះ។

៤/ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ​ ១៩៨៥  ធ្វើឡើងដោយលោក ហ៊ុន សែន {នាយករដ្ឋមន្រ្តី ដែល​បាន​លើក​បន្តុប​​ដោយ ​វៀតណាម} និងវៀតណាម លោក ង្វៀង កូថាច់ បញ្ជាក់​អំពីគំនូស​ព្រំដែនថ្មី សម្រាប់ខ្មែរ ដែលបង្ខំឲ្យខ្មែរ បោះ​បង់​ចោល​នូវ​ព្រំដែន ដែលបញ្ជាក់​ដោយសន្ធិសញ្ញា សន្តិភាព ក្នុងសន្និសីទទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ខែកក្កដា ឆ្នាំ ១៩៥៤ {ក្រោយពេលអាណានិគម បារាំង ប្រគល់ឯករាជ្យឲ្យកម្ពុជា}។

ជាក់ស្តែងតាំងពីពេលប្រទេសទាំង ២ បោះបង្គោលកំណត់ព្រំដែនថ្មី (២០០៦-បច្ចុប្បន្ន) មក បានធ្វើឲ្យពលរដ្ឋខ្មែរ តាមបណ្តោយព្រំដែន បាត់បង់ដីស្រែចំការរបស់ខ្លួន សូម្បីតែភូមិ​កំណើតលោក ហេង សំរិន ប្រធានរដ្ឋសភា នៃរបប ហ៊ុន សែន នៅស្រុកពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវបានដោះដូរឲ្យទៅវៀតណាម ដោយយកភូមិខ្មែរ ២ ទៀត នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទៅដោះដូរ ដែលហៅថា «យកភូមិខ្មែរ ទៅដូរយកភូមិខ្មែរ ទៅឲ្យយួន»

៥/ សារាចរណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ១៩៨៦  ចុះហត្ថលេខាដោយលោក ហ៊ុន សែន បានផ្តល់សិទ្ធិ និងជួយការពារពួកនិគម យួន នៅកម្ពុជា៖ ផ្តល់ដីធ្លី ទីជម្រក ឧបត្ថម្ភ ផ្តល់​អអ្តតសញ្ញាណប័ណ្ណ ថែរក្សា និងផ្គត់ផ្គង់។

ខ/ ការអនុវត្តជាក់ស្តែង សន្ធិសញ្ញា ខាងលើនេះ

១/ ឥទ្ធិពលនៃសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ឆ្នាំ ​១៩៧៩-១៩៨៥

សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងអស់នេះ សំដៅទៅលើ «ទំនាក់ទំនង​ពិសេស» រវាងប្រទេស​ទាំងពីរ និងយោងទៅលើ «សន្ធិសញ្ញា សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ» រវាងសាធារណរដ្ឋ​សង្គមនិយម​វៀតណាម (RSV) និង សាធារណរដ្ឋប្រជាមានិតកម្ពុជា (RPK) បាន​ចុះ​ហត្ថលេខា តាំងពីថ្ងៃ ១៨ កុម្ភៈ ១៩៧៩ ដោយលោក ផាម វ៉ាន់ដុង (នាយករដ្ឋមន្រ្តី RSV) និងលោក ហេង សំរិន (ប្រធានក្រុមប្រឹក្សាបដិវត្ត នៃសាធារណរដ្ឋ​ប្រជាមានិតកម្ពុជា) មានបំណង «ពង្រឹងឥទ្ធិពល​ឥតឈប់ឈរ»៖
– «ទំនៀមទំលាប់ នៃសាមគ្គីភាពសកម្មប្រយុទ្ធ រវាងប្រជាជនវៀតណាម និង​ប្រជាជនកម្ពុជា ទាំងពីរ»។
– «បដិវត្តកសាងបាន ក្នុងអំឡុងពេល ៣០ ឆ្នាំនៃការតស៊ូ» ដែលត្រូវនិយាយ​ចាប់​តាំង​ពីការបង្កើត គណបក្សប្រជាជនបដិវត្តកម្ពុជា (PPRK) នៅឆ្នាំ ១៩៥១ ដោយបក្សកុម្មុយនីស្ត​ឥណ្ឌូចិន (PCI)។
«កិច្ចសហប្រតិបត្តិការ មិត្តភាព លើគ្រប់វិស័យ» រួមទាំងការការពារ​រួមគ្នា ប្រឆាំងនឹង​គោល​បំណងរបស់ពួកចក្រពត្តិនិយម (ចិន) និងពួកប្រតិកិរិយាអន្តរជាតិ…។

សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ១៩៧៩-១៩៨៥ ទាំងនេះ ជាការទទួលស្គាល់​របស់​កម្ពុជា​ពិត​ប្រាកដ ចំពោះអនុត្តរភាព​របស់វៀតណាម បន្ទាប់មកបន្តិចម្តងៗ អំពីអាណាព្យាបាល ការបញ្ចូលឧបសម្ព័ន្ធ ទឹកដី និងអាណានិគម លើកម្ពុជា។ ពួកគេបញ្ចូលគំនិត-មនោគមវិជ្ជា សហព័ន្ធឥណ្ឌូចិន ដែល​ជាឈ្មោះដើមទំនើប របស់វៀតណាម។ គណបក្សប្រជាជនបដិវត្តកម្ពុជា (PPRK) ត្រូវធានាឱ្យបាន​នូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀង​ទាំងនេះ នៅកម្ពុជា លែងមានព្រំដែន នយោបាយ ប្រជាសាស្ត្រ ឬវប្បធម៌ទៀតទេ ប៉ុន្តែមានព្រំដែនរដ្ឋបាលសាមញ្ញ រវាងប្រទេសទាំងពីរ និងប្រជាជនជាបងប្អូនទាំងពីរ ។ ក្រៅពីនេះ មេដឹកនាំសំខាន់ៗនៃ PPRK គឺជាសមាជិកនៃ PCI ដែលគ្រប់គ្រង​ដោយ​បក្សកុម្មុយនីស្ត​វៀតណាម (PCV)។ 

២/ ផលវិបាកនៃការអនុវត្តជាក់ស្តែង សន្ធិសញ្ញា ពីឆ្នាំ ១៩៧៩ ដល់ ១៩៨៥

វៀតណាម មានការត្រួតត្រា​ផ្នែកយោធា ការគ្រប់គ្រងនយោបាយ និងរដ្ឋបាល មក​លើប្រទេស​កម្ពុជា​គ្រប់​វិស័យ។ មានការបណ្តុះ​បណ្តាល​មន្រ្តីកម្មាភិបាល​ស៊ីវិល មន្រ្តី​យោធាខ្មែរ ដោយ​រដ្ឋាភិបាល​ទីក្រុងហាណូយ និងការបង្រៀន​ជាភាសា​វៀតណាម គឺជា​ការតព្វកិច្ចទៅតាម​ទំនៀមទំលាប់ ទៅតាម​សាសនា ក្នុងប្រទេស​កម្ពុជា៖
– ការកាន់កាប់ និងការធ្វើអាជីវកម្ម លើដីគោក និង សមុទ្រ ជាប់ព្រំដែន​​កម្ពុជា។
ធ្វើសកម្មភាពភេរវកម្មរបស់វៀតណាម មកលើកសិករខ្មែរ នៃខេត្តជាប់​ព្រំដែន ដើម្បីជំរុញ​ឲ្យ​កសិករខ្មែរ បោះបង់បង់ចោលទឹកដីរបស់ខ្លួន ហើយអនុញ្ញាតឲ្យជនជាតិ​វៀតណាម ឈានមក​កាន់កាប់បាន​យ៉ាងងាយស្រួល។
ផ្លាស់ប្តូរទីតាំងបង្គោលព្រំដែន ចូលខាងក្នុង​ប្រទេសកម្ពុជា
– ការដឹកជញ្ជូនជនអន្តោប្រវេសន៍វៀតណាមជាច្រើន ជាពិសេស​ជនអន្តោប្រវេសន៍ ​និងប្រជាជន ដែលភៀសខ្លួន​​ចេញ​ពី​សង្គ្រាម​វៀតណាម ឲ្យទៅរស់នៅ​តំបន់សេដ្ឋកិច្ច​ពិសេស ដ៏សំបូរបែប នៃប្រទេសកម្ពុជា ចាប់ពីខេត្តកណ្តាល ដល់ខែត្តពោធិសាត់ តាមដងទន្លេមេគង្ក និង ជុំវិញបឹងទន្លេសាប។ តាមការសន្និដ្ឋានរបស់ អង្គការសហប្រជាជាតិ (អ.ស.ប) នៅឆ្នាំ ១៩៨៤ មានជនជាតិវៀតណាម មកតាំងលំនៅ ក្នុងប្រទេសកម្ពុជា ពី ៥00.000 ទៅ ៦០០.០០០នាក់ (៥០ ម៉ឺនទៅ ៦០ ម៉ឺននាក់ «…»។

៣/ ការបង្កើតឡើង របបសាធារណរដ្ឋប្រជាមានិតកម្ពុជា លើគំនរបាក់​បែក​នៃ របបកម្ពុជា​ប្រជាធិបតេយ្យ {របបខ្មែរក្រហម} និងរចនាសម្ព័ន្ធ​នយោបាយ រដ្ឋបាល ដើម្បីធានា​ការកាន់កាប់​របស់វៀតណាម នៅកម្ពុជា

ចាប់ពីប៉ុន្មានម៉ោងដំបូង បន្ទាប់ពីបានកាន់កាប់កម្ពុជា ពួកវៀតណាម បានកំណត់ធ្វើការ ដោយគ្មានការពន្យារពេល ក្រោមការគ្រប់គ្រងរបស់លោក ឡេ ដុកថូ (Le Duc Tho) ពីទីក្រុងហាណូយ ដើម្បីរៀបចំរចនាសម្ព័ន្ធរដ្ឋជាថ្មី ជំនួសរដ្ឋ «កម្ពុជាប្រជាធិបតេយ្យ»។ ជាអាទិភាព ត្រូវបានផ្តល់ ដល់អតីតខ្មែរវៀតមិញ ដែលនៅរស់រានមានជើវិត រួមមាន លោក ប៉ែន សុវណ្ណ លោក ចាន់ ស៊ី លោក ប៊ូ ថង ជាដើម ជាផ្នែកមួយនៃរដ្ឋាភិបាលថ្មី ដែលវៀតណាម បានប្រមូលផ្តុំពួកខ្មែរក្រហម និងជនភៀសខ្លួន ដែលវិលត្រឡប់មកប្រទេសវិញ ក្នុងរទេះតង់វៀតណាមចុងក្រោយ ក្នុងពេលដំណាលគ្នា នឹងការវិលត្រឡប់របស់ជនជាតិវៀតណាមជាច្រើន ដែលត្រូវបានបណ្តេញចេញរបប លន់ នល់ និងរបប ប៉ុល ពត នោះ។

រដ្ឋថ្មី {រដ្ឋាភិបាលថ្មី} ដែលទើបបង្កើត ទទួលឈ្មោះថា «សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា» ហើយ​បក្សកុម្មុយនីស្តថ្មី បានបន្តប្រើ​ឈ្មោះ​របស់ខ្លួន ពីឆ្នាំ ១៩៥១ គឺ «គណបក្ស​ប្រជាជនបដិវត្ត​កម្ពុជា (PPRC)»។ យោងតាមលោក ណាយ៉ាន ចាន់ដា (Nayan Chanda) យកពាក្យរបស់ លោក រ៉ូឡិន ម៉ាឆេន (Roland Marchand) ជាអ្នកស្រាវជ្រាវនៅ CNRS បានឲ្យដឹងថា មហាសន្និបាត PPRC ឆ្នាំ ១៩៧៩ បានប្រមូលផ្តុំមនុស្ស្សតែ ២០០ នាក់ប៉ុណ្ណោះ ហើយអត្ថិភាព​នៃ​គណបក្សនេះ មិនត្រូវបាន​បង្ហាញ​ជាសាធារណៈទេ រហូតដល់មហា​សន្និបាត​លើកទី៤ របស់ខ្លួន ក្នុងឆ្នាំ​១៩៨១។ ប៉ុន្តែចំនួនសមាជិក បានកើនឡើងពីមួយឆ្នាំ​ទៅមួយឆ្នាំ គឺពី ៨០០ នាក់ នៅឆ្នាំ ១៩៨០ រហូតដល់ ៧០០០ នាក់ ក្នុងឆ្នាំ ១៩៨៥ និងប្រហែល ៣០.០០០ នាក់ នៅឆ្នាំ ១៩៩១។ គួរកត់សំគាល់ថា មហាសន្និបាត ឆ្នាំ១៩៨៥ រចនាសម្ព័ន្ធពូកខ្មែរក្រហម មានឥទ្ធិពលលើសលប់ ក្នុងគណៈកម្មាធិការកណ្តាល របស់គណបក្ស។ ហើយវាជាឆ្នាំតែមួយ ដែលលោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្រ្តី បន្ទាប់ពីការចាប់ខ្លួន លោក ប៉ែន សវណ្ណ {នាយករដ្ឋមន្រ្តី ពីឆ្នាំ១៩៧៩ ដល់ខែ ធ្នូ ១៩៨១} ទៅដាក់គុក នៅទីក្រុងហាណូយ និង ការស្លាប់ភ្លាមៗ​របស់ លោក ចាន់ ស៊ី ក្រោយបានឡើង​កាន់អំណាច {ជានាយករដ្ឋមន្រ្តី ពីឆ្នាំ១៩៨២ ដល់ ១៩៨៥}។

លោក ហ៊ុន សែន គឺជាអ្នកចុះហត្ថលេខាផ្លូវការលើ សារចរណែនាំ ឆ្នាំ១៩៨៦ ដែលអនុញ្ញាត​ឱ្យ​ជនអន្តោប្រវេសន៍ យួន (ជនជាតិវៀតណាម) ហូរចូលមកកម្ពុជា យ៉ាងច្រើនបន្ថែមទៀត ជាអ្នកមក​រកតាំងទីលំនៅថ្មី នេះបើតាម​ការអះអាង​របស់ «របាយោរណ៍ឥណ្ឌូចិន» ដែល Esmeralda Luciolli រាយការនៅ​ក្នុងសៀវភៅ «ជញ្ជាំងប្ញស្សី» លោក ឡេ ដុកថូ (Le Duc Tho) បានប្រកាសក្នុងឆ្នាំ ១៩៨០ នៅទីក្រុងហាណូយថា «ប្រទេស​កម្ពុជា ត្រូវតែមាន​ជនជាតិវៀតណាម ១ នាក់ ក្នុងចំណោម​ជនជាតិខ្មែរ ៥ នាក់ នៅតាមជនបទ ហើយនៅ​តាមទីក្រុង ត្រូវមានជនជាតិវៀតណាម ១ នាក់ ក្នុងចំណោម​ជនជាតិខ្មែរ ១ នាក់»

ចាប់ពីឆ្នាំ ១៩៧៩ ក្នុងគោលបំណងជាផ្លូវការ «សម្របសម្រួល ជំនួយ និង​ពាណិជ្ជកម្ម ​ទៅ​វិញ​ទៅ​មក» រវាងប្រទេស​ទាំងពីរ គឺជា​ឧបាយកល ដើម្បីកេងប្រវញ្ច​ទ្រព្យសម្បត្តិ ពីប្រទេសខ្មែរ ជាផលប្រយោជន៍​ចំណេញដល់​វៀតណាម និងអ្នកកាន់អំណាចវៀតណាម បានសម្រេចចិត្ត​បង្កើតឱ្យមាន «ការផ្គូរផ្គង» ឬ «ធ្វើការជាកូនភ្លោះ (jumelage)» រវាងខេត្តខ្មែរ និងខេត្ត យួន ទាំងអស់។

ឧទហរណ៍ ខេត្តបាត់ដំបង ត្រូវបានគេចាត់ទុកថា ជាជង្រុកស្រូវ របស់កម្ពុជា គឺ​ត្រូវ​បានដាក់​ជាគូគ្នា ជាមួយខេត្ត​ក្វាងណាង (Quang Nang) របស់វៀតណាម ដែលជា​ខេត្តមានប្រជាជន​ច្រើន​ជាងគេ និងក្រីក្របំផុត ដែលត្រូវបាន​ទទួល​ការឧបត្ថម្ភស្រូវ ពីខេត្តបាត់ដំបង​ របស់ខ្មែរ ជាថ្នូរនឹងស៊ីម៉ងត៍ និងកង់ ដែលមានគុណភាព​ទាប​បំផុតតែប៉ុណ្ណោះ។ ខេត្តសៀមរាប ដែលត្រូវផ្តល់ជំនួយ​ស្បៀង​អាហារ​សំខាន់ៗ ដល់ខេត្ត​ភ្លោះវៀតណាម ប៊ិនធីធៀន (Bin Thi Thien) ដែល​ផ្តល់ជូន​ជាថ្នូរ នឹងពលលករ​វៀតណាម ដែលមានចំនួនច្រើនេពេក។ ពួកគេទទួលបាន​អត្ថប្រយោជន៍ ពីស្ថានភាព​រស់នៅប្រសើរ​ជាងមុន ពីព្រោះ​កម្រិតជីវភាព​រស់នៅក្នុង​ប្រទេសកម្ពុជា ខ្ពស់ជាងប្រទេស​វៀតណាម។ រាល់ធនធានធម្មជាតិ និងផលិតផល​កសិកម្ម ដែលមាន​នៅប្រទេស​កម្ពុជា (ត្រី កៅស៊ូ ឈើ) ត្រូវបាន​វប្រមូល និងដឹកជញ្ជូនទៅប្រទេស​​វៀតណាម រួចនាំចេញ​ទៅប្រទេស​ផ្សេងទៀត ដែល​ជាប្រាក់​បរទេស ខណៈផលិតផលទាំងនេះ ត្រូវបានបង់ទៅឲ្យកសិករ​ខ្មែរ ជាលុយដុង របស់វៀតណាម ដែលអត្រាប្តូរប្រាក់រៀលថ្មីៗ មានលក្ខណៈ​អំណោយ​ផលសម្រាប់ពួកគេ។ ខ្មែរយើង ស្ថិតនៅក្នុងលក្ខណៈ «សេដ្ឋកិច្ចបែប​អាណានិគម»។ 

៤/ កំណែទម្រង់ វប្បធម៌ និងសាសនា
«អ្នកជំនាញវៀតណាម» ដឹកនំាសកម្មភាព​អាជ្ញាធរថ្មី​របស់ខ្មែរ នៅគ្រប់តំបន់ និង​គ្រប់លំដាប់ថ្នាក់ ដើម្បីបំពេញ​បំណងប្រជាជន និងបំពេញ​តាមការរំពឹង​របស់បច្ចឹម​ប្រទេស។ ព្រះពុទ្ធសាសនា​ថេរវាទ ត្រូវបានគេ​កែសម្រួល​ជាថ្មីទៀត ប៉ុន្តែត្រូវតែ «បម្រើគោលបំណងនៃបដិវត្ត(ថ្មី)» ហើយដាក់ឲ្យស្ថិតក្រោម​ការគ្រប់គ្រង​របស់បក្ស យ៉ាងតឹងរឹង។

រដ្ឋាភិបាលវៀតណាម នៅថ្ងៃទី ១៩ កញ្ញា ១៩៧៩ បានបញ្ជូនព្រះសង្ឃចំនួន ៩ អង្គ ដើម្បីបំបួសអតីត​ព្រះសង្ឃខ្មែរ ចំនួន ៧ នាក់ ដែលក្រោយមក ត្រូវធ្វើជាអធិបតី ក្នុងពិធីតែងតាំង និងពិធីផ្សេងៗទៀត តាមច្បាប់ព្រះពុទ្ធសាសនា​របស់​វៀតណាម​ថ្មី។ ដូច្នេះ វត្តអារាមមួ​ចំនួន ត្រូវបានដាក់ឲ្យ​ដំណើរការជាថ្មី សម្រាប់បណ្តុំ​ព្រះសង្ឃខ្មែរ​ចាស់​មួយចំនួន រស់នៅ។ ពេលខ្លះ មានព្រះសង្ឃ ១ អង្គតែប៉ុណ្ណោះ សម្រាប់វត្តមួយ។ ពិធីសាសនា​មួយចំនួន (រួមទាំងពិធី​បុណ្យភ្ជុំបិណ្ឌ សម្រាប់​ការចងចាំ​អំពីមរណភាព និងបុព្វបុរស) ត្រូវបានអនុញ្ញាត។ សកម្មភាព និងចលនាចល័ត ឬផ្លាស់ប្តូរព្រះសង្ឃ ក៏ដូចជាសកម្មភាព​របស់ប្រជាជន ត្រូវបានឃ្លាំមើល​យ៉ាងយកចិត្តទុកដាក់។ ព្រះសង្ឃ ត្រូវបានហាមឃាត់ មិនឲ្យនិមន្តបិណ្ឌបាត្រ ជារៀងរាល់ថ្ងៃទេ។ នៅតាមវត្តអារាម រូបចម្លាក់របស់លោក កាល់ ម៉ាក្ស និង ហូ ជីមិញ ត្រូវបានតម្កល់ នៅជិតរូបសំណាក់ព្រះពុទ្ធ និងនៅក្នុងបន្ទប់ប្រជុំសាធារណៈ។ ព្រះសង្ឃដែលផ្សាយ​ធម្មទេសនា ត្រូវភ្ជាប់ជាមួយ​ការអំពាវនាវឲ្យ «ប្រតិបត្តិសាសនា ស្របតាមបដិវត្ត» ដើម្បីប្រយុទ្ធប្រឆាំង​នឹងពួកចក្រពត្តិនិយម វាទីនិយម កម្លាំង​សក្តិភូមិ និងពួកប្រតិកិរិយា ហើយ​ពង្រឹង «ចំណង​មិត្តភាព ជាប្រពៃណីរបស់កម្ពុជា និងវៀតណាម»។ លើសពីនេះ ប្រាក់ចំណូល​របស់ព្រះសង្ឃ និងវត្តអារាម គឺត្រូវបង់ពន្ធប្រចាំខែ ដែលកំណត់​ដោយមន្រ្តី​គណបក្សមូលដ្ឋាន ត្រូវបង់ជា​សាច់ប្រាក់ ឬជារបស់ (en espèces ou en nature)។

គ/ សេចក្តីសន្និដ្ឋាន

សន្ធិសញ្ញាអាណាព្យាបាល​របស់វៀតណាម ត្រូវបានដាក់មក​លើប្រទេសកម្ពុជា​ភ្លាមៗ ក្រោមឈ្មោះ​ដ៏ពិរោះថា «សន្ធិសញ្ញា សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ» ចុះហត្ថលេខា​ថ្ងទី ១៨ កុម្ភៈ ១៩៧៩។ ស្ថានភាពកម្ពុជា គឺមិនអាចត្រឡប់វិញ​{មានម្ចាស់ការ}​បានឆាប់ទេ ពោលគឺស្ថិតក្រោម​ការត្រួតត្រា​ដ៏យូរកាល របស់វៀតណាម។ សន្ធិសញ្ញាទឹកដី​ទាំងនេះ ពីឆ្នាំ ១៩៧៩-១៩៨៥ គឺជានីតិវិធី​បង្ខំឲ្យខ្មែរ ទទួលស្គាល់​ភាពចំណុះ​របស់ខ្លួន ហើយដាក់ខ្លួន ឲ្យនៅក្រោម​ការដឹកនាំរបស់ យួន។

យើងសង្កេតឃើញថា រដ្ឋអំណាចខ្មែរ តាំងពីឆ្នាំ ១៩៩៣ មិនបាន​លុបចោល សន្ធិ​សញ្ញាព្រំដែន​គោក ព្រំដែនទឹក និងកិច្ចព្រមព្រៀងនានា ជាមួយវៀតណាម ដែលផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញ ១៩៩៣ និងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី​២៣ តុលា ១៩៩១។

ពេលណាខ្មែរ រកបានឯកភាពជាតិ និងមានរដ្ឋាភិបាលជាតិនិយម  កម្ពុជាត្រូវប្រកាស​លុប​ចោល សន្ធិសញ្ញានានា ១៩៧៩-១៩៨៥ ហើយត្រូវប្តឹង​សើរើទាមទារ កោះត្រល់ និងទឹកដិ​ដែលបាត់បង់​ មកជូនពលរដ្ឋខ្មែរវិញ តាមរយៈម្ចាស់​ហត្ថលេខីនៃ កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស និង តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

Bussy Saint Georges {ជាយក្រុងប៉ារីស}, ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២០

ហម ប៊ុនឆាយ
{អគ្គលេខាធិការ គណៈកម្មាធិការព្រំដែនកម្ពុជា (ប្រទេសបារាំង)}

……………………….

ឯកសារសំខាន់ៗ  / https://cwcicambodia.wordpress.com/

– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ សូមទាញយក Download)
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download 
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
– កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
– កិច្ចព្រមព្រៀង ស្តីពីលក្ខន្តិកៈព្រំដែនគោក ថ្ងៃ ២០ កក្កដា ១៩៨៣ Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (Download)
– លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
– សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូម​ទាញយក​ «ច្បាប់ដើម» Download ឬទាញ​យក​ «ចម្លង» Download)
– សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
– កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download
– ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
– ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download

.

.
.