មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បាន​ប្រើប្រាស់វេទិកា​ក្នុង​កិច្ចប្រជុំវិសាមញ្ញ នៅ​​រដ្ឋសភា ស្តីពីការរុះរើរដ្ឋមន្រ្តី ៤ រូប (អត្ថបទភ្ជាប់) នា​ថ្ងៃ​ទី ៣០ ខែមីនា ឆ្នាំ ២០២០ នេះ ព្រមាន​​ចំៗ​ទៅ​លោក អំ សំអាត មន្រ្តី​ស៊ើប​​អង្កេត​ នៃ​អង្គារ​​​សិទ្ធិមនុស្ស លីកាដូ (Licadho) ថាអាច​នាំ​ទៅ​រកការចាប់ខ្លួន បន្ទាប់​​ពីលោក អំ សំអាត ផ្តល់​​បទសម្ភាសន៍​​ជាមួយ​វិទ្យុអាស៊ីសេរី ជុំវិញ​​​ការចាប់ខ្លួន​អ្នករិះគន់​រដ្ឋាភិបាល ក្នុងរឿង​ការគ្រោងប្រកាស​ដាក់​ប្រទេស​​​ក្នុង​​ភាព​អាសន្ន ខណៈ​​មានការ​រីករាល​ដាល​ជំងឺកូរ៉ូណា នៅ​កម្ពុជា។

នៅល្ងាចថ្ងៃទី ៣០ ខែមីនា ដដែលនេះ លោក អំ សំអាត ចេញ​​វីដេអូ​ ជិត ៣ នាទី បំភ្លឺ​​តប​​ភ្លាមៗ​ទៅ​​​កាន់​​​លោក ហ៊ុន សែន វិញថា «ខ្ញុំបាន​ឮវិ​ទ្យុ​អាស៊ីសេរី ដក​ស្រង់​នូវ​ពាក្យ​សំដី​របស់​ខ្ញុំ ដោយ​​មាន​ការកាត់​យ៉ាងខ្លី ដែល​អាច​ធ្វើឲ្យ​មាន​ការភ័ន្ត​ច្រឡំ ខុស​ពីន័យ​ដើម​របស់ខ្ញុំបាទ។ ខ្ញុំបាទ ក៏ដូចជា​អង្គការ លីកាដូ សូមជម្រាប​ជូន​ថា មិនដែល​ការពារ​ទៅ​លើ​ជន​ណា ដែល​ប្រព្រឹត្តិ​ខុសច្បាប់ ឬ​ជនណា បង្ក​ឲ្យមាន​ភាព​វឹកវរ ចលាចល នៅ​ក្នុង​សង្គម​នោះទេ។ គោល​បំណងនៃ​អង្គការ លីកាដូ ក៏ដូចជា​ខ្ញុំបាទ គឺ​ធ្វើ​យ៉ាងណា ជំរុញ​ឲ្យ​មាន​អនុវត្ត​ច្បាប់ គោរព​សិទ្ធិគ្នា​ទៅវិញ​ទៅ​មក ដើម្បី​ឲ្យ​ប្រទេស​យើង រស់​នៅ​ក្នុង​សុខសន្ដិភាព រស់នៅ​ក្នុងភាព​សុខដុមរមនា»

លោក ហ៊ុន សែន បាននិយាយថា «លោក អំ សំអាត នៅ {អង្គការ} លីកាដូ! លោក ត្រូវប្រុង​ប្រយ័ត្ន​ខ្លួន នូវ​ពាក្យ​សំដី​របស់​អស់​លោក។ មិន​មែន​ជាសិទ្ធិ​បញ្ចេញមតិ​ទេ! អស់​លោក មាន​បាន​គិត​ទេ? លោក​ឯង​មាន​បាន​គិត អំពី​គ្រោះ​ថ្នាក់​សម្រាប់​ប្រជា​ពលរដ្ឋ​ទេ? លោក​ឯង ទើប​បាន​ថ្លែង​តាមរយៈ​វិទ្យុក្រៅ​ប្រទេស​មួយ នៅ​យប់​មិញនេះ។ លោក​ឯង​ត្រូវយល់! បើ​សិន​លោកឯង ធ្វើអ៊ីចឹង លោក​ឯង​ ក៏មិន​រួច​ខ្លួន​ដែរ ខ្ញុំសូម​ប្រមាន​ទុក​ជា​មុន។ អ្នកណា​ចង់​ថាអី ថាទៅ ខ្ញុំ​ព្រមាន​លោកឯង​ទុក​ជា​មុន។ ខ្ញុំ​និយាយ​ពី លោក អំ សំអាត នៃអង្គការ​លីកាដូ។ លោក​ឯង ត្រូវតែ​ប្រុងប្រយ័ត្ន​សំដី នៅ​ក្នុង​កាលៈ​ទេសៈ​នេះ បើ​ទោះបី​ជាច្បាប់​ដាក់ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន មិន​ទាន់​ចូល​ជា​ធរមាន ក៏ខ្ញុំ​អាច​ចាប់​លោក​ឯងបាន​ដែរ»

គួរ​បញ្ជាក់​ថា ប្រតិកម្មរបស់លោក ហ៊ុន សែន ​ធ្ងន់ៗ​របៀប​នេះ កើត​ឡើង​ក្រោយ​ពី លោក អំ សំអាត បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុអាស៊ី​សេរី (RFA Khmer) កាល​ពី​ថ្ងៃ​ទី ២៩ ខែមីនា ម្សិល​មិញ។ លោក អំ សំអាត ហៅថា ទង្វើ​​របស់​​អាជ្ញាធរ​កម្ពុជា ដែល​ចាប់ខ្លួន​ពលរដ្ឋ និង​គម្រាម​កំហែង ទៅ​លើ​​អ្នក​​រិះគន់ ​រឿង​​ជំងឺ​កូរ៉ូណា ឬកូវីដ-១៩ (Covid-19) តាម​បណ្ដាញ​​សង្គម​​ហ្វេសប៊ុក​នោះ «ជាការ​ធ្វើឲ្យ​ពលរដ្ឋ​ កាន់​តែ​ភ័យខ្លាច ​លែង​​ហ៊ាន​​និយាយ​ការ​ពិត ​ដើម្បី​​ចូល​រួម​​ទប់ស្កាត់​​ការ​ឆ្លង​​រាល​ដាល​​នៃ​​ជំងឺ​ កូរ៉ូណា»។ លោក បាន​ថ្លែង​ថា «នៅ​​ក្នុង​​ដំណាក់​កាល​នេះ ការ​ជ្រើស​រើស​​របស់​​អាជ្ញាធរ ​ក្នុង​​ការ​ចាប់​ខ្លួន​ នឹង​​ការ​ឃុំ​ខ្លួន​ ចំពោះ​អ្នក​ហ៊ាន​​និយាយ​​រិះគន់ ​មិនមែន​​ជា​​ការ​ល្អ​​ប្រសើរ​​នោះ​ទេ។ រដ្ឋាភិបាល ​គួរ​តែ​​ហៅ​ពួក​គាត់ ​មក​​អប់រំ ​ប្រសើរ​​ជាង​ការ​​ចាប់ខ្លួន ​ដោយ​​បង្ខំ​ ស្រប​ពេល​​ដែល​​ពិភព​លោក ​កំពុង​​ប្រយុទ្ធ​​ប្រឆាំង​​​​នឹង​​ជំងឺ ​កូវីដ-១៩»

តាំង​ពី​ដើមខែ ​មករា រហូតដល់​ចុងខែ ​មីនា ឆ្នាំ ២០២០ ​នេះ លោក អំសំអាត បាន​​ឲ្យដឹងថា មាន​​មនុស្ស​​ចំនួន ​២៤ ​នាក់​​ហើយ ​ត្រូវ​​របប​​លោក ហ៊ុន សែន ​ចាប់​ខ្លួន ​ក្រោម​​បទ​ចោទ​​ប្រកាន់​​ផ្សេងៗ​​គ្នា ពាក់​ព័ន្ធ​ទៅ​នឹង «ផ្សាយព័ត៌​មាន​មិនពិត» បើទោះ​ជា​ពលរដ្ឋ ប្រើសិទ្ធិ​មញ្ចេញ​មតិ ស្រប​តាម​រដ្ឋធម្មនុញ្ញ​ក្តី និង សម្តែង​ការព្រួយ​បារម្ភ អំពី​ផល​ប៉ះពាល់នានា ជុំវិញ​ការរីក​រាលដាល​ជំងឺ​កូរ៉ូណា​ក្តី។

កាលពីថ្ងៃទី ២៩ ខែមីនា ដដែល លោក​ អំ សំអាត បញ្ជាក់​​ថា ក្នុង​ចំណោម​​ជន​រងគ្រោះ ​ដែល​​សមត្ថកិច្ច​ ​ចាប់ខ្លួន ​មាន​​ចំនួន ១៧​ នាក់ ត្រូវ​​ចោទ​​ប្រកាន់​​ពី​បទ​​សង្ស័យ​​ថា បាន​​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​​មិន​​ពិត រឿង​​ជំងឺ​កូវីដ​​១៩ ​រួច​ហើយ​បាន​​បញ្ជូន​​ទៅ​​ដាក់​​ក្នុង​​មន្ទីរឃុំ​ឃាំង ​ដើម្បី​​រង់ចាំ​ជំនុំ​ជម្រះ​ទោស។ ចំណែក ​៧ ​នាក់​​ផ្សេង​ទៀត​ ជា​​សកម្មជន​នៃ ​គណបក្ស​ប្រឆាំង ដែល​​តុលាការ ​បាន​​ចោទ​ប្រកាន់​​ពួកគេ ​ពី​បទ​​រួមគំនិត​​ក្បត់​ ដែល​​សំណុំ​រឿង​​ខ្លះ ​បាន​​កើត​មាន​ឡើង​​តាំង​ពី​ឆ្នាំ ​២០១៨ ​មក​​​ម្ល៉េះ។

ជាមួយវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូរ៉ូណា នេះ កាលសប្តាហ៍មុន លោក ហ៊ុន សែន បាន​ថ្លែង​ថា មាត្រា​២២ (ថ្មី) នៃ​រដ្ឋធម្មនុញ្ញ​ មិន​មាន​​ចែក​លំអិត​ច្បាស់លាស់នៅ​ឡើយ។ ដើម្បី​ដាក់​ប្រទេស​ក្នុង​គ្រាមាន​អាសន្ន​បាន លោក​​ថា «យើង​ត្រូវ​ធ្វើច្បាប់​មួយដោយ​ឡែក»

រដ្ឋធម្មនុញ មាត្រា២២ (ថ្មី) ចែងថា «នៅ​ពេល​ប្រជាជាតិ ប្រឈមមុខ​នឹង​គ្រោះ​ថ្នាក់ ព្រះ​មហា​​ក្សត្រ ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ ដាក់​ប្រទេស​ជាតិ​ស្ថិតនៅ​ក្នុង​ភាពអាសន្ន ក្រោយ​ពីបាន​មតិ​ឯកភាព ពី​នាយករដ្ឋមន្ត្រី ប្រធាន​រដ្ឋសភា និង ប្រធាន​ព្រឹទ្ធ​សភា»

ទោះបីយ៉ាណា​ក៏ដោយ ក្រុម​អ្នក​ឃ្លាំមើល វាយ​តម្លៃថា ក្រោម​លេស​នៃ​​វិធានការ​ទប់​ស្កាត់​មេរោគ​កូរ៉ូណា​ដដែលនេះ លោក ហ៊ុន សែន ប្រើប្រាស់យុទ្ធសាស្ត្រ​បង្ក្រាប​ក្រុម​អ្នក​រិះគន់​បន្ថែម​ទៀត និង បង្ក្រាប​ក្រុម​មន្រ្តី​ក្នុងជួរ​បក្សកាន់​អំណាច​គ្នាឯងផងដែរ៕

អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា / ៣០ មីនា ២០២០

.

.

Advertisements