សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់​គ្រង​​ប្រទេស​ជាតិ​​ក្នុង​ភាព​​អាសន្ន ​បាន​ឆ្លង​ផុត​ពី​គណៈ​រដ្ឋ​មន្ត្រី​ហើយ ក្រោម​ការដឹកនាំ​កិច្ច​ប្រជុំ​បន្ទាន់​ ដោយ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃទី ៣១ ខែ​មីនា ឆ្នាំ ២០២០ ហើយ​​ឯកសារ​​នៃ សេចក្តី​ព្រាង​​ច្បាប់​នេះ ត្រូវ​បាន​​ផ្សព្វ​ផ្សាយ​​​លើ​​​បណ្តាញ​​​​សង្គម និង​បណ្តាញ​សារ​ព័ត៌មាន នៅ​​​ថ្ងៃ​ទី ០១ ខែ​​មេសា​។ សូម​ចុច​ត្រង់​នេះ ដើម្បី​អាន ឬ​ទាញ​យក​នូវ «សេចក្តី​ព្រាង​ច្បាប់​ទាំងស្រុង – Download»។

ពង្រាង​ច្បាប់នេះ ត្រូវ​បញ្ជូន​ទៅ​កាន់​​រដ្ឋសភាជាតិ របស់​លោក ហេង សំរិន ជា​​ការ​​ប្រញាប់ ​ដើម្បី​ពិនិត្យ ពិភាក្សា និង​អនុម័ត។ ជាទូទៅ​ រាល់ការអនុម័ត​ច្បាប់ នា​ពេល​កន្លង​ទៅ ភាគ​ច្រើន មិន​សូវ​មាន​ការជជែក​ដេញ​ដោល បន្ថែម ឬបន្ថយ​ខ្លឹមសារ ឬមួយ​ក៏​កែ​ពាក្យខុស ឬពាក្យ​ត្រូវ​អ្វី​នោះ​ទេ ពោល​គឺ​ សមាជិកសភា ត្រូវ​នាំគ្នា​លើកដៃ​ អនុម័ត​ជា​ឯកឆន្ទ​តែ​ម្តង ទៅ​លើខ្លឹម​សារ​ដើម​ទាំងស្រុង។

នៅរសៀលថ្ងៃទី ០១ ខែមេសា ដដែល​នេះ លោក ឡេង ប៉េងឡុង អ្នកនាំ​ពាក្យ​រដ្ឋ​សភា ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ពង្រាង​ច្បាប់ ស្តីពី​​ការគ្រប់គ្រង​​ប្រទេសជាតិ​​ ក្នុងភាព​​​អាសន្ន​នេះ មិនទាន់​មកដល់​ដៃ រដ្ឋសភា​ នៅ​ឡើយ​​ទេ ប៉ុន្តែ​លោក​រំពឹង​ថា សេចក្តីព្រាងនេះ នឹង​ត្រូវបញ្ជូន​មក​រដ្ឋសភា ក្នុង​ពេល​ឆាប់ៗ​​ខាងមុខ។

បទប្បញ្ញតិ្តនៃ​​សេចក្តីព្រាងច្បាប់ ស្តីពី​​ការគ្រប់គ្រង​​ប្រទេស​​ជាតិ​ក្នុង​ភាព​​អាសន្ន មាន​គោល​​​បំណង​​​កំណត់​​បែប​បទ នីតិវិធី និង លក្ខខណ្ឌ នៃ​​ការប្រកាស់​​ដាក់ និង​​ការគ្រប់​គ្រង​ប្រទេស​ជាតិ​​ក្នុង​ភាពអាសន្ន នៅ​ពេល​​ប្រជាជាតិ ប្រឈមមុខ​​នឹង​​គ្រោះ​ថ្នាក់ ដើម្បី​​ការពារ​សន្តិសុខ​ជាតិ ការពារ​សណ្តាប់​​​ធ្នាប់​​​សាធារណៈ ការពារ​​អាយុ​ជីវិត និង​​សុខភាព​​របស់​ប្រជាពលរដ្ឋ ហើយ​​និង​​ការពារ​​ទ្រព្យសម្បតិ្ត ព្រម​ទាំង​​បរិស្ថាន។

​មាត្រា ២ និងមាត្រា ៣ (កថាខណ្ឌ ១) នៃ​សេចក្តី​ព្រាង​​ច្បាប់​​នេះ​​ ចែង​​បញ្ជាក់​​ឡើង​​វិញ​ ទៅ​​លើ​​​ខ្លឹម​​សារ​​​រដ្នធម្មនុញ្ញ មាត្រា ២២ (ថ្មី) សម្រាប់​​កាលៈទេសៈ​​ប្រទេសជាតិ​​មាន​​ភាព​អាសន្ន។ មាត្រា ៣ នៃ​ច្បាប់​នេះ​ ចែងថា «នៅពេល​​ប្រជាជាតិ​​ប្រឈម​មុខ​​គ្រោះថ្នាក់ ព្រះមហាក្សត្រ ​ទ្រង់​​ប្រកាស​​ប្រទាន​​ដំណឹង​​ជាសាធារណៈ ដាក់​​ប្រទេសជាតិ​​ក្នុង​ភាព​អាសន្ន​ ក្រោយ​​ពីបាន​មតិ​ឯកភាព ពីនាយក​រដ្ឋមន្ត្រី ប្រធាន​រដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា»

គួរបញ្ជាក់ថា ច្បាប់ស្តីពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុងភាព​អាសន្ន​នេះ កើត​​ឡើង​​នៅ​​ពេល​​ដែល​កម្ពុជា មាន​​ការ​រីក​​រាល​ដាល​​មេរោគ​កូរ៉ូណា ឬកូវីដ១៩ (Covid-19) យ៉ាងគំហុក ខណៈមេរោគ​​​នេះ​ បាន​​ឆ្លង​​កើន​​ឡើង ជាង ៩១ ម៉ឺន​​នាក់ និង សម្លាប់​​មនុស្ស ជិត ៥ ម៉ឺន​​នាក់ នៅ​​ជុំ​វិញ​​ពិភពលោក មក​ទល់​ថ្ងៃទី ០១ ខែ​មេសា នេះ៕

CWCI Cambodia /អត្ថបទដោយលោក ម៉ែន ណាត / ០១ មេសា ២០២០

រូបថត ខែមករា ២០២០៖ លោក ហេង សំរិន និងលោក ហ៊ុន សែន
រូបថត ខែមករា ២០២០៖ លោក ហេង សំរិន និងលោក ហ៊ុន សែន

.