សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់​គ្រង​ប្រទេស​ក្នុង​គ្រា​អាសន្ន ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​លើ​​បណ្តាញ​​​សង្គម នៅ​ថ្ងៃ​ទី ០១ ខែ​មេសា ឆ្នាំ ២០២០។ ពង្រាង​ច្បាប់នេះ ត្រូវ​បញ្ជូន​ទៅកាន់​រដ្ឋសភាជាតិ របស់​លោក ហេង សំរិន ជា​ការ​ប្រញាប់ បន្ទាប់​ពីមេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បាន​​ដឹកនាំ​កិច្ច​ប្រជុំ​​គណៈរដ្ឋ​មន្ត្រី ពនិត្យ និង​សម្រេច នា​ថ្ងៃទី ៣១ ខែ​មីនា ម្សិល​មិញ។

សេចក្តីព្រាងច្បាប់នេះ ជា​ច្បាប់​ពិសេស ដែល​ប្រគល់​អំណាច​ទាំង​ស្រុង ទៅ​​ឲ្យ​​រដ្ឋា​ភិ​បាល ក្នុង​​ការ​​គ្រប់​​គ្រង​​ប្រទេស​​ពេល​​មាន​​ភាព​អាសន្ន។ វាជា​ប្រភេទ​ច្បាប់​អាជ្ញា​សឹក ដែល​កាត់បន្ថយ​សឹង​ទាំង​ស្រុង នូវ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។​

លោក នី សុខា មន្រ្តី​សិទ្ធិមនុស្ស​​នៃ ​សមាគម​អាដហុក (ADHOC) បាន​ប្រាប់​បណ្តាញ​​ផ្សព្វ​​ផ្សាយ​​ជា​ភាសា​ខ្មែរ យ៉ាង​ប្រយ័ត្ន​ប្រយែង​ថា លោក​មិន​​ជំទាស់​​នឹង​​ការ​បង្កើត​​ច្បាប់ ​ស្តីពី​​ការ​ដាក់​​ប្រទេស​​ក្នុង​​ភាព​​អាសន្ន​​ទេ ព្រោះ​​ប្រទេស​​ជា​ច្រើន​ ​លើ​​ពិភពលោក ​ប្រកាស​​ដាក់​​ភាព​អាសន្ន​​រួចទៅ​​ហើយ ដើម្បី​​​ឆ្លើយតប​​នឹង​​ការ​រាតត្បាត​​ជំងឺ​ កូវីដ-១៩។ លោក នី សុខា បញ្ជាក់​​ថា «សេចក្ដី​​ព្រាង​ច្បា​ប់នេះ មាន​​ចំណុច​​ខ្លះ​ ​ធ្វើ​ឱ្យ​​ប៉ះពាល់ ​ដល់​​ដំណើរការ​​លទ្ធិ​ប្រជាធិបតេយ្យ ​នៅ​​កម្ពុជា»

មន្ត្រីផ្នែក​តស៊ូ​មតិ​​នៃ ​អង្គការ​​ខុមហ្វ្រែល (COMFREL) លោក កន សាវា​ង្ស ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី ដក​ស្រង់​សំដី​​ថា «វិធានការ​​ខ្លះ ​អាច​​អនុវត្ត​​បាន ​ដើម្បី​ឆ្លើយត​ប​នឹង​​ការ​រីក​រាលដាល​​​ជំងឺ​ កូវីដ​-១៩។ ប៉ុន្តែ​វិ​ធានការ​​ខ្លះ​ទៀត មាន​​លក្ខណៈ​​រឹត​​បន្តឹង​​ខ្លាំង​​ពេក ​ចំពោះ​សិទ្ធិ​​សេរីភាព​​របស់​​ពលរដ្ឋ»

ក្រុមអ្នកឃ្លាំមើល​នយោបាយ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស បាន​​និយាយ​​ចំៗ​​ថា លោក ហ៊ុន សែន ឆ្លៀត​ឱកាស​យកលេស ប្រើប្រាស់​ស្ថានភាព​កម្ពុជា​សព្វថ្ងៃ ខណៈ​ពេល​រីករាលដាល​មេរោគ​កូរ៉ូណា ឬ​ កូវីដ១៩ នេះ ពិត​ជា​សប្បាយ​ដៃ ក្នុង​ការបង្រ្កាប​ក្រុម​អ្នកប្រឆាំង បង្រ្កាប​អ្នករិះគន់ និង បង្រ្កាប​ក្រុម​មន្រ្តី​គ្រាក់ៗ​គ្នាឯង ក្នុង​ជួរថ្នាក់ដឹកនាំ​គណបក្ស​កាន់អំណាច (អត្ថបទ​ទាក់ទង៖ អ្នកឃ្លាំមើល មើល​ឃើញថា លោក ហ៊ុន សែន ទាញ​​​​រឿង​​​​​ជំងឺ​​​កូរ៉ូណា​ ជា​​​​ល្បែង​​​នយោបាយ និង​ឲ្យ​ចិន ជួយ​​​លើក​​​ស្ទួយ ហ៊ុន ម៉ាណែត)។

អ្នកវិភាគនយោបាយ លោក គឹម សុខ បានផ្តល់​យោបល់​ថា «លោក ហ៊ុន សែន យក​គ្រោះ ធ្វើ​ជា​លាភ»។ លោក ចំអកថា «លោក ហ៊ុន សែន ឆ្លៀត​ពេល​ប្រើវិធាន​ការ​ទប់ស្កាត់​​មេ​រោគ​កូរ៉ូណា ឬ Covid-19 គឺលោក ហ៊ុន សែន កាន់តែ​បង្ក្រាប​គេឯង​ សូម្បី​មន្រ្តី​ក្នុង​បក្សកាន់​អំណាច​របស់គាត់ ក៏គាត់​ បង្ក្រាប​ដែរ។ ការបង្ក្រាបនេះ គឺមាន​បំណង​តែមួយ​គាត់ ដើម្បី​​បើក​ផ្លូវ​ឲ្យកូន​ប្រុសគាត់ គឺលោក ហ៊ុន ម៉ាណែត ធ្វើដំណើរ​ជាបណ្តើរៗ​ទៅ​រក​ការស្នង​តំណែង ពីគាត់»

ច្បាប់ស្តីពី​ការគ្រប់គ្រងប្រទេស​ក្នុងគ្រា​អាសន្ន កើត​ឡើង​នៅ​ពេល​ដែលកម្ពុជា មាន​ការ​រីក​រាល​ដាល​មេរោគ​កូរ៉ូណា ឬ កូវីដ១៩ (Covid-19) យ៉ាង​គំហុក ខណៈ​ពេល​មេរោគ​នេះ​ បាន​ឆ្លង​កើន​ឡើង ជាង ៩១ ម៉ឺន​នាក់ និង សម្លាប់​មនុស្ស ជិត ៥ ម៉ឺន​នាក់ នៅ​ជុំ​វិញ​ពិភពលោក មក​ទល់ថ្ងៃទី ០១ ខែ​មេសា នេះ។

បទប្បញ្ញតិ្តនៃ​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​គ្រា​អាសន្ននេះ មាន​គោល​​បំណង​​កំណត់​បែបបទ នីតិវិធី និង លក្ខខណ្ឌ នៃ​ការប្រកាស់​ដាក់ និង​ការគ្រប់គ្រងប្រទេស​ជាតិ​ក្នុង​ភាពអាសន្ន នៅ​ពេល​ប្រជាជាតិ ប្រឈមមុខ​នឹង​គ្រោះ​ថ្នាក់ ដើម្បី​ការពារ​សន្តិសុខ​ជាតិ ការពារ​សណ្តាប់​​ធ្នាប់​​សាធារណៈ ការពារ​អាយុជីវិត និង​សុខភាព​របស់ប្រជាពលរដ្ឋ ហើយ​និង​ការពារ​ទ្រព្យសម្បតិ្ត ព្រម​ទាំង​បរិស្ថាន។

​មាត្រា ២ និងមាត្រា ៣ (កថាខណ្ឌ ១) នៃសេចក្តី​ព្រាង​ច្បាប់​នេះ​​ ចែង​បញ្ជាក់​ឡើង​វិញ​ ទៅ​លើ​​ខ្លឹម​សារ​​រដ្នធម្មនុញ្ញ មាត្រា ២២ (ថ្មី) សម្រាប់​កាលៈទេសៈ​ប្រទេសជាតិ​មាន​ភាពអាសន្ន។ មាត្រា ៣ នៃ​ច្បាប់នេះ ចែងថា «នៅពេល​ប្រជាជាតិ​ប្រឈម​មុខ​គ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជាសាធារណៈ ដាក់​ប្រទេសជាតិ​ក្នុងភាព​អាសន្ន​ ក្រោយ​ពីបាន​មតិ​ឯកភាព ពីនាយក​រដ្ឋមន្ត្រី ប្រធាន​រដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា»

CWCI Cambodia /អត្ថបទដោយលោក ម៉ែន ណាត / ០១ មេសា ២០២០

.

Advertisements