ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូម​អរគុណយ៉ាង​ជ្រាលជ្រៅ ដល់​ប្រជាជាតិខ្មែរ​គ្រប់​ភាគី និង​​គ្រប់​​និន្នា​ការ​នយោ​បាយ​​​ទាំង​អស់ ដែល​​មាន​ស្មារតី​រួមគ្នា​ ប្រតិកម្ម​ប្រឆាំង​ជំទាស់ ចំពោះ​មហិច្ឆតា​ឈ្លានពាន​​របស់​​វៀតណាម​​ម្តង​ហើយ​​ម្តង​ទៀត មក​លើ​​ប្រទេស​​កម្ពុជា។

យើ់ង​ខ្ញុំ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន លើកករណី​ជម្លោះ​ព្រំដែន​នេះ ទៅ​កាន់​​សហប្រធាន​​នៃ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​តុលាការ​អន្តរជាតិ វាប្រសើរ​​ជា​ជាង​​ការ​ដោះស្រាយ​ដោយ​ទ្វេភាគី ដែល​ភាគី​កម្ពុជា មិន​ដែល​ទទួល​បាន​ស្មើភាព​ជាមួយ​វៀត​ណាម​​​ម្តង​ណា​ឡើយ។
(អត្ថបទ​បន្ថែម​ដោយ​លោក ម៉ែន ណាត ប្រធាន​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៃ​ប្រទេស​ន័រវេស៍)


សង្គម​ស៊ីវិល បក្ស​ប្រឆាំង និង​​ក្រុម​​យុវជន ​ជំរុញ​​ឱ្យ​​រដ្ឋាភិបាល​​​ធ្វើ​កំណត់​​ទូត​​​ទៅ​​វៀតណាម ​ឱ្យ​​រើ​​តង់ទាំង ​៩ ​ចេញ​​ពី​​ដី​​កម្ពុជា

ដោយ សុជីវី /RFA Khmer / 30-4-2020

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា គណបក្ស​ប្រឆាំង និង​ក្រុម​យុវជន​ទាមទារ​ឱ្យ​រដ្ឋាភិបាល ផ្ញើ​​កំណត់​​ទូត​​ទៅ​​ប្រទេស​​វៀតណាម ទាក់​ទិន​​ករណី រំលោភ​​អធិបតេយ្យភាព​​កម្ពុជា ជា​ថ្មី​​ទៀត។ ចំណែក​​ក្រសួង​ការបរទេស​កម្ពុជា​​ អះអាង​ថា កម្ពុជា​​ត្រៀម​ផ្ញើ​កំណត់​​ទូត​​ទៅ​ភាគី​​វៀតណាម​​ដែរ ប៉ុន្តែ​​រង់ចាំ​​របាយការណ៍​​ពិស្ដារ ពី​អាជ្ញាធរ​​ពាក់ព័ន្ធ​​សិន។

ការ​បោះ​តង់​ចំនួន ៩ {កន្លែង} ចូល​ដី​ខ្មែរ ក្នុង​​ស្រុក​​កោះធំ ខេត្ត​​កណ្តាល ពី​សំណាក់​​ភាគី​​វៀតណាម គឺ​ជា​​ប្រធាន​បទ​​ក្ដៅ ដែល​​ក្រុម​យុវជន ពលរដ្ឋ គណបក្ស​​ប្រឆាំង និង​​អង្គការ​​សង្គម​ស៊ីវិល ទាមទារ​​ឱ្យ​​រដ្ឋាភិបាល មាន​​ជំហរ​​មុតមាំ ជំរុញ​​ឱ្យ​វៀតណាម​​រុះរើ​តង់​ចំនួន ៩ និង​​ត្រូវ​​ដក​​កង​កម្លាំង​យោធា​​ប្រដាប់​អាវុធ ចេញពី​​តំបន់​​នោះ ជា​បន្ទាន់។

សមាជិក​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ចាត់​​ទុក​​ទង្វើ​​របស់​វៀតណាម ជា​​មហិច្ឆតា​​ឈ្លាន​ពាន​​ទឹកដី​​ខ្មែរ​​បន្ត​​ទៀត ហើយ​​លោក​​ចង់​​ឃើញ​​រដ្ឋាភិបាល​ ​ដោះស្រាយ​​បញ្ហា​​នេះ ផ្អែក​​តាម​​ច្បាប់​​អន្តរជាតិ និង​កិច្ច​ព្រមព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស​ ឆ្នាំ ១៩៩១ ជា​​មូលដ្ឋាន​។ តែ​យ៉ាងណា លោក​ កោត​សរសើរ​​អាជ្ញាធរ​ខេត្ត​​កណ្ដាល ដែល​​បាន​​បញ្ជូន​​សមត្ថកិច្ច​​ចម្រុះ​​ ចុះ​អន្តរាគមន៍ ទាហាន​​វៀតណាម ឆ្លង​​ចូល​​ដី​ខ្មែរ និង​បាន​​ផ្តល់​ដំណឹង​​បញ្ហា​​នេះ​​ទាន់​​ពេល​វេលា​។ លោក ​ស្នើ​ឱ្យ​រដ្ឋាភិបាល ត្រូវ​ពង្រឹង​​កងកម្លាំង​ប្រដាប់​អាវុធ​ ​ចុះ​ល្បាត ការពារ​​ព្រំដែន​​តំបន់​នោះ និង​​ត្រូវ​​បន្ថែម​​ល្បឿន​​អភិវឌ្ឍន៍ ហេដ្ឋារចនា​សម្ព័ន្ធ តាម​​បណ្ដោយ​​ព្រំដែន៖ «រដ្ឋាភិបាល​​ត្រូវ​តែ​​ធ្វើ​លិខិត​​មួយ សុំ​អន្តរាគមន៍ ឬ​យើង​​ប្តឹង​ទៅ ប្រទេស​ម្ចាស់​​ហត្ថលេខី នៃ​​កិច្ចព្រមព្រៀង​​ក្រុង​ប៉ារីស ស្ដីពី​​បញ្ហា​​កម្ពុជា ឱ្យ​ជួយ​​ធ្វើ​អន្តរាគមន៍​​ ទាក់ទង​ទៅ​​នឹង​​បញ្ហា​​ យួន ឈ្លាន​ពាន អធិប​តេយ្យ​​នៃ​​កម្ពុជា​​យើង​។ អា​ហ្នឹង ​យើង​​អាច​រក​​ដំណោះស្រាយ ការពារ​​អធិបតេយ្យ​​ដែនដី របស់​កម្ពុជា​​យើង​បាន»។

អាស៊ីសេរី​ បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​​ការបរទេស លោក កុយ គួង ដើម្បី​​សុំ​ការ​​បំភ្លឺ​​រឿង​នេះ តែ​​ទូរស័ព្ទ​ហៅ​​ចូល​​ច្រើន​​ដង គ្មាន​​អ្នក​ទទួល នៅ​ថ្ងៃ​ទី ៣០ មេសា។

តែ​យ៉ាងណា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ធ្លាប់​​អាស៊ីសេរី​ កាល​ពី​ថ្ងៃទី​ ២៩ មេសា​​ថា ​ក្រសួង​​នៅ​រង់ចាំ​របាយការណ៍​​ផ្លូវការ​​ពី​ក្រសួង និង​​ស្ថាប័ន​​ពាក់ព័ន្ធ​​ ដើម្បី​​ចាត់​វិធានការ​​ឆ្លើយ​តប​​តាម​​ការទូត។

កាលពី​ឆ្នាំ ២០១៥ ក្រសួង​ការបរទេស​កម្ពុជា បាន​​ចេញ​កំណត់​ទូត​​ ស្នើ​​ទៅ​ប្រទេស​​វៀតណាម ឲ្យ​​បញ្ឈប់​​ជា​បន្ទាន់​​ នូវ​​ការ​ជីក​ដី​​ធ្វើ​គ្រឹះ​សង់​​ប៉ុស្តិ៍​យោធា នៅ​​តំបន់​​នោះ បន្ទាប់​​ពីមាន​​តំណាងរាស្ត្រ​​បក្ស​​ប្រឆាំង ពលរដ្ឋ និង​​យុវជន​​អះអាង​​ថា ជា​​ការ​ឈ្លានពាន​​បូរណភាព​​ទឹកដី​​ខ្មែរ ពី​​សំណាក់​​ភាគី​​វៀតណាម​។ ប៉ុន្តែ​​រហូត​មក​ទល់​​ពេល​នេះ អាស៊ីសេរី​ នៅ​​មិន​ទាន់​​ទទួល​ព័ត៌មាន​​ថា តើ​​វៀតណាម នឹង​​ឈប់​សាងសង់​​ប៉ុស្តិ៍​​យោធា នៅ​តំបន់​​នោះ តាម​​សំណើរបស់​​ភាគី​​កម្ពុជា​ ​ឬ​យ៉ាង​ណា​ទេ?

របាយការណ៍ ក្រុមការងារ ១០០ រាត្រី​បង្ហាញ​ថា កន្លងទៅ ពលរដ្ឋ​​រស់នៅ​​ជិត​​ព្រំដែន​​កម្ពុជា​ ​វៀតណាម រួម​មាន ខេត្ត​​ស្វាយរៀង ខេត្ត​កំពត ខេត្ត​កណ្ដាល និង​ខេត្ត​​ត្បូងឃ្មុំ ជាដើម ត្រូវ​​បាន​​យោធា​​វៀតណាម ធ្វើ​ទុក្ខ​បុក​ម្នេញ មិន​​ឱ្យ​​ធ្វើស្រែ​​លើ​ដី​​របស់​ខ្លួន ដែនល​កាន់​កាប់​​តាំង​ពី​ដូនតា និង​​មិន​​ឱ្យ​​សង់​​លំនៅ​ឋាន​​ជាដើម។

ក្រុម​ពលរដ្ឋ​មួយចំនួន រស់នៅ​​ជិត​ព្រំដែន​​កម្ពុជា​ ​វៀតណាម នា​​ខេត្ត​​ត្បូងឃ្មុំ បាន​​ត្អូញត្អែរ ចំពោះ​​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ ពី​សំណាក់​​អាជ្ញាធរ​​វៀតណាម​។ ពលរដ្ឋ​រស់​នៅ​ស្រុក​​ពញាក្រែក និង​​ស្រុក​​មេមត់ ចោទ​អាជ្ញាធរ​​វៀតណាម​ ​ថា​បាន​​គំរាម​កំហែង​​មិន​ឱ្យ​​អ្នកភូមិ​​ ធ្វើ​ស្រែ​​លើ​ដី​​របស់​​ខ្លួន ដែល​​ពួកគេ​​ធ្លាប់​​បាន​​បង្កបង្កើន​ផល​​តាំង​ពី​បុរាណ​មក​។ ក្រុម​ពលរដ្ឋ​មួយ​ចំនួន បាន​​ស្រែកយំ បង្ហាញ​​ពី​ទុក្ខ​កង្វល់​​ទាំងនេះ នៅ​​ចំពោះ​​មុខ​​ក្រុម​​យុវជន​ ​ដែល​​ចុះ​​ទៅ​​ពិនិត្យ​​បង្គោល​​ព្រំដែន នៅ​​តំបន់​​នោះ កាល​​ពី​​ពេល​​កន្លង​ទៅ៖ «ខ្ញុំ​ធ្វើ​ដី​នេះ​តាំងពី​អាយុ​ខ្ញុំ ១២​ឆ្នាំ តា​ខ្ញុំ និង​យាយ​ខ្ញុំ​រស់នៅ ឥឡូវនេះ​គេ (​វៀតណាម​) យក​ហើយ​នេះ​។ ពលរដ្ឋ​ម្នាក់ទៀត ម៉ែ និង​ឪ​ខ្ញុំ​អត់​មាន​ប្រកាស​ថា កូន​អើយ​ទឹកដី​ខ្ញុំ​ត្រឹមនេះ ឬ​ត្រឹមនោះ គឺ​អត់​មានតែ​ល្បាក់​ទី​មួយ គឺ​វា​យក​មួយ​ល្បាក់​ហើយ គឺ​វា​យក​មក​ដល់​ជាំ​ប្រាំ​ល្វែង​នេះ វា​យក​មក​ត្រឹម​បុស្ស»

ប្រធាន​ក្រុមការងារ ១០០​រាត្រី និង​​ជា​ប្រធាន​​សមាគម​​សម្ព័ន្ធ​​និស្សិត​​បញ្ញវន្ត​ខ្មែរ លោក មួង សូ​នី សង្កេត​​ឃើញ​​ថា ប្រព័ន្ធ​​ការពារ​​ព្រំដែន របស់​​រដ្ឋាភិបាល​​ទន់​ខ្សោយ​​ខ្លាំង ជាពិសេស អាជ្ញាធរ​ខ្មែរ បណ្ដែត​បណ្ដោយ​​ឱ្យ​​ប្រជាជន​​វៀតណាម មក​​សង់​​លំនៅឋាន លើ​ទឹកដី​ខ្មែរ ក្បែរ​​ព្រំដែន​​ខុសច្បាប់៖ «ការដែល​​យើង អត់​​មាន​ភាព​ច្បាស់​​លាស់ ក្នុង​ការ​ការពារ​​ព្រំដែន​ហ្នឹង​ហើយ​ ដែល​​ធ្វើ​ឱ្យ​​វៀតណាម​ ​ឆ្លៀតឱកាស​ទន្ទ្រាន​​មក​​មុខ ទៅ​តាម​​អ្វី​ដែល​​គេ​​អាច​​ធ្វើ​ទៅ​​បាន​។ រដ្ឋាភិបាល​យើង ក្នុង​​ការពារ​ព្រំដែន នៅ​​មាន​កម្រិត​​ទាប​​ណាស់ បើ​យើង​​ប្រៀបធៀប​​ជាមួយ​​វៀតណាម​។ វៀតណាម​​ មាន​ភាព​ច្បាស់​លាស់ ក្នុងការ ការពារ​ព្រំដែន ទាំង​ផ្លូវច្បាប់ វិស្សកម្ម និង​ផ្លូវ​នយោបាយ​។ យើង​ឃើញ តំបន់​មិនទាន់​​ឯកភាព​គ្នា វៀតណាម​​ធ្វើការ​​គ្រប់គ្រង​​ដោយ​មានប្រៀប​​ មក​​លើ​កម្ពុជា​​ ដូចជាតំបន់​ដាក់​ដាំ ដាក់​ហ៊ួដ​​ ជាដើម»។

កាល​​ពី​ថ្ងៃ​ទី ១៧ មករា ឆ្នាំ​១៩៩៥ ភាគី​កម្ពុជា និង​​វៀតណាម បាន​ឯកភាព​គ្នា ចុះហត្ថលេខា​​លើ​​សេចក្តី​ប្រកាស​​ព័ត៌មាន​​រួម​​មួយ ស្ដីពី​រក្សា​​តំបន់​​មិន​ទាន់​​ឯកភាព​គ្នា បោះ​​បង្គោល​​ព្រំដែន ឱ្យ​​នៅ​​ស្ថានភាព​​ដដែល ពោល​គឺ គ្មាន​​ការ​អភិវឌ្ឍ​​អ្វី​ទាំង​អស់​។ ក៏ប៉ុន្តែ​កាលពី​ឆ្នាំ ២០១៥ វៀតណាម​ បាន​​សង់​ប៉ុស្តិ៍​​យោធា​មួយ នៅ​​តំបន់​​នោះ រំលោភ​​កិច្ចព្រមព្រៀង​​នេះ ហើយ​​កាលពី​ថ្មីៗ​​នេះ ភាគី​វៀតណាម បាន​​បោះ​តង់​​ចំនួន ៩ និង​​បញ្ជូន​​កម្លាំង​យោធា​​ប្រដាប់​អាវុធ ឆ្លង​ចូល​​ដី​ខ្មែរ ឋិត​​នៅ​ភូមិ​​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​​កោះធំ ខេត្ត​កណ្តាល ជាប់​ខេត្ត​អានយ៉ាង (An Giang ) ប្រទេស​​វៀតណាម៕

.