ក្រសួងបរិស្ថានកម្ពុជា កាល​​ពីថ្ងៃទី ២៤ មសា ២០២០ បាន​​បញ្ជាក់​​ក្នុង​​សេចក្តីថ្លែង​ការណ៍​​មួយ​ថា «បច្ចុប្បន្ន​​នេះ មានតំបន់​ការពារ​ធម្មជាតិ និង​​​របៀង​អភិរក្ស​ជីវៈ​ចម្រុះ ​សរុប​​​​​ចំនួន ៦០ កន្លែង ដែល​​គ្របដណ្តប់​​លើ​ផ្ទៃដី ប្រមាណ​ជាង ៧,២ លាន​​​ហិកាតា ស្មើប្រមាណ ៤១% នៃផ្ទៃដី​​សរុប​​របស់​កម្ពុជា»។ ចំណែក​របាយការណ៍​​អភិវឌ្ឍ​​របស់​អង្គការ UNDP ស្តីពីគម្របព្រៃឈើ ថាគម្របព្រៃឈើ នៅកម្ពុជា បានថយចុះពី ៧៣% នៅឆ្នាំ ១៩៧៥ ធ្លាក់​មក​ត្រឹម​ប្រមាណ ​៤៧% នៅ​​ឆ្នាំ​២០១៨ ក្នុង​អំឡុង​ពេល​ជាង ៤០ ឆ្នាំមកនេះ
(ដោយ CWCI Cambodia /02nd-5-2020)


ស្លាកស្នាមថ្មី និងរូបភាពផ្កាយ​រណប​ បង្ហាញ​ពី​ការកាប់​បំផ្លាញ​ព្រៃឈើ​ច្រើន​ទៀត​ នៅ​ព្រៃឡង់

(VOD News /ដោយ )

នៅ​ថ្ងៃ​ដែល​សន្តិសុខ​ក្រុមហ៊ុន​ ឃាត់ខ្លួន​​កាលពី​ខែមីនា លោក អ៊ូច ឡេង បាន​​ដើរ​​វង្វេង​ផ្លូវ​​ចាស់ ដែល​​លោក​​តែង​តែ​​ធ្វើដំណើរ​ ទៅ​កាន់​​ដែន​ជម្រក​សត្វព្រៃ​​ នៅ​​តំបន់​​ព្រៃ​ឡង់។

សកម្មជន​​ការពារ​ព្រៃ​ឈើ​រូប​នេះ​ ​បាន​​និយាយ​ថា ជាទូទៅ​​ លោក​​ដឹង​ពី​របៀប​​ធ្វើដំណើរ​​តាម​ផ្លូវ​​លំ​ ដែល​គេ​ត្រាយ ដើម្បី​​ធ្វើដំណើរ​​ទៅ​កាន់​ព្រំប្រទល់​​តំបន់​​ការពារ​​ព្រៃ​ឡង់ ប៉ុន្តែ​លោក​​ មាន​ការ​ភាន់​ច្រឡំ​ ដោយសារ​តែ​​ផ្លូវ​ថ្មី​ ដែល​​ត្រួសត្រាយ​​ចូល​​ជ្រៅ​​បន្ថែម​​ទៀត​ ​ទៅ​ក្នុង​​តំបន់​​ព្រៃ​ក្រាស់។ នេះ​ហើយ​​គឺ​មូលហេតុ​​ដែល​នាំ​​ឱ្យ​​លោក ​និង​​សកម្មជន​ ៣ ​រូប​​ផ្សេងទៀត​ បាន​​ជួប​ជាមួយ​​សន្តិសុខ​​ក្រុមហ៊ុន​​កាប់​ឈើ​​ ដោយ​ចៃដន្យ​ ដែល​លោក​​និយាយ​​ថា ពួក​​គេ​កំពុង​​ធ្វើ​ផ្លូវ។ សកម្មជន​​ព្រៃឈើ​​ទាំង​ ៤ ​រូប​ ត្រូវ​​បាន​​ឃាត់ខ្លួន​​​ជាង​ ១ ​សប្តាហ៍។

លោក អ៊ូច ឡេង បាន​​និយាយ​ថា ស្លាកស្នាម​​ព្រៃ​ឈើ​​ថ្មី​ៗ​ បញ្ជាក់​​ថា មាន​សកម្ម​ភាព​​កាប់​ឈើ​ថ្មី​ នៅ​​តំបន់​នេះ។

ស្រប​ពេល​​ជាមួយគ្នា​​នោះ​​ដែរ នៅ​​ចម្ងាយ​​រាប់​រយ​​គីឡូម៉ែត្រ​​​ពីលើ​​ក្បាល​​របស់​​លោក ផ្កាយរណប​ ​បាន​​ផ្តិត​​យក​​រូបភាព​ ​ដែល​​បង្ហាញ​​ស្លាកស្នាម​​កាប់​ឈើ​​យ៉ាង​​ជ្រៅ​​ ក្នុង​​ដែន​ជម្រក​សត្វព្រៃ ​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​ខែ​​ចុង​ក្រោយ​​នេះ ជា​អ្វី​ដែល​​អ្នក​ស្រាវ​ជ្រាវ​សង្ស័យ​ថា ជា​ច្រក​​សម្រាប់​​ក្រុមហ៊ុន Think Botech ងាយ​ស្រួល​ចូល​​ទៅ​ដល់​​តំបន់​​សម្បូរ​​ដោយ​​ឈើ​កម្រ​ និង​​មានតម្លៃ។

អង្គការ​ឃ្លាំមើល​ព្រៃឈើ​ អះអាង​ថា ពួក​គេ​រក​ឃើញ​​សកម្មភាព​​កាប់​ឈើ​​ កើន​ឡើង​​នៅ​​ដែន​ជម្រក​​ព្រៃ​ឡង់ ជាពិសេស​បន្ទាប់​ពី​ក្រុម​ល្បាត​ព្រៃឈើ​​ឯករាជ្យ​នេះ ត្រូវ​បាន​​អាជ្ញាធរ​ហាមឃាត់​​ មិន​​ឱ្យ​​ចូល​ល្បាត​​ព្រៃ​កាល​ពី​​ខែ កុម្ភៈ ប៉ុន្តែ​ក្រុម​មន្ត្រី​ បានការ​ពារ​​ការ​ហាមឃាត់​​របស់​ខ្លួន​​ លើស​កម្ម​ភាព​​ល្បាត​ព្រៃ​​ដែល​​គ្មាន​ការ​ចុះ​បញ្ជី​នេះ។

លោក អ៊ូច ឡេង ជាស​មា​ជិ​កបណ្តាញ​​សហគមន៍​ព្រៃ​ឡង់ (PLCN​) បាន​​ប្រាប់ VOD ថា៖ «យើង​​កំពុង​​ល្បាត​​រកមើល​​ការ​កាប់​ឈើ​​ទ្រង់ទ្រាយ​ធំ ដែល​​ខុសពី​​ការល្បាត​​របស់​​អង្គការ​ផ្សេងទៀត ដែល​​គ្រាន់​តែ​​ដើរចូល​​ក្នុង​ព្រៃ និង​មិន​​ល្បាត​រកមើល​​ក្រុមហ៊ុន​​កាប់​ឈើ​នោះ​ទេ»។

មន្ត្រី​កម្ពុជា​មួយ​រូប​ និង​ជា​ប្រធាន​នៃ​កម្មវិធី​អភិរក្ស​ព្រៃ​ឡង់​ដែល​ឧបត្ថម្ភ​​មូល​និធិ​ដោយ​​រដ្ឋាភិបាល​អាមេរិក​ ក៏​បាន​​ទទួលស្គាល់​​ផង​​ដែរ​ថា បានដឹង​​ពី​ការ​កាប់​ឈើ​​ ដែល​កំពុង​​កើតមាន​​នៅ​​ដែន​ជម្រក​សត្វព្រៃ​​ក្នុង​តំបន់​​នេះ។

របាយការណ៍​កាលពី​ថ្ងៃទី ២១ ខែមេសា របស់​សកម្មជន​​ដែល​​ចុះ​ធ្វើ​ការងារ​ផ្ទាល់​ ត្រូវ​​បាន​​ភ្ជាប់​នឹង​​ភស្តុតាង​​នៃ​​ការ​កាប់​​បំផ្លាញ​​ឈើ​ថ្មី​ ដែល​​រក​ឃើញ​​ដោយ​​ផ្កាយរណប​ និង​​ត្រូវ​​បាន​ចុះផ្សាយ​​នៅ​ក្នុង​​លិខិត​បើកចំហ​​មួយ​ ​ទៅ​កាន់​ភាគី​​ពាក់ព័ន្ធ​​ ដែល​​ធ្វើការងារ​​ការពារ​​ព្រៃ​ឡង់ ​ពី​លោកស្រី អ៊ី​ដា ថេ​ឡាដ (Ida Theilade​) ជា​អ្នក​​វិទ្យាសាស្ត្រ​​ផ្នែក​ការ​ងារ​អភិរក្ស​ និង​​ជា​សាស្ត្រា​ចារ្យ​​នៅ​សាកល​​វិទ្យាល័យ Copenhagen ដែល​​បាន​​សិក្សា​ពី​តំបន់​​ព្រៃ​ឡង់​​ អស់​រយៈ​ពេល​​ជាង​​មួយ​​ទសវត្សរ៍។

លិខិត​របស់​លោកស្រី ថេ​ឡាដ បាន​ធ្វើការ​ប្រៀបធៀប​​របាយការណ៍​​ ស្តី​ពី​សកម្មភាព​​​កាប់​ឈើ​​ខុស​ច្បាប់​ ពី​ក្រុម​ល្បាត​​របស់​​បណ្តាញ​​សហគមន៍​​ព្រៃ​ឡង់ (PLCN​) ដែល​​បង្ហាញ​​ពី​គល់ឈើ ឈើហុប​​កាប់​​រួចហើយ រថយន្ត​​ដឹកឈើ ​និង​​តំបន់​ដែល​​ត្រូវ​បាន​​កាប់​រាន​ហើយ​ ទៅ​នឹង​រូបភាព​​ផ្កាយរណប​ ​ដែល​​ទទួល​​បាន​​ពី​​មជ្ឈមណ្ឌល​ស្រាវជ្រាវ​​រួម​​របស់​គណ​កម្មការ​​អឺរ៉ុប (European Commission​`s Joint Research Centre​) ។

ទិន្នន័យ ​និង​ផែនទី​បង្ហាញ​ពី​ការ​កាប់​រាន​នា​ពេល​ថ្មី​ៗនៅ​តំបន់​ភាគ​ខាងជើង ​និង​​ខាង​ត្បូង​​នៃ​​ដែន​ជម្រក​ ​ដែល​​មាន​ផ្ទៃ​ដី ៤៣០.០០០ ហិ​កតា និង​​ចំណុច​​ដៅ​​ ដែល​​បង្ហាញ​​ពី​ការ​កាប់​បំផ្លាញ​​ព្រៃឈើ អំឡុង​ពេល​​ដែល​អាជ្ញាធរ​ ​មាន​​វត្តមាន​​នៅ​តំបន់​​ព្រៃ​ការពារ និង​​ការរារាំង​មិន​ឱ្យ​​ក្រុមសកម្ម​ជន​​ព្រៃឈើ​​ ចូល​ក្នុង​​ព្រៃ។

ជាក់ស្តែង​ កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ពីរ​ថ្ងៃបន្ទាប់​ពី​ក្រុម​មន្ត្រី​ក្រសួងបរិស្ថាន ​និង​​អាជ្ញាធរ​​មូលដ្ឋាន ​បាន​​រារាំង​​សកម្មជន​​បរិស្ថាន​ និង​​ពលរដ្ឋ​រាប់​រយ​នាក់​​ផ្សេងទៀត​ មិន​​ឱ្យ​ចូល​​ទៅកាន់​តំបន់​​ការពារ​​ព្រៃ​ឡង់ ដើម្បី​​រៀបចំ​ពិធី​បំបួស​​ដើម​ឈើ​​ប្រចាំឆ្នាំ​​ របស់​​បណ្តាញ​សហគមន៍​​ព្រៃ​ឡង់​​នោះ អង្គការ​ឃ្លាំមើល​​ព្រៃឈើ​សកល (GFW​) បាន​ទទួល​​សញ្ញា​​ជូនដំណឹង​​មុន​ជិត ១២០០០ លើក ជា​ការ​កើន​ឡើង​គួរ​ឱ្យ​​កត់សម្គាល់ ​បើ​ធៀប​​នឹង​រយៈពេល​​ប៉ុន្មាន​​សប្តាហ៍​នៅ​ដើម​​ឆ្នាំនេះ។

លោកស្រី ថេ​ឡាដ បាន​និយាយ​ថា អង្គការ GFW ដែល​ប្រើប្រាស់​​ទិន្នន័យ​​ផ្កាយរណប ​ដើម្បី​​រៀបចំ​​តារាង​​ស្តី​ពី​​ការ​​កាប់​​បំផ្លាញ​​ព្រៃឈើ​​ នៅ​​ទូទាំង​​ពិភពលោក​ បាន​​រាយការណ៍​ថា ទទួល​​បាន​​សញ្ញា​​ជូនដំណឹង​​មុន​​ប្រហែល ១០០០ លើក ​ដែល​​ជា​សញ្ញា​បង្ហាញ​​ពី​ការ​កាប់​​បំផ្លាញ​​ព្រៃឈើ គិតជា​មធ្យម​​ក្នុង​មួយ​​សប្តាហ៍។ លោកស្រី ​បាន​លើកឡើង​​ក្នុង​លិខិត​​នេះ​ថា៖ «ការបាត់បង់​ព្រៃ​ឈើ​​ ក្នុង​ល្បឿន​លឿន​​ បាន​​កើតមាន​​នៅ​​តំបន់​ ​ដែល​បណ្តាញ​​សហគមន៍​ព្រៃ​ឡង់​​ គ្រោង​​ធ្វើពិធី​បំបួស​​ដើមឈើ​នេះ។ យើង​បារម្ភ​ថា កម្មវិធី​បំបួស​ដើម​ឈើ​​របស់​​បណ្តាញ​​សហគមន៍​ព្រៃ​ឡង់​ ត្រូវ​បាន​​ហាមឃាត់​​ដោយសារ​តែ​​រដ្ឋាភិបាល​ អនុញ្ញាត​​ឱ្យ​មាន​ការ​កាប់​ឈើ​ជ័រ​ទឹក​ ដែល​​ត្រូវ​បាន​ការ​ពារ​​នៅ​តំបន់​នោះ»

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ លោក នេត ភក្រ្តា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ បាន​​មាន​ប្រសាសន៍​​ថា វា​គឺជា​សិទ្ធិ​​របស់​​អ្នកស្រា​វជ្រាវ​ ​ក្នុង​​ការ​បញ្ចេញមតិ។ លោក ​បានឱ្យ​ដឹង​​តាមរយៈ​​សារ​​ជា​អក្សរ​ថា៖ «ក្រសួងបរិស្ថាន​​ធ្វើការងារ​​យ៉ាង​សកម្ម​ជាមួយនឹ​ង​ភាគី​​ពាក់ព័ន្ធ ដើម្បី​​ការពារ​​ព្រៃ​ឡង់ រួម​ទាំង​​ការល្បាត​​រួម​​ ជាមួយ​​សហគមន៍​​នៅ​តំបន់​​ព្រៃ​​ការពារ​ផង​ដែរ»

លោកស្រី ថេ​ឡាដ បាន​ប្រាប់ VOD ថា រូបភាព​ផ្កាយរណប ​បាន​ផ្តិត​យក​​រូបភាព​​តាំង​ពី​​ដំណាច់​ឆ្នាំ​​មុន​​មក​ដល់​​ខែ​នេះ បាន​​បង្ហាញ​​ទីតាំង​​កាប់​ឈើ​​ ស្ថិត​នៅ​​បន្ទាប់​​នឹង​​ផ្លូវចូល ដែល​​បង្ហាញថា មាន​ផ្លូវ​ធំ​​ទូលាយ​​ភ្ជាប់​​ពី​តំបន់​​ព្រៃ​​ការពារ​​ឆ្ពោះ​ទៅ​​ក្រុមហ៊ុន Think Biotech ដែល​​កាន់កាប់​ដី​សម្បទាន​​ទំហំ ៣៤.០០០ ហិ​កតា​ និង​​មាន​ព្រំប្រទល់​ជាប់​ដែន​ជម្រកសត្វ​ព្រៃ​ ​នៅ​ខេត្តក្រចេះ​ និង​​ស្ទឹងត្រែង។

លោក លូ ជូ ចាង (Lu Chu Chang​) ជានា​យក​ក្រុមហ៊ុន Think Biotech បាន​​បដិសេធ​​មិន​​ឆ្លើយ​នឹង​​សំណួរ​​មុន​​ពេល​​អត្ថបទ​​នេះ​​ ត្រូវ​បាន​​ចុះផ្សាយ​​កាលពី​​ថ្ងៃទី ២២ ខែមេសា ប៉ុន្តែ​លោក ​បាន​ប្រាប់ VOD នៅ​ថ្ងៃទី ២៣ ថាក្រុមហ៊ុន​​របស់​លោក​ ​មិន​​ជាប់ពាក់ព័ន្ធ​​នឹង​​ការ​កាប់​​ឈើ​​ ដែល​​ត្រូវ​បាន​​រក​ឃើញ​​នៅ​​ក្បែរ​​ដីសម្បទាន​​របស់​​ក្រុមហ៊ុន​​ក្នុង​ខេត្តក្រចេះ ​និង​ស្ទឹងត្រែង​​នោះ​ទេ។

លោក លូ ជូ ចាង បាន​បដិសេធ​ថា ក្រុមហ៊ុន​​របស់​លោក​ ​មិនបាន​​ទិញ​​ឈើ​​ ពី​តំបន់​ព្រៃ​​ការពារ ដោយ​​លោក​​​អះអាង​​ថា ក្រុមហ៊ុន​​នេះ​ ប្រើប្រាស់​​ឈើ​​ បាន​​មក​​ពី​ដីសម្បទាន​​របស់​ខ្លួន ហើយ​​លោក​ ​ចង់​ឱ្យ​​អង្គការ​ទាំងនោះ​​ ឈប់​​ស្តី​បន្ទោស​​លោក ​ចំពោះ​​ការ​កាប់​ឈើ ដោយសារ​ថា រដ្ឋាភិបាល​​គឺជា​អ្នក​ទទួល​ខុស​ត្រូវ​ ​ក្នុង​ការ​គ្រប់គ្រង់​​ការ​កាប់​​រាន​ព្រៃ។ លោក ​បាន​ប្រាប់​​អ្នកកាសែត អំឡុង​​បទ​សម្ភាស​​នៅ​​ការិយាល័យ​​របស់​លោក​ ​នៅ​​ខេត្តកណ្តាល​​ថា៖ «មន្ត្រី​បរិស្ថាន នគរបាល ​និង​​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ និង​​រដ្ឋាភិបាល ​បាន​ពិនិត្យ​​មើល​អ្វី​ៗ​គ្រប់យ៉ាង [លើ​អាជីវកម្ម​​របស់ខ្ញុំ​] ប៉ុន្តែ​ ខ្ញុំ​មិនបាន​ធ្វើ [ការ​កាប់​​ឈើ​​ខុសច្បាប់] ទេ។ ខ្ញុំ​មិន​​ធ្វើអ្វី​ខុស​ទេ»

លោកស្រី ជា សាំង​ធិ​តា ជានា​យក​ម្នាក់​ទៀត​​ នៅ​​ក្រុមហ៊ុន Think Biotech និង​​លោក ជា ពៅ សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​​ក្រុម​ប្រឹក្សា​នាយក​​នៃ ​ក្រុមហ៊ុន​មួយ​ទៀត​​ឈ្មោះ Angkor Plywood ជា​ក្រុមហ៊ុន​​ឈើហុប​ និង​ផលិត​​គ្រឿង​​សង្ហា​រឹម។

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​​អំពាវនាវ​​ឱ្យ​​មាន​ការ​ស៊ើប​អង្កេត​ ​លើ​​ក្រុមហ៊ុន​ ២ ​នេះ ជុំវិញ​​ការ​​កាប់​​ឈើ​​ខុស​ច្បាប់​​ នៅ​​តំបន់​​ព្រៃ​ឡង់​​ កាល​ពី​ខែ តុលា​ ឆ្នាំមុន នេះ​​បើ​តាម​​ការ​​ចុះផ្សាយ​​របស់​កាសែត​​ភ្នំពេញ​ប៉ុស្តិ៍ ប៉ុន្តែ​លោក ភក្ត្រា មិន​​ឆ្លើយនឹង​​សំណួរ​របស់ VOD អំពី​​ក្រុមហ៊ុន​​ទាំងនេះ​​ទេ។

លោកស្រី ថេ​ឡាដ ជា​អ្នកស្រាវជ្រាវ​ ​បាន​និយាយ​ថា៖ «វា​គឺជា​​ការ​វិវឌ្ឍ​ថ្មី ប៉ុន្តែ​ យ៉ាងណា​ក៏ដោយ ក្រុមហ៊ុន Think Biotech មានឈ្មោះ​​នៅក្នុង​​របាយការណ៍​​ជាច្រើន​​ឆ្នាំ​​មក​ហើយ​ថា បាន​​ជាប់​ពាក់ព័ន្ធ​​នឹង​​ការ​កាប់​ឈើ​​ខុស​ច្បាប់»។ លោកស្រី​ ក៏បាន​កត់សម្គាល់​ផង​​ដែរ​ថា គម្រោង​​ព្រៃ​ឡង់​​បៃតង (Greening Prey Lang) ដែល​​​មាន​​រយៈពេល ៥​ឆ្នាំ​ ជាមួយ​​ទឹក​ប្រាក់ ២១ លាន​​ដុល្លារ និង​​ឧប​ត្ថ​ម្ភ​​ដោយ​​ទីភ្នាក់ងារ​​អភិវឌ្ឍ​ន៍​សហរដ្ឋ​អាមេរិក​ ហៅ​​កាត់​ថា USAID មិនបាន​​ចេញ​​របាយ​ការ​ណ៍​ជា​សាធារណៈ ​ស្តី​ពី​​សកម្មភាព​​កាប់​ឈើ​ដែល​​កំពុង​​កើន​ឡើង​នេះ​ទេ។

លោកស្រី ថេ​ឡាដ បាន​សរសេរ​តាម​អ៊ីម៉ែល​​ ដែល​​ចែក​រំលែក​​ដល់​​បណ្តា​​អ្នកកាសែត​​ថា៖ «ក្នុង​នាម​​ជា​​អ្នក​​វិទ្យាសាស្ត្រ យើង​​បារម្ភ​ថា គម្រោង​ព្រៃ​ឡង់​បៃតង​ ដែល​មាន​​ទឹកប្រាក់​​រាប់​លាន​​ដុល្លារ​នេះ ​មិនបាន​តាម​ដាន​​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ឬក៏​ជ្រើសរើស​​មិន​ផ្តល់​​ព័ត៌មាន​នេះ​​ ដល់​សាធារណជន»

អ្នកស្រាវជ្រាវ​រូប​នេះ​បាន​និយាយ​ថា អ្នកតំណាង​​គម្រោង​ព្រៃ​ឡង់​បៃតង​ ​​បាន​​ទាក់​ទង​​ទៅ​​លោកស្រី ​និង​ស្នើ​សុំ​​ពិភាក្សា​​ អំពី​​ការ​​រក​ឃើញ​​ កាល​ពី​ចុង​​សប្តាហ៍​នេះ។

លោក ម៉ាត​ធូ អ៊ែដវើដ​សិន (Mathew Edwardsen​) ប្រធាន​​ក្រុម​មួយ​​នៃ​​គម្រោង​​ព្រៃ​ឡង់​​បៃតង បាន​ប្រាប់ VOD កាល​ពី​ថ្ងៃទី​ ២១ ខែមេសា​ ថាគម្រោង​​របស់​អង្គការ USAID បាន​​រក​ឃើញ​​ការ​កាប់​​បំផ្លាញ​​ព្រៃឈើ ជាពិសេស​​ផ្តោត​​លើដើម​ជ័រ​ទឹក​​ នៅក្នុង​ និង​​ក្បែរ​​ដែន​ជម្រក​សត្វព្រៃ។ គាត់​​ បាន​​និយាយ​ថា ក្រុម​កាន់​​គម្រោង​​បាន​​បង្ហាញ​​ការ​រក​ឃើញ​នេះ​​ទៅ​រដ្ឋាភិបាល ជំនួស​​ឱ្យ​ការ​ចេញផ្សាយ​​របាយការណ៍​​នេះ​ ជា​សាធា​រណៈ ដូច​ដែល​​ក្រុម​អ្នក​ស្រាវជ្រាវ និង​​សកម្មជន​​បាន​ធ្វើ។

លោក អ៊ែដវើដ​សិន បាន​និយាយ​ថា៖ «ខ្ញុំ​មិន​​ចង់និយាយ​ថា គម្រោង​នេះ​​ កំពុង​តែ​បង្កើត​​របាយការណ៍​​សាធារណៈ​ ​ស្តី​ពី​​ការ​​កាប់​​បំផ្លាញ​​ព្រៃឈើ ​និង​​និន្នាការ​​នៃ​​ការ​កាប់​​បំផ្លាញ​​ព្រៃ​ឈើ​​ខុស​ច្បាប់​​នោះ​ទេ។ នោះ​មិន​មែន​​ជា​នីតិវិ​ធី​​ ដែល​​យើង​​កំពុង​​អនុវត្ត​ទេ។ អ្វី​ដែល​​យើង​កំពុង​​ព្យាយាម​ធ្វើ គឺ​​ការ​កសាង​​សមត្ថភាព​​របស់​​រដ្ឋាភិបាល ​និង​​ដើម្បី​​ដោះស្រាយ​​បញ្ហា​​ទាំងអស់​​នេះ»។ លោក ​បាន​និយាយ​ថា គម្រោង​​នេះ​​បាន​​ចាប់ផ្តើម​​ពិភាក្សា​​ជាមួយ​​សមាជិក​​បណ្តាញ​​សហគមន៍​​ព្រៃ​ឡង់​ ​ជាង​​ ១ ឆ្នាំ​មក​ហើយ ដើម្បី​​សម្រួល​​ឱ្យ​មាន​ការ​ល្បាត​​រួម​ ​រវាង​​ក្រុម​​អនុរក្ស​រដ្ឋាភិបាល ជាមួយ​​សមាជិក​​របស់​បណ្តាញ​​សហ​គមន៍​​ព្រៃ​ឡង់ និង​​សហ​គម​ន៍​ផ្សេង​ៗ​ទៀត​​ នៅ​តំបន់​ព្រៃ​ឡង់ ដែល​​លោក​ ​លើក​ឡើង​ពី​​ដំណើរការ​​ដ៏​ពិបាក។

លោក​បាន​បន្ថែម​ថា៖ «ដូច្នេះ​ សំខាន់គឺ [យើង​ចង់​] បង្កើន​ចំនួន​​ដើរ​ល្បាត ​និង​​បង្កើន​​គណនេយ្យ​ភាព​​នៃ​​ការល្បាត​ ពីព្រោះ​​អ្នក​មាន​​សមាជិក​សហគមន៍ ​និង​​អនុរក្ស​​ ដែល​​ចេញ​ល្បាត​​ជាមួយគ្នា ហើយ​ថា ការ​នេះ​​ ធ្វើ​ឱ្យ​​គ្រប់​គ្នា​​ មាន​ការ​យល់ស្រប​​លើ​អ្វី​​ដែល​​ពួក​គេ​​បាន​ឃើញ​​នៅ​ក្នុង​ព្រៃ»។

លោក អៀរ សុខា ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​នៃ​ក្រសួងបរិស្ថាន​ ទទួល​ស្គាល់​ថា មាន​ការ​​កាប់​​ឈើ​​ខុស​ច្បាប់​​ទ្រង់ទ្រាយ​​តូច​ ​កំពុង​​កើត​មាន​​នៅ​តំបន់​ព្រៃ​ឡង់ ប៉ុន្តែ​ លោក ​បាន​​បដិសេធ​​មិន​​ផ្តល់​ព័ត៌មាន​​លម្អិត។ លោក សុខា បាន​និយាយ​ថា ក្រុម​អនុរក្ស​​របស់​​រដ្ឋាភិបាល​ ​បាន​​ធ្វើការងារ​​ជាមួយ​​សមាជិក​​របស់​បណ្តាញ​​សហគមន៍​​ព្រៃ​ឡង់​ ​រហូតដល់​​ខែ​ កុម្ភៈ ដោយ​ធ្វើ​ការល្បាត​​រួមគ្នា និង​​រក្សាទុក​​សៀវភៅ​កំណត់​ហេតុ​​ ដែល​​កត់​ត្រា​ពី​ករណី​កាប់​ឈើ ​និង​​បទល្មើស​ព្រៃឈើ​​ផ្សេងទៀត។ លោក ​បាន​និយាយ​ថា ប៉ុន្តែ ​ក្រសួង​​បាន​បញ្ជា​​មន្ត្រី​​បរិស្ថាន​ ​ឱ្យធ្វើ​​ការងារ​​តែ​​ជាមួយ​​សហគមន៍​ណា​ ​ដែល​​បាន​​ចុះឈ្មោះ​​ជាមួយ​ក្រសួង​មហាផ្ទៃ​​តែប៉ុណ្ណោះ ដែល​ត្រង់​​ចំណុច​នេះ បណ្តាញ​​សហគមន៍​ព្រៃ​ឡង់​​ បាន​​បដិសេធ​មិន​​ធ្វើតាម។

លោក សុខា បាន​ប្រាប់ VOD ថា៖ «យើង​ទទួលស្គាល់​អ្វី​​ដែល​​ពួក​គេ​​បាន​ធ្វើ [ដើម្បី​​ការពារ​​ព្រៃឈើ​] ប៉ុន្តែ​​ ​ក្រោយ​មក យើង​​រក​ឃើញថា អ្វី​ដែល​ពួក​គេ​​បាន​ធ្វើ​ មិនមែន​​ជា​ចេតនា​​លះបង់​​ផ្ទាល់ខ្លួន​​នោះ​ទេ»។ លោក​បាន​​និយាយ​​ថា៖ «ពួក​គេ​គឺជា​អង្គការ​នយោបាយ​ដែល​មានការ​ចាត់តាំង ហើយ​ពួក​គេ​មិន​ស្តាប់​យើង​ទេ។ យើង​ធ្វើការងារ​ជាមួយ​ពួក​គេ ហើយ [កត់សម្គាល់​ឃើញ] នៅពេល​ពួក​គេ​ល្បាត នៅពេល​ពួក​គេ​ទទួល​បាន​លុយ​ពី​អ្នក​កាប់​ឈើ​ខុសច្បាប់ ពួក​គេ​នឹង​ស្ងាត់មាត់ ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​មិន​ទទួល​បាន​លុយ​ទេ នោះ​ពួក​គេ​នឹង​សុំ​ឱ្យ​យើង​ជួយ [ចាប់] ហើយ​បន្ទាប់មក​ វាយប្រហារ​យើង​វិញ»។ លោក​បន្ថែម​ថា បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​ចោទប្រកាន់​ក្រុម​អនុរក្ស​ពី​បទ​ពុករលួយ។

លោក ឯក សុវណ្ណា ជា​អ្នកសម្របសម្រួល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ប្រចាំ​ខេត្តក្រចេះ​ បាន​បដិសេធ​ថា ការចោទប្រកាន់​របស់​មន្ត្រី​រដ្ឋាភិបាល​ហើយ​បាន​បង្វែរ​ការចោទប្រកាន់​ថា ទទួលសំណូក​នេះ​ទៅលើ​ក្រុម​អាជ្ញាធរ​វិញ។

លោក សុវណ្ណា បាន​និយាយ​ថា៖ «រាល់ពេល​ល្បាត យើង​បាន​ល្បាត​ជាមួយ​ក្រុម​អនុរក្ស ដូច្នេះ​ប្រសិនបើ​លោក [សុខា] ចោទប្រកាន់​យើង​បែបនេះ វា​ប្រៀប​ដូចជា​គាត់​ចោទប្រកាន់​មន្ត្រី​របស់​គាត់​យ៉ាង​ដូច្នេះ​ដែរ។ ខ្ញុំ​គិតថា វា​គ្រាន់តែ​ជា​លេស​ដោះសា​រស​ម្រាប់​មន្ត្រី​របស់​គាត់ ពីព្រោះ​គ្រប់គ្នា​នៅ​ទីនេះ​ដឹងពី​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ»។

លោក សុវណ្ណា បាន​និយាយ​ថា លោក​មានការ​បារម្ភ​ច្រើន​អំពី​ព្រៃឈើ​ ដោយសារតែ​ការល្បាត​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ត្រូវ​បាន​ហាមឃាត់ ដោយ​កត់សម្គាល់​ថា លោក​សង្កេតឃើញ​ត្រាក់ទ័រ​ដែលគេ​ប្រើ​ដើម្បី​ដឹកឈើ​ចេញចូល​ក្នុង​ព្រៃ​ស្ទើរ​រាល់ថ្ងៃ។

បន្ទាប់ពី​ពួក​គាត់​ត្រូវ​បាន​ឃុំខ្លួន​កាលពី​ខែមុន ខណៈ​ពេល​ល្បាត​នៅ​ព្រៃ​ឡង់ សមាជិក​ពីរ​រូប​នៃ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ លោក អ៊ូច ឡេង ដែល​ជា​ប្រធាន​អង្គការ Cambodia Human Rights Task Force និង​សកម្មជន​ទី៤ដែល​តាម​ ចោទ​ថា ត្រូវ​បាន​វាយដំ​ដោយក្រុម​សន្តិសុខ​របស់​ក្រុមហ៊ុន Think Biotech ត្រូវ​បាន​ប្រគល់​ឱ្យ​អាជ្ញាធរ​ និង​បន្ទាប់មក ​ត្រូវ​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត ប៉ុន្តែ​ ការចោទប្រកាន់​មក​លើ​ពួក​គាត់​ពី​បទ​លួចបំផ្លិច​បំផ្លាញ ​និង​ការ​ចូល​ដោយ​គ្មាន​ការអនុញ្ញាត​ ត្រូវ​បាន​ទម្លាក់​ចោល​វិញ។

លោក ភក្ត្រា ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ បាន​ប្រាប់ VOD នៅពេល​នោះ​ថា បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​រៀបចំ​កម្មវិធី​ប្រចាំឆ្នាំ​ប្រឆាំង​ការ​កាប់​ឈើ​ខុសច្បាប់ ពីព្រោះ​ពួក​គេ​ព្យាយាម​ចូល «តំបន់​ស្នូល» ក្នុង​ព្រៃ​ ទី​ដែល​មានតែ​មន្ត្រី​អភិរក្ស​ធម្មជាតិ​ ឬអ្នកស្រាវជ្រាវ​ដែល​មាន​លិខិតអនុញ្ញាត​ប៉ុណ្ណោះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល នេះ​បើ​តាមច្បាប់​ស្តី​ពី​តំបន់​ការពារ។

ទោះបី​យ៉ាងណា លោកស្រី ថេ​ឡាដ ជា​អ្នក​វិទ្យាសាស្ត្រ​ផ្នែកការ​ងារ​អភិរក្ស​ បាន​និយាយ​ថា ព្រៃ​ឡង់​មិនដែល​ត្រូវ​បាន​កំណត់​ច្បាស់លាស់ ហើយ​លោកស្រី​ធ្លាប់​ព្រមាន​អំពី​ការ​លំបាក​ក្នុង​ការកំណត់​តំបន់​ព្រៃ​នេះ។

លោកស្រី​បាន​និយាយ​ថា៖ «អ្វី​ដែល​ពិសេស​បំផុត​ចំពោះ​ព្រៃ​ឡង់ ​គឺ​យើង​មា​នប​ណ្តុំ​នៃ​ប្រភេទ​ព្រៃ​ឈើ​ខុស​ៗគ្នា​ចំនួន​ប្រាំពីរ​ប្រភេទ»។ លោកស្រី​បាន​ពណ៌នា​ថា ជា​ស្រទាប់​ព្រៃ​បៃតង​គ្រប់​រដូវ​កាល ​និង​ព្រៃ​ដែល​ជ្រុះ​ស្លឹក​នៅ​រដូវរងា ​ដែល​ក្រុម​អ្នកស្រាវជ្រាវ​បាន​កត់ត្រា​កាលពី​ឆ្នាំ២០០៧។

លោកស្រី​បាន​និយាយ​បន្ត​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​ និង​ជីវសាស្ត្រ​ បាន​ផ្តល់​ជា​មតិថា តំបន់​ដូចជា​ព្រៃ​ឡង់​គួរ​ត្រូវ​បានការ​ពារ​ជា​តំបន់​ធម្មជាតិ ដោយ​កត់សម្គាល់​ថា បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​ធ្វើការ​ល្បាត​ព្រៃ​ទូលំទូលាយ​រួចហើយ ហើយ​ថា វា​ស្រប​ទៅ​នឹង​កា​រប្រ​តិបត្តិ​ការការពារ​ព្រៃ និង​ការប្រើ​ប្រាស់​ផលិតផល​ព្រៃឈើ​ធម្មជាតិ​ និង​បែប​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​គួយ។

លោកស្រី​បាន​បន្ថែម​ថា អ្វី​ដែល​សំខាន់​បំផុត៖ «គឺ​មិន​ត្រូវ​បែងចែក​ ឬបំបែក​ព្រៃ​ឡង់​ទៅជា​តំបន់​អភិរក្ស​ជា​លក្ខណៈ​សហគមន៍​ដាច់ដោយឡែក​ និង​ជា​តំបន់​ព្រៃតូច​ផ្សេងទៀត​នោះ​ទេ»។

លោក សរ ម៉ូ​រី នាយក​កម្មវិធី​ស្រាវជ្រាវ​ និង​តស៊ូ​មតិ​នៅ​អង្គការ​បណ្តាញ​យុវជន​កម្ពុជា ​បាន​និយាយ​ថា អង្គការ​របស់​លោក​នៅតែ​គាំទ្រ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ប៉ុន្តែ​ បណ្តាញ​ទាំងពីរ​នេះ​បានសម្រេច​ចិត្ត​ឈប់​ចុះ​ល្បាត​ផ្ទាល់​ក្នុង​ព្រៃ ហើយ​ផ្ទុយទៅវិញ​ បាន​ប្តូរ​មក​ជា​ការ​ឃ្លាំមើល​ព្រៃ​តាម​រូបភាព​ផ្កាយរណប​វិញ។

លោក សរ ម៉ូ​រី បាន​ប្រាប់ VOD កាលពី​ខែមីនា​ថា ក្រសួង​បាន​ប្រាប់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ឱ្យ​ចុះបញ្ជី​ជា​តំបន់​ការពារ​ព្រៃ​បែប​សហ​គម​ន៍​តូច​ៗ (CPA​) មួយ​រយៈ​មក​ហើយ ប៉ុន្តែ​ អង្គការ​នេះ​មិន​ចង់ឱ្យ​គេ​រឹតត្បិត​មក​ល្បាត​ព្រៃ​ត្រឹម​មួយ​ផ្នែក​តូច ដូចដែល​ធ្លាប់​កើតមាន​លើ​ពលរដ្ឋ​ដែល​ជាស​មា​ជិ​ក CPA នោះ​ទេ។

លោក ម៉ូរី បាន​និយាយថា៖ «​ក្រសួង​បរិស្ថាន​ព្យាយាម​បង្កើត​យន្តការ​ជាច្រើន​។ ​ពួកគេ​ព្យាយាម​បញ្ចុះបញ្ចូល​សហគមន៍​ឱ្យ​ចុះបញ្ជី​ ប៉ុន្តែ​ ពួកគេ​មិន​បា​នគិត​ដិតដល់​អំពី​ប្រសិទ្ធភាព​នៃការ​ការពារព្រៃឈើទេ​»៕