រដ្ឋមន្រ្តីក្រសួង​ការបរ​ទេស​កម្ពុជា លោក ប្រាក់ សុខុន ឲ្យដឹង​ថា កម្ពុជា​គ្រោង​ធ្វើ​លិខិត​ការទូត តវ៉ា​ទៅ​កាន់​ប្រទេស​វៀតណាម ករណី​យោធា​វៀតណាម បាន​បោះ​តង់ និង​ចង​អង្រឹង​ចំនួន ៩ កន្លែង ចូល​មក​ក្នុង​ទឹកដី​ខ្មែរ នៅត្រង់ «តំបន់វិវាទ ឬតំបន់ស» នៅ​ចំណុច​ព្រំដែន ​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល ខណៈពេល​ដែល​ភាគី​យោធា​វៀតណាម មិន​ព្រម​រុះរើ​តង់ ចេញ​ពីទី​តាំង​ទាំង​នោះ​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​វិទ្យុ​អាស៊ីសេរី ផ្សាយ​នៅ​ល្ងាច​ថ្ងៃទី ២៩ ខែ​មេ​​សា ឆ្នាំ​២០២០។ យោធា​វៀតណាម បាន​បោះ​ទីតាំង​ទាំង​នោះ នៅថ្ងៃ​ទី​២៦ ខែ​មេសា ក្រោម​ហេតុផល​នៃ​ការទប់​ស្កាត​ជំងឺ​កូរ៉ូណា ឬកូវីដ១៩។

កាលពីថ្ងៃទី​២៦ ខែមេសា អាជ្ញាធរ​ប៉ូលីស​ខេត្តកណ្តាល ដែល​ដឹកនាំ​ដោយ លោក ឈឿន សុចិត្ត បានទាម​ទារ​​​ឲ្យ​ក្រុម​យោធា​វៀតណាម រុះ​រើ​តង់ និង​អង្រឹង ចេញ​ពីទី​តាំង​ទាំង ៩ កន្លែង​នោះ តាម​ការណែនាំ​របស់លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និង​ជាប្រធាន​គណៈ​គម្មាធិការ​ព្រំដែន​ចម្រុះ​កម្ពុជា។

ថ្លែងប្រាប់វិទ្យុ​អាស៊ីសេរី លោក មួង សូនី ប្រធានក្រុម​ការងារ ១០០​រាត្រី ដែល​បន្ត​ការងារ​ពី​បណ្ឌិត កែម ឡី បាន​បញ្ជាក់​ថា «តំបន់​ដែល​យោធា​វៀតណាម បាន​បោះតង់​ទាំង​នោះ ជា​តំបន់​វាល​ស្រែ និង​​គ្មាន​ពលរដ្ឋ​រស់​នៅ​ទេ ហើយក៏មិន​មែន​ជា​តំបន់​​ទីប្រជុំជន​ ដែល​ត្រូវ​បារម្ភ​ពីការ​ឆ្លងជំងឺ​កូវីដ១៩ ទេ»។ លោក សូនី បន្ថែម​ថា «វៀតណាម មាន​ចេតនា​ឈ្លាន​ពាន​​ទឹក​ដី​ខ្មែរ​យ៉ាង​ពិត​ប្រាកដ»

អតីតសមាជិក​សភា​​ពីគណបក្ស​ប្រឆាំង ​លោក ​អ៊ុំ សំអាន ដែល​​កំពុង​​រស់​នៅ​សហរដ្ឋ​អាមេរិក​ ត្រូវ​​បាន​​វិទ្យុ​អាស៊ីសេរី​ ដក​ស្រង់​សំដី​ថា​​ «​នៅ​តំបន់នោះ បើ​ផ្អែក​​តាម​​ច្បាប់​​អន្តរជាតិ​ និង​​យក​​មរតក​​របស់​បារាំង​ ធ្វើជា​​មូលដ្ឋាន ​ក្នុង​​ការ​បោះ​បង្គោល​​ព្រំដែន ​ត្រូវ​កំណត់​យក​ខ្សែ​បន្ទាត់​តាម​​គន្លង​​ទឹក​ជ្រៅ​ ឬ​​ពុះ​ពាក់​កណ្ដាល​​ព្រែក​​ស្បូវ ក្នុង​ស្រុក​កោះធំ»។ លោក សំអាន បញ្ចាក់ថា «ចង់​ឱ្យ​​យួន (រៀតណាម) រុះរើ​តង់​​ទៅ​​វិញ ​​ហើយ​​ក្រោយ​​មក​​ ត្រូវ​​កំណត់​​ព្រំដែន​ អ្វី​ដែល​​ជា​មរកត​​របស់​​បារាំង បាន​​កំណត់​ឱ្យ។ ​ហើយ​​ព្រំដែន ​ត្រូវ​​កំណត់​​ពាក់​​កណ្ដាល​​ព្រែក​ស្បូវ​​ហ្នឹង​តែ​ម្តង ​មិនមែន​​នៅ​ខាង​​មាត់​ព្រែក​ស្បូវ ​៣០០ ទៅ ៤០០ ​ម៉ែត្រ ​ដូច​​សព្វ​ថ្ងៃ​​ហ្នឹង​​ទេ។ អា​ហ្នឹង​ យើង​​ដោះស្រាយ​ទៅតាម​​គោលការណ៍​​ច្បាប់​​អន្តរជាតិ»

លោក វ៉ា គឹមហុង ទេស​រដ្ឋមន្ត្រី និងជា​ប្រធាន​គណៈកម្មាធិការ​​ព្រំដែន បាន​ទទួល​ស្គាល់​ថា ភាគី​វៀតណាម រំលោភ​សេចក្តីថ្លែង​ការណ៍រួម​ស្តីពី «តំបន់ស ឬតំបន់​មាន​ជម្លោះ» ដែល​ធ្វើ​ឡើង​​កាល​​ពីថ្ងៃទី ១៧ ខែ​មករា ឆ្នាំ​១៩៩៥។ ​លោក គឹមហុង ថ្លែងថា «រដ្ឋាភិបាល ​ទាមទារ​​ខ្សែ​​​បន្ទាត់​​ព្រំដែន ​ដើរ​​តាម​ព្រែក ​ឬ​ពុះ​​ចំ​កណ្ដាល​​ព្រែក​​ស្បូវ ​អនុលោម​​តាម​ច្បាប់​​អន្តរជាតិ ​និង​​សន្ធិសញ្ញា​​បំពេញ​បន្ថែម​ ឆ្នាំ​​២០០៥»។​ លោក​​បន្តថា «​ភាគី​​ប្រទេស​​ទាំង​ពី ​ឯកភាព​គ្នា​ យក​​ខ្សែ​​បន្ទាត់​​ព្រំដែន ​ដើរ​​តាម​​ផ្លូវ​​ខ្សែ​ទឹក​ មាន​​ជាង ​១៩២ ​គីឡូ​ម៉ែត្រ»។ នេះ​បើ​តាម​វិទ្យុអាស៊ីសេរី​ដដែល។​ លោក វ៉ា គឹមហុង បញ្ជាក់​ដូច្នេះ​ថា «ក្នុង​ករណី​ដែល​ខ្សែ​ព្រំដែន ​ដើរ​តាម​ផ្លូវ​ទឹក ​យើង​តែងតែ​ទាមទារ​​យក​​គោលការណ៍ ​ច្បាប់​​អន្តរជាតិ​ យក​​មក​​អនុវត្ត​ខ្សែ​ព្រំដែន​​​ធ្វើ​នាវា​ចរណ៍​បាន។ អា​ហ្នឹង​​ យើង​​យក​ខ្សែ​​ជ្រលង​ទឹក​ជ្រៅ ​តែ​ក្នុង​​ករណី​ដែល​​ធ្វើ​នាវា​ចរណ៍​មិន​​បាន​ទេ ​យើង​​ធ្វើ​ទឹក​ជា​ពីរ​ទៅ។​ កន្លែង​ណា ​ត្រឹម​កណ្ដាល​​ យើង​គូស​ខ្សែ​ជា​ពីរ​ ជា​មួយ​​ឡាវ​ ក៏​អ៊ីចឹង​ ជា​មួយ​​ថៃ ​ក៏​អ៊ីចឹង ​ជាមួយ​វៀតណាម ​យើង​បាន​ជោគជ័យ ​វៀតណាម ​នៅ​ឆ្នាំ ​២០០៥​ វៀតណាម​​គេ​ព្រម​​ទម្លាក់​មក​ទាំងអស់ ​នៅ​ពាក់​កណ្ដាល​​ព្រែក ​និង​​ពាក់​កណ្ដាល​​ផ្លូវ​ទឹក»

ចំណែក​លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មាន​មូលដ្ឋាន​នៅ​​ប្រទេស​​ន័រវេស៍ បានសាទរ​ចំពោះ​លោក វ៉ា គឹមហុង ថា «មាន​សេចក្តី​ក្លាហាន​ ហ៊ាន​លើក​ឡើង​ថា វៀតណាម រំលោភ​​សេចក្តីថ្លែង​ការណ៍​រួម​​ ស្តីពី«តំបន់ស ឬ​តំបន់​​​មាន​ជម្លោះ» ដែល​​​បាន​​ធ្វើ​រួមគ្នា​ ​កាល​​ពីថ្ងៃទី​ ១៧ ខែមករា ឆ្នាំ​១៩៩៥ នោះ»។ លោក បន្ថែម​ថា «យើង​​ខ្ញុំ​​​ក៏​សូម​​​កោត​​​សរសើរ ចំពោះ​​​ចំណាត់ការ​​​របស់​​​​អាជ្ញាធរ​​សមត្ថកិច្ច ​ខេត្ត​កណ្តាល ចុះ​រុះរើ​​ការបោះតង់​​ទាំង ៩ កន្លែង​​របស់​យោធា​​​វៀតណាម ដែល​​រំលោភ​​​ចូល​​​ក្នុង​​ទឹកដី​ខ្មែរ នៅ​​តំបន់​​ព្រំដែន ស្រុក​កោះធំ ខេត្ត​​កណ្តាល»។

នៅក្នុងសេចក្តីបញ្ជាក់​របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្ងៃទី ២៩ ខែមេសានេះ លោក ម៉ែន ណាត បានលើក​ឡើង​ពីមូល​ហេតុ​មួយ​ចំនួន ដែល​ធ្វើឲ្យ​ភាគី​វៀតណាម មិន​ញញើត​ក្នុងរំលោភ​ឈ្លាន​ពាន​កម្ពុជា យ៉ាង​ដូច្នេះ​ថា «សេចក្តីថ្លែងការណ៍រួម ឆ្នាំ​១៩៩៥ នោះ បាន​ធ្វើឡើង​ចាញ់ប្រៀប​ភាគីវៀត​ណាម​​រួច​ហើយ​ ថា​ជាការ​​​ដាក់​​​​​​​​ទឹកដី​​​​​កម្ពុជា​​​​ខ្លួន​​​ឯង ជា ​«តំបន់​ស» ដោយ​​​​ហាម​​​ប្រាម​​​​ពលរដ្ឋ​​ខ្មែរ មិន​​​ឲ្យ​​​​ចូល​​​ទៅ​​​​ធ្វើ​​ស្រែ​​​ចម្ការ​​​​​របស់​​​ខ្លួន ដោយ​​​ទុក​​​​លទ្ធភាព​​​​ឲ្យ​​​​រដ្ឋាភិបាល​​​​នៃ​​​ប្រទេស​​​ទាំង​​​ពីរ ដោះស្រាយ​​​​​បញ្ចប់​ជម្លោះ​​ជាមុន​សិន»

លោក ម៉ែន ណាត បញ្ជាក់​បន្ថែមថា «ការដោះស្រាយ​ជម្លោះ​ព្រំដែន​នេះ ធ្វើ​តាម​សន្ធិសញ្ញា​ព្រំដែន​ថ្មី ឆ្នាំ​២០០៥ បាន​​បញ្ចប់​ទៅ​ដោយ​​ការ​បោះ​បង្គោល​ព្រំដែន​ថ្មីៗ​ចំនួន​ ៣១៥ បង្គោល ឬស្មើ ៨៤% ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ បាត់បង់​ដី​ស្រែ​ចំការ​របស់​ខ្លួន ទៅខាង​វៀតណាម»។ ក្នុងសេចក្តីបញ្ជាក់ បន្តថា «ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូម​រក្សាសិទ្ធិ​ជំទាស់​ជា​ដាច់​ខាត ចំពោះ​កលើក​ឡើង​របស់​លោក វ៉ា គឹមហុង ថ្លែង​​ប្រាប់​​​វិទ្យុ​​​អាស៊ីសេរី នៅ​ថ្ងៃទី​​ ២៨ មេសា​ថា តំបន់​​នោះ យើង​​ដាក់​​ក្នុង​​តំបន់ ​ដែល​​យើង​​ស្នើ​​ឱ្យ​​ភាគី​​បារាំង ​គេ​​មក​​ជួយ​​នៅ​​ថ្ងៃ​​ក្រោយ​ ថ្ងៃ​ណា​គេ​​មក​​ជួយ​​ចម្លង​​ផែនទី​​បោន​ [Bonne] ពីខ្នាត ១/១០០ពាន់ ទៅ​ជា​ផែនទី​យូធីអឹម [UTM] ខ្នាត ១/៥០ពាន់»

លោក ម៉ែន ណាត ថ្លែងថា «ក្នុងស្ថាន​ភាព​ប្រទេស​កម្ពុជា នៅ​តែ​គ្មាន​​​​ឯកភាព​​​ជាតិ​​ដូច​សព្វថ្ងៃ​នេះ រដ្ឋាភិបាល​​កម្ពុជា មិន​ត្រូវ​ធ្វើ​ការ​បោះ​បង្គោល​ព្រំដែន និង​មិន​ត្រូវ​មានការ​ចម្លង ឬ​​បម្លែង​​ខ្នាត​ផែនទី​អ្វី​ទាំង​អស់ ដើម្បី​បំពេញ​​បំណង​តាម​ការចង់បាន​​ពី​ភាគី​វៀតណាម​​ឡើយ»

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវដល់​រដ្ឋាភិបាល​កម្ពុជាថា «ជំរុញ​​ការ​​ដាក់​​​«មោក្ខភាព» នូវ​សន្ធិ​សញ្ញា​មិន​ស្មើ​ភាព​គ្នា រវាង​កម្ពុជា និង​វៀតណាម ពោល​គឺសន្ធិ​សញ្ញា​ព្រំដែន​​បំពេញ​បន្ថែម ឆ្នាំ​២០០៥ និង​សន្ធិសញ្ញា​​ព្រំដែន​​បំពេញ​​បន្ថែម ឆ្នាំ​២០១៩ ដែល​បាន​បំពេញ​ខ្លឹមសារ​បន្ថែម ទៅ​លើ​សន្ធិសញ្ញា​​កំណត់​​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ ជា​សន្ធិ​សញ្ញា​​ខុសច្បាប់ ដែល​ផ្ទុយ​នឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​​ផ្ទុយ​​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា២ និង​មាត្រា៥៥ ព្រមទាំង​​ត្រូវ​លុបចោល នូវ​សន្ធិសញ្ញា និង​កិច្ច​ព្រមព្រៀង​​​នានា ដែល​ធ្វើ​ឡើង​នៅ​មុន​ទសវត្សរ៍​ទី​៩០»។ ក្រុមប្រឹក្សានេះ បន្តជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​លើក​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយវៀតណាម ទៅ​តាមយន្តការអន្តរជាតិ មានសហ​ប្រធាន​​កិច្ច​ព្រម​ព្រៀង​​​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​​តុលាការ​យុត្តិធម៌​​អន្តរជាតិ៕

អត្ថបទដោយ នគរ /៣០ មេសា ២០២០

អត្ថបទទាក់ទង
លោក ម៉ែន ណាត បញ្ជាក់​មូលហេតុ​​ជុំវិញ​ការ​បោះ​តង់​​នៃ​យោធា​វៀតណាម រំលោភ​ចូល​ទឹកដី​ខ្មែរ
វៀតណាម ​បោះ​តង់​​​នៅ​ស្រុក​កោះធំ ​​​ចូល​​​ទឹក​ដី​ខ្មែរ ជា​​​ការ​​​ឈ្លាន​​ពាន​​​​ទឹក​ដី​​​​ខ្មែរ
អាជ្ញាធរ​ខេត្ត​កណ្តាល ស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់ ​ចេញ​ពី​តំបន់​ស ខ្សែ​បន្ទាត់​​ព្រំដែន​កម្ពុជា

.