ខណៈពេល​ចុះពិនិត្យព្រំដែន នៅ​ចំណុច​យាធា​វៀតណាម​ បោះតង់ ៩ កន្លែង ក្នុង​តំបន់​ព្រំដែន ក្នុង​ឃុំសំពៅពួន ស្រុក​កោះធំ ខេត្ត​កណ្តាល លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ផ្តល់​យោបល់ ២ ចំណុច​ថា៖
១. អំពាវនាវឲ្យពលរដ្ឋ និងយុវជនខ្មែរ ចុះពិនិត្យ​​តំបន់​ព្រំដែន​ជាប្រចាំ និង​​ចូល​​រួម​​​សរសេរ​ញត្តិ ឬបញ្ចេញមតិ​យោបល់​អំពី​រឿង​នេះ បើ​ទោះ​ជា​សេរីភាព​បញ្ចេញ​មតិ ត្រូវ​បាន​រឹត​បន្តឹង​​ក្តី។
២. អំពាវ​នាវ​ទៅ​កាន់​រដ្ឋាភិបាល ឲ្យ​ដោះស្រាយ​បញ្ហា​ព្រំដែន តាម​ច្បាប់​អន្តរជាតិ ស្រប​តាម​​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១។
(អត្ថបទបន្ថែមដោយលោក ម៉ែន ណាត) 


ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​អំពាវនាវ​​ឱ្យ​ពលរដ្ឋ​​ចូល​រួម​​ការពារ​​រឿង​​ព្រំដែន​​កម្ពុជា និង​វៀតណាម

(ពីវិទ្យុអាស៊ីសេរី RFA /ដោយលោក ទីន ហ្សាការីយ៉ា / 03rd-5-2020)

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ អំពាវនាវ​​ឱ្យ​​ពលរដ្ឋ​ខ្មែរ​​ទាំងអស់ ចូលរួម​​ការពារ​​បូរណភាព​​ទឹក​ដី​​​កម្ពុជា ​តាម​បណ្ដោយ​​ព្រំដែន តាម​រយៈ​​សកម្មភាព​​ចុះ​​ពិនិត្យ​​ស្ថានភាព​​ព្រំដែន និង​​ការ​សរសេរ​​​ញត្តិ​​ជាដើម ដើម្បី​​ឱ្យ​​រដ្ឋាភិបាល​​ ធានា​ថា ទឹកដី​ខ្មែរ​​តាម​​បណ្ដោយ​​ព្រំដែន គ្មាន​​ការបាត់​បង់​​ទៅ​​ប្រទេស​​ជិត​ខាង។ ចំណែក​​អ្នក​នាំពាក្យ​​រដ្ឋាភិបាល ស្នើ​ឱ្យ​​ពលរដ្ឋ​​រក្សា​ភាព​ស្ងៀមស្ងាត់ ព្រោះ​​រដ្ឋាភិបាល​ កំពុង​ដោះស្រាយ​​រឿង​នេះ តាម​គោលការណ៍​​ច្បាប់ និង​​កិច្ច​សហប្រតិបត្តិការ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ លើក​ឡើង​ថា ពលរដ្ឋ និង​ក្រុម​យុវជន មាន​​តួនាទី​​សំខាន់ ចូលរួម​​ការពារ​​បូរណភាព​​ទឹកដី​​ខ្មែរ​ ​តាម​​បណ្ដោយ​​ព្រំដែន​គ្រប់​​តំបន់​​ទាំងអស់ និង​​ត្រូវ​​តាមដាន​ ​ពី​ប្រសិទ្ធភាព​​កិច្ចការពារ​របស់​​រដ្ឋាភិបាល ក្នុង​​ការ​កំណត់​​ខណ្ឌសីមា​​ព្រំដែន ជាមួយ​​ប្រទេស​វៀតណាម។

សមាជិក​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ឱ្យ​ដឹង​​នៅ​ថ្ងៃ​ទី ៣ មេសា ថា ពលរដ្ឋ​​មាន​​កាតព្វកិច្ច​​ចំបាច់​​ការពារ​​ព្រំដែន ដែល​ធានា​​ដោយ​​រដ្ឋធម្មនុញ្ញ​ ​ដើម្បី​​ទាមទារ ឱ្យ​រដ្ឋាភិបាល មាន​​ជំហរ​​ច្បាស់លាស់ ​ដោះស្រាយ​​បញ្ហា​​ព្រំដែន ជាមួយ​​ប្រទេសជិត​ខាង​ ​ឱ្យ​បាន​​ត្រឹម​ត្រូវ​​ តាម​ច្បាប់​ជាតិ និង​អន្តរជាតិ ជាពិសេស​​ស្របតាម​ ​កិច្ចព្រម​ព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស ​ឆ្នាំ​ ១៩៩១។ លោក ​បារម្ភ​ថា បើ​​ពលរដ្ឋ​​នៅ​តែ​ខ្លាច មិន​ហ៊ាន​​ចូលរួម​​ការពារ​​ព្រំដែន​​ទេ កម្ពុជា​​នឹង​ប្រឈម​​ហានិភ័យ​ខ្ពស់ របូត​​ទឹកដី​​ខ្មែរ​ ​តាម​​បណ្ដោយ​ព្រំដែន​​ជា​បន្ត​​ទៀត​៖ «រឿង​បញ្ហា​សិទ្ធិ​ បើសិន​ជា​​យើង មិន​​មាត់ គេ​មិន​ដែល​​ដាក់​​ជើងពាន​​សិទ្ធិ​​ ឱ្យ​​យើង​នោះ​​ទេ​។ យើង​​ឃើញ​ពលរដ្ឋ មាន​​ការ​ចូលរួម​​កម្រិត​​ទាប​​នៅ​​ឡើយ។ យើង​​ចង់​​ឃើញ​​យុវជន និង​បញ្ញវន្ត​ចូល​រួម​ឈឺឆ្អាល​​រឿង​​សង្គម​ហ្នឹង ឱ្យ​​បាន​​ច្រើន ជំរុញ​ឱ្យ​​រ​ដ្ឋាភិបាល អនុវត្ត​​បាន​ហើយ​។ យើង​ដឹង​ថា ថ្នាក់ដឹកនាំ​រដ្ឋ គឺជា​អ្នកបម្រើ​ពលរដ្ឋ»

ទោះ​យ៉ាង​ណា ក្រុម​យុវជន និង​ពលរដ្ឋ សង្កេត​​ឃើញ​ថា ការ​ចូល​រួម​​ឃ្លាំមើល និង​​ការ​ការពារ​​ព្រំដែន គឺ​ជា​​ចំណុច​​រសើប​​មួយ បង្ក​ឱ្យ​​ពួកគេ​​ជួប​​ការ​លំបាក​​ខ្លាំង ដោយសារ​​រដ្ឋាភិបាល រឹតត្បិត​​សិទ្ធិ​​សេរីភាព និង​គំរាម​កំហែង​​ពលរដ្ឋ ជាពិសេស​​សិទ្ធិ​បញ្ចេញ​មតិ​​ រឿង​​ព្រំដែន​​តែម្ដង។

យុវជន​ម្នាក់​​រស់នៅ​​រាជធានី​ភ្នំពេញ ធ្លាប់​​ចុះ​ពិនិត្យ​​ស្ថានភាព​​ព្រំដែន លោក ម៉ា ចិត្រា យល់​​ថា បើ​​ទោះ​ជា​រដ្ឋធម្មនុញ្ញ បាន​​ធានា​សិទ្ធិ​​សេរីភាព ពលរដ្ឋ និង​​ក្រុម​យុវជន ឱ្យ​ចូល​រួម​ការ​ពារ​​ព្រំដែន​ក្តី ក៏ប៉ុន្តែ​​ជាក់ស្ដែង ពួក​គេ​​នៅតែ​​ប្រឈម ការ​លំបាក​​ក្នុង​ការ​តាម​ដាន​​រឿង​នេះ ព្រោះ​កន្លង​ទៅ​ពួក​គេ​ ធ្លាប់​ត្រូវ​​បាន​អាជ្ញាធរ​​ខ្មែរ​ ​ហាមឃាត់ ពេល​​ចុះ​ទៅ​​ពិនិត្យ​​ព្រំដែន នៅ​​ខេត្ត​​ស្វាយរៀង​៖ «សម្ដែង​មតិ ឬ​ប្រើប្រាស់​​សិទ្ធិ​​របស់​​យើង​​ហ្នឹង ដែល​​មាន​​ចែង​​ក្នុង​​រដ្ឋធម្មនុញ្ញ គាត់​ថា​​យើង​​ខុសច្បាប់​​ទៅ​វិញ មែនទែន​ទៅ ស្រេច​​តែ​គាត់​​បកស្រាយ យើង​​ក្នុង​នាម​​ជា​ពលរដ្ឋ យើង​​ចាំតែ​​ទទួល​កំហុស​។ កិច្ចការពារ និង​ឃ្លាំមើល​​បញ្ហា​​ព្រំដែន យើង​ពិបាក​​ចូលរួម​ណាស់ ព្រោះ​សិទ្ធិ​​សេរីភាព​​​យើង​ឥឡូវ ត្រូវ​បាន​​រឹតត្បិត​​ខ្លាំង​​ជាង​មុន»

ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ស្នើ​សូម​​ឱ្យ​ពលរដ្ឋ ត្រូវ​​រក្សា​​ភាព​​ស្ងប់​ស្ងៀម​​ចំពោះ​​បញ្ហា​​នេះ ព្រោះ​​រដ្ឋាភិបាល​​ កំពុង​​ដោះស្រាយ​​តាម​​គោលការណ៍ ដែល​​ភាគី​ប្រទេស​ទាំង​ពីរ បាន​​ចុះ​ហត្ថលេខា​​រួច ក្នុង​​ការ​អនុវត្តខ្សែ​​ព្រំដែន​​សន្តិភាព សហប្រតិបត្តិការ និង​​ការ​អភិវឌ្ឍ។ លោក ​បញ្ជាក់​​ថា ភាគី​ប្រទេស​​ទាំងពីរ កំពុង​​ដោះស្រាយ​​បញ្ហា​ព្រំដែន​​ប្រយ័ត្ន​​ប្រយែង យ៉ាង​​ប្រយ័ត្នប្រយែង ចៀស​វាង​​បង្កើត​​បាន​​ជា​អំពើ​​ហិង្សា៖ «ការងារ​ហ្នឹង មិនមែន​​ជា​ការងារ​​របស់ ប្រជាពលរដ្ឋ និង​​យុវជន​ទេ ជា​ការងា​​រ​របស់​គណៈកម្មការ ព្រោះ​យើង​​រឿង​ហ្នឹង យើង​​ដោះស្រាយ​​តាម​គោលការណ៍ ដែល​​យើង​​បាន​​ចុះហត្ថលេខា​​ រវាង​កម្ពុជា និង​​វៀតណាម តាមរយៈ​គណៈកម្មការ​​ចម្រុះ​​ព្រំដែន​។ យើង​​អត់​មាន​​ដោះស្រាយ តាម​​អារម្មណ៍ ឬ​ដោះស្រាយ​​តាម​​នយោបាយ​ណា​មួយ​ទេ គឺជា​បច្ចេកទេស​​សុទ្ធសាធ។ អង្វរ​ពលរដ្ឋ​ ​សូម​​រក្សា​ភាព​​ស្ងប់ស្ងៀម»

ប្រជា​ពលរដ្ឋ​ពិនិត្យ​​ឃើញ​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​​វៀតណាម​​នេះ រដ្ឋាភិបាល​​កម្ពុជា ​ហាក់​​ដូចជា​មាន​​ជំហរ​​ដោះស្រាយ​​ទន់ខ្សោយ ខុស​​ពី​​ជម្លោះ​ព្រំដែន​​ ជាមួយ​​ប្រទេស​ ​ឡាវ និង ​ប្រទេស​ថៃ​កន្លងមក ដែល​​រដ្ឋាភិបាល​​កម្ពុជា ធ្លាប់​​ប្រកាស​​តវ៉ា​ខ្លាំង​ៗ និង​​រហូត​បញ្ជូន​​កង​ទ័ព ទៅ​​ការពារ​​តំបន់​ជម្លោះ​​ទាំងនោះ​​ទៀត​​ផង។ ជាក់ស្ដែង​ ករណី​​ទាហាន​​វៀតណាម ចូល​មក​បោះតង់ ចំនួន ​៩ ​កន្លែង ក្នុង​ទឹកដី​​កម្ពុជា នៅ​​តាម​​បណ្ដោយ​​ព្រំដែន​ ​ស្ថិត​ក្នុង​​ស្រុក​​កោះធំ ខេត្ត​កណ្ដាល គឺ​កងទ័ព​​វៀតណាម មិនទាន់​រើ​ចេញ​​ទៅវិញ​​នៅឡើយ​​ទេ រហូត​មកដល់​​ពេលនេះ ហើយ​​កម្ពុជា ក៏​មិនទាន់​បង្ហាញ​​ជំហរ​​ច្បាស់លាស់​​បែប​ណា​​នៅឡើយ​ដែរ។

របាយការណ៍​​របស់​ក្រុម​ការងារ ១០០​រាត្រី ខេត្ត​​មួយ​​ចំនួន​​នៅ​​ជាប់​ព្រំដែន​​ជាមួយ​​ប្រទេស​​វៀតណាម ដូចជា ​ខេត្ត​​កំពត ស្វាយរៀង ព្រៃវែង តាកែវ ត្បូងឃ្មុំ និង​​ខេត្ត​មណ្ឌលគិរី ជាដើម នៅ​​មាន​បញ្ហា​​ប្រឈម​​ជាច្រើន​រួមមាន បោះ​បង្គោល​​ព្រំដែន​​គ្មាន​​តម្លាភាព គ្មាន​​យន្តការ​​ការពារ​​ព្រំដែន​​ឱ្យ​​ច្បាស់លាស់ និង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន មិនសូវ​​ខ្វល់ខ្វាយ​​រឿង​​បូរណភាព​​ទឹកដី​​របស់​ខ្លួន

លើស​ពី​នេះ ពលរដ្ឋ​រស់នៅ​​តាម​​បណ្ដោយ​ព្រំដែន ត្អូញត្អែរ​​ពី​ការបាត់បង់​​ទឹកដី​​ស្រែ​​ចម្ការ​​​របស់​​ពួក​គេ​ ទៅ​​វៀតណាម​ ​គ្រប់គ្រង​​ជាច្រើន​​ហិកតារ ហើយ​​ដី​ខ្មែរ​ ​ដែល​​វៀតណាម បាន​​បំពាន​​យក​​នៅ​​រយៈពេល​​ប៉ុន្មាន​​ឆ្នាំ​ចុង​​ក្រោយ​នេះ អាជ្ញាធរ​​វៀតណាម ​បាន​​ក្ដាប់​​យ៉ាង​​ណែន និង​​បញ្ជូន​​ពលរដ្ឋ​​គេ​​ ឱ្យ​រស់នៅ​ ថែម​ទាំង​​ស្ថាបនា​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​យ៉ាង​​ច្រើន​​ស្អេក​ស្កះ​​ទៀត​ផង៕

អត្ថបទទាក់ទង
លោក ម៉ែន ណាត៖ កម្ពុជា​នឹង​រួញ​ទឹកដី​​តូច​​ថែម​​​ទៀត​ បើ​រដ្ឋាភិបាល​​លោក ហ៊ុន សែន មិន​​ហ៊ាន​​ប្តឹង​​វៀតណាម
ប្រតិកម្ម​ចម្រុះ​ចំពោះ​យោធា​វៀតណាម បោះ​តង់ចូល​ទឹកដី​ខ្មែរ ស្រុក​កោះធំ ជា​ការ​ឈ្លាន​ពាន​ថ្មី​ទៀត​ ខណៈ​ក្រសួង​ការបរទេស​ខ្មែរ គ្រោង​តវ៉ា​ការទូត
– ឯកសារ៖ ក្រុមប្រឹក្សា​ឃ្លាំ​មើល​​កម្ពុជា បង្ហាញ​​​ការ​​​ដោះ​​ស្រាយ​​​​បញ្ហា​​​​បូរណ​ភាព​​​​ទឹក​ដី តាម​​​យន្តការ​​​​​អន្តរជាតិ
– ក្រសួងការបរទេសខ្មែរ គ្រោង​ធ្វើ​លិខិត​តវ៉ា​ទៅ​​​​​វៀត​​ណាម ករណី​​បោះ​តង់ រំលោភ​ចូល​​ទឹក​​ដី​​ខ្មែរ ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំមើល ជម្រុញ​ឲ្យ​ដោះ​ស្រាយតាម​យន្តការ​អន្តរជាតិ
– លោក ម៉ែន ណាត បញ្ជាក់​មូលហេតុ​​ជុំវិញ​ការ​បោះ​តង់​​នៃ​យោធា​វៀតណាម រំលោភ​ចូល​ទឹកដី​ខ្មែរ
– វៀតណាម ​បោះ​តង់​​​នៅ​ស្រុក​កោះធំ ​​​ចូល​​​ទឹក​ដី​ខ្មែរ ជា​​​ការ​​​ឈ្លាន​​ពាន​​​​ទឹក​ដី​​​​ខ្មែរ
– អាជ្ញាធរ​ខេត្ត​កណ្តាល ស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់ ​ចេញ​ពី​តំបន់​ស ខ្សែ​បន្ទាត់​​ព្រំដែន​កម្ពុជា

hun-sen-vietnam-pm

.

Advertisements