លោក សុវណ្ណ រិទ្ធី ចាងហ្វាង​ផ្សាយ​​បណ្តាញ​ព័ត៌មាន TVFB ក្នុង​ចំណោម​អ្នកសារព័ត៌មាន ១៧ នាក់ មក​ពី ១៤ ប្រទេស ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់ «ពានរង្វាន់​សេរីភាព​បញ្ចេញ​មតិ (The Freedom of Speech Award 2020)» ក្នុង​ឆ្នាំ​២០២០ នេះ។ នេះបើ​តាម​គេហទំព័រ Deutsche Welle (DW) ជា​ស្ថាប័ន​លើក​ស្ទួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាល្លឺម៉ង់ បាន​ចេញ​​ផ្សាយ​កាល​ពីថ្ងៃទី ០៣ ឧសភា ឆ្នាំ២០២០។

លោក សុវណ្ណ រិទ្ធី ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា ចាប់ឃុំខ្លួន​តាំង​ពីថ្ងៃទី ០៧ ខែមេសា​ កន្លង​ទៅ បន្ទាប់​ពី​លោក បាន​​ដក​​ស្រង់​​​សំដី​​​លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល ដែល​​បាន​​និយាយ​ថា «បើ​​អ្នក​​រត់​ម៉ូតូ​ឌុប​​ក្ស័យ​​ធន​ ​លក់​​ម៉ូតូ​​ចាយ​​សិន​​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះ​ទេ» ទៅ​ចុះផ្សាយ​នៅ​លើបណ្តាញ​ហ្វេសប៊ុក។ ក្នុងពេលជាមួយ​គ្នា​នោះ ក្រសួង​​ព័ត៌មាន លោក ខៀវ កាញ៉ារិទ្ធ ក៏​បាន​សម្រេច​​ដក​​ហូត​​អាជ្ញា​ប័ណ្ណ TVFB របស់​លោក សុវណ្ណ រិទ្ធី ​ភ្លាមៗ ក្រោយ​​ពី​លោក​​​ត្រូវ​បាន​ចាប់​ខ្លួន។

គេហទំព័រ Deutsche Welle (DW) បាន​ដក់​ស្រង់​សំដី​អគ្គ​នាយក​​របស់​ខ្លួន លោក Peter Limbourg ចុះ​​ផ្សាយ​​ថា ពានរង្វាន់​​​សេរីភាព​​បញ្ចេញ​មតិ​នេះ ត្រូវ​​បាន​​ផ្ដល់​ជូន​​ទៅ​ដល់​​អ្នកសារព័ត៌មាន​​​ប្រកប​​ដោយ​សេចក្ដី​ក្លាហាន​​ទាំង​អស់​ នៅ​​ទូទាំង​​ពិភព​លោក ដែល​​ពួកគេ​​​រង​គ្រោះ​ដោយសារការ​បង្ក្រាប​ នៅ​ពេលពួកគេ​​​ធ្វើ​សេចក្ដី​រាយការណ៍​ អំពី​​ជំងឺ​​រាត​ត្បាត {កូវីដ១៩}

ក្នុងគេហទំព័រដដែលនេះ បាន​បញ្ជាក់​ទៀត​ថា អ្នកសារព័ត៌មាន​ ១៦ ​នាក់​​ទៀត​ ​ត្រូវ​​បាន​​ផ្ដល់​​​ពាន​រង្វាន់​​នេះ ដូច​​គ្នា​​នឹង​​លោក សុវណ្ណ រិទ្ធី ដែរ ក្នុង​​នោះ​​​មាន​​​ ១ រូបមកពី​ប្រទេស​ស៊ែប៊ី, ១ រូបមកពី ស្លូវ៉ានី, ១ រូប​មក​ពី​ បេឡារុស, ១ រូបមកពី រុស្ស៊ី, ១ រូបមកពី​វេណេហ៊្សុយអេឡា, ១ រូប​មក​ពី អ៊ីរ៉ង់, ១ រូបមកពី ហ្ស៊ីមបាវ៉េ, ១ រូបមកពី អ៊ូហ្គាន់ដា, ១ រូបមកពី ហ្សក់ដង់, ១ រូបមកពី ឥណ្ឌា, ១ រូបមកពី ហ្វីលីពីន, ២ ​រូបមកពី​ប្រទេស​​តួកគី និង​ ៣​ រូបមកពី​ប្រទេស ​ចិន។

គួររំលឹកថានៅឆ្នាំ ២០១៩ មានរបាយការណ៍​​​ស្តីពី​​សេរីភាព​​សារព័ត៌មាន​​​ពិភព​លោក ដែល​​បង្ហាញ​​ដោយ​​អង្គការ​​​អ្នក​​កាសែត​​​គ្មាន​​​ព្រំដែន ឲ្យ​​ដឹង​ថា កម្ពុជា ស្ថិត​​ក្នុង​​លេខរៀង​ ១៤៣ ក្នុង​​ចំណោម​​ប្រទេស ១៨០ ដែល​​ជាចំណាត់​ថ្នាក់​ដ៏អាក្រក់ ខាង​ការ​រឹតត្បិត​សេរីភាព​ព័ត៌មាន​៕

.

Advertisements