អត្ថបទដោយ TCD / 20-6-2020

អ្នកតាមដានសង្គម​ បានព្យាករណ៍ថា វិបត្តិសេដ្ឋកិច្ច​របស់កម្ពុជា ដែល​បណ្តាល​មក​ពី​ជំងឺកូវីដ១៩ នឹង​នាំឲ្យ​មាន​អំពើ​ពុករលួយ​កាន់តែខ្លាំង ក្នុង​សេវាកម្ម​របស់រដ្ឋ និង​ឯកជន។ ពួកគេបន្តថា បើ​រដ្ឋាភិបាលនៅ​តែ​ព្យាយាម​ផ្តាច់​ទំនាក់ទំនង​ទីផ្សារ​ពីប្រទេស​លោកសេរី ជំងឺ​ពុករលួយនេះ នឹង​ក្លាយ​​​ជា​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។

លោក ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌលកម្ពុជា​ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​លើក​ឡើង​ថា «ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​នេះ ពឹងផ្អែក​ទៅ​លើមិត្ត​ដែកថែប​ចិន ទាំង​ស្រុង។ លោក​បន្តថា នេះជាហានិភ័យ​ធំ​ណាស់ ដែលរដ្ឋាភិបាល​កម្ពុជា សម្រេច​តភ្ជាប់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់ខ្លួន ត្រឹម​តែ​ជាមួយ​ប្រទេស​កុម្មុយនិស្ត ដោយ​ទាត់ចោល​ប្រទេស​លោកសេរី​បែប​នេះ»។ ការលើក​ឡើង​នេះ បាន​ធ្វើ​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន ឌឹខេមបូឌា ឌែលី (The Cambodia Daily) កាល​ពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២០ កន្លងទៅ។

លោក ងួនទៀង បញ្ជាក់ថា​ «រដ្ឋាភិបាល​លោក​ ហ៊ុន សែន គ្មាន​លទ្ធភាព និង​សមត្ថភាព ក្នុង​ការកែ​ច្នៃ​ផលិតផល​ក្នុងស្រុក ដើម្បី​នាំចេញ​នោះទេ តែផ្ទុយ​ទៅវិញ នាំគ្នាទន្ទឹង​រង់ចាំ​ខ្ចីបុល និង​កេងប្រវញ្ច​លុយជាតិ​«រាប់រយ​លាន​ដុល្លារ» ដើម្បី​ប្រយោជន៍​បក្ខពួកខ្លួន ក្រោម​លេសកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ជាតិ ពីប្រទេស​សម្ព័ន្ធមិត្ត​កុម្មុយនិស្ត​របស់ខ្លួន ជាថ្នូរ​នឹងការផ្តល់​នូវ​ការសម្បទាន​គ្រប់​ជ្រុងជ្រោយ ទាំង​ធនធានធម្មជាតិ និង​ភូមិសាស្ត្រន​យោបាយ»

ក្នុងកម្មវិធី Idea Talk នេះដែរ មន្ត្រីជាន់ខ្ពស់របស់អង្គការខុមហ្រ្វែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍​ថា «ការចុះកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម កម្ពុជា​-​ចិន អាច​ផ្តល់​ផលប្រយោជន៍ ដល់​​ពលរដ្ឋ​​កម្ពុជា​ តិ​ច​តួច​បំផុត ខណៈចិន អាចប្រមូលផលប្រយោជន៍ ពីកម្ពុជាទ្វេដង។ លោកបន្ថែមថា ជញ្ជីងពាណិជ្ជកម្មដ៏ធំមួយនេះ ចិនជាម្ចាស់គ្រប់គ្រងទាំងស្រុង ខណៈកម្ពុជា អាចត្រឹមតែអនុវត្តតាមបន្ទាត់នយោបាយរបស់ចិនតែប៉ុណ្ណោះ»

ចំណែកលោក ប៉ា ងួនទៀង បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាល​កម្ពុជា បាន​ប្រគល់​ខេត្ត​ព្រះសីហនុ ទៅ​ឱ្យ​ចិន ដើម្បី​សាងសង់​ទីក្រុង “Hong Kong” ថ្មី ស្ទើរ​តែគ្មាន​ច្បាប់​របស់​ខ្លួន ជាម្ចាស់​ប្រទេស គ្រប់គ្រង​លើជនជាតិចិន​អាណាធិបតេយ្យ ក្នុង​ទឹកដីកម្ពុជា ទាំង​អស់​នោះ​ទៅហើយ។

របាយការណ៍ក្រសួងពាណិជ្ជកម្ម ប្រកាសកាល​ពីពេលថ្មីៗនេះ ឲ្យដឹងថា ក្នុង​ឆ្នាំ​​២០១៧ កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​ចិន ដែល​គិត​ជាទឹក​ប្រាក់សរុប ១៩៧ លានដុល្លារអាមេរិក ខណៈចិន នាំចូលទំនិញ គិតជាទឹកប្រាក់សរុប ៩៩១ លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០១៨ កម្ពុជាបាន​នាំចេញផលិតផលទៅចិន មានថវិកាសរុបប្រហែល ៨០០ លានដុល្លារអាមេរិក ប៉ុន្តែចិន បាននាំទំនិញចូលមកកម្ពុជា មានរហូតដល់ជិត ៦.០០០ លានដុល្លារអាមេរិក។ នៅ ៩ ខែដំបូងក្នុងឆ្នាំ​២០១៩ កម្ពុជានាំទំនិញទៅចិន មានទំហំទឹកប្រាក់ចំនួន  ៧៥៦ លានដុល្លារអាមេរិក រីឯចិន នាំទំនិញចូលកម្ពុជា មានទំហំទឹកប្រាក់ចំនួន ៥៥៥៣ លានដុល្លារអាមេរិក ឯណោះ។

ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសចិន កាលពីកុម្ភៈ ឆ្នាំ​២០២០ លោក ហ៊ុន សែន បានអះអាង​ថា រូបលោក​ផ្ទាល់ និង​ប្រធានាធិបតីចិន បានប្ដេជ្​ញាបង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ឲ្យ​ដល់ចំនួន ១០ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៣ ខាងមុខ។

ក្រសួងសេដ្ឋកិច្ចកម្ពុជា បាន​ចេញរបាយការណ៍​ថ្មីមួយ​ថា គិតត្រឹម​ពាក់​កណ្តាល​ឆ្នាំ ២០១៩ កម្ពុជា ខ្ចី​បុល​ពី​ម្ចាស់​ឥណទាន​បរទេស​​នានា សរុប​មានដល់ទៅជិត ១២០០០ លានដុល្លារអាមេរិក។ ចិន គឺជាម្ចាស់បំណុល​​ខ្ពស់​ជាង​គេ​របស់​កម្ពុជា មាន​ចំនួនជាង ៤៧០០ លានដុល្លារអាមេរិក

របាយការណ៍ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សព្វថ្ងៃ​​មាន​ជនជាតិ​ចិន រស់នៅ​ក្នុង​ប្រទេស​កម្ពុជា រយ:ពេលវែង​ចំនួន ២៥ ម៉ឺននាក់ ក្នុង​នោះ​មាន​ប្រមាណ ១០ ម៉ឺននាក់ នៅ​ទីក្រុង​ភ្នំពេញ និង​ជាង ១១ ​ម៉ឺន​នាក់ នៅ​ខេត្ត​ព្រះសីហនុ។ ក្រៅពីនេះ នៅ​ខេត្តស្វាយរៀង មាន​ប្រមាណ ២ ​​ម៉ឺន​នាក់, នៅ​ខេត្ត​បន្ទាយមានជ័យមាន​ជិត ២ ​ម៉ឺន​នាក់ និង​នៅ​ខេត្តកណ្តាល មាន​ជាង ១ ​ម៉ឺន​នាក់

លោក គល់ បញ្ញា លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា ហាក់​ដើរ​ចូល​កាន់​តែជ្រៅ​ទៅៗ ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន លើស​ពី​ដៃ​គូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច។ លោក​បន្ថែម​ថា សហរដ្ឋ​អេ​មេ​រិក ​និង​​ប្រទេស​ជិត​ខាង​កម្ពុជា ​កំពុង​ព្រួយបារម្ភ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​​ចិន​ សាង​​សង់​​ព្រលា​ន​យន្ត​ហោះ​ខ្នាត​​ធំ​ និង​​កំពង់​ផែ​ទឹក​ជ្រៅ​ នៅ​​ខេត្ត​កោះកុង ​ដែល​​អាច​​ប្រើប្រាស់​​សម្រាប់​​កងទ័ព​​ចិន ​នៅ​ក្នុង​​ប្រទេស​​​កម្ពុជា អាច​នឹង​បង្ក​ឲ្យ​មាន​អ​សន្តិសុខ​​ក្នុង​​តំបន់​។

វាគ្មិនទាំងពីររូប បាន​អំពាវនាវ​ឲ្យរដ្ឋាភិបាល​កម្ពុជា គួរតែ​បន្ត​ទំនាក់ទង​ជាមួយ​ប្រទេស​​លោកសេរី ជាជាង​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​ប្រទេស​កុម្មុយនិស្ត​តែ​ម្យ៉ាង។ វា​ជា​ហានិភ័យ​ធំ​ណាស់ សម្រាប់​ពលរដ្ឋ​កម្ពុជា ​ដែល​មាន​រដ្ឋាភិបាល​របស់ខ្លួន ព្យាយាម​បិទដង្ហើម​សេដ្ឋកិច្ច​ជាមួយ​ទីផ្សា​របស់​លោកសេរី តែបែរ​ជា​ប្រឹងត​ភ្ជាប់​ចរន្ត​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​ខ្លួន​ ជាមួយ​កុម្មុយ​និស្ត​ទៅវិញ៕

.

Advertisements