អត្ថបទដោយ TCD /សម្រួលអត្ថបទដោយ នគរ

បណ្ឌិត កែម ឡី គឺជាអ្នកវិភាគនយោបាយ និងស្រាវជ្រាវការអភិវឌ្ឍសង្គមដ៏​ល្បី​ល្បាញ ដែល​​ត្រូវ​បាន​ធ្វើឃាត កាលពី ៤ឆ្នាំមុន គឺនៅថ្ងៃទី១០ កក្កដា ២០១៦ ខណៈ​ស្ថានភាព​នយោបាយ​កម្ពុជា ធ្លាក់ក្នុងភាពល្អក់កករ និងជាពេលដែលរដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវបានអង្គការបរិស្ថានពិភពលោក Global Witness បង្ហាញអំពីត្រកូល ហ៊ុន {ហ៊ុន សែន} ក្តោបក្តាប់អំណាច និងសេដ្ឋកិច្ចទាំងអស់នៅកម្ពុជា។ បណ្ទិត កែម ឡី បានវិភាគរឿងនេះ រយៈពេល ២ ថ្ងៃ មុនការបាញ់សម្លាប់រូបលោក នៅស្តាម៉ាត ស្ថានីយ៍​ប្រេង​ឥន្ធនៈបូកគោ (Star Mart, Caltex) ក្រុង​ភ្នំពេញ។ លោកបណ្ឌិតត្រូវបានពលរដ្ឋខ្មែរ ប្រសិទ្ធិនាមថា «ជាអ្នករួតវាំងននសង្គម ជាអ្នកឧត្តមគតិនិយម»។

លោក សួង នាគព័ន្ធ អតីតអនុប្រធានសមាគសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ អះអាង​ថា​ធ្លាប់​​បាន​​សំណេះ​​សំណាល​​​ជាមួយ​ឈ្មោះ អឿត អាង ឬហៅ ជួប សម្លាប់ នៅក្នុងព័ន្ធនាគារព្រៃស ខណៈពេលលោក ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ ក្នុងពេលប្រារព្ធពិធីបុណ្យខួប ៣ ឆ្នាំ​​ជូន​បណ្ឌិត កែម ឡី កាលពីឆ្នាំ​២០១៩ បាន​និយាយថា «អឿត អាង មិនមែនជាឃាតក ទេ ប៉ុន្តែឃាតកពិត គឺជាឈ្មោះ កង ប៊ុនទូ ជាជំនិតរបស់លោក ហ៊ុន ម៉ាណែត {កូនប្រុសច្បងរបស់លោក ហ៊ុន សែន}​ ដែលបានទទួលបញ្ជាពីក្រុមគ្រួសារត្រកូល ហ៊ុន» ដើម្បី​រៀប​ផែនការ​បាញ់សម្លាប់បណ្ឌិត កែម ឡី។ ការអះអាងនេះ ធ្វើឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌​ ឌឹខេមបូឌា ឌែលី The Cambodia Daily កាលពីរាត្រីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​២០២០ កន្លង​ទៅ។

គ្មានប្រភពណាផ្សេងទៀត អាចបញ្ជាក់ថា លោក សួង នាគព័ន្ធ បានសំណេះ​សំណាល ឬមិន​​បាន​សំណេះ​សំណាល​ជាមួយលោក អឿត អាង ជាក់លាក់នោះទេ។ ប៉ុន្តែប្រភពជាច្រើនដែល​គួរឲ្យជឿទុកចិត្ត​បាន បាន​បញ្ជាក់​ស្រដៀង​គ្នា​ថា «លោក អឿត អាង ដែលត្រូវបានតុលាការកាត់ក្តីឲ្យជាប់ពន្ធនាគារមួយជីវិតនោះ គឺត្រូវបានកងឆ្មាំពន្ធនាគារ ដាក់បម្រាម​​តឹង​តែង​បំផុត ក្នុងជួបប្រាស្រ័យទាក់ទងជាមួយអ្នកជាប់ពន្ធនាគារដូចគ្នា ជាពិសេស​ក្រុម​សកម្មជននយោបាយ និងអ្នកទោសមនសិការ»។ ទោះបីយ៉ាងណាក៏​ដោយ លោក សួង នាគព័ន្ធ ត្រូវបានដោះលែង កាលពីចុង​ឆ្នាំ​ ២០១៩ ហើយ​បាន​ទទួល​សិទ្ធិជ្រកកោន​នយោបាយ នៅប្រទេសស៊្វីស សព្វថ្ងៃ។

តំណាងព្រះសង្ឃនៃក្រុម​ខ្មែរថាវរៈ ព្រះភិក្ខុ កើត សារ៉ាយ មានសង្ឃដីកាក្នុងកម្មវិធី Idea Talk នៃ​សារ​ព័ត៌មាន The Cambodia Daily ដែរ​ថាខួប ៤​ ឆ្នាំ​នៃ​ការបាត់បង់​លោក​បណ្ឌិត កែម ឡី នៅតែ​ធ្វើឲ្យ​យុវជន​​ខ្មែរ​ ចងចាំ​វីរភាព និង​គុណធម៌​របស់​លោក​ជានិច្ច ហើយ​​ពួកគេ​​ត្រូវ​ប្រារព្ធពិធី​រំលឹក​គុណ​លោកបណ្ឌិត នៅថ្ងៃទី ១០ កក្កដានេះ ដោយធ្វើធម្មយាត្រា​ពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ភូមិកំណើតរបស់លោកបណ្ឌិត នៅខេត្ត​តាកែវ។

អ្នកឃ្លាំមើលសង្គមលើកឡើងថា ក្រោមការដឹកនាំជាង ៤០ឆ្នាំរបស់លោក ហ៊ុន សែន កន្លង​​​មក​​នេះ​ អំពើ​ឃាតកម្ម​ធំៗ​​ក្រៅប្រព័ន្ធ​ច្បាប់​ជា​ច្រើន មិន​ត្រូវ​បាន​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ ជូន​ជន​រងគ្រោះ និង​ក្រុមគ្រួសារ​ជនរងគ្រោះ​នោះ​ឡើយ។ អំពើ​ឃាតកម្មធំៗ​ទាំង​នោះ​ រួមមាន​ ការសម្លាប់​តារា​សំដែង​ អ្នកស្រី ពិសិដ្ឋ ពីលីកា នៅ​ខែ​កក្កដា ឆ្នាំ ១៩៩៩។ ការសម្លាប់អតីត​ប្រធាន​សហជីពសេរីកម្មករ លោក ជា វិជ្ជា នៅខែមករា ឆ្នាំ​២០០៤ ក្បែរវត្តលង្កា ក្នុងទីក្រុងភ្នំពេញ។ ការធ្វើឃាត​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ក្នុង​ឆ្នាំ​២០០៣ ក្នុង​បរិវេណវត្តលង្កា។ ឃាតកម្មលើប្រធាន​អង្គការការពារ​ធនធម្មជាតិ លោក ឈុត វុទ្ធី នៅ​ខេត្តកោះកុង ក្នុងឆ្នាំ​២០១២។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) បានស្នើឲ្យតុលាការកម្ពុជា បើក​ការស៊ើប​អង្កេត​ឡើងវិញ​ លើ​សំណុំ​រឿង​ឃាតកម្ម ២០ ករណី ជាពិសេសឃាតកម្ម ទៅលើ​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍សង្គម លោក កែម ឡី និង​តារាសំដែងក្នុងទស្សវត្តទី៩០ អ្នកស្រី ពិសិដ្ឋ​ ពីលីកា ផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍ ខួប ៤ឆ្នាំ​នៃឃាតកម្ម​លោក​បណ្ឌិត កែម ឡី នៅថ្ងៃទី៧ ខែកក្កដា ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ នេះ លើកឡើង​ថា ឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី មិន​ទាន់ត្រូវបាន​វែកមុខ ឬ​ចាប់ខ្លួន​ឃាតក​ពិត និង​អ្នកពាក់ព័ន្ធ យក​ទៅ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​នៅ​ឡើយ​ទេ។

ប្រធានប្រតិបត្តិនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​​ទាម​ទារ​​​ឲ្យ​​តុលាការ​កម្ពុជា​ បង្ហាញ​អង្គ​ចងចាំ​នៃ​ប្រព័ន្ធកាមេរ៉ា​សុវត្ថិភាព នៅ​​ស្តាម៉ាត​ ស្តុប​បូគោ ក្នុង​​ពេល​កើត​ហេតុ​ កាល​ពីថ្ងៃទី ​១០ ខែកក្កដា ឆ្នាំ ២០១៦ ចំថ្ងៃឃាតកម្ម​លោក​បណ្ឌិត កែម ឡី។

ចំណែក​ព្រះភិក្ខុ កើត សារ៉ាយ បញ្ជាក់ថា ក្នុងពេល​ចាប់ផ្តើម​កម្មវិធី​គម្រប់ខួបបណ្ឌិត កែម ឡី តម្រូវ​ឲ្យអ្នក​​ចូល​រួម​ ត្រូវ​អង្គុយ​ស្មឹងស្មាធ ដើម្បីគោរពវិញ្ញាណខក្ខន្ធ និង​​រំលឹក​គុណ​ចំពោះ​វីរភាព​​របស់​លោកបណ្ឌិត​ មុន​​នឹង​ចាប់ផ្តើម​ធម្មយាត្រា។

ចំណែកកញ្ញា ឈឿន ដារ៉ាវី បាន​ថ្លែងថា​ ក្នុង​ការធ្វើធម្មយាត្រានេះ ក៏មាន​ចែក​ជូន​វត្ថុអនុស្សាវរីយ៍​ ដល់អ្នក​ចូល​រួម​ផង​ដែរ មានដូចជា អាវ​យឺតរូបលោកបណ្ឌិត កែម ឡី ចំនួន ២០០ អាវ, សៀភៅ​ដែល​លោកបណ្ឌិត​បាន​ចង​ក្រង​ចំនួនជិត ២០០ ក្បាល និង​បន្តោង​សោរ​​រូបលោកបណ្ឌិត​​ចំនួន ៧៥ បន្តោង​ផង​ដែរ។

ព្រះសង្ឃ និងក្រុម​យុវជន បាន​អំពាវនាវដល់រដ្ឋាភិបាល ឲ្យ​ប្រឹង​ប្រែង​ក្នុង​ការវែក​មុខ​ឃាតកពិត ជូន​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ ដើម្បី​បញ្ចាក់​ពីភាពស្អាត​ស្អំ​របស់រដ្ឋាភិបាល​ខ្លួនឯងផង ក៏​ដូចជា​ការ​ពង្រឹង​ប្រព័ន្ធ​ច្បាប់​ឡើងវិញ​ ចៀស​វៀង​កុំឲ្យ​ជនណា​ម្នាក់​ ប្រព្រឹត្តល្មើស​ក្រៅប្រព័ន្ធ​ច្បាប់​បាន​តទៅ​ទៀត៕

.

.