ធ្វើបច្ចុប្បន្នភាព៖ មកដល់ល្ងាច​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២០ ក្រុមសកម្មជន​ពលរដ្ឋ​សកម្ម​ដើម្បី​យុត្តិធម៌ ៣ រូប​បន្ថែម​ទៀត ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ចាប់ខ្លួន រួម​មានលោក ថា ឡាវី កញ្ញា សូ មេត្តា (អេង ម៉ាឡៃ) និងកញ្ញា សាន ស្រីនិច។ ការចាប់​ខ្លួន​នេះ កើត​ឡើង​នៅ​ពេល​ម៉ោង​ខុសៗ​គ្នា៖ លោក ថា ឡាវី ត្រូវបាន​ចាប់ខ្លួន​នៅ​ពេល​លោក ធ្វើទៅ​ចូលរួម​ធ្វើបាតុកម្ម​អហិង្សា​ នៅ​ទីលាន​ប្រជាធិបតេយ្យ ហើយ​កញ្ញា សូ មេត្តា និងកញ្ញា សាន ស្រីនិច ត្រូវបាន​ចាប់ខ្លួន​នៅ​ពេល​បញ្ចប់​បាតុកម្ម។

សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បាន​ចេញផ្សាយ​មុន​​ពេល​​អាជ្ញាធរ​ភ្នំពេញ ចាប់​ខ្លួន​សកម្មជន ៣ រូបខាងលើនេះ។ ប៉ុន្តែ​ទោះបីជាយ៉ាង​ណា​ក៏ដោយ ក្រុមប្រឹក្សា​នេះ បានអំពាវនាវឲ្យ​ដោះលែង​ក្រុម​សកម្មជន​ទាំងអស់ ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​គ្មាន​លក្ខខណ្ឌ។ (អត្ថបទ​បន្ថែម​ដោយ CWCI Cambodia)

សូមទាញយកសេចក្តីថ្លែងការណ៍ (Download)


សេចក្តីថ្លែងការណ៍
រដ្ឋាភិបាលកម្ពុជា ត្រូវ​ដោះលែង​សកម្មជនពលរដ្ឋ​សកម្ម​ជា​បន្ទាន់

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោសយ៉ាង​ដាច់អហង្កា ចំពោះ​អាជ្ញាធរ​​រដ្ឋាភិបាល​កម្ពុជា ដែល​ស្លៀក​ពាក់​ស៊ីវិល ជាមួយ​ក្រុម​ព្រះសង្ឃ​ផង បាន​សម្រុក​ចូល​ចាប់​ឃាត់​ខ្លួន​ព្រះភិក្ខុ កើត សារ៉ាយ និងលោក មាន ព្រហ្មមុនី ជាមេដឹកនាំ​ពលរដ្ឋ​សកម្ម​ដើម្បី​យុត្តិធម៌ នៅ​ទីស្នាក់ការ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ នាថ្ងៃទី​​០៦ ខែ​កញ្ញា ឆ្នាំ​២០២០ ម៉ោង ១:៣០​នាទី​រសៀល គឺមុន​ពេល ១​ថ្ងៃដែល​អ្នកទាំងពីរ ត្រូវ​ចេញ​ដឹកនាំ​បាតុកម្ម​ដោយ​សន្តិវិធី ដែល​​គ្រោង​ធ្វើនៅ​ទីលានប្រជាធិបតេយ្យ ថ្ងៃទី​០៧ ខែ​កញ្ញា។ ចំណែក​កាលពី​ថ្ងៃទី​០៣ ខែកញ្ញា អាជ្ញាធរ​ក្រុងភ្នំពេញ បាន​ចាប់ឃុំខ្លួន​សកម្មជន​​បរិស្ថាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា យ៉ាង​អយុត្តិធម៌ ក្នុង​យុទ្ធនាការ​ទាមទារ​ឲ្យរដ្ឋាភិបាល បញ្ឈប​ការចាក់​លុបបឹង​កប់ស្រូវ ឬបឹងតាមោក។

ករណីការចាប់ឃាត់ខ្លួន​មេដឹកនាំ​ពលរដ្ឋសកម្ម​ដើម្បីយុត្តិធម៌ និង​ក្រុម​សកម្មជន​​បរិស្ថាន​ទាំង​នេះ ជាការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​​រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រង់​កថាខណ្ឌទី១ នៃ​មាត្រា​៣៥ និង​កថាខណ្ឌ​​ទី១ នៃ​មាត្រា​៤១ ព្រមទាំង​រំលោភ​ទៅលើ​មាត្រា​១៩ នៃ​សេចក្តីប្រកាស​​ជាសកល​ស្តីពី​សិទ្ធិមនុស្ស។

រដ្ឋាភិបាលលោក ហ៊ុន សែន កំពុង​បន្តរុញច្រាន​ស្ថានការ​ប្រទេស​​កម្ពុជា ឲ្យធ្លាក់​ក្នុង​វិបត្តិធ្ងន់ធ្ងរ​នៃ​ការអនុវត្ត​អំណាច​ផ្តាច់ការ ដែល​ដើរផ្ទុយ​ទាំងស្រុង​ពីខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជាឆ្នាំ​​១៩៩៣ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។ ទង្វើរបស់​រដ្ឋាភិបាល​លោក ហ៊ុន សែន របៀប​នេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស, គោល​ការណ៍​​លទ្ធិ​ប្រជាធិបតេយ្យ និង​បំបិទសិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ដែល​ធានា​ដោយ​ច្បាប់​បទដ្ឋាន​ជាតិ​-​អន្តរជាតិ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវ​ដល់រដ្ឋាភិបាល និង​តុលាការ​កម្ពុជា ដោះ​លែង​ក្រុម​សកម្មជន​ទាំងអស់​ដោយគ្មាន​លក្ខខណ្ឌ រួមមាន​ភិក្ខុ កើត សារ៉ាយ លោក មាន ព្រហ្មមុនី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក រ៉ុង ឈុន យុវតី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក សួង សុភ័ណ្ឌ យុវតី ស កន្និកា និង​អ្នក​ផ្សេងៗ​​ទៀត ដើម្បី​រួមចំណែក​លើក​កម្ពស់​សិទ្ធិ​មនុស្ស សិទ្ធិ​បញ្ចេញ​​មតិ សិទ្ធិ​ជួប​ប្រជុំ​ជាសាធារណៈ​របស់​ពលរដ្ឋ​ឡើង​​វិញ ហើយ​រួបរួមគ្នា​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ខ្មែរ ស្រប​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា គោលការណ៍​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១។

ក្រុងគ្រីស្ទានសាន់ (ន័រវេស៍) ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០

ម៉ែន ណាត (ហត្ថលេខា និងត្រា)
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

.

.