អត្ថបទដោយលោក ម៉ែន ណាត / ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /២៥ វិច្ឆិកា ២០២០ – Updated

​​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​​បើក​​ការដ្ឋាន​​សាងសង់​​វិមាន​​មិត្តភាព ​កម្ពុជា​​-​​វៀត​ណាម ​ទី​​២២ ​នៅ​​ខេត្ត​​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី ​២០ ខែ​​វិច្ឆិកា ឆ្នាំ​២០២០​។ ចំណែក​ស្ថានទូត​​វៀត​ណាម ​ប្រចាំ​​កម្ពុជា ក៏​បាន​បង្ហោះ​សារ​​នៅ​​លើ​​ហ្វេសប៊ុក​ផេក ​របស់​​ខ្លួន​​​ឱ្យ​​​ដឹង​​ថា វិមាន​​មិត្តភាព​​កម្ពុជា​​-​​វៀតណាម ​ក្នុង​​ខេត្ត​​ត្បូងឃ្មុំ​​​ នេះ បាន​​សាង​សង់​​ក្នុង​​បរិវេណ​​សួន​ច្បារ ​ដែល​​មាន​​ទំហំ ​៤ ​ហិកតារ ​នៅ​​ជិត​​មជ្ឈមណ្ឌល​​រដ្ឋបាល​​ថ្មី​​របស់​​ខេត្ត។ នេះ​បើ​តាម​ការ​​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី (RFA Khmer) នៅ​​ថ្ងៃទី​២៤ ខែ​វិច្ឆិកា។

វិទ្យុអាស៊ីសេរីដដែល ​បាន​ដកស្រង់សំដី លោក អ៊ុំ សំអាន អតីត​សមាជិក​សភា ពី​គណ​បក្ស​សង្គ្រោះ​ជាតិ មាន​ប្រតិកម្ម​ថា  «យើង​​សូម​​អំពាវ​​ដល់​​រដ្ឋាភិបាល​​លោក ហ៊ុន សែន ហ្នឹង​​ ឈប់​​សាង​សង់​​ស្ដូប​​យួន ​(​វៀតណាម​)​ បន្ត​​ទៀត​​ទៅ ហើយ​​ស្តូប​​យួន​ ដែល​​មាន​ប៉ុន្មាន ​គួរ​តែ​​វាយ​ចោល ឬ​ក៏​​កែច្នៃ​​យ៉ាង​ម៉េច​ វា​​ល្អ​​ជាង ព្រោះ​​កាល​ណា​​នៅ​តែ​​សាង​សង់​​ នៅ​តែ​​ដឹង​គុណ​​ គឺ​​ខ្មែរ​​នៅ​តែ​​ជំពាក់​​គុណ​​យួន​ មិន​​ចេះ​​ចប់ ហើយ​​ទឹកដី​​ខ្មែរ​ កាន់​តែ​​រួញ​​ទៅ​ៗ»។

ចំណែកលោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវ​​ការអភិវឌ្ឍន៍​​សង្គម យល់​​ថា «ថ្វី​​ដ្បិត​ភាគី​​រដ្ឋាភិបាល ​លើក​ឡើង​​ពី​​គុណសម្បត្តិ ​នៃ​​ការសាង​សង់​​ស្តូប​នេះ ប៉ុន្តែ​​ពលរដ្ឋ ​មិន​​តិច​​ជាង​​កន្លះ​​ប្រទេស​​​ទេ ដែល​​បង្ហាញ​​ការ​​មិន​​គាំទ្រ​។ ការសាងសង់​ស្តូប​នេះ ​នៅ​​តាម​​បណ្ដា​​ខេត្ត​​មួយ​​ចំនួន​ ​អាច​​​ធ្វើ​ឲ្យ​បាត់​បង់​​អត្តសញ្ញាណ​​ នៅ​​ក្នុង​​ខេត្ត​​របស់​​កម្ពុជា»

ជាការពិត ពលរដ្ឋខ្មែរ​ មិន​​​ដែលបាន​​បង្ហាញ​​ការ​ពេញ​ចិត្ត​​ពេញ​​ថ្លើម ចំពោះ​​វត្តមាន​​នៃ​​ស្តូប​​អនុស្សាវរីយ៍ ឬ​​​វិមាន​​​ឈ្នះ​​​​-​​ឈ្នះ ដែល​​​​រដ្ឋាភិបា​ល​​​លោក ហ៊ុន សែន ខំកសាង និង​​ជួស​ជុល​​ឡើង​​វិញ ដើម្បី​​​បំពេញ​​​បំណង​​​ចង់​​​បាន​​​របស់​​​វៀត​ណាម ដែល​​មាន​​ប្រវត្តិ​សាស្រ្ត​​ឈ្លានពាន​​កម្ពុជា​ ​ជាច្រើន​​សតវត្សរ៍​​មក​ហើយ បើទោះ​​បី​ពលរដ្ឋ​​នៃ​​ប្រទេស​ទាំងពីរ ចង់​​បាន​​សន្តិភាព និង​​វិបុលភាព​​ដូចគ្នា ក្នុង​​នាម​​ជាមនុស្សជាតិ​​យ៉ាង​ណា​​ក៏ដោយ។

កន្លងទៅ ​ក្រសួង​ការពារជាតិ​កម្ពុជា បាន​​​ឲ្យដឹង​តាម​​រយៈ​​អនុ​គណៈ​កម្មការ​​ក​សាង​សង់​​​ស្តូប​​អនុស្សាវរីយ៍​ នៃ​​វិមាន​​​ឈ្នះ​-​ឈ្នះ​ នៅ​ខេត្តកោះកុង អំពាវ​នាវ​ឲ្យ​សាធារណជន និង​ពលរដ្ឋ​ខ្មែរ ចូល​រួម​​គាំទ្រ​​​ដល់គម្រោង​សាង​សង់​​​​របស់​ខ្លួន។ អនុ​គណៈកម្មការ​នេះ បាន​ឲ្យដឹងថា «ខ្លួនកំពុង​មានការខ្វះខាតថវិកា សម្រាប់បន្ត​សាងសង​វិមានឈ្នះ​-​ឈ្នះ នៅ​ខេត្ត​កោះកុង»។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ថ្មីៗ កាល​ពីថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២០។

មិន​មាន​ការសាទរទៅលើគម្រោងនោះទេ ប៉ុន្តែ​​ពលរដ្ឋ​ខ្មែ​រ​នៅ​លើ​បណ្តាញ​​សង្គម​​​ហ្វេស​ប៊ុក បែរ​​​ជា​​​បង្ហាញ​ទឹកចិត្ត​​ឈឺចាប់ ទៅ​​លើ​​នយោបាយ​​ឈ្លាន​ពាន​​​របស់​​​វៀត​ណាម នៅ​​កម្ពុជា ដែល​មេដឹកនាំ​កម្ពុជា មិន​ដែលហ៊ាន​​និយាយ ឬតវ៉ា​ជំទាស់​វៀតណាម​ម្តងណា​សោះ។ បណ្តាញសង្គម៖ «រូបសំណាក ឬស្តូប​អនុស្សាវរីយ៍​នានា​នៅ​កម្ពុជា គប្បី​ត្រូវ​បំបាត់ចោល ដើម្បី​បញ្ចប់​ការឈឺ​ចាប់​របស់​ពលរដ្ឋ​ខ្មែរ និង​កសាង​កិត្យានុភាព​ខ្មែរ»

កាលពីថ្ងៃទី​២៧ ខែ​មិថុនា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​(គ.ប.ម.) ត្រូវ​​​បាន​​សារ​ព័ត៌មាន​​​​វីអូឌី (VOD) ចុះ​ផ្សាយ​​សេចក្តីអំពាវនាវ​មួយ​របស់​ខ្លួន ទៅ​​កាន់​​​​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​​​ផ្តល់​យោបល់​​ថា «សាងសង់​ស្តូប​​ រំឭក​គុណ​​​វីរ​បុរស​ខ្មែរ​​ទាំង​ឡាយ​ ដែល​​បាន​​បូជា​​​ចំពោះ​​ការ​ការពារ​​ជាតិ ឬរូប​សំណាក​ តំណាង​​​ឱ្យ​​ខេត្ត​ តំបន់​​​​ឱ្យ​​បាន​​​ធំ​ និង​​​ល្អ​​ប្រណិត ជំនួស​​ឱ្យស្តូប​​រំឭក​គុណ​ជាតិ​សាសន៍​​ដទៃ ដើម្បី​​ជា​ការ​​លើក​ស្ទួយ​​ដល់​ការ​កសាង​​​មោទកភាព​​ជាតិខ្មែរ​​​ឡើងវិញ»។ សេចក្តីអំពាវនាវបន្តថា «រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​​ដោយ​បក្ស​ប្រជាជន​ មាន​ការ​ខំប្រឹង​​ប្រែង​​យ៉ាង​​ខ្លាំង ​ក្នុង​​ការ​កៀរគរ​​ធនធាន​​កសាង​​ស្តូប​រំឭក​​គុណ​​វៀតណាម ​នៅ​គ្រប់​​​រាជធានី​-ខេត្ត​ ក្នុង​ប្រទេស​​កម្ពុជា ដែល​​យើង​​គិតថាជា​រឿង​មិនល្អ ​សម្រាប់​អនាគតជាតិ​ខ្មែរ»

​សារព័ត៌មាន​​វីអូឌី (VOD) ដដែល ដកស្រង់សេចក្តី​ថ្លែងការណ៍​របស់ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា បាន​អំពាវនាវថា «រដ្ឋាភិបាល ​ត្រូវ​​ផ្អាក​​គម្រោង​​សាង​សង់​​ស្ដូ​បមិ​ត្ត​ភាព​​កម្ពុជា​-​វៀត​ណាម ឬ​​​ស្ដូ​ប​​​អនុស្សាវរីយ៍​ នៃ​​​នយោបាយ​​​ឈ្នះ​​-​ឈ្នះ នៅ​​​តាម​​​រាជធានី​-ខេត្ត ដោយ​​បារម្ភ​ថា ស្តូប​នេះ​ បង្ហាញ​​​រូបភាព​​​​កម្ពុជា ​ចុះ​​ខ្សោយ​​​ក្លាយ​​ជា​​រដ្ឋ​​ចំណុះ​​​ឱ្យ​​​ប្រទេស​​ជិតខាង​»

ទោះបីជាយ៉ាងណាក្តី ស្ថានទូត​វៀតណាម​ប្រចាំ​​កម្ពុជា ​ឱ្យ​​ដឹង​​ថា «សព្វថ្ងៃ​​ ស្តូប​​​ចំនួន ​១៧ បាន​​​សម្ពោធ​​រួច​​ជា​​ស្រេច ចំណែក​​ស្ដូប​ ៤ ​ផ្សេង​ទៀត នៅ​​ខេត្ត​​ប៉ៃលិន ព្រៃវែង កំពង់ស្ពឺ និង​​ឧត្តរមានជ័យ ​គ្រោង​​​បើក​​ការដ្ឋាន​​សាងសង់​​ចុង​​ឆ្នាំ​នេះ»

អត្ថបទទាក់ទង
ក្រុម​ប្រឹក្សា​​ឃ្លាំ​មើល​​ អំពាវ​នាវ​រដ្ឋា​ភិបាល ឲ្យ​​​ផ្អាក​​​សង់​​​ស្ដូ​ប​​​វៀត​ណាម ​​​នៅ​​​កម្ពុជា​
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជំទាស់គម្រោង​​សាង​សង់​​​បន្ថែម​ស្តូប​​វៀត​ណាម ឬ​ស្តូប​​នយោបាយឈ្នះ-ឈ្នះ
ស្តូប​វៀតណាម សង់​គ្រប់​​​​ខេត្ត​​​-​​ក្រុង នៅ​​​​កម្ពុជា និង​​វិមាន​​​​ឈ្នះ-ឈ្នះ មាន​​ខ្លឹមសារ​​​ដូច​គ្នា

.