អត្ថបទ៖ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / 29-12-2020

អ្នកវិភាគ​នយោបាយ​អះអាង​ថា អ្នកនយោបាយ​ដែល​មាន​បំណង​ចូលរួម​កម្ចាត់​ព្រះមហាក្សត្រ​​ ចេញ​ពី​ព្រះរាជ​បល្ល័ង្គ​ គឺ​ស្មើ​នឹង​ជួយ​​ឲ្យ​​លោក ហ៊ុន សែន អាច​​ក្តាប់​​អំណាច​​បាន​​កាន់​​តែ​​ណែន​​មួយ​​កម្រឹត​​ថែម​​ទៀត ប្រៀប​​ដូច​​រំលាយ​​ច្បាប់ ២​ភាគ​៣ (២/៣) បង្កើត​ច្បាប់ ៥០% បូក១ (៥០%+១) ដូច្នេះ​ដែរ។

អ្នកវិភាគ​នយោបាយ និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​ទំព័រ​​ហ្វេស​ប៊ុក ដោយ​រិះ​គន់​ថា អ្នក​ដែល​ទិតៀន​ដើម្បី​ឲ្យ​ព្រះមហាក្សត្រ​​លា​លែង​ពី​រាជ​បល្ល័ង្គ គឺ​ស្មើ​នឹង​មាន​បំណង​ជួយ​​​ឲ្យ​​លោក ហ៊ុន សែន ឡើង​​ធ្វើ​​ជា​​ស្ដេច​​ទៅ​​ថ្ងៃ​​អនាគត ទោះ​​មិន​​មែន​​ជួយ​​លោក ហ៊ុន សែន ក្លាយ​​ជា​ស្ដេច​រាជបល្ល័ង្ក​រាជា​និយម ក៏​ជា​ស្ដេច​ក្នុង​របប​សាធារណរដ្ឋ​ដែរ។ លោក​បន្ត​ថា ក្រឡា​អុក​បែប​នេះ លោក ហ៊ុន សែន ដេក​​ស្រមៃ​ចង់​បាន​ទាំង​យប់​ទាំង​ថ្ងៃ ព្រោះ​ជា​ក្តី​បា្រថ្នា​ចុង​ក្រោយ​របស់​គាត់ ដូច​ដែល​គាត់​ធ្លាប់​ស្រមៃ កាន់​កាប់​អំណាច​រដ្ឋាភិបាល​ទាំង​មូល ហើយ​ក៏​បាន​កែ​ប្រែ​រូបមន្ត​ពី ២ភាគ៣ (២/៣) មក​ជា ៥០%+១ កាល​ពី​ឆ្នាំ​២០០៦ ដែល​អាច​ឲ្យ​លោក ហ៊ុន សែន ក្ដោប​ក្តាប់​អំណាច​រដ្ឋ​គ្រប់​ស្ថាប័ន​ទាំង​អស់​បាន ១០០% នោះ។

លោក គឹម សុខ បញ្ជាក់​ថា នៅ​ពេល​កម្ពុជា​មាន​ប្រជា​ធិបតេយ្យ និង​នីតិរដ្ឋ​ពេញ​លេញ​ហើយ​នោះ ចំពោះ​ព្រះ​មហា​ក្សត្រ សូម​ប្រគល់​ជូន​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស​ជា​​អ្នក​សម្រេច​ចុះ ប៉ុន្តែ​ប្រសិន​បើ​លោក ហ៊ុន សែន ក្លាយ​ជា​ស្ដេច​វិញ​នោះ កម្ពុជា​ដ៏​តូច​នៅ​ជាប់​របង​បរទេស​អ្នក​ឈ្លាន​ពាន​ ​ដែល​ចិញ្ចឹម​មហិច្ឆតា​គ្រប់​គ្រង​កម្ពុជា តាំង​ពី​យូរ​មក​ហើយ​នោះ នឹង​មិន​អាច​រក្សា​បូរណភាព​ទឹក​ដី​របស់​ខ្លួន​បាន​ទៀត​នោះ​ទេ។

ការអះអាង​នេះ​ធ្វើ បន្ទាប់​ពី​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​និយាយ​ប៉ះពាល់​ដល់​កិតិ្តយ​សអង្គ​ព្រះមហា​ក្សត្រ​យ៉ាង​ធ្ងន់​ធ្ងរថា ជា​ស្តេច​ទីង​មោង ដែល​ចាញ់​បោក​លោក ហ៊ុន សែន ហើយ​បាន​ជំរុញ​ឲ្យ​ព្រះអង្គ ដាក់​រាជ្យ​ថែម​ទៀត​ផង។

កាល​ពីថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ព្រះមហាក្សត្រ​សព្វថ្ងៃ ជា​ស្តេច​ទីងមោង តែ​ប៉ុណ្ណោះ ពី​ព្រោះ​ព្រះអង្គ​ធ្វើ​អ្វីៗ តាម​តែ​បញ្ជា​លោក ហ៊ុន សែន ទាំង​អស់។ លើស​ពី​នេះ ទ្រង់​មិន​ដែល​គិត​គូរ​ពី​រឿង​ប្រទេស​ជាតិ​ណា​ម្តង​ឡើយ ហើយ​សម្ងំ​យក​តែ​សុខ​សម្រាប់​តែ​អង្គ​ឯង ដូចជា​សត្វសេក ក្នុង​ទ្រុង​មាស ដែល​លោក ហ៊ុន សែន យក​ថវិកា​ជាតិ​ទៅ​ចិញ្ចឹម តែ​គ្មាន​បាន​ប្រយោជន៍​អ្វី​សោះ​ឡើយ សម្រាប់​ប្រជា​រាស្ត្រ​ខ្មែរ។

លោក សម រង្ស៊ី លើក​ឡើង​ទៀត​ថា បើ​ព្រះមហាក្សត្រ​សព្វថ្ងៃ គ្មាន​អំណាច​ធ្វើ​អ្វី​បាន​ទេ ព្រះអង្គ​គួរ​តែ​យាង​ចុះ​ពី​រាជ​បល្ល័ង្គ​ទៅ ព្រោះ​ថា ព្រះអង្គ​មិន​ត្រូវ​គង់​ជា​មហាក្សត្រ​ទីងមោង ដើម្បី​គ្រាន់​តែ​ប្រថាប់​ត្រា​ឲ្យ ហ៊ុន សែន បំផ្លាញ​ជាតិ និង​ធ្វើ​បាប​រាស្ត្រ​តាម​ចិត្ត​ដូច​សព្វថ្ងៃ​នេះ​ទេ។ លោក​ថា ព្រះអង្គ​មិន​ត្រូវ​ធ្វើ​ឲ្យ​ខូច​ព្រះនាម​ព្រះមហាក្សត្រ ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​នោះ​ឡើយ។

ផ្ទុយ​ពីការលើកឡើង​របស់​លោក សម រង្ស៊ី សម្រាប់​ប្រធាន​គណបក្ស​​សង្រ្គោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃទី​២៨ ខែ​ធ្នូ បាន​ចេញ​សារ​លិខិត​ថ្វាយ​ព្រះពរ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ថា នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២១។ លោក​សូម​សម្ដែង​នូវ​អំណរ​សាទរ ចូល​រួម​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការពរ​ជ័យ​បវរ​សួស្ដី សិរី​វឌ្ឍនា មហា​ប្រសើរ​ និង​សូម​ឲ្យ​ព្រះអង្គ​ គង់​ប្រថាប់​នៅ​ជាម្លប់​ដ៏​ត្រជាក់​ត្រជុំ ដល់​ប្រជា​នុរាស្ត្រ ជា​រៀង​រហូត​តរៀង​ទៅ។

កាលពីថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២០ អ្នកវិភាគ​នយោបាយ​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​បង្ហោះ​សារ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​ថា យើង​ទាំង​អស់​គ្នា មិន​ត្រូវ​ទិតៀន ប្រមាថ​ព្រះ​មហា​ក្សត្រ​ទេ។

ប៉ុន្តែ​ត្រូវ​ជួយ​ទាមទារ​មធ្យោបាយ​ផ្សេងៗ ដើម្បី​​ឲ្យ​​ព្រះអង្គ​​អាច​​បំពេញ​​ព្រះរាជកិច្ច​​ជូន​​ជាតិ​​ឲ្យបាន​ពេញ​លេញ ដូច​ដែល​មាន​ចែង​​ក្នុង​​រដ្ឋធម្មនុញ្​ញវិញ នោះ​ទើប​ជា​ការ​ប្រសើរ។

ចំណែកលោក អ៊ូ ច័ន្ទរ័ត្ន តំណាង​រាស្រ្ត​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃនេះ​ថា ក្នុង​កាលៈ​ទេសៈ​នយោបាយ​កម្ពុជា កំពុង​ជួប​វិបត្តិ​បែប​នេះ អ្នក​នយោបាយ​គ្រប់ ភាគី​ទាំង​អស់ ត្រូវ​សហការ​គ្នា​រក​ដោះ​ស្រាយ​​​ជូន​ជាតិ និង​ប្រជាជន​វិញ ទើប​ជា​ការ​ល្អ។ លោកថា បើ​នាំ​គ្នា​ទិតៀន និង​រិះគន់​គ្នា​​ទៅ​​វិញ​​ទៅ​មក​ នោះ​នឹង​នាំ​ឲ្យ​បែក​បាក់​ជាតិ​កាន់​តែ​ខ្លាំង​តែ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត គួរ​នាំ​គ្នា​គោរព​តាម​រដ្ឋធម្មនុញ្ញ ដែល​បា​នចែង​ពី​ការ​ការពារ​ព្រះមហាក្សត្រ​ដែល​មិន​​អនុញ្ញាត​ ឲ្យ​បុគ្គល​ណា ស្ថាប័ន​មួយ​ណា រំលោភ​បំពាន​ព្រះអង្គ​ឡើយ។

ក្រុមបញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ប្រទេស និង​ក្រុម​អ្នកឃ្លាំ​មើល​សង្គម ចោទ​សួរ​ថា តើ​ការ​ទាមទារ​ឱ្យ​ព្រះមហាក្សត្រ​ ចុះ​ចេញ​ពី​រាជ​បល្ល័ង្ក​ របស់​លោក សម រង្ស៊ី ជា​ការ​សម្បទាន​នយោបាយ​ជូន​លោក ហ៊ុន សែន សម្រាប់​ឆ្នាំ​ថ្មី ២០២១ នេះ ដើម្បី​ទទួល​បាន​ឱកាស​សម្រាប់​ខ្លួន​ឯង អាច​វិល​ត្រទ្បប់​ចូល​ឆាក​នយោបាយ​កម្ពុជា​វិញ ឬ​យ៉ាង​ណា?

.

.