អត្ថបទសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / 05th-2-2021

អ្នកវិភាគនយោបាយ​សង្គម រិះគន់​ថា លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​គេ​ចាត់ទុកថា ជា​អ្នកទោស​ពាន​វាំង ​ព្រោះ​តែ​​បំពាន​ព្រះមហា​ក្សត្រ ហើយ​និង​ជា​អ្នកទោស​ប្រឆាំង​គោលការណ៍​យុត្តិធម៌​អន្តរជាតិ ផង​ដែរ។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ជា​អ្នកវិភាគ​នយោបាយ​សង្គម លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​នេះ​ថា លោក ពិត​ជា​មិន​ចង់​ឃើញ លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ម្នាក់ ត្រូវ​ជាប់​ទោស ព្រោះ​តែ​ការ​បង្កើត​បញ្ហា​មិន​ចេះ​ចប់​នោះ។

លោក គឹម សុខ ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កែ​តម្រូវ​ស្ថានការណ៍​កម្ពុជា​ឡើង​វិញ ដើម្បី​ជួយ​ជ្រោម​ជ្រែង​ជីវភាព​ពលរដ្ឋ និង ផ្សះផ្សា​នយោបាយ​ជាមួយ គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក កឹម សុខា ជា​ប្រធាន ដោយ​មាន​សាក្សី​ពី​ខាង​ សហគមន៍​អន្តរជាតិ តំណាង​អង្គការ​សហ​ប្រជា​ជាតិ (អ.ស.ប.) សហរដ្ឋ​អាមេរិក អឺរ៉ុប ឬ​ប្រទេស​ជប៉ុន ជាដើម។

លោក អះអាង​ថា ដោយសារ​ការ​មានៈ​រឹងរូស​របស់​លោក ហ៊ុន សែន កម្ពុជា​ត្រូវ​សហភាព​អឺរ៉ុប ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ២០​​ភាគរយ (២០%) និង GSP របស់​អាមេរិក នៅ​មិន​ទាន់​ភ្ជាប់​ឱ្យ​កម្ពុជា​ឡើង​វិញ​នោះ។ ជាង​នេះ​ទៅ​ទៀត បញ្ហា​ជនអន្តោ​ប្រវេសន៍​​វៀតណាម​ខុស​ច្បាប់ ចូល​មក​រស់នៅ​កម្ពុជា កាន់​តែ​កើន​ឡើងៗ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ចំណែក បញ្ហា​ព្រំដែន​ដែល​ជា​សន្ដិសុខ​ជាតិ កាន់​តែ​ខ្សោយ​ទៅៗ​ថែម​ទៀត។

អនុប្រធាន​ចលនា​និស្សិត​រូប​នេះ ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា បន្ទន់​ឥរិយាបថ ដោះស្រាយ​វិបត្តិ​ជាតិ ​ដើម្បី​សង្គ្រោះ​កម្ពុជា​ ពី​ការ​ឈ្លាន​ពាន​របស់​បរទេស និង​ស្តារ​ជីវភាព​ពលរដ្ឋ​ខ្មែរ។ លោក​ថា ប្រទេស​ដែល​ពលរដ្ឋ​មាន​ជីវភាព​ល្អ ទើប​អាច​ការពារ​ជាតិ​រឹង​មាំ ហើយ​ជាតិ​មួយ​ដែល​មាន​ការ​អភិវឌ្ឍន៍ និង​សេដ្ឋកិច្ច​រីក​ចម្រើន នោះ​ទើប​គេ​ហៅ​ថា សន្តិភាព​ពិត​ប្រាកដ។

កាល​ពីឆ្នាំ​២០០៥ សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​​លោក ហ៊ុន សែន បាន​នាំ​គ្នា​រំលោភ​​រដ្ឋ​ធម្មនុញ្ញ​​​​កម្ពុជា និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១ ដោយ​បាន​អនុម័ត​យល់​ព្រម​លើ​ សន្ធិសញ្ញា​បំពេញ​បន្ថែម​ ឆ្នាំ​២០០៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ ឆ្នាំ​២០១៩ ព្រមទាំង​កិច្ច​ព្រមព្រៀង​ខុសច្បាប់ ជា​ច្រើន​ទៀត ដូចជា សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ ឆ្នាំ​១៩៨៥ ជា​ដើម ដើម្បី​​បើក​​ផ្លូវ​​ឲ្យ​​វៀតណាម រំលោភ​បំពាន​​លើ​អធិបតេយ្យភាព​កម្ពុជា​ ​ដោយ​ស្រប​ច្បាប់​​ដល់​​សព្វ​ថ្ងៃ។

បញ្ហានេះ លោក ហ៊ុន សែន បាន​គម្រាម​ព្រះមហាក្សត្រ​ថា បើ​ព្រះអង្គ​មិន​ព្រម​ចុះហត្ថលេខា​យល់​ព្រម​ លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម ​ឆ្នាំ​​២០០៥ ដើម្បី​ឲ្យ​រដ្ឋាភិបាល​របស់​លោក អាច​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ ជាមួយ​ប្រទេស​វៀត​ណាម​ ទេ​នោះ លោក​នឹង​រំលាយ​របប​រាជានិយម ទៅ​ជា​​របប​​​សាធារណរដ្ឋ វិញ​មិន​ខាន។

យ៉ាងណាក៏ដោយ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ កន្លង​ទៅ បាន​អួត​ថា គ្មាន​អ្នកណា​អាច​មក​ផ្តួលរំលំ​លោក​បាន​ឡើយ។ ដូច្នេះ លោក​នឹង​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ រហូត​ដល់​ឆ្នាំ ២០៣០ ដែល​នៅ​ពេល​នោះ​អាយុ​របស់​លោក គឺ ៧៨​ឆ្នាំ​គត់។ លោក​បញ្ជាក់​ថា លើ​លោក​នេះ គ្មាន​នរណា​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​នោះ​ទេ។

លោក ហ៊ុន សែន បាន​ទទួល​តំណែង​ជា​នាយក​រដ្ឋមន្ត្រី តាំង​ពីឆ្នាំ​ ១៩៨៥ ដោយ​វៀតណាម​ជា​អ្នក​លើក​បន្តុប ហើយ​បន្ត​តំណែង​​នេះ​រហូត​មក បើ​ទោះ​បីជា​អាណត្តិ​ខ្លះ​នៃ​ការបោះឆ្នោត លោក​ចាញ់​ឆ្នោត​ក្តី ក៏​លោក​នៅ​តែ​បន្ត​រក្សា​តំណែង​នេះ​បាន​ដែរ។

កាល​ពីខែតុលា ឆ្នាំ២០២០ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​របាយការណ៍​ដោយ​អះអាង​ថា ប្រទេស​កម្ពុជា​​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ក្លាយ​ជា​របប​ផ្ដាច់ការ​ឯក​បក្ស។ ការ​ក្តោប​ក្តាប់​អំណាច​ពេញ​ដៃ និង​យូរ​អង្វែង​របស់​លោក ហ៊ុន សែន ដោយសារ​តែ​ឧត្ដម​សេនីយ៍​បាត​ដៃ​កខ្វក់​ចំនួន ១២ រូប ដែល​ចូល​រួម​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ។ ក្រុម​នេះ​អះអាង​ថា លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ​បន្ត​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​គាំទ្រ​ដោយ​ឥត​ងាករេ ពី​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​កងទ័ព កង​រាជអាវុធ​ហត្ថ និង​នគរបាល ដើម្បី​កម្ចាត់​ក្រុម​អ្នក​នយោបាយ​ជំទាស់ និង​រំលាយ​គណ​បក្ស​ប្រឆាំង​ធំ​ជាង​គេ យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​​បន្ទាប់​​មក​​រៀបចំ​​ការ​​បោះ​​ឆ្នោត​​បែប​បង្គ្រប់​កិច្ច កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨ ដោយ​ទទួល​បាន​អាសនៈ​ទាំង​អស់ ក្នុង​រដ្ឋសភា ​ដោយ​លោក​មិន​ខ្វះ​នឹង​ការ​រិះ​គន់​ជុំទិស​នោះ​ឡើយ៕

.