អ្នកវិភាគ​​នយោបាយ​​លើក​ឡើង​​ថា លិខិត​​របស់​​ក្រុម​​មេធាវី​​លោក កឹម សុខា ដែល​​ហាម​​មិន​​ឱ្យ​​អ្នក​​នយោបាយ​​យក​​ឈ្មោះ​​លោក កឹម សុខា ទៅ​​ពាក់​ព័ន្ធ​​នឹង​​ការ​​បង្កើត​​គណបក្ស​ថ្មី​​នោះ គឺ​​ជា​​ការ​​បញ្ជាក់​​ថា លោក កឹម សុខា នៅ​​តែ​​មាន​​​ឆន្ទៈ​​រឹង​មាំ​​ដដែល ​ក្នុង​​នាម​​ជា​​ប្រធាន​​គណបក្ស​​សង្រ្គោះ​​ជាតិ។

អ្នកវិភាគ​ និង​​អ្នក​​ឃ្លាំ​មើល​​មួយ​​ចំនួន​​ជឿ​​ថា មេ​បក្ស​​ប្រឆាំង​​លោក កឹម សុខា នៅ​​មិន​​ទាន់​មាន​​ឆន្ទៈ​​បោះបង់​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ចោល ហើយ​​ទៅ​​បង្កើត​​បក្ស​​ថ្មី តាម​​ការ​​ចង់​បាន​​របស់​​គណបក្ស​​កាន់​​អំណាច​​ឡើយ​​ទេ។

ការ​លើក​ឡើង​​នេះ ធ្វើ​​ឡើង​​បន្ទាប់​​ពី​​ក្រុម​​មេធាវី​​ការពារ​​ក្តី​​ឲ្យ​​លោក កឹម សុខា បាន​​ចេញ​​លិខិត​​កម្រ​​មួយ ​​បំភ្លឺ​​ទៅ​​សាធារណជន​​​ថា បុគ្គល ឬ​​ក្រុម​ណា ដែល​​មាន​បំណង​​បង្កើត ឬ​​កំពុង​​បង្កើត ឬ​​បាន​​បង្កើត​​គណបក្ស​​នយោបាយ ឬ​​ចលនា​​នយោបាយ​​ណា​​មួយ​ សូម​​កុំ​​យក​​ករណី ឬ​​ឈ្មោះ​​លោក កឹម សុខា ទៅ​​ភ្ជាប់​​ពាក់​ព័ន្ធ​​ជាមួយ។ សេចក្ដី​​ថ្លែង​ការណ៍ ចុះ​​កាល​​ពី​ថ្ងៃ​​ទី​៧ កុម្ភៈ​​ប្រាប់​​ទៅ​​បុគ្គល​ ​ឬ​​ក្រុម​​ទាំង​​នោះ​​ឱ្យ​​មាន​​សេចក្ដី​​ក្លាហាន និង​​ទទួល​ខុស​ត្រូវ​​ដោយ​​ខ្លួន​​ឯង។

សហ​មេធាវី​​របស់​​លោក កឹម សុខា ម្នាក់​​លោក ផែង ហេង សរសេរ​​លើ​​ហ្វេសប៊ុក (Facebook) លោក​​ថា ក្រុម​មេធាវី​​ចេញ​​សេចក្ដី​​ថ្លែង​​នេះ គឺ​​ដើម្បី​​ជា​​ប្រយោជន៍​​កូន​​ក្ដី។

ស្រដៀង​​គ្នា​​នេះ​​ដែរ អ្នក​ជំនាញ​​ខាង​​វិទ្យាសាស្រ្ត​​នយោបាយ លោក ឯម សុវណ្ណរ៉ា យល់​​ថា លិខិត​​មេធាវី​​លោក កឹម សុខា ជា​​ការ​​ប្រាប់​​ទៅ​​តុលាការ​​ថា លោក កឹម សុខា មិន​​ជាប់​​ពាក់​ព័ន្ធ​​នឹង​​ការ​​បង្កើត​​បក្ស​​ដែល​​ជា​​បម្រាម​​របស់​​តុលាការ​​នោះ​​ទេ។ លោក​លើក​​ឡើង​​ទៀត​​ថា នេះ​​ក៏​​ជា​​សារ​​ប្រាប់​​ទៅ​​អ្នក​​គាំទ្រ​​របស់​​ខ្លួន​​ថា លោក​​នៅ​​តែ​​មាន​​ជំហរ​​រឹង​មាំ​​ជាមួយ​​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ដដែល​៖ «ការ​បង្ហាញ​លោក កឹម សុខា អាច​​បញ្ជាក់​​ទិដ្ឋភាព​​មួយ ​​លោក កឹម សុខា នៅ​​មាន​​ឆន្ទៈ​​រក្សា​​ទឹក​ចិត្ត​​ប្រជា​រាស្រ្ត​​ដដែល​​ទេ»

អ្នកជំនាញ​​ខាង​​វិទ្យា​សា​ស្រ្ត​​នយោបាយ​​រូប​​នេះ លើក​​ឡើង​​ទៀត​​ថា នេះ​​ក៏​​ជា​​យុទ្ធសាស្រ្ត​​មួយ​​រក្សា​​មន្រ្តី​​របស់​​លោក កឹម សុខា មិន​​ឱ្យ​​ចាក​ចេញ​​ទៅ​​បង្កើត​​បក្ស​​ថ្មី។

ចំណែក​​អ្នក​​វិភាគ​​នយោបាយ​​លោក គឹម សុខ វិញ លោក​​យល់​​ថា ក្នុង​​ដំណាក់​កាល​​នេះ បើ​​លោក កឹម សុខា បង្ហាញ​​ជំហរ​​គាំទ្រ​​ការ​​បង្កើត​​បក្ស​​ថ្មី​​ក៏​​ខុស​ មិន​​គាំទ្រ​​ក៏​​ខុស។ ដូច្នេះ លោក​​មាន​​តែ​​មាន​​បង្ហាញ​​ជំហរ​​កណ្ដាល​​មួយ គឺ​​នៅ​​ស្ងៀម​ស្ងាត់​​បែប​​នេះ​៖ «និយាយ​​ថា មិន​​គាំទ្រ​​មិន​​ឱ្យ​​បង្កើត​​បក្ស​​នយោបាយ​​ណា​​មួយ​​ក៏​​ខុស ពីព្រោះ​​គាត់​​អត់​​បាន​​ធ្វើ​អ្វី​​ផង​​ ប៉ុន្តែ​​បិទ​​សិទ្ធិ​​មិន​​ឱ្យ​​គេ ​ចំណែក​​​ឯ​​ បើ​​គាត់ (លោក កឹម សុខា) ប្រកាស​​គាត់​​គាំទ្រ​​ឱ្យ​​បក្ស​​នយោបាយ​​គាំទ្រ​​សកម្មជន​​នយោបាយ​ណា​មួយ​​ទៀត ក៏​​​គាត់​​ខុស ព្រោះ​​តាម​​ផ្លូវ​ច្បាប់​​គេ​​ហាម​​ទៅ​​ហើយ»

រីឯ​​ប្រធាន​​ក្រុមប្រឹក្សា​​ឃ្លាំ​មើល​​កម្ពុជា ​នៅ​​ប្រទេស​​ណ័រវ៉េ {Norway} លោក ម៉ែន ណាត លោក​​និយាយ​​ថា លិខិត​​របស់​​លោក កឹម សុខា អាច​​ជា​​ការ​​ទប់​​ស្កាត់​​មិន​​ឱ្យ​​កម្លាំង​​របស់​​លោក​​បែក​បាក់​​ទៅ​​បង្កើត​​បក្ស​​ថ្មី។ លោក​​រម្លឹក​​​ថា ការ​ចរចា​​នយោបាយ​​កន្លង​​មក​​លោក ហ៊ុន សែន តែង​​ទាមទា​រ​ឱ្យ​​លោក កឹម សុខា បង្កើត​​បក្ស​​ថ្មី ប៉ុន្តែ​​លោក កឹម សុខា នៅ​​រក្សា​​ជំហរ​​ទាមទារ​​យក​​ឈ្មោះ​​គណបក្ស​​សង្រ្គោះ​​ជាតិ​​ដដែល។

លោក ម៉ែន ណាត ជំរុញ​​ទៅ​​លោក កឹម សុខា គួរ​​ធ្វើ​​សកម្មភាព​​នយោបាយ​​ការ​​ទូត​​បន្ថែម​ ​និង​​ព្យាយាម​​សរសេរ​​លិខិត​ផ្លូវការ​​​ទៅ​លោក ហ៊ុន សែន ទាមទារ​​ឱ្យ​​មាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​ ចូល​​រួម​​ការ​​បោះ​​ឆ្នោត​ ឆ្នាំ​២០២២ និង​​ឆ្នាំ​២០២៣​៖ «ជា​​សេចក្ដី​​អំពាវ​នាវ​​ទេ លោក កឹម សុខា គួរ​​មាន​​ជំហរ​​ច្បាស់​លាស់​​ក្នុង​​ផ្លូវ​​នយោបាយ​​ថា គាត់​​ទៅ​​មុខ​​ទៀត ឬ​​គាត់​​នៅ​​ដដែល។ បើ​សិន​​ជា​​គាត់​​ទៅ​​មុខ​​ទៀត គាត់​​ត្រូវ​​តែ​​ជំរុញ​​ការ​​ធ្វើ​នយោបាយ​​ការ​ទូត​ ជាមួយ​​អ្នក​​ការ​​ទូត​​អន្តរជាតិ ហើយ​​គាត់​​ខ្លួន​​ឯង ត្រូវ​​បើក​​ផ្លូវ​​ជជែក​​ជាមួយ​​លោក ហ៊ុន សែន ដើម្បី​​ផល​​ប្រយោជន៍​​ជាតិ»

ប្រធាន​​គណបក្ស​​សង្រ្គោះ​ជាតិ លោក កឹម សុខា ដែល​​ត្រូវ​​តុលា​ការ​​ចោទ​​ប្រកាន់​​ពី​​បទ​ក្បត់​​ជាតិ កាល​​ពី​​ឆ្នាំ ២០១៧។ ប៉ុន្តែ​​មក​​ដល់​​ពេល​​នេះ តុលាការ​ ​មិន​​ទាន់​​បញ្ចា​ប់​​ការ​​ជំនុំ​​ជម្រះ​​ក្ដី​​លោក ​នៅ​​ឡើយ​​ទេ ទោះ​​មាន​​ការ​​ស្នើ​សុំ​​ពី​​​ក្រុម​​មេធាវី​​របស់​​លោក កឹម សុខា ជា​​ច្រើន​​ដង​​ហើយ​​ក្ដី។ នៅ​​ពេល​​លោក កឹម សុខា កំពុង​​ជាប់​​ក្ដី​ក្ដាំ​​នៅ​​តុលាការ​​បែប​​នេះ អតីត​​មន្រ្តី​​គណបក្ស​​សង្គ្រោះ​​ជាតិ​​មួយ​​ចំនួន ដែល​​ជាប់​​ប​ម្រាម​​នយោបាយ ​បាន​​សុំ​​សិទ្ធិ​​បង្កើត​​បក្ស​​ថ្មី អ្នក​​ទាំង​​នោះ​​ភាគ​​ច្រើន បាន​​ត្រឹម​​តែ​​លើក​​ពី​​ករណី​​លោក កឹម សុខា និង​​អវត្តមាន​​គណបក្ស​​ស​ង្រ្គោះ​​ជាតិ​ ក្នុង​​ឆាក​​នយោបាយ។

គិត​​ត្រឹម​​ចុង​​ឆ្នាំ​​​ ២០២០ មាន​​មន្ត្រី​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ចំនួន ១៤​ នាក់ បាន​​សុំ​​សិទ្ធិ​​ធ្វើ​​នយោបាយ​​ឡើង​​វិញ ក្នុង​​ចំណោម​​អ្នក​​នយោបាយ ១១៨ នាក់ ដែល​​ជាប់​​បម្រាម។

ក្រុម​អ្នក​វិភាគ​​លើក​​ឡើង​​ថា លិខិត​​របស់​​លោក កឹម សុខា ពេល​​នេះ​​ធ្វើ​​ឱ្យ​​អតីត​​មន្ត្រី​​គណបក្ស​​សង្គ្រោះ​​ជាតិ ដែល​​បាន​​បង្កើត​​បក្ស​​ថ្មី ឬ​​គ្រោង​​បក្ស​​ថ្មី​ នឹង​​ពិបាក​​រក​​សំឡេង​​គាំទ្រ​​ពី​​ពលរដ្ឋ៕

.