The Cambodia Daily / 13-9-2021
បញ្ញវន្តខ្មែរនៅឯនាយសមុទ្រ ប្រតិកម្មថា មេដាយសន្តិភាពរបស់លោក ហ៊ុន សែន ដែលទើបទទួលបានកាលពីពេលថ្មីៗនេះ គឺជាវិធីនៃការធ្វើប្រជាភិថុតិពលរដ្ឋខ្មែរតែប៉ុណ្ណោះ ត្បិតមេដាយនេះ ហាក់មិនបង្ហាញពីប្រទេសសាមី ដែលផ្តល់ជូនច្បាស់លាស់នោះទេ ស្របពេលប្រទេសលោកសេរីកំពុងបង្កើនទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ ខែកញ្ញា ថា មេដាយរបស់លោក ហ៊ុន សែន នេះ គឺជាការផ្តល់ឲ្យពីក្រុមមេដឹកនាំប្រទេស ដែលលក្ខណៈផ្ដាច់ការដូចគ្នា ឬក្រុមមេដឹកនាំប្រទេសប្លុកកុម្មុយនីស្ត ដែលចូលចិត្តទាក់ទាញមេដឹកនាំផ្ដាច់ការប៉ុណ្ណោះ។
លោកអះអាងថា មេដឹកនាំប្រទេសលោកសេរី ដែលស្រឡាញ់លើកតម្កើងប្រជាធិបតេយ្យ មិនអាចផ្តល់មេដាយសន្តិភាព ដល់មេដឹកនាំកម្ពុជាកើតទេ ព្រោះថាការបិទសិទ្ធិសេរីភាព និងការចាប់សកម្មជននានា ក្រោមការបង្គាប់បញ្ជារបស់លោក ហ៊ុន សែន នៅកម្ពុជាបច្ចុប្បន្ន មិនត្រឹមតែមិនគួរទទួលបានមេដាយសន្តិភាពនេះទេ តែផ្ទុយទៅវិញ គួរតែទទួលបានការដាក់ទណ្ឌកម្មទៅវិញ ទើបជារឿងត្រឹមត្រូវ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ បញ្ជាក់ថា ពិតជារឿងគួរឲ្យអស់សំណើចណាស់ ដែលមេដាយសន្តិភាព ត្រូវប្រគល់ទៅឲ្យមេដឹកនាំដែលតែងរំលោភរដ្ឋធម្មនុញ្ញ រំលោភកិច្ចព្រមព្រៀងអន្តរជាតិ ឆ្នាំ១៩៩១ ជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស ខណៈសកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្ស ដែលធ្វើការដើម្បីការពារធនធានធម្មជាតិ ត្រូវបានចោទប្រកាន់ថាជាជនល្មើសពីសំណាក់រដ្ឋាភិបាល ដែលកំពុងរំលោភសិទ្ធិមនុស្សទៅវិញ។
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកថា លោកគឺជាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា និងជាមេដឹកនាំគំរូដ៏អស្ចារ្យមួយរូបក្នុងឧបទ្វីបអាស៊ី។
ការលើកឡើងរបស់លោក ហ៊ុន សែន គឺបន្ទាប់ពីលោកទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២១ (World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្ដីពី «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ។
អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ថា ផ្អែកតាមទង្វើរបស់លោក ហ៊ុន សែន កន្លងមក មិនគួរទទួលបានមេដាយសន្តិភាពនេះទេ ប៉ុន្តែលោកស័ក្ដិសមនឹងបានមេដាយឯកខាងល្មោភអំណាច និងជាអ្នកយុទ្ធសាស្ត្រប្លន់អំណាច តាមរយៈរដ្ឋប្រហារអចិន្ត្រៃយ៍ប្រល័យប្រជាធិបតេយ្យនៅកម្ពុជា ដែលជាគំរូអសោចិ៍នៅអាស៊ាន។
អ្នកវិភាគរូបនេះបញ្ជាក់ថា លោក ហ៊ុន សែន បានបង្ហាញទាំងទង្វើ និងសម្ដីយ៉ាងច្បាស់ពីលក្ខណៈរបស់មេដឹកនាំផ្ដាច់ការ និងជាមេដឹកនាំដែលរំលោភសិទ្ធិមនុស្សយ៉ាងព្រៃផ្សៃ ព្រោះថាមេដឹកនាំខ្មែររូបនេះធ្លាប់បានអះអាងពីភាពសាហាវយង់ឃ្នងរបស់លោក កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថា លោកស្ដាយណាស់ ដែលលោកមិនបានសម្លាប់មេដឹកនាំគណបក្សប្រឆាំង។
លោក គឹម សុខ បន្ថែមថា សម្ដីរបស់មេដឹកនាំខ្មែរដែលប្រមាថជីវិតជាតិសាសន៍ខ្លួនឯងបែបនេះ ល្មមគ្រប់គ្រាន់វិនិច្ឆ័យបានថាជាមេដឹកនាំដែលគ្មានគុណធម៌នៅក្នុងចិត្ត ខណៈពលរដ្ឋខ្មែររាប់លាននាក់ត្រូវរងការចាប់ខ្លួន រងការបាញ់សម្លាប់ដោយឃាតកម្មផ្សេងៗ ដែលគេសង្ស័យថាគឺជាឃាតកម្មដែលលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធ និងជាអ្នកបញ្ជាពីក្រោយខ្នងតែម្តង។
ក្រុមអ្នកសង្កេតការណ៍ រិះគន់ថា ក្រោមការដឹកនាំកម្ពុជាជាង ៤០ ឆ្នាំមកនេះ ប្រមុខរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន មិនបានទាន់អាចរកសន្តិភាព ជូនពលរដ្ឋខ្មែរបាននៅឡើយទេ ខណៈសន្តិភាពដែលបក្សកាន់អំណាច តែងប្រកាស «អរគុណសន្តិភាព» កន្លងមក គឺជាសន្តិភាពក្រោមចុងកាំភ្លើងតែប៉ុណ្ណោះ។
ប្រភពដដែលអះអាងថា ដើម្បីគ្រប់គ្រងអំណាចដោយឯកបក្សដូចសព្វថ្ងៃ លោក ហ៊ុន សែន បានរំលោភច្បាប់គ្រប់វិធី ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដណ្តើមសមាជិកសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីឆ្នាំ២០១៧ កន្លងទៅ និងធ្វើរដ្ឋប្រហារដណ្តើមអំណាចពីគណបក្ស ហ៊្វុនស៊ិនប៉ិច កាលពីឆ្នាំ១៩៩៧ ជាដើម។ ចំណែកឯពេលបច្ចុប្បន្ននេះ លោក ហ៊ុន សែន នៅតែបន្តបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សជាហូរហែ ដែលរិះគន់ការដឹកនាំផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិនៃរដ្ឋាភិបាលរបស់លោក។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សមាជិករដ្ឋសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Steve Chabot និងលោក Alan Lowenthal ខាងគណបក្សប្រជាធិបតេយ្យ បានអនុម័តដោយសំឡេងឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ថ្មី ដែលមានចំណងជើងថា «លទ្ធិប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជា» ឬហៅកាត់ថា H.R. ដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ដែលកំពុងរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ក្នុងពេលបច្ចុប្បន្ននេះ៕
.