The Cambodia Daily
07th-5-2022

កម្ពុជា​អះអាង​ថា ខ្លួន​ទទួល​បាន​ឯកសិទ្ធិ​ធ្វើជា​ម្ចាស់​ផ្ទះ ​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​សំខាន់ៗ​ចំនួន​បី ​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ថៃ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ នៅ​ឆ្នាំ​២០២២ នេះ ដើម្បី​ពង្រឹង​តួនាទី​ស្នូល​របស់​អាស៊ាន។

កម្ពុជា ឥណ្ឌូនេស៊ី និង​ថៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ កាលពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២ ថា ខ្លួន​នឹង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ព្រមទាំង​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស G20 និង​កិច្ចប្រជុំ​មេដឹកនាំ​សេដ្ឋកិច្ច APEC នៅ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​រួម​ដែល​នៅ​ចំពោះ​មុខ និង​រក្សា​និរន្តរភាព​ដោយ​ស្មារតី​រួបរួម​រឹងមាំ ក្រោម​បាវចនា «អាស៊ាន​រួម​គ្នា​ធ្វើ ដោះស្រាយ​បញ្ហា​រួម​គ្នា»

ប្រភព​ដដែល​ប្ដេជ្ញា​ពង្រឹង​ភាព​ធន់​របស់​អាស៊ាន​ ក្នុង​ការ​ប្រឈម​ភាព​មិន​ច្បាស់លាស់​ជា​សាកល និង​ដើម្បី​ពង្រឹង​តួនាទី​ស្នូល​របស់​អាស៊ាន​ក្នុង​តំបន់ ដែល​សង្កត់​ធ្ងន់​ទៅលើ​ការ​ចូលរួម​ទំនាក់ទំនង​ក្នុង​ន័យ​ស្ថាបនា ដោយ​ផ្អែក​លើ​គោលការណ៍​នៃ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក និង​ផលប្រយោជន៍​ស្មើ​គ្នា។

ប្រទេស​ទាំង​បី​បញ្ជាក់​ថា ក្នុង​នាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​សំខាន់ៗ​ក្នុង​ឆ្នាំ​នេះ ខ្លួន​នឹង​ប្ដេជ្ញា​ធ្វើការ​ជាមួយ​ដៃគូ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានា​ស្មារតី​កិច្ច​សហប្រតិបត្តិការ ខណៈ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ពង្រឹង​អព្យាក្រឹតភាព ភាព​ជឿជាក់ ព្រមទាំង​កិច្ចប្រឹងប្រែង​នានា​ក្នុង​តំបន់ និង​ពិភពលោក​រួចស្រេច​ទៅ​ហើយ​នោះ។

ការ​អះអាង​នេះ ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រធាន​ នៃ​កិច្ចប្រជុំ​សំខាន់ៗ​ ក្នុង​ឆ្នាំ​២០២២ នេះ ក្នុង​គោលដៅ​ធានា​ឱ្យ​បាន ​នូវ​ភាព​ធន់​នៃ​តួនាទី​ស្នូល​របស់​អាស៊ាន។

កម្ពុជា ឥណ្ឌូនេស៊ី និង​ថៃ បាន​ទទួល​ឯកសិទ្ធិ​ដឹកនាំ​កិច្ចប្រជុំ​សំខាន់ៗ​បី គឺ៖

  • នៅ​ថ្ងៃ​ទី​១១ ដល់​ទី​១៣ ខែ​វិច្ឆិកា ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន
  • នៅ​ថ្ងៃ​ទី​១៥ ដល់​ទី​១៦ ខែ​វិច្ឆិកា ដឹកនាំ​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស G20
  • នៅ​ថ្ងៃ​ទី​១៨ ដល់​ទី​១៩ ខែ​វិច្ឆិកា ដឹកនាំ​កិច្ចប្រជុំ​មេដឹកនាំ​សេដ្ឋកិច្ច APEC ដែល​ត្រូវ​ធ្វើ​ឡើង​ក្នុង​ចុង​ឆ្នាំ​២០២២ ខាងមុខ​នេះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ថា បើ​ផ្អែកលើ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​សព្វថ្ងៃ​នេះ មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ធ្វើជា​ប្រធាន ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ឥណ្ឌូនេស៊ី និង​ប្រទេស​ថៃ នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​កម្ពុជា​ ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​នេះ​ប៉ុណ្ណោះ។

លោក ម៉ែន ណាត អះអាង​ថា ប្រសិនបើ​កម្ពុជា​មិនមែន​ជា​ប្រធាន​​អាស៊ាន​​ទេ សូម្បី​រំឭក​ឈ្មោះ​កម្ពុជា​ ក៏​គេ​មិន​រំឭក​ផង ព្រោះ​ថា​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ថៃ មាន​ជំហរ និង​ទំនាក់ទំនង​ល្អ​ជាមួយ​មហាអំណាច​លោក​សេរី​ទៅ​ហើយ ដោយឡែក​កម្ពុជា​ប៉ុណ្ណោះ ​ដែល​ប្រកាន់​ទំនាក់ទំនង​មិត្ត​ដែកថែប​ ជាមួយ​មហាអំណាច​កុម្មុយ​នីស្ត​​ចិន និង​វាយប្រហារ​ប្រទេស​លោក​សេរី​ទៅវិញ។

លោក​បន្ត​ថា ប្រសិនបើ​កម្ពុជា​ចង់​ឱ្យ​សហគមន៍​អន្តរជាតិ​ ទទួលស្គាល់​ពី​កិត្តិយស​របស់​ខ្លួន​ តាមរយៈ​នៃ​ការ​ដឹកនាំ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ លោក ហ៊ុន សែន ត្រូវតែ​កែប្រែ​របៀប​ដឹកនាំ​របស់​ខ្លួន​ ដោយ​ការ​បញ្ឈប់​នូវ​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម សកម្មជន​នយោបាយ និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ​ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សហរដ្ឋ​អាមេរិក ​នឹង​គាំទ្រ​ឥត​ងាករេ​អំពី​អាស៊ាន​ជា​ស្នូល និង​ជា​បេះដូង​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក៕