The Cambodia Daily
18-11-2022
ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា ការបដិសេធវត្តមានរបស់មេដឹកនាំកម្ពុជា ក្នុងវេទិកាអន្តរជាតិ G20 និង APEC គឺជាសញ្ញានៃការចាប់ផ្តើមច្រានចោលវត្តមានរបស់លោក ហ៊ុន សែន ក្នុងវេទិកាអន្តរជាតិក្រោយៗទៀត។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ វិច្ឆិកា នេះថា ក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពេលថ្មីៗនេះ ខណៈកម្ពុជាជាប្រទេសដែលមានវិបត្តិរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះ លោក ចូ បៃដិន ប្រាកដជានិយាយទៅកាន់លោក ហ៊ុន សែន ដែលអាចនឹងមានខ្លឹមសារស៊ីជម្រៅ ជាងសេចក្តីថ្លែងការណ៍របស់សេតវិមាន កាលពីពេលថ្មីៗនេះទៅទៀត។
លោកបន្ថែមថា ជាពិសេសគឺការជំរុញឱ្យស្ដារលទ្ធិប្រជាធិបតេយ្យ ជុំវិញការដោះលែងលោក កឹម សុខា និងបើកទូលាយការបោះឆ្នោតឆ្នាំ ២០២៣ ខាងមុខ ព្រមទាំងដោះលែងអ្នកទោសនយោបាយ ហើយលោក ចូ បៃដិន ក៏បានបញ្ជាក់ពីជំហររបស់អាមេរិក ចំពោះប្រជាធិបតេយ្យ សម្រាប់ប្រជាជនកម្ពុជា និងជំហរកម្ពុជា ជុំវិញមូលដ្ឋានទ័ពជើងទឹករាមផងដែរ។
លោក គឹម សុខ អះអាងថា នៅថ្ងៃបញ្ចប់កិច្ចប្រជុំអាស៊ាន លោក ហ៊ុន សែន បែរលើកឡើងក្នុងសន្និសីទសារព័ត៌មានរបស់គាត់អំពីជំនួបទ្វេភាគី ជាមួយមេដឹកនាំអាមេរិកថា គ្រាន់តែនិយាយគ្នាអំពីរឿងកូន និងចៅប៉ុណ្ណោះ ដែលទង្វើបែបនេះ គឺបង្ហាញយ៉ាងច្បាស់ពីភាពមិនថ្លៃថ្នូររបស់លោក ហ៊ុន សែន ក្នុងនាមជាមេដឹកនាំប្រទេស និងជាទង្វើគ្មានការទទួលខុសត្រូវចំពោះទំនាក់ទំនងអន្តរជាតិ ជាមួយមេដឹកនាំពិភពលោក ដែលធ្វើឱ្យគេកត់សម្គាល់យ៉ាងច្បាស់ថា លោក ហ៊ុន សែន មិនមែនជាមេដឹកនាំ ដែលអាចឱ្យគេទុកចិត្តអនុញ្ញាតឱ្យចូលរួមប្រជុំ ក្នុងវេទិកាអន្តរជាតិបន្តទៀតបានឡើយ។
ប្រធានវេទិកាពលរដ្ឋ រូបនេះ បញ្ជាក់ថា ចំណែកឯការមិនបញ្ជូនតំណាងរដ្ឋាភិបាលណាម្នាក់ ឱ្យទៅចូលរួមវេទិកាអន្តរជាតិ G20 នៅឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅប្រទេសថៃ នោះ គឺដោយសារតែលោក ហ៊ុន សែន អាចខឹងនឹងមេដឹកនាំទាំងនោះ មិនមែនដោយសារគេមិនបានសរសេរឈ្មោះអ្នកផ្សេង ដាក់លើលិខិតអញ្ជើញនោះឡើយ។
លោក គឹម សុខ គូសបញ្ជាក់ថា ការដែលគេបដិសេធវត្តមានរបស់ខ្លួន ហើយបែរជាមិនបញ្ជូនតំណាងរដ្ឋាភិបាលណាម្នាក់ ឱ្យទៅចូលរួមបែបនេះ គឺជាការបង្ហាញថា រដ្ឋាភិបាលឯកបក្សរបស់គាត់ មិនដឹងពីរបៀបរបប ដែលជាគោលការណ៍អន្តរជាតិ និងជាការបង្ហាញពីទង្វើខ្វះសីលធម៌ ក្នុងការឆ្លើយតបទៅនឹងការអញ្ជើញនោះថែមទៀត។ លើសពីនេះទៅទៀត គឺបង្ហាញថាលោក ហ៊ុន សែន កំពុងយកវេទិកាអន្តរជាតិធ្វើជាមុខមាត់ផ្ទាល់ខ្លួន មិនមែនជាការដឹកនាំកម្ពុជា ដើម្បីរកផលប្រយោជន៍ឱ្យកម្ពុជានោះឡើយ។
បុរសខ្លាំងកម្ពុជា ដែលបាត់បង់សិទ្ធិចូលរួមក្នុងកិច្ចប្រជុំ ជាមួយប្រទេសអ្នកមានទាំង ២០ នោះ លោក ហ៊ុន សែន បានបញ្ចេញខ្សែអាត់សំឡេងប្រវែងជាង ៦នាទី កាលពីយប់ថ្ងៃពុធ ថា កម្ពុជាគ្មានសិទ្ធិតែងតាំងតំណាងរបស់ខ្លួន ឱ្យទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅប្រទេសថៃ នោះទេ ព្រោះកិច្ចប្រជុំទាំងពីរនេះ គេអញ្ជើញប្រធានអាស៊ាន ដោយចុចចំឈ្មោះ ហ៊ុន សែន ផ្ទាល់តែម្តង មិនមែនអញ្ជើញកម្ពុជានោះទេ។
មេដឹកនាំខ្មែរដែលបរាជ័យ ក្នុងការដឹកនាំអាស៊ាន ៣ អាណត្តិជាប់ៗគ្នា លោក ហ៊ុន សែន បានឆ្លើយទៅនឹងសំណួរ ដែលលើកឡើងថា ហេតុអ្វីកម្ពុជាមិនព្រមទុកឱ្យមន្ត្រីជាន់ខ្ពស់របស់ខ្លួន នៅជាតំណាងក្នុងកិច្ចប្រជុំទាំងពីរនេះ គឺដោយសារកម្ពុជាមិនមែនជាសមាជិកកិច្ចប្រជុំ G20 ដូច្នេះកម្ពុជាមិនអាចចូលរួមកិច្ចប្រជុំនេះ ក្រៅពីរូបលោកបានឡើយ។
លោក ហ៊ុន សែន អះអាងថា សម្រាប់កិច្ចសន្ទនាក្រៅផ្លូវការ APEC នៅប្រទេសថៃ ក៏ដូចគ្នាដែរ គឺនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានអញ្ជើញរូបលោកដែលជាប្រធានអាស៊ាន ដោយផ្ទាល់ ដូច្នេះលោកមិនអាចចាត់តំណាងណាមួយទៅជំនួស នៅពេលដែលខ្លួនលោកត្រូវអវត្តមាន ក្នុងកិច្ចប្រជុំនោះបានឡើយ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានដឹកនាំមន្ត្រីជាន់ខ្ពស់របស់ខ្លួន ទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំជាមួយប្រទេស ដែលលូតលាស់ខាងសេដ្ឋកិច្ច G20 នៅកោះបាលី នៅថ្ងៃទី១៥ និងទី១៦ វិច្ឆិកា និងបន្តទៅចូលរួមកិច្ចប្រជុំ APEC នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៧ និងទី១៨ ថែមទៀត ប៉ុន្តែក្រោយពីទៅដល់ប្រទេសឥណ្ឌូនេស៊ី លោក ហ៊ុន សែន បានប្រកាសលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ថា លោកនឹងមិនបានចូលរួមកិច្ចប្រជុំទាំងពីរខាងលើទេ ដោយសារតែលោក ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩៕
.