The Cambodia Daily
31-5-2024
ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) ចាត់ទុកប្រទេសកម្ពុជាជាមិត្តដែកថែប ស្មោះត្រង់ ដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ក្នុងការជួយគ្នាទៅវិញទៅមក ដែលគួរឱ្យទុកចិត្តបាន។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក វ៉ាង វិនធាន បានលើកឡើងថា កម្ពុជាគឺជាប្រទេសអាទិភាព និងមិត្តដែកថែបរបស់ប្រទេសចិន ដែលអាចទុកចិត្តបាន។
ប្រភពដដែលលើកឡើងថា ឯកអគ្គរដ្ឋទូតចិនរូបនេះបញ្ជាក់ប្រាប់លោក ហ៊ុន ម៉ាណែត ថា ចិននៅបន្តគាំទ្ររដ្ឋាភិបាលកម្ពុជាតទៅទៀត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យរីកចម្រើនជាងពេលបច្ចុប្បន្ននេះ បន្ទាប់ពីសមិទ្ធផលធំៗរវាងកម្ពុជា-ចិន បានលេចចេញជារូបរាងជាបន្តបន្ទាប់កន្លងមក ដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោ, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ជាដើម។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បញ្ជាក់ថា លោក វ៉ាង វិនធាន បានបង្ហាញនូវការពេញចិត្តពេញថ្លើមចំពោះរដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំង ដែលបានចូលរួមចំណែកពង្រីង និងពង្រីកទំនាក់ទំនង រួមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងបេសកកម្មរបស់លោក ក្នុងនាមជាឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជាកន្លងមកនេះ។
ការអះអាងរបស់លោក ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិន នៅពេលនេះ ធ្វើឡើងស្របពេលដែលមានការផ្សព្វផ្សាយពីទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) ដែលគ្រោងធ្វើដំណើរមកប្រទេសកម្ពុជានៅដើមខែមិថុនា នេះ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ ឧសភា នេះថា ការប្រកាសទំនាក់ទំនងរវាងកម្ពុជា-ចិន ក្នុងកម្រិតណានោះ មិនមែនជាបញ្ហាទេ ឱ្យតែទំនាក់ទំនងនោះស្របតាមច្បាប់អន្តរជាតិ និងមិនបង្កអសន្តិសុខក្នុងតំបន់ ឬមិនបម្រើផលប្រយោជន៍ឱ្យចិន ដោយការណ៍សម្ងាត់ណាមួយ។
លោក ម៉ែន ណាត លើកឡើងថា ប៉ុន្តែទំនាក់ទំនងកម្ពុជា-ចិន សព្វថ្ងៃនេះ បានបង្កប់នូវការសង្ស័យជាច្រើនសម្រាប់ពិភពលោក ជាពិសេសសម្រាប់ប្រទេសក្នុងតំបន់ ដូច្នេះទោះកម្ពុជា មិនប្រកាសពីទំនាក់ទំនងនេះ ក៏នៅតែធ្វើឱ្យពិភពលោកព្រួយបារម្ភដែរ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះ បញ្ជាក់ថា ចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ដែលគ្រោងនឹងទៅកាន់កម្ពុជានាពេលខាងមុខនេះ ក៏បង្ហាញពីការយកចិត្តទុកដាក់របស់អាមេរិក ជុំវិញបញ្ហាសន្តិសុខនៅក្នុងតំបន់ដែរ ជាពិសេសការព្រួយបារម្ភបំផុត របស់ពិភពលោក គឺតំបន់ជើងទឹករាម របស់កម្ពុជាតែម្តង។
ចាប់តាំងពីឆ្នាំ២០២០ មក ដែលកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនយោបាយជោគវាសនារួមគ្នាជាមួយចិន និងបានប្រកាសយកចិនជាមិត្ត «ដែកថែប» កម្ពុជាបានចុះកិច្ចព្រមព្រៀងនានា ជាមួយចិន ជាបន្តបន្ទាប់ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រហូតឈានដល់ការចុះកិច្ចព្រមព្រៀង លើអនុស្សរណៈនៃការយោគយល់ស្ដីពី «កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកចិន» ថែមទៀត។
ទាក់ទិននឹងបញ្ហានេះ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរ សម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា បានលើកឡើងកាលពីពេលកន្លងទៅថា ការមិនរក្សាអព្យាក្រឹត្យរបស់កម្ពុជា អាចនឹងដើរជាន់ដានអតីតកាលដ៏ជូរចត់របស់ខ្លួន ដែលជាការបង្កវិនាសកម្មលើទឹកដីរបស់ខ្លួនម្តងទៀត។
ជុំវិញទំនាក់ទំនងកម្ពុជា-ចិន សព្វថ្ងៃនេះ ត្រូវគេសង្កេតឃើញថា កម្ពុជាមិនត្រឹមតែពឹងពាក់ចិន លើការខ្ចីបុល និងពឹងចិន ឱ្យជួយអភិវឌ្ឍជំនួសរដ្ឋាភិបាលរបស់ខ្លួនទេ តែថែមទាំងពឹងចិន ឱ្យជួយរក្សាអំណាចគ្រួសារឱ្យលោក ហ៊ុន សែន ថែមទៀត ដូច្នេះកម្ពុជាអាចប្រឈមនឹងវិបត្តិធ្ងន់ធ្ងរទៅថ្ងៃមុខ នៅពេលដែលកម្ពុជា កាន់តែលង់ខ្លួនក្នុងការពឹងចិន បែបនេះ៕
