លោក ធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) និងលោក ហុង លីម អតីតសមាជិកសភាអូស្ត្រាលី ពីរដ្ឋវិតូរៀ (Victoria State) បានហៅជំនួបរវាងលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង ជាមួយលោក ហ៊ុន សែន មេដឹកនាំកម្ពុជាថា «ជារបត់ថ្មីមួយ និងជាសញ្ញាវិជ្ជមាន ដែលអាចនាំឲ្យមានដំណោះស្រាយបញ្ហានយោបាយកម្ពុជា»។ នេះជាការផ្តល់យោបល់របស់វាគ្មិនទាំងពីរ ទៅកាន់លោក តាំង សារ៉ាដា អ្នកសម្របសម្រួលកម្មវិធីពិភាក្សានៃសារព័ត៌មាន ឌីខេមបូឌា ដេលី (The Cambodia Daily) ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។
លោក ធន សារ៉ាយ បានលើកឡើងថា ផលវិបាកនៃជំងឺកូរ៉ូណា ឬកូវីដ១៩ វាធ្ងន់ធ្ងរជាងរឿងការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ១០០% របស់អឺរ៉ុបទៅទៀត។ វិបត្តិកូវីដ១៩ នេះ មិនមែនធ្ងន់ធ្ងរតែនៅប្រទេសយើងប៉ុណ្ណោះទេ ប្រទេសដែលដាក់សម្ពាធរឿង EBA ហ្នឹងក៏ធ្ងន់ធ្ងរដែរ។ ប្រទេសដែលរងផលប៉ះពាល់វិបត្តិកូវីដ១៩នោះ គេត្រូវគិតគូរពីការដោះស្រាយបញ្ហាសេដ្ឋកិច្ច សង្គម និងបញ្ហាផ្សេងៗរបស់ប្រទេសគេដែរ។
លោក ធន សារ៉ាយ ផ្តល់យោបល់ថា «ប្រទេសយើង ដែលមិនមែនជាប្រទេសអ្នកមាន យើងត្រូវគិតគូរឡើងវិញ អំពីបញ្ហានយោបាយ និងយុទ្ធសាស្ត្រ សម្រាប់ទាក់ទាញវិស័យវិនិយោគ ក៏ដូចជាទាក់ទាញការគាំទ្រពីសហគមន៍អន្តរជាតិនានា ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងសង្គមរបស់យើង ក្នុងផែនការរយៈ ៦ខែ ទៅមួយឆ្នាំ ឬ ២ឆ្នាំខាងមុខ»។ លោកបន្ថែមថា «អ្នកនយោបាយ គួរតែគិតគូរពីផលប្រយោជន៍ជាតិជាសំខាន់។ ឥឡូវនេះ សហគមន៍អឺរ៉ុប គេគាំទ្រហើយ {ជំនួបរវាងលោក កឹម សុខា និងលោក ហ៊ុន សែន} ហើយប្រទេសឯទៀតៗ ក៏គាំទ្រដែរ»។ លោក សារ៉ាយ បន្តថា «គេឃើញយើងត្រូវរ៉ូវគ្នា គេនឹងជួយ។ អង្គការសង្គមយើងខ្ញុំ អាចនឹងជួយឡុបប៊ី សម្របសម្រួល សូម្បីរឿង EBA ក្តី»។
ចំណែកលោក ហុង លីម ផ្តល់យោបល់ថា «ខ្ញុំសង្ឃឹមថានឹងមានបរិយាកាសល្អថ្មី នៅស្រុកយើង។ ការដែលជួបគ្នារវាងលោក ហ៊ុន សែន និងលោក កឹម សុខា មានបរិយាកាសល្អ គួរកុំឲ្យកន្លងផុតទៅ ជាពិសេសលោក ហ៊ុន សែន គួរបង្ហាញឲ្យពិភពលោកមើលឃើញថា គាតជាអ្នកដឹកនាំប្រសើរ។ អ្វ៊ីដែលអាចធ្វើបានគួរតែធ្វើ ដើម្បីផលប្រយោជន៍ទាំងអស់គ្នា {ដល់ពលរដ្ឋខ្មែរ}»។
លោក ហុង លីម បានសង្កត់ធ្ងន់ថា «មិនមែនដើម្បីតែផលប្រយោជន៍គ្រួសារ ឬផលប្រយោជន៍គណបក្សកាន់អំណាចទេ គឺ{លោក ហ៊ុន សែន}ត្រូវធ្វើដើម្បីផលប្រយោជន៍ខ្មែរទាំងអស់គ្នា»។
ដោយឡែកនៅរសៀលថ្ងៃទី ១២ ខែឧសភានេះ លោក កឹម សុខា បានទទួលជួបលោកស្រី Eva Nguyen ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា នៅគេហដ្ឋានរបស់លោក ក្នុងក្រុងភ្នំពេញ។ លោកស្រី បានសាទរចំពោះជំនួបរវាងលោក ហ៊ុន សែន និង លោក កឹម សុខា ថាជាជំហានវិជ្ជមានដំបូង កាលពីថ្ងៃទី ០៥ ខែឧសភា។
គួរបញ្ជាក់ថា នៅថ្ងៃទី១១ ឧសភា ឯកអគ្គរដ្ឋទូតអឺរ៉ុប លោកស្រី Carmen Moreno និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Christian Berger ជួបសួរសុខទុក្ខលោក កឹម សុខា នៅគេហដ្ឋានផ្ទាល់ និងបាន«សាទរចំពោះជំនួបរវាងលោក កឹម សុខា និងលោក ហ៊ុន សែន» ក្នុងពិធីបុណ្យសពមហាឧបាសិកា ប៊ុន ស៊ាងលី ជាម្តាយក្មេករបស់លោក ហ៊ុន សែន កាលពីថ្ងៃទី ០៥ ឧសភា កន្លងទៅថ្មីៗនេះ។
ជាមួយគ្នានេះ ក្រុមអ្នកឃ្លាំមើលសង្គម និងពលរដ្ឋខ្មែរ ក៏ចូលរួមសាទរចំពោះជំនួបរវាងលោក ហ៊ុន សែន និងលោក កឹម សុខា ដោយចង់ឃើញមេដឹកនាំនយោបាយកម្ពុជា ផ្សះផ្សាយនយោបាយឡើងវិញ ដើម្បីស្តារស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ហើយនិងស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ ជាមួយការដោះស្រាយវិបត្តិជំងឺកូវីដ១៩៕
(ទត្ថបទដោយ នគរ /១២ ឧសភា ២០២០)
អត្ថបទទាក់ទង
– អគ្គរដ្ឋទូតអឺរ៉ុប និងអាល្លឺម៉ង់ ជួបសួរសុខទុក្ខលោក កឹម សុខា ហើយសាទរថាជំនួបលោក កឹម សុខា និងលោក ហ៊ុន សែន ជារឿងវិជ្ជមាន
– អ្នកឃ្លាំមើល សាទរជំនួបរវាងលោក កឹម សុខា និងលោក ហ៊ុន សែន ថាជាជំហានវិជ្ជមាន.

.