លោក ធន សារ៉ាយ ប្រធាន​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​លោក ហុង លីម អតីតសមាជិក​សភា​អូស្ត្រាលី ពីរដ្ឋ​វិតូរៀ (Victoria State) បាន​ហៅ​ជំនួប​រវាង​លោក កឹម សុខា មេដឹកនាំ​បក្សប្រឆាំង ជាមួយ​លោក ហ៊ុន សែន មេដឹកនាំ​កម្ពុជា​ថា «ជារបត់ថ្មីមួយ និង​ជាសញ្ញា​វិជ្ជមាន ដែល​អាច​នាំ​ឲ្យ​មានដំណោះ​ស្រាយ​បញ្ហា​នយោបាយ​កម្ពុជា»។ នេះជាការផ្តល់​យោបល់​របស់​វាគ្មិន​ទាំងពីរ ទៅ​កាន់​លោក តាំង សារ៉ាដា អ្នកសម្របស​ម្រួល​កម្មវិធីពិភាក្សា​​នៃ​សារព័ត៌មាន ឌីខេមបូឌា ដេលី (The Cambodia Daily) ល្ងាច​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២០។

លោក ធន សារ៉ាយ បាន​លើកឡើងថា ផលវិបាក​នៃ​ជំងឺ​កូរ៉ូណា ឬ​កូវីដ១៩ វាធ្ងន់ធ្ងរ​ជាង​រឿង​ការ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ១០០% របស់​អឺរ៉ុប​ទៅ​ទៀត។ វិបត្តិកូវីដ១៩ នេះ មិន​មែន​ធ្ងន់ធ្ងរ​តែ​​នៅ​ប្រទេសយើង​​ប៉ុណ្ណោះ​ទេ ប្រទេស​ដែល​ដាក់សម្ពាធ​រឿង EBA ហ្នឹង​ក៏​ធ្ងន់ធ្ងរ​ដែរ។ ប្រទេស​ដែល​រង​ផលប៉ះពាល់​វិបត្តិ​កូវីដ​១៩​នោះ គេត្រូវ​គិតគូរ​ពីការដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច សង្គម និង​​បញ្ហាផ្សេងៗ​របស់​ប្រទេសគេ​ដែរ។

លោក ធន សារ៉ាយ ផ្តល់យោបល់​ថា «ប្រទេស​យើង ដែល​មិនមែន​ជាប្រទេស​អ្នកមាន យើង​ត្រូវ​គិត​គូរ​ឡើង​វិញ អំពី​បញ្ហា​នយោបាយ និង​យុទ្ធសាស្ត្រ សម្រាប់​ទាក់ទាញ​វិស័យវិនិយោគ ក៏ដូចជា​ទាក់ទាញ​ការគាំទ្រ​ពីសហគមន៍​អន្តរជាតិ​នានា ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​របស់​យើង ក្នុង​ផែនការ​រយៈ ៦​ខែ ទៅ​មួយ​ឆ្នាំ ឬ ២ឆ្នាំ​ខាងមុខ»។ លោក​បន្ថែម​ថា «អ្នកនយោបាយ គួរតែគិតគូរ​ពី​ផលប្រយោជន៍ជាតិ​ជាសំខាន់។ ឥឡូវនេះ សហគមន៍អឺរ៉ុប គេគាំទ្រ​ហើយ {ជំនួបរវាងលោក កឹម សុខា និង​លោក ហ៊ុន សែន} ហើយ​ប្រទេស​ឯទៀតៗ ក៏គាំទ្រ​ដែរ»។ លោក សារ៉ាយ បន្តថា «គេឃើញ​យើង​ត្រូវរ៉ូវគ្នា គេនឹង​ជួយ។ អង្គការ​សង្គម​យើងខ្ញុំ អាច​នឹង​ជួយឡុបប៊ី សម្រប​សម្រួល សូម្បី​រឿង EBA ក្តី»

ចំណែកលោក ហុង លីម ផ្តល់យោបល់ថា «ខ្ញុំសង្ឃឹមថា​នឹង​មាន​បរិយាកាស​ល្អថ្មី នៅ​ស្រុក​យើង។ ការដែល​ជួប​គ្នា​រវាងលោក ហ៊ុន សែន និង​លោក កឹម សុខា មាន​បរិយាកាស​ល្អ គួរ​កុំឲ្យ​កន្លង​ផុតទៅ ជាពិសេស​លោក ហ៊ុន សែន គួរ​បង្ហាញ​ឲ្យពិភពលោក​មើលឃើញ​ថា គាត​ជាអ្នក​ដឹកនាំ​ប្រសើរ។ អ្វ៊ីដែល​អាច​ធ្វើ​បានគួរ​តែ​ធ្វើ ដើម្បី​ផលប្រយោជន៍​ទាំងអស់គ្នា {ដល់​ពលរដ្ឋខ្មែរ}»

លោក ហុង លីម បាន​សង្កត់​ធ្ងន់ថា «មិនមែន​ដើម្បីតែ​ផលប្រយោជន៍​គ្រួសារ ឬផលប្រយោជន៍​គណបក្សកាន់​អំណាច​ទេ គឺ{លោក ហ៊ុន សែន}ត្រូវ​ធ្វើ​ដើម្បី​ផលប្រយោជន៍​ខ្មែរ​ទាំង​អស់គ្នា»

ដោយឡែកនៅរសៀលថ្ងៃទី ១២ ខែឧសភានេះ លោក កឹម សុខា បានទទួល​ជួប​លោកស្រី​ Eva Nguyen ឯកអគ្គរដ្ឋទូត​​បារាំង ប្រចាំ​កម្ពុជា នៅ​គេហដ្ឋាន​របស់​លោក ក្នុងក្រុងភ្នំពេញ។ លោកស្រី បានសាទរចំពោះជំនួបរវាងលោក ហ៊ុន សែន និង លោក កឹម សុខា ថាជាជំហានវិជ្ជមានដំបូង កាលពី​ថ្ងៃទី ០៥ ខែឧសភា។

គួរបញ្ជាក់ថា  នៅថ្ងៃទី១១ ឧសភា ឯកអគ្គរដ្ឋទូតអឺរ៉ុប លោកស្រី Carmen Moreno និង​​ឯកអគ្គរដ្ឋទូត​​អាល្លឺម៉ង់ លោក Christian Berger ជួប​​សួរ​សុខ​ទុក្ខ​​លោក កឹម​ សុខា នៅ​គេហដ្ឋាន​ផ្ទាល់ និង​​បាន​«សាទរ​​​ចំពោះ​ជំនួប​រវាង​​លោក កឹម សុខា និង​​លោក ហ៊ុន សែន» ក្នុង​ពិធីបុណ្យ​សព​មហាឧបាសិកា ប៊ុន ស៊ាងលី ជាម្តាយក្មេក​​របស់លោក ហ៊ុន សែន កាល​ពីថ្ងៃទី ០៥ ឧសភា កន្លង​ទៅ​ថ្មីៗ​នេះ។

ជាមួយគ្នានេះ ក្រុម​អ្នកឃ្លាំមើល​សង្គម និង​ពលរដ្ឋខ្មែរ ក៏ចូលរួម​សាទរ​ចំពោះ​ជំនួប​រវាង​លោក ហ៊ុន​ សែន និង​លោក កឹម សុខា ដោយ​ចង់​ឃើញ​មេដឹកនាំ​នយោបាយ​កម្ពុជា ផ្សះផ្សាយ​នយោបាយ​ឡើង​វិញ ដើម្បី​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ហើយ​និង​ស្តារសេដ្ឋកិច្ច និង​សង្គម​ឡើងវិញ ជាមួយ​ការដោះស្រាយ​​វិបត្តិ​ជំងឺ​កូវីដ១៩៕

(ទត្ថបទដោយ នគរ /១២ ឧសភា ២០២០)

អត្ថបទទាក់ទង
អគ្គរដ្ឋទូតអឺរ៉ុប និង​​អាល្លឺម៉ង់​ ជួប​សួរ​សុខ​ទុក្ខ​លោក កឹម​ សុខា ហើយ​សាទរ​ថា​ជំនួប​លោក កឹម សុខា និង​លោក ហ៊ុន សែន ជា​រឿង​វិជ្ជមាន
អ្នកឃ្លាំមើល សាទរជំនួបរវាងលោក កឹម សុខា និងលោក ហ៊ុន សែន ថាជាជំហានវិជ្ជមាន.

Ms. Eva Nguyen Binh, French Ambassador ment Kem Sokha, photo 12-5.-2020

.

Advertisements